ពិធីប្រារព្ធអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

 

 

 

ទីស្តីក្រសួង៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»ការលើកយកមូលបទនេះឡើង សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ បានរំលេចឱ្យឃើញថា ស្រ្តី និងបុរសជាដៃគូស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរស សម្រាប់ការអភិវឌ្ឍជាតិនៅលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធីយុទ្ធនាការ និងសកម្មភាពជាក់លាក់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ដែលមានអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការជាស្រ្តី ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ(ZOOM)។

នៅក្នុងឱកាសនោះ ក៏បានអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ផ្ញើជូនដល់ជនរួមជាតិ ជាពិសេសដល់នារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនារីទូទាំងសាកលលោក ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនៅក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងវិធានការយ៉ាងហ្មត់ចត់ម៉ឺងមាត់ ក្នុងអំឡុងពេលជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបានជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ ជាការពិតណាស់ ការអនុវត្តវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ពិតជាផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី។

តាមរយៈការអនុវត្តគោលនយោបាយជាតិគាំពាសង្គម រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន ការបង្កើនមូលធនថវិកា សាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្ដារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយធានាភាពធនសហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាកចេញពីវិបត្តិនេះ និងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ស្ត្រីបានចូលរួមយ៉ាងច្រើននៅគ្រប់សកម្មភាព ក្នុងនោះបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។ ជាងនេះ បានលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌ សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា ហើយបានជំរុញដល់នារីបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ក៍បានប្រគល់នូវកុំព្យួទ័រមួយគ្រឿង  និងម៉ាស៊ីនព្រីនមួយគ្រឿង ឧបត្ថម្ភដល់សមាគមន៍នារីសាខាក្រសួងធម្មការ និងសាសនា ផងដែរ។

 

 

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/