ពិធីបិទអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២

 

 

 

រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ«សាសនិកចូលរួមប្រឆាំងការជូញដូរមនុស្ស និងទាសភាពសម័យទំនើប» ដែលមានការយាង និមន្ត និងអញ្ជើញ ពីសំណាក់ព្រះធម្មសិរីអាភាករោ សុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាព្រហ្មមុនី ទូច សាទរ  ព្រះរាជាគណថ្នាក់ទោ ព្រះមេគណស្តីទីរាជធានីភ្នំពេញព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ  ឯកឧត្តម លោកជំទាវ គណៈកម្មាធិការទី៧ ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំសាសនាពាហិរសាសនា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ជាសិក្ខាកាមចំនួនប្រមាណ ២៧០ អង្គ/នាក់ នៅទីស្តីការក្រសួង។

  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បានមានប្រសាសន៍ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ជូ ប៊ុនអេង ជាវាគ្មិន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះមេគណស្ដីទីរាជធានីភ្នំពេញ នៃគណៈធម្មយុត្តិកនិកាយ លោក ស៊ីម ម៉ាត់ទោត តំណាងមកពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោក សរ ពលៈ តំណាងមកពីក្រុមប្រឹក្សាប្រិយ៍សម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា ជាពិសេសនាយកដ្ឋានពាហិរសាសនា ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ប្រកបដោយជោគជ័យគួរជាទីមោទកៈនាពេលនេះ និងសូមសម្ដែងនូវការកោតសរសើរដល់គ្រប់បណ្ដាមេដឹកនាំនិកាយសាសនាទាំងអស់នៅកម្ពុជា ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របទៅតាមសីលធម៌ និងគោលលទ្ធិ មាគ៌ាដឹកនាំសាសនានីមួយៗ និងច្បាប់របស់រដ្ឋ ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ក៏បានចេញសេចក្តីអំពាវនាវ ស្នើដល់សាធារណជន ជាតិ អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពីអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តី សំណូមពរចំពោះអង្គសិក្ខាសាលាទាំងមូលមួយចំនួន ដូចខាងក្រោម ៖

១-សូមថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ បន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការរីកចម្រើនបន្តទៅទៀត ជាពិសេសរក្សាបាននូវសុខដុមនីយកម្មគ្រប់សាសនាទាំងអស់ ដែលប្រតិបត្តិគោលលទ្ធិសាសនានៅព្រះរាជាណាចក្រកម្ពុជា ។

២-សូមឱ្យថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ យកសេចក្ដីប្រកាសរួមទៅផ្សព្វផ្សាយដល់សាសនិករបស់ខ្លួនអំពីបញ្ហាពាក់ព័ន្ធការជួញដូរមនុស្ស ការកេងប្រវញ្ចងារការ ការរំលោភបំពាន ច្បាប់ផ្សេងៗទៀតរបស់រដ្ឋតាមរយៈការទេសនាអប់រំ សិក្ខាសាលាវគ្គបណ្ដុះបណ្ដាល និងវិធីសាស្ត្រនានាតាមគ្រប់រូបភាព ដែលអាចធ្វើទៅបានប្រកបដោយប្រសិទ្ធភាព ។

៣-សូមឱ្យថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ រួមសហការគ្នា សាមគ្គីគ្នា មានឯកភាពផ្ទៃក្នុង ក្នុងសហគមន៍តែមួយ ខិតខំប្រណិប័តធម៌វិន័យសាសនា និងច្បាប់រដ្ឋ ។ 

៤-សូមឱ្យចាត់ទុកសេចក្ដីប្រកាសរួម ជាគោលការណ៍សម្រាប់អនុវត្តរួមគ្នា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា និងរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

 

 

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/