រឿង ប្រវត្តិ បឹងល្វា ក្នុងខេត្តកំពង់ធំ

ខ្ញុំបាទបានឮតៗពីចាស់ជាន់ដើមនិយាយថា នៅស្រុកសន្ទុក ខេត្តកំពង់ធំ មិនប្រាកដជាសតវត្សប៉ុន្មាន កាលស្ដេចចាមមិនចាំព្រះនាមប្រាកដឈ្មោះ អ៊ុយ តែ ព្រះមហាក្សត្រអង្គនោះ មានអគ្គមហេសី និងព្រះរាជបុត្រ ព្រមទាំងស្នំសាក់អគ្គនារី ពលថ្មើរជើង និងទាហានរក្សាព្រះអង្គ នាម៉ឺនសេនាបតី បុត្រស្នំធ្វើរាជការក្រោមបង្គាប់ ព្រះរាជការព្រះអង្គ បានឱ្យកាប់ឆ្ការធ្វើប្រាសាទនៅតំបន់ព្រៃ សឹងមានគុកគុហានៅសព្វថ្ងៃនេះជាភស្ដុតាងស្រាប់ បានជាសន្មតហៅថាភូមិឃុំប្រសាទ នៅដល់សព្វថ្ងៃនេះ ។ រួចព្រះរាជការឲ្យឆ្ការព្រៃមួយអន្លើឆៀងខាងជើង ខាងលិចភូមិប្រសាទធ្វើជាកំផែង សម្រាប់ស្រីស្នំ អគ្គនារី សឹងមានគុក ១ នៅសព្វថ្ងៃនេះ  បានជាសន្មតហៅថាភូមិវាំងដល់មកសព្វថ្ងៃនេះ រួចព្រះរាជការឲ្យឆ្ការព្រៃមួយអន្លើទៀត នៅខាងលិចភូមិប្រសាទ សង់ព្រះឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យ សឹងមានសសរនៅគល់កប់ក្នុងដី ជាការសំអាងស្រាប់ បានជាសន្មតភូមិនោះហៅភូមិសង់ឃ្លាំង ដល់ហៅយូរមក ក៏ក្លាយហៅជាភូមិតាំងក្រសាំងវិញ បានជាតាំងសាលាស្រុកសន្ទុក និងនាមភូមិនោះ ហៅថាភូមិតាំងក្រសាំងដល់សព្វថ្ងៃនេះ ។ ព្រះរាជការទ្រង់ធ្វើកន្លែងមួយទៀត ខាងលិចភូមិតាំងក្រសាំង ឆៀងខាងត្បូង សម្រាប់ដាក់ពលអ្នកងារចាំបក់ស្ដេច បានជាប់មកភូមិនោះហៅថាភូមិចំបក់ដល់សព្វថ្ងៃនេះ ។ មានបឹងមួយធំ នៅខាងលិចឆៀងខាងត្បូងភូមិចំបក់ បឹងនោះ ព្រះរាជការតែងនាំអគ្គមហេសី និងព្រះរាជបុត្រ សុំពលយាងទៅក្រសាលសប្បាយជាដរាប និងចាប់ត្រីរើសខ្យងដកព្រលឹតបេះត្រកួនជាក្រយាស្ងោយ ដល់ថ្ងៃមួយព្រះរាជបុត្រមិនស្រួលព្រះកាយ ព្រះអង្គទ្រង់ព្រះកន្សែង ឮស្រីស្នំបានច្រៀងបំពេបីបមថ្នមថ្នាក់បបោសអង្អែលលួងលោមព្រះរាជបុត្រ ព្រះរាជាបានបាត់ទ្រង់ព្រះកន្សែង ទើបព្រះរាជាឲ្យសន្មតហៅថាបឹងបំពេ និងបឹងខ្យង មកដល់សព្វថ្ងៃនេះ ។  ព្រះរាជាតែងនាំព្រះអគ្គមហេសី និងព្រះរាជបុត្រទៅក្រសាលលេង លើភ្នំធំ ស្រះខ្ចៅ ភ្នំពែនជុំ ភ្នំបីនេះជាប់គ្នានៅខាងជើងបឹងបំពេ ព្រះរាជាតែងតែយាងឡើងទៅក្រសាលបេះផ្លែឈើ មានផ្លែស្រកុំ ភ្នំភ្នេង ប្រស់ ព្នៅ បង្កោ សេមាន់ ជើងចាប និងផ្លែឈើឯទៀតជាច្រើន តែងសប្បាយព្រះអង្គពុំដែលទុក្ខអ្វី ។ លុះដល់ថ្ងៃមួយ  ព្រះរាជាបាននាំព្រះអគ្គមហេសី ព្រះរាជបុត្រ យាងទៅក្រសាលនៅលើភ្នំនោះទៀត ព្រះរាជបុត្រព្រះរាជាទ្រង់ប្រឈួនខ្លាំង ព្រះអង្គនឹងគង់នៅលើភ្នំពុំបានៗ ចាត់ឲ្យឆ្ការព្រៃមួយអន្លើធ្វើព្រះពន្លានៅជើងភ្នំ ក៏នាំព្រះអគ្គមហេសី និងព្រះរាជបុត្រ ព្រមទាំងស្រីស្នំ និងពលចុះពីលើភ្នំបណ្ដោះមក តាមផ្លូវខាងឆ្វេង ខាងលិចមកសំចតនៅព្រៃ១កន្លែងសម្រាកបានជាសន្មតហៅទីនោះឈ្មោះភូមិបណ្ដោះ លុះយូរមកហៅថាភូមិត្រកោះមកដល់សព្វថ្ងៃនេះ រួចព្រះរាជាបាននាំព្រះរាជបុត្រមកដល់ព្រះពន្លា ដែលឲ្យធ្វើនៅជើងភ្នំនោះ បានរើព្រះរោគព្រះរាជបុត្រ រកពេទ្យ ថ្នាំឱសថមើល មិនមានធ្វេសប្រហែស ទុកជាមានឱសថថ្នាំបម្រើពូកែយ៉ាងណាយកទៅដាក់មើល ព្រះរោគព្រះរាជបុត្រព្រះរាជានោះ ក៏មិនបានធូរស្បើយស្រាកស្រន់សោះ និងរឹតតែប្រឈួនខ្លាំងឡើង ក៏សោយព្រះវិលាល័យអស់ព្រះជន្មនៅទីនោះ ព្រះរាជា ព្រះអគ្គមហេសី និងពួកស្នំ ពួកពលសឹងសោយវិយោគយំស្រែក  រួចសព្វគ្រប់នឹងរៀបពិធីធ្វើបុណ្យឈាបនកិច្ចជាឱឡារិកនៅទីនោះ បានជាព្រះរាជាសន្មតភ្នំនោះ ហៅថាភ្នំអាស្នំមានទុកត្រង់ទីដែលធ្វើព្រះពន្លាព្រះរាជានៅថែព្រះរោគ លុះដល់ព្រះរាជបុត្រសោយទិវង្គតនោះ ហៅថាភូមិអាសន្នមានទុក្ខ លុះដល់តៗមកហៅថាភ្នំសន្ទុក និងភូមិសន្ទុកវិញ បានជាដាក់នាមស្រុកនោះថាស្រុកសន្ទុក តាមនាមភ្នំនោះ និងភូមិនោះ ដល់មកសព្វថ្ងៃនេះ ។ ព្រះរាជា និងព្រះអគ្គមហេសីបានសោយរាជ្យនៅកម្ពុជរដ្ឋ បានធ្វើព្រះរាជដំណើរទៅឈប់សំចតនៅស្ទឹងសែន គ្រានោះហើយ ព្រះរាជហឫទ័យគ្រាន់រំដោះទុក្ខ និងកាន់តែកើតទុក្ខធ្ងន់ធ្ងរឡើង បានជួបនឹងសាមណេរមួយអង្គ លោកនិមន្តទៅ ជួបនឹងព្រះរាជានៅទីនោះ លោកសាមណេរបានឃើញព្រះរាជា និងអគ្គមហេសីសោយទុក្ខជាទម្ងន់ដូច្នោះ លោកបានថ្លែងសេចក្ដីសួរសាកទៅព្រះរាជាដែលមានទុក្ខជាទម្ងន់នោះ ទើបព្រះរាជាថ្លែងសេចក្ដីទុក្ខ ដែលព្រះរាជបុត្រទិវង្គតរលត់ខន្ធនោះលោកសាមណេរបានអធិប្បាយ ចាប់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងណា ព្រះរាជានិងអគ្គមហេសី មិនបាត់យំកើតទុក្ខសោះ លុះលោកសាមណេរអធិប្បាយថា បើព្រះរាជាចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ ត្រូវឲ្យរកជាងយកម្សៅ ឬដីមកសូន្យធ្វើជាព្រះរូបព្រះរាជបុត្រ   ទុកគ្រាន់ទតជាលំហើយព្រះទ័យរំដោះទុក្ខ ។ ព្រះរាជាបានឮព្រះពុទ្ធដីកាលោកសាមណេរនោះហើយ  ក៏មានព្រះទ័យត្រេកអរ បានចាត់ឲ្យរកជាងមកធ្វើសំណាកព្រះរូបព្រះរាជ-បុត្រនៅទីព្រៃ ១ លុះធ្វើរូបព្រះរាជបុត្ររួចហើយ ព្រះរាជាសព្វព្រះហឫទ័យបានស្រាកទុក្ខសោកនោះ ដោយបានសំយោគព្រះរូបព្រះរាជបុត្រ គ្រាន់ទតជាតំណាង បានទ្រង់សន្មតត្រង់កន្លែងជួបនឹងលោកសាមណេរនោះ ហៅថា ភូមិប្រាជ្ញាជី ត្រង់កន្លែងធ្វើសំណាកព្រះរូបព្រះរាជបុត្រ សន្មតហៅថាភូមិសំណាក ព្រះរាជាបាននាំព្រះអគ្គមហេសី និងសុំទុកពលទៅក្រសាលនៅទី ១ ខាងជើងភូមិសំណាក ទ្រង់ឃើញឆ្អឹងក្បាលក្រពើ ១ ធំ ដែលស្លាប់យូរហើយចោលនៅទីនោះ បានជាសន្មតទីនោះហៅថា ភូមិត្បូងក្រពើ ។ល។

តពីនោះមកច្រើនរាជ មិនដឹងជាព្រះនាមព្រះមហាក្សត្រឈ្មោះអ្វីមិនប្រាកដ មានស្ដេចត្រាញ់មួយព្រះអង្គ នៅស្ដីការរាជការនៅទីកំពង់ធំ មានឫទ្ធិខ្លាំងពូកែ ឮតែឈ្មោះស្ញប់ស្ញែង មិនមាននរណា និងសត្រូវណានឹងតទល់បាន ស្ដេចត្រាញ់នេះឈ្មោះពញាតេជោក្រហមក នៅក្រោមព្រះមហាអំណាចព្រះមហាក្សត្រ បើមានសឹកសង្គ្រាមជ័យមកទីណាៗ ព្រះរាជាខ្មែរយើងតែងចាត់ពញាតេជោក្រហមក  ឲ្យទៅតតាំងច្បាំងឈ្នះសត្រូវគ្រប់អន្លើ សុទ្ធតែមានជ័យជំនះទាំងអស់ ព្រះរាជាតែងសព្វព្រះរាជហឫទ័យនឹងពញាតេជោក្រហមកនោះណាស់ទ្រង់ប្រទានរង្វាន់ជារឿយៗមិនដែលដាច់ ពញាតេជោក្រហមក ក៏បានយកចិត្តទុកដាក់គោរព ប្រណិប័តន៍ព្រះបាទព្រះរាជាដោយស្មោះចំពោះ លុះដល់ពញាតេជោក្រហមកចាញ់ពស់មានរោគជាទម្ងន់ក៏លុះមរណា តទៅក៏បានទៅកើតជាអ្នកតានៅលើកំពូលភ្នំសន្ទុក ហៅថាអ្នកតាក្រហមក ជាមួយនឹងអ្នកតាឃ្លាំងមឿងនេះ នៅក្នុងភ្នំសន្ទុកអ្នកស្រុកមានសង់ខ្ទមធំមួយនៅលើកំពូលភ្នំសន្ទុក សន្មតហៅថាខ្ទមអ្នកតាក្រហមក មានរូបសឹងតែងបន្ទាន់សុពារសុខទុក្ខគ្រប់ជំពូកក្នុងស្រុក ហើយតែងរៀបពលីការលើអ្នកតានោះ ក្នុងមួយឆ្នាំត្រូវរៀបឡើងអ្នកតាម្ដង តែកាលណារៀបឡើងអ្នកតា មានភ្នាក់ងារអ្នកតាដើររៃស្រូវអង្ករ និងស្រាពីអ្នកស្រុកដែលនៅជិតខាង យកទៅរៀបឡើងអ្នកតានោះបើកាលណាមានផ្លាស់លោកចៅហ្វាយស្រុកសន្ទុក ហើយមានលោកចៅហ្វាយថ្មីចូលមកស្ដីការ ត្រូវរៀបឡើងអ្នកតា ដែលជាទំនៀមទម្លាប់ស្រុក តរៀងមកយូរណាស់ហើយ ។

   បឹងល្វា នៅថ្ងៃ ១ ខែ ណូវ៉ម ឆ្នាំ ១៩៦៦

* * *

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/