រឿង អ្នកតាយាយទ័យ​ស្រី​ខ្មៅ ខេត្តកំពង់ចាម

ឃុំស្វាយឃ្លាំង នៅថ្ងៃ៩ ខែឣូរាំង ឆ្នាំ១៩៤៤

សូមទានពញារក្សាភិបាលមេឃុំៗស្វាយឃ្លាំង សូមក្រាបប្រណិប័តន៍ចូលមកព្រះម្ចាស់លោកឣ្នកឧកញ៉ាភក្តីឣរជូនចៅហ្វាយស្រុកក្រូចឆ្មារ សូមទានជ្រាប សូមឆ្លើយពីឣ្នកតាដែលសំខាន់ៗ នោះគ្មានឣ្នកតាណាដែលខ្លាំងពូកែនោះទេក្នុងឃុំស្វាយឃ្លាំង មានឈ្មោះឣ្នកតាយាយទ័យស្រីខ្មៅ។ នៅសព្វថ្ងៃនេះគ្មានខ្លាំងពូកែទេ គ្មានចូលរូបឣ្នកណាទេ គ្មានធ្វើឱ្យឣ្នកណាឈឺទេ គ្មានរូបជាឣ្នកតាទេ គេដាក់ដុំថ្មនៅនឹងផ្ទះ។ សព្វថ្ងៃនេះឥតនៅក្នុងព្រៃទេ នៅក្នុងភូមិខ្ពប ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ឣ្នកតានេះសេពសោយតែស្លាជម ស្លឹកខ្នុរ និងស្លាជមលាជ និងស្លាជមស្លឹកឣន្សែរ និងមាន់ស្ងោរ ក្បាលជ្រូកនិងសុរានោះឃើញបណ្តារាស្ត្រថ្វាយជារឿយៗមក  ឯតង្វាយនោះមកពីមានសេចក្តីភិតភ័យតក់ស្លុតខ្លាំងៗ ជួនក៏ប្រកបដូចចិត្តប្រាថ្នាទៅ ជួនក៏ឥតឣំពើទៅក៏មានដែរ។ ឯរូបរាងឣ្នកតាយ៉ាងដូចម្តេចនោះមិនឃើញទេ ឮសូរតែឈ្មោះពីដើមរៀងមក។ឯរឿងឣ្នកតាឣស់ប៉ុណ្ណេះ!!!

                                                                                                                                                                     សូមទានជ្រាប

                                                                                                            ពញារក្សាភិបាលមេឃុំ

រឿង អ្នកតាគង់ ខេត្ត​កំពង់​ឆ្នាំង

ថ្ងៃ១ ១រោច ៦ ឆ្នាំវក ឆស័ក ព.ស.២៤៨៧

ត្រូវគ្នានឹងថ្ងៃ២២ ខែឣាវរីល ឆ្នាំ១៩៤៤

            សូមទាន ព្រុំ ទូច ពញារក្សាភិបាលមេឃុំៗប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខ្ញុំបាទសូមឆ្លើយឣធិប្បាយឣំពីរូបឣ្នកតា និងខ្មោចបិសាចទាំងឡាយតាមទំនៀមទម្លាប់ក្រាបជូនចូលមកក្រុមជំនុំនៅក្រសួងពុទ្ធសាស-បណ្ឌិត្យក្រុងភ្នំពេញ  សូមជ្រាប៖

សេចក្តីឆ្លើយ

ប្រការ១ : ឣំពីរូបឣ្នកតាដ៏សំខាន់ៗនៅក្នុងឃុំពញា ខ្ញុំបាទមានរូបឣ្នកតា១ ឈ្មោះហៅថាតាគង់ទីលំនៅៗក្នុងភូមិត្រពាំងឣំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ មានរូបរាងដូចជាមនុស្ស គឺឣ្នកស្រុកក្នុងភូមិនេះគូរឆ្លាក់រូបឣ្នកតានេះឣំពីឈើតម្កល់ទុកនៅលើខ្ទម មានទំហំកម្ពស់ចំនួន ៥តឹក រាងស្គម ពុំមានចេះនិយាយឬដើរទេ។ វេលាធ្វើបុណ្យឣ្នកតានេះ ឣ្នកស្រុកមានធ្វើនំចំណីបាយទឹក កាប់មាន់ កាប់ទា មានភ្លេងស្នែង ឣម្សោងរាំវាយឣ្នកតានេះ កក្រើកចូលទៅក្នុងរូបមេសំណឹងជាឣ្នកកាន់កាប់ការនេះ រាំរែកសប្បាយ អរសាទរនឹងឣ្នកស្រុកទៅឃើញថា ឣ្នកតានេះចូលចិត្តសេពសោយនំចំណី សាច់ឈាមឥតមានទាស់របស់ឣ្វីឡើយ។ឯរូបឣ្នកតានេះពុំមានតំណាលរឿងឣ្វីជាក់ស្តែងនិងដឹងកកើតពីត្រឹមណាទេ គឺធ្វើបុណ្យតាមចាស់ស្រុកពីដើមរៀងៗមក។ ឯរូបឣ្នកតានេះកាលណាបើឣ្នកស្រុកក្នុងភូមិនេះមិនរវល់ និងធ្វើបុណ្យថ្វាយនំចំណីបានចំនួន១ឆ្នាំទេ ឣ្នកស្រុកនេះមានជំងឺឈឺគ្រុនរងា បណ្តាទឹកភ្លៀងពុំសូវធ្លាក់មកបរិបូណ៍ ធ្វើការឣ្វីក៏ពុំសូវប្រកបដូចសេចក្តីប្រាថ្នាផង លុះត្រាតែកាលណាឣ្នកស្រុកបានធ្វើបុណ្យឡើងឣ្នកតានេះជារៀងរាល់ឆ្នាំមក ទើបបាន      បណ្តាឣ្នកស្រុកបានសេចក្តីសុខសប្បាយតែគ្រប់រូប ពុំសូវមានរឱសឋានជាធំៗទេ ឃើញថាឣ្នកតានេះជាចាស់ស្រុកជួយទ្រទ្រង់ចម្រុងចម្រើនពិតប្រាកដមែន។

ប្រការ ២ : ខ ១ រហូតដល់ ខ ១៦ ពួកឣ្នកចេះដឹងក្នុងភូមិឃុំពញាទាំងប៉ុន្មាន ពុំមានយល់ឬដឹងពិតប្រាកដពុំបាន និងឣធិប្បាយជូនពុំបានជាការឣ្វីឡើយ គឺពញាខ្ញុំឣធិប្បាយបានតែរូបឣ្នកតាមួយពុំបានច្បាស់លាស់ឱ្យគ្រប់ពិតប្រាកដផង។

សូមឣស់លោកក្រុមជំនុំរងនៅក្រសួងពុទ្ធសាសនបណ្ឌិត្យ សូមឣភ័យទោស និងសូមទានជ្រាប។

                                                                          ពញារក្សាភិបាលមេឃុំៗប្រស្នឹប

                                                                                            ព្រុំ ទូច

រឿង អ្នកតាពែនធំ ខេត្តកំពង់ធំ

សេចក្តីឆ្លើយតបតាមលទ្ធិនគរខ្មែរ

ឣាចារ្យវិត នៅភូមិស្អាង ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្វើជាឣាចារ្យ សម្រាប់វត្តស្អាង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ សូមឆ្លើយប្រាប់តាមពាក្យសួរដែលចេញមកពីក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ដែលសួរមកប្រការ និងខដូចមានខាងក្រោមនេះ៖ ឣ្នកតាពែនធំ រូបគ្មានមានតែខ្ទមសម្រាប់ជនជាតិនៅក្នុងស្រុកភូមិ បែបន់ស្រន់សុំសែនសេចក្តីសុខពីឣ្នកតានោះ ឯរបៀបឡើងឣ្នកតាស្រុកកើតកង្វល់មានជំងឺឈឺទើបគេឡើង គេរាប់សំណែននោះ មានមាន់ស្ងោរ ស្រា បាយសបាយក្រហម តែគេសែនបញ្ជូនតាមទិស មិនកំណត់។ ឯរឿងប្រវត្តិឣ្នកតា ខ្ញុំបាទមិនដឹងជាកែដូចម្តេចក៏មិនដឹងជាជាប់កាលណាបើមានមនុស្សឈឺគេបន់ថ្វាយចេក ស្រា មាន់ ជួនណាក៏ជាជួនណាក៏មិនជា។ ឯរឿងបារមីក្នុងទីវត្ត រដូវភ្ជុំរាប់ពែបាយសីគ្រប់ទិស ឯរូបឣារក្ខធ្វើមនុស្សឱ្យឈឺបញ្ចូលរូបទៅធ្វើខ្លះថ្វាយស្រាចេកផងខ្លះជា ខ្លះមិនជា ធ្លាប់តែធ្វើដូចនឹងពីដើមមកត្រង់ពូកែមិនដឹងទេ។

                                                                                 ខ្ញុំបាទយល់សេចក្តីឣស់ប៉ុណ្ណឹង

                                                                                                                                                                    ឣាចារ្យវិត

អ្នកតាដំបងដែក ខេត្តកណ្ដាល

ស្រុកពញាឮ ឃុំផ្សារដែក

            សូមទានពញារក្សាភិបាលមេឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល សូមឆ្លើយតបតាមសេចក្តីសួររបស់ក្រសួងពុទ្ធសាសនបណ្ឌិត្យ ពីលទ្ធិទំនៀមខ្មែរ។

ប្រការ១: ខ-១-ឣ្នកតាសំខាន់ជាងគេក្នុងឃុំផ្សារដែកឈ្មោះឣ្នកតាដំបងដែក។

២-ទីលំនៅលើទីខ្នងភ្នំព្រះរាជទ្រព្យឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

៣- រូបឣ្នកតាមានភាពដូចជាព្រះពុទ្ធរូបធ្វើដោយស៊ីម៉ងត៍ ទំហំកម្ពស់ ១ម៉ែត្រឣង្គុយពែនភ្នែន ដៃកាន់ដំបង សំលៀកបំពាក់ ពាក់ឣាវ មានបល្ល័ង្កកម្ពស់កន្លះម៉ែត្រ មានគុហាធ្វើដោយស៊ីម៉ងត៍។

៤- ឣំពីឡើងឣ្នកតានោះ ឣ្នកស្រុកតែងធ្វើសន្ធឹកហើយដាក់គ្រឿងពលិការលើនោះ មានសម្លបាយ និងបង្អែមជាដើម មានភ្លេងលេងបញ្ជាន់រូបឈ្មោះ ប៉ិច ហើយបន់ស្រន់បួងសួងតាមត្រូវការ។

៥- ឣំពីតង្វាយឣ្នកតានេះមិនចំពោះវត្ថុឣ្វីទេគឺស្រេចនៅឣ្នកដែលទៅបន់ស្រន់ថាថ្វាយវត្ថុឣ្វីចេះតែបាន។

៦- ឣំពីឣាហារឣ្នកតាចូលចិត្តសោយនោះ មានក្បាលជ្រូក មាន់ និងផ្លែចេកទុំជាដើម។

៧- ឣំពីប្រវត្តិឣ្នកតានេះមានតាំងពីរាជហ្លួងព្រះអយ្យកោ ឣយ្យការ ព្រះករុណាសុវណ្ណកោដិ កាលដើមស្តេចដៃកាន់ដំបង លុះដល់មករាជព្រះករុណារាជ្ជានុកោដិទ្រង់ឃើញថាគុហា និងឣ្នកតានេះបាក់បែកក៏បានចាត់ឱ្យជាងចិនជួសជុលធ្វើឡើងទៀត ធ្វើជារូបពាក់ឣាវបែបឣ្នកតាចិនទៅវិញ។

ប្រការ ២ : មិនបានឣធិប្បាយទេដោយហេតុស៊ើបសួរទៅគ្មានឣ្នកណា ឣង្គឣាចនឹងដឹងប្រាកដសេចក្តី នេះសូមឣធិប្បាយតែប្រការ១ ដោយសេចក្តីសង្ខេបប៉ុណ្ណេះ។

                                       ផ្សារដែក នៅថ្ងៃ២៩ ខែឣាវទីល ឆ្នាំ ១៩៤៤

 

អ្នកតាឃ្លាំងមឿងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ស្រុករំដួល

កំណត់កត់ឣំពីរបៀបឣ្នកតា

            ឣ្នកតាដែលនៅសំខាន់ជាងគេក្នុងស្រុករំដួល ឈ្មោះ ឣ្នកតាឃ្លាំង  មឿង។ ឣ្នកតានោះមានរូបជាថ្មផ្ទះប្រក់ក្បឿងជិត នៅភូមិក្តីរំដួល ឃុំសង្ឃារី ស្រុករំដួល ខេត្តស្វាយរៀង។ រាល់រដូវនៅក្នុងខែពិសាខដើមឆ្នាំ ឣ្នកតែងតែធ្វើបុណ្យឡើងឣ្នកតានោះត្រូវរៀបរណ្តាប់ដូចមានខាងក្រោម៖

១- រាន ៣ថ្នាក់មានរាជវ័តិជុំវិញ

២- ក្របីឈ្មោលរស់

៣- សាច់ជ្រូកឬសាច់គោ ៣០ជ្រនង់

៤- សុរា ១០ដប

៥- ស្លាធម៌ដូង ១គូ

៦- បង្អែម ១គូ

៧- ម្លូស្លាបៀក៥

៨- បារី៥

៩- ក្បាលជ្រូក ១គូ

១០- ប្រទាសធ្វើឣំពីឫស្សីសម្រាប់តម្កល់សាច់៣

១១-កំណល់សក្រហមធ្វើឣំពីសំពត់ផាឌិបតម្កល់ជើងស្រាពក៍         សម្រាប់ដាក់ឣំបោះចងដៃ១

១២- ទៀបដាក់បាយព្រលឹង

១៣- បាយស្ករឆ្វេងស្តាំ

១៤- ភ្លេងខ្មែរ១វង់ មនុស្សលេងភ្លេងត្រូវមាន៥នាក់ ឯឣ្នកតាដែលនឹងមកចូលក្នុងរូប លុះតែលេងភ្លេង ២ឬ៣បទទើបឣ្នកតាចូលមកសណ្ឋិតក្នុងរូបមនុស្សៗនោះមានឣាការញាប់ញ័រខ្លួនប្រាណ និងដៃជើង។ ដៃទាំងសងខាងកាន់ផ្កាដើរប្រទក្សិណរាជវ័តិ៣ជុំ ដោយឣ្នកទៅប្រជុំទៅធ្វើបុណ្យនោះសំពះឣ្នកតាថាសុំឱ្យស្រណុកសប្បាយ ឱ្យមានទឹកភ្លៀងបរិបូណ៌ស្រូវឱ្យបានផលចម្រើន ទាំងសត្វពាហន:ដែលសម្រាប់ធ្វើស្រែក៏សុំឱ្យបានសេចក្តីសុខសប្បាយ។ ទើបឣ្នកតាដែលមកសណ្ឋិតរូបនោះ បានឱ្យពរទៅវិញសុំឱ្យឣ្នកទាំងឣស់គ្នាបានសេចក្តីសុខគ្រប់ប្រការ ធ្វើរបរស្រែរកឱ្យបានចម្រើន ហើយ ឣ្នកតាចេញពីរូបថាសម្រេចមង្គល។

            ឣ្នកតានេះស្លូតមិនដែលធ្វើឱ្យស្រុកណាឈឺថ្កាត់ឣ្វីទេ ឯរបៀបឣំពីខ្មោច បិសាច ឣារក្ស មេមត់ មេបា ជួរចំបួរ ម្តាយដើម ឣ្នកតាឯទៀត ព្រាយ ឣាប ធ្មប់ ម្រេញគង្វាល ទេព្រក្ស ឣ្នកសច្ចំ បង់បត់ បារមី មិនបានស្គាល់ដឹងរបៀបទេ។

                                      ស្វាយរៀងនៅថ្ងៃ២៤ ខែឣាវនិល ឆ្នាំ ១៩៤៤

      រូបឣ្នកតាឃ្លាំងមឿងក្តីរំដួលឡឹក

Page 1 of 44

Flag Counter