រឿង អ្នកតាឣង្គព្រៃមាស ខេត្តតាកែវ

 

 

 

សូមតបសេចក្តីសួរនៃក្រុមជំនុំរងរួបរួមលទ្ធិទំនៀមទម្លាប់តាមប្រការដូច មានខាងក្រោមនេះ!

ពាក្យថា “អ្នកតា” គឺជាពាក្យដែលឣ្នកស្រុកហៅរកដោយសេចក្តីគោរពមិនចេញឈ្មោះ។

អ្នកតាមាននៅច្រើនកន្លែង មានរោងធំខ្លះ តូចខ្លះ ជាទីឣាស្រ័យនៃអ្នកតាទាំងនោះ មានឈ្មោះផ្សេងៗគ្នា មានឫទ្ធិឣំណាចផ្សេងៗគ្នា ដោយ   ឣានុភាពនៃទេវតាទាំងនោះ តែសូមលើកតួយ៉ាងអ្នកតាមួយឈ្មោះ «អ្នកតា  ឣង្គព្រៃមាស» នៅក្នុងឃុំឣង្គខ្នុល ស្រុកទ្រាំង (តាកែវ) អ្នកតានេះមាន       ឣំណាច និងមហិទ្ធិឫទ្ធិច្រើន មានរោងប្រក់ក្បឿងតូច១ ទទឹង៣ម បណ្តោយ៣ម កម្ពស់៤ម២០ នៅក្រោមផ្ទាប់រុក្ខជាតិដ៏ធំ លើទួលដ៏ខ្ពស់ មានព្រៃស្រោងព័ទ្ធជុំជិត ជាទីរហោឋានស្ងាត់ ។ អ្នកតានេះកើតឡើងមានចម្ងាយដោយស្មាន(៣០០ឆ្នាំ?)មកហើយ តែកាលដើមឡើយមានរូបព្រះន្រាយ វិចិត្រពីថ្មល្អស្អាត ជាតួអ្នកតា ទើបចម្ងាយដោយស្មានជាង៨០ឆ្នាំមកហើយ ។ បាត់បង់រូបភាពឣ្នកតានេះទៅ ពុំដឹងហេតុឣ្វី ហើយអ្នកស្រុកបានដុំថ្មតម្កល់ទុកជាតំណាងអ្នកនោះដរាបសព្វថ្ងៃ។ តែគ្មានសិលាចារឹកសាវតាពីរឿងនេះទុកទេ។ សូម្បីដូច្នេះអ្នកតានេះនៅតែមានឫទ្ធិឣំណាចកាចពូកែ ធ្វើគេដែលខ្លួនទាស់ចិត្តជាញឹកញយ ។ នៅដងព្រៃដែលឣ្នកតានេះស្ថិតនៅ គ្មានជនណាហ៊ានចូលកាប់ឈើព្រៃយកដោយឣំពើចិត្តបានទេ បើមានជនណាបំពារបំពាននឹងមានគ្រោះឈឺចាប់ជាទម្ងន់ច្រើននៅសេចក្តីស្លាប់ ។ ពុំសូវទទួលឣង្វរជឿពាក្យបន់ស្រន់ជនណាឡើយ។ អ្នកតានេះកាលពីបុរាណមានរូបប្រុសជាតិមនុស្ស អ្នកស្រុក នៅនោះសម្រាប់ចូលរូប ឬទទួលក្រយាបូជាពីអ្នកធ្វើខុស លុះតមករូបនោះជរាស្លាប់បាត់ទៅ ក៏គ្មានរូប ចូលដរាបសព្វថ្ងៃនេះ។ ឯជនអ្នកស្រុកនៅជុំវិញអ្នកតានោះ តែងមានធ្វើពិធីលើកជោគជ័យថ្វាយអ្នកតា នៅឱកាសខែចេត្ររៀងរាល់ឆ្នាំ មានធ្វើឣាហារចំណីគឺ ជ្រូក១ មាន់១គូ ទា១គូ មានភ្លេងខ្មែរ ១វង់់ លេងកំដរជាកម្សាន្ត ហើយបណ្ដាជនទាំងប៉ុន្មានតែងទៅជួបជុំគ្នា សុំបន់ស្រន់ផ្ទាល់មាត់រៀងខ្លួន លាពាក្យសំដី សូមសិរិសួស្តីផុតពីជំងឺគ្រោះកាលក្នុងឆ្នាំថ្មីដែលមានក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ។ បើជននោះពុំបានធ្វើពិធីដូចពោលហើយនេះទេ តែងមានជំងឺឈឺជានិច្ចដល់ស្លាប់ក៏មាន លុះតែបន់ស្រន់ ដូចពោលហើយទើបជាបាន អ្នកតានេះចូលចិត្តក្រយាបូជា ជ្រូក មាន់ ទា ។

ចប់

 

 

 

 

រឿងឣ្នកតាយាយទែព្វព្រមទាំងរៀបពិធី បញ្ជាន់ ខេត្តព្រៃវែង

 

 

 

តបតាមសំបុត្រតាំងលេខ ឈ្មោះ ស៊ាង លឹម នៅភូមិឣំបែងចេះ ឃុំល្វា ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងតែងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៤៩

រឿងឣ្នកតាឈ្មោះយាយទែព្វ

សូមជូនមកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។ តាំងពីយូរមកហើយ ខ្ញុំបានដំណឹងថា៖

ឣ្នកតានេះតាំងទីឣាស្រមនៅវាលបឹង ភូមិវាល ឃុំវាល ស្រុកស៊ីធរ   កណ្តាលខេត្តព្រៃវែង ។ បឹងនេះជាវាលធំទូលាយ មានស្រះដាំដោយដើមឈូកមីដេរដាសដោយផ្កា និងផ្លែជាដើម។ នៅខាងកើត ហៅភូមិស្វាយរសាត់ ខាងជើងហៅថាភូមិវាល នេះរាជការបានឱ្យនាមហៅថា ភូមិសាមគ្គីវិញ។ ខាងត្បូងហៅភូមិបាទី ខាងលិចហៅថា ភូមិព្រៃព្រំ ទីឣាស្រមតាំងនៅកណ្តាលវាលនេះ ប្របផ្លូវពិស្តរាជការ។ ឣាស្រមនេះមានគេហដ្ឋានពីរជាប់គ្នា នៅជ្រុងឥសាន ចម្ងាយពីឣាស្រមនេះចំនួន១០ម៉ែត្រ មានដើមពោធិ៍១ធំ បរិបូរណ៍ដោយមែក និងសន្លឹក ដល់ពេលរដូវផ្កាផ្លែ មានសត្វបក្សីបក្សាហើរមកប្រចឹកទំប្រចឹកដណ្តើមផ្លែផ្កាទាំងនោះមីដេរដាស ដោយសម្លេងទ្រហឹងឣឺងកងនៅទីកន្លែងនេះ ។ មុខគួរឱ្យស្តាប់ដោយសូរស័ព្ទពីរោះ ដោយសម្លេងសត្វទាំងនោះ ពន្ធព័ទ្ធបរិបូរណ៍ដោយមែកសន្លឹក ព្រមទាំងម្លប់ មានខ្យល់ឣាកាសល្ហើយត្រជាក់ ជាទីបន្ទោនៅសេចក្តីក្តៅក្រហាយរបស់អ្នកដំណើរ ដែលចូលទៅស្នាក់ឣាស្រ័យនៅក្រោមម្លប់ពោធិ៍នោះ មានឣណ្តូងទឹកមួយនៅក្បែរនោះ ជាទីបន្ទោបង់នៅសេចក្តីសម្រេកគម្លានរបស់សត្វពាហណ: និងជនក្នុងស្រុក ព្រមទាំងអ្នកដំណើរផង។

ទីឣាស្រមនេះ បើគេធ្វើដំណើរទៅសាលាស្រុកស៊ីធរកណ្តាល ចម្ងាយផ្លូវចំនួន១៤គីឡូម៉ែត្រ បើគេធ្វើដំណើរទៅខាងខេត្តព្រៃវែងវិញ ចម្ងាយចំនួន២៩គីឡូម៉ែត្រ។ មុនដំបូងឣ្នកតានេះ អ្នកស្រុកហៅថា ឣ្នកតាយាយទែព្វ លុះយូរមកទៀត អ្នកស្រុកបានពិនិត្យមើលទីកន្លែងវាលនេះឃើញមានទឹក ល្ហាចល្ហរទូលាយ គេបានកសាងឣ្នកតាមួយទៀតតម្កល់ទុក នៅឣាស្រមម្ខាងទៀត គេហៅថាឣ្នកតា បឹងវិញ។ ដោយហេតុថាវាលនេះមានគ្រោងដូចជាបឹង ហើយបាត់ឈ្មោះឣ្នកតាយាយទែព្វនេះទៅ។

លុះមកដល់ឥឡូវនេះ តិចមានមនុស្សនឹងស្គាល់ឣ្នកតាឈ្មោះយាយទែព្វទេ ស្គាល់ត្រឹមតែ ឣ្នកតាឈ្មោះបឹងបុណ្ណឹង ។ ឣ្នកតានេះមានតេជោនុភាព ល្បីទូទៅក្នុងទីរួមខេត្តទាំងមូល មនុស្សដែលនៅក្នុងសាកលនេះ សុទ្ធសឹងតែគោរពកោតខ្លាចឣ្នកតាទាំងនេះទាំងឣស់ បើឣ្នកណាមានជំងឺឣ្វីៗ ហើយបានទៅបែបន់ដល់ទីឣាស្រមនេះ ក៏បានជាស្បះស្បើយដូចសេក្តីប្រាថ្នា ។ ចំណែកខាងរាជការ បើមានលោកចៅហ្វាយស្រុកណាមួយដែលទើបនឹងមកឈរស្រុកថ្មី លោកក៏តែងរៀបពិធីឡើងឣ្នកតា នៅទីឣាស្រមឣ្នកតា ៗបឹងនេះ គ្រប់ចៅហ្វាយស្រុក។

នៅឱកាសឡើងឣ្នកតានោះ មានឣ្នកមន្ត្រីឃុំក្រុមជំទប់ និងរាជការកងក្រវែល ស្លៀកតែងតួតាមរបៀបមានស្ពាយកាំភ្លើងពិជ័យសង្គ្រាមផង។ ចំណែកលោកចៅហ្វាយស្រុកក៏រៀបចំស្លៀកពាក់តាមសណ្តាប់ឣ្នកធំ មានឣ្នកមុខឣ្នកការធំតូច ធ្វើដំណើរដើរហែហមជូនលោកទៅឡើងឣ្នកតា ដោយយាន ជំនិះគ្រប់គ្នាទៅ។

លុះដល់ឣាស្រមឣ្នកតាក៏បានធ្វើសេចក្តីគោរពឣ្នកតា រួចរៀបក្រាលកន្ទេលនៅមុខឣាស្រម មានរៀបកៅឣីជូនលោក ហើយឣង្គុយតាមឋានន្តរសក្តិ។ ឯក្រសួងចុងភៅរៀបធ្វើចង្ក្រាន ស្ល ដណ្ដាំនៅក្បែរទីឣាស្រមនោះ មានមាន់ ទា ត្រី សាច់ ជាច្រើន និងសុរាផង។ ធ្វើម្ហូបនោះមាន ស្ងោរ ខ ឣាំង ជាដើម គេជ្រើសរកត្រង់ថ្លើម បេះដូង តម្កល់លើស្ពកសម្រាប់ថ្វាយឣ្នកតា ព្រមឣាការសាហាវផង មានក្បាលជ្រូកដាក់ឣមទៀត។

នៅមុខឣាស្រម គេធ្វើរាន៥ថ្នាក់សម្រាប់ដាក់បាយសី១គូ សំពត់ឆ្វេង ស្តាំ១ថ្នាក់ ផ្កាដូង១ថ្នាក់ គ្រឿងសក្ការ:១ថ្នាក់ ស្លាជម១គូ ពែ៧រួត ទឹកឣប់១ថ្នាក់ ជើងពាន ស្លា បារី ផ្កាចំប៉ី ក្រមួនមាត់ ទឹកឣប់១ថ្នាក់ ពួកភ្លេងគឺ ស្គរ២ ទ្រខ្មែរ១ ចាប៉ី១ ប៉ីពក១ ចម្រៀង១ មានរូបបញ្ជាន់សម្រាប់ទទួលដំណឹងពីឣ្នកតារូបនោះបានពិនិត្យមើលប្រដាប់ប្រដាដែលខ្លួនធ្លាប់រៀបចំពីដើម បើនៅខ្វះខាតក៏ជួយរៀបចំទៀត បើមើលឃើញមានសព្វគ្រប់តាមរបៀបហើយក៏ស្ងៀមទៅ។

ពេលនោះជនទាំងឡាយ មានលោកចៅហ្វាយស្រុកជាដើម ក៏រៀបចំបរិភោគភោជនាហារជាទីកម្សាន្តតាមទម្លាប់ និងតាមឣណ្ដាប់ ឣណ្ដោយទៅ ។ លុះបរិភោគរួចហើយ តពីនោះទៀតពួកភ្លេងក៏ល្បងទ្ររឹតខ្សែបញ្ចុះគ្នា លុះត្រឹមត្រូវគ្នាហើយតាំងលេងឃុំរោង ឯរូបនោះក៏រៀបស្លៀកសំពត់ហូល    ឣាវព្រែខៀវ ផាហ៊ុម ពណ៌ចុងល័ក្ត ស៊ីស្លាលាបក្រមួនមាត់ ដើរមើលប្រដាប់ប្រដារានយកផ្កាចំប៉ីមកហិត ពួកភ្លេងប្រែបទ លេងបទ១ទៀត ហៅបទ      ឣញ្ជើញគ្រូ ទំនុកច្រៀងថា៖

ឣើយៗ ថ្ងៃរសៀលសុរិយា(ផ្ទួនពីរៗដង) រៀបប្រដា លោកឣឺយល្អឥតប្រដូចឣឺយ សូមឣញ្ជើញគ្រូតូច សូមឣញ្ជើញគ្រូធំ ឣញ្ជើញមកជួបជុំ លោកឣឺយ សូមទទួលក្រយា។ ត្រង់នេះរូបគ្រវីក្បាលទះដៃផាំង ស្ទួយជើងពាន រាំប្រទក្សិណរាន ដៃរាំផ្លាស់ជើងពានម្ខាងម្តង ជើងមួយឈរ ជើងមួយបន្ទន់ ងាកទៅឆ្វេងម្តង ឈរខាងឆ្វេងបន្ទន់ជើងស្តាំ ងាកទៅខាងស្តាំឈរជើងខាងស្តាំ បន្ទន់ជើងឆ្វេង រាំក្បាច់យ៉ាងនេះ បើស្គរវាយរង្វើល ក្បាច់រាំក៏រង្វើល បើស្គរវាយញាប់ ក្បាច់រាំក៏ញាប់។ លុះចប់១ភ្លេងនេះហើយ រូបក៏ឣង្គុយទះដៃផ្លាញ់ទាញបារីមកឣុជជក់ធ្វើក្បាលងីកងាក សួរថាអ្នកឯងរាល់ គ្នាហៅយើងមកមានការឣ្វី? ពេលនោះពួកក្រុមទាំងឣស់ក៏បន្ទន់កាយតបថា ខ្ញុំទាំងឣស់គ្នានេះសូមឣញ្ជើញឣស់លោកមកជាឣធិបតី ព្រោះលោកចៅហ្វាយស្រុកថ្មីនេះ សូមមកជ្រកក្រោមឣស់លោក សូមឱ្យប្រកបដោយ   សេចក្តីសប្បាយ កុំឱ្យមានជំងឺឣ្វីមកបៀតបៀន។ រូបថា ឱ! អីចឹង ឣើ!បើដូច្នេះមិនអីទេ យើងឈ្មោះឣ្នកតាបឹង យើងក៏សុខចិត្តដែរ តែត្រូវឯងយក ឣាការសាហាវមកថ្វាយយើងៗនឹងឱ្យឯងបានសេចក្តីសុខសប្បាយ ។ ទើបគេចាក់ស្រា១កែវថ្វាយទៅរូបនោះផឹក រួចហើយតាំងធ្វើក្រមួនឬកំបោរព្រមទាំងខ្សែឣំបោះ សូត្រសែកមន្តឣាគមផ្លុំបញ្ជូលក្រមួនកំបោរខ្សែចែក ឱ្យលាបដាក់ខ្សែចងដៃជាដើមសព្វគ្នីគ្នាទៅ។ រូបនោះប្រាប់ថា ឣើឥលូវឣស់កិច្ចហើយ យើងលាទៅវិញ ត្រង់ណេះពួកភ្លេង លេងបទឣុំទូក ជាពិធីធ្វើដំណើរជូនឣស់លោកឣញ្ជើញទៅវិញ ដោយទំនុកច្រៀងថា៖

បងឣុំទូកទៅ ទៅបេះៗស្រម៉ ស្រម៉ោចខាំក ឡេឡឡើងគោក។ ត្រង់ណេះរូបនោះរាំដើរទក្សិណបីជុំរានហើយក៏ឈប់ សន្មតថាចប់ពីធីឡើងឣ្នកតា គេក៏រៀបចំប្រដាប់ប្រដាសព្វគ្រប់ហើយវិលទៅកាន់ទីលំនៅរៀងខ្លួន ចំណែកលោកចៅហ្វាយស្រុក ក៏នាំពួករាជការចូលទៅសាលាស្រុក ធ្វើការ តាមក្រសួងទៅ។

 

 

 

 

អ្នកតាគង់ខេត្តសៀមរាប

      នៅចុងភូមិកំពង់ថ្កូវ ក្នុងឃុំសូទ្រនិគម ស្រុកសូទ្រនិគម ខេត្តសៀមរាប មានឣ្នកតាមួយឈ្មោះ ឣ្នកតាគង់។ មានរូបថ្មបាយក្រៀម២ដុំ ទំហំចំនួនទទឹង ០ម២០ បណ្តោយចំនួន ០ម៩០ នឹងថ្មភក់ ១ដុំតូចទៀត (ជា៣ដុំ) នៅលើខ្ទមតូចមួយប្រក់ក្បឿង ជញ្ជាំងក្តារ ទំហំទទឹង២ម បណ្តោយ ៣ម នៅក្រោមដើមពោធិ៍ធំមួយ ហើយមានឣណ្តូងទឹកមួយជិតទីនោះ គេហៅថា ឣណ្តូងឣ្នកតាគង់ដែរ។ ឯកន្លែងឣ្នកតាគង់នៅនោះ វាស់ស្មានពីចុងស្រុកកំពង់ថ្កូវត្រើយខាងកើតស្ទឹងចំនួន១០០ម គឺពីចម្ងាយសាលាស្រុកសូទ្រនិគមទៅចំនួន៤០០០ម នៅជាខាងត្បូងសាលាស្រុកចំនិត ជិតមាត់ស្ទឹងរលួស(លើ)សព្វថ្ងៃឥតរូបទេ។ ជំនឿរបស់ឣ្នកស្រុកគោរពតៗគ្នាមកចំនួន២០០ឆ្នាំមកហើយ ដោយជឿ និងធ្វើមកដល់សព្វថ្ងៃនេះដូច្នេះ៖

១.បន់ស្រន់សូមសុខសប្បាយ នៅវេលាស្រុកមានជំងឺ។

២.បន់ស្រន់សុំទឹកភ្លៀង នៅវេលាស្រុករាំងគ្មានភ្លៀង។ 

៣.បន់ស្រន់ឱ្យឃើញរបស់ នៅវេលាបាត់របស់ផ្សេងៗ។

ពិធីបន់ម្តងៗនោះគ្រាន់តែឣុជធូបទៀនថា តាមបំណងទៅឥតមានឣ្វីទេ។ ឯឣ្នកតាគង់នេះចូលចិត្តលោកសង្ឃ និងភ្លេងផ្សេងៗណាស់។ ក្នុង១ឆ្នាំត្រូវឡើងម្តង ពេលឡើងម្តងៗគេតែងធ្វើតែខែចេត្រ និងខែពិសាខ គឺស្រុកច្រើនភូមិមកប្រជុំគ្នាពូនភ្នំខ្សាច់មុខឣ្នកតា ហើយធ្វើរោងឬប្រក់ជាបង្ហាយាងធំ ល្មមចុះមនុស្ស១០០នាក់។ គេនិមន្តលោកសង្ឃច្រើនវត្តចម្រើនបរិត្ត និងឆាន់ លេងភ្លេងជារៀងរាល់ឆ្នាំគេបូជាទង់ជ័យ ទង់ជ្រុង ភ្លេងសៀម ល្ខោនភ្លេងមេមត់កាឡៃ ឬលេងភ្លេង ឣ្វីក៏បានតាមចិត្ត តែខានភ្លេងមិនបាន នឹងនាំឱ្យមានមិនស្រួលដល់ឣ្នកស្រុក។ បើតាមគេរាប់ឈ្មោះមនុស្សបាត់របស់ផ្សេងៗ មានបាត់ខ្សែមាសក្នុងស្ទឹងរលួសជារបស់ឈ្មោះស៊ូរជាដើមគួរឣស្ចារ្យថាពូកែមែន។ ព្រោះមានថ្ងៃមួយទឹកជន់ពេញស្ទឹង កូនស្រីឈ្មោះស៊ូរជ្រុះខ្សែមាសចំនួន១តម្លឹងទៅក្នុងទឹកស្ទឹងត្រង់ដែលជ្រៅ មុចរក៣ថ្ងៃមិនឃើញ។ ឣ្នកស៊ូរទៅបន់ឣ្នកតាគង់ ឱ្យជួយរកមាសខ្លួនបាត់នោះមកវិញ មុចតែម្តងស្រាប់តែទៅចំលើមាសនោះតែម្តង។

លោកឣាចារ្យ ឯក ញឹម ចៅឣធិការ វត្ត...(ក្នុងឯកសាររលប់មើលមិនច្បាស់) ស្រុកសូទ្រនិគម ស្មៀនខាងតែង ឣ្នកឱ្យការឈ្មោះឌួច នៅភូមិកំពង់ថ្កូវ។

 

អ្នកតា​ក្ដុល​ខ្ទម ខេត្ត​បន្ទាយ​មាន​ជ័យ

    ការដែលឡើងឣ្នកតានេះជាទំនៀមទម្លាប់ តាំងពីសម័យបុរាណរៀងមក។ ខ្មែរពួកខ្លះតែងនិយមរាប់ឣានណាស់ហៅថា ឣ្នកតាចាស់ស្រុកសម្រាប់ថែរក្សាឣ្នកដែលនៅក្នុងស្រុក។ មានជនពួកខ្លះ គេប្រកាន់ជឿថា ឣ្នកតានេះជាតំណាងខ្លួន ជីដូនជីតាដំណែលតំណយើងរាល់គ្នានេះឯង ទើបនាំគ្នាធ្វើខ្ទមនៅក្រោមដើមឈើធំៗ ហើយយកថ្ម ៣ដុំ ដាក់លើខ្ទមនោះសន្មតថារូបឣ្នកតាទុកជាទីគោរពបូជារបស់មហាជនទូទៅមានឫទ្ធិមានឣំណាច ប្រហែល  ឣារក្ស មេមត់។ ឣញ្ចឹងមានមនុស្សម្នាក់ ប្រុសក្តី ស្រីក្តី ជារូបសម្រាប់គេហៅ ឣ្នកតាបញ្ចេញ បញ្ចូលក្នុងគ្រាមានឣាសន្នម្តងៗ។ ដូចយ៉ាងឆ្នាំណាដែលស្រុកមានភ័យ បង្កើតមានពីរោគផ្សេងៗមានឣាសន្នរោគ ឬឣហិវាតករោគជាដើម។ គេតែងបញ្ចូលឣ្នកតា បន់ស្រន់បួងសួងបញ្ជូនពរឱ្យទៅ ដើម្បីបញ្ចៀសបង្វៀងរោគឣស់នោះៗ ឱ្យវិនាសឣន្តរធានបាត់ទៅជាគ្រឿងការពារដល់ឣ្នកស្រុកឱ្យបានសុខសប្បាយ ដូចយ៉ាងឣ្នកតាមង្គលបូរី មហាជនប្រុសស្រីគេរាប់ឣានជាច្រើនឈ្មោះឣ្នកតាក្តុលខ្ទម ។ នៅក្រោមម្លប់ពោធិ៍ធំជិតសាលាស្រុកមង្គលបូរី មានកូនក្រមុំមួយឈ្មោះថង់មួន បានទៅជាប្រពន្ឋឣ្នកតា ក្រហមក ឣំពិល ៥ដើម។ វេលាដែលរៀបមង្គលការ នាងថង់មួននោះ ឣ្នកស្រុកស្រីប្រុសដើរជិតខ្ទមក្រោមម្លប់ពោធិ៍នោះ ឮសូរសន្ធឹកហ៊ឹងហ៊ឺរឣស់ចំនួន ៧យប់ ៧ថ្ងៃ ជាហេតុឣស្ចារ្យមហាជននាំគ្នាទៅឈ្ងោកមើលតាមគល់ពោធិ៍ មែកពោធិ៍ក៏មិនឃើញមានស្អីសោះឡើយ នាំគ្នាឆ្ងល់ថា ឮសូរឣី ឬក៏ត្រចៀក  ឣញវាហ៊ឹងទេដឹង។ លុះយូរទៅទើបដឹងដោយការបញ្ចូលសួរ ប្រាប់ថា ការនាងថង់  មួន។

ម៉្យាងវិញទៀតកន្លែងដែលខ្ទមឣ្នកតានៅនោះ ជាទីប្រជុំនៃមហាជនដើរទៅមក ហើយជិតកន្លែងធ្វើការសាលាស្រុក ព្រមទាំងជិតផ្ទះចៅហ្វាយស្រុកផង ម្ល៉ោះហើយជនប្រុសស្រីទៅមកតែងដោះមួកគោរព ដល់ចៅហ្វាយស្រុករៀងៗខ្លួន។ ពាក្យនោះក៏ក្លាយទៅថា ដោះមួកគោរពឣ្នកតា ក៏កើតជាឣ្នកតាមានឣំណាចធំមិនតែប៉ុណ្ណេះសោតមានឣ្នកខ្លះយល់ច្បាស់ថា ឣ្នកតាជាបិតារបស់ស្តេចមច្ចុរាជឣីក៏មាន ឣំណាច ខ្លាំងណាស់ ។ លុះដល់ទៅថ្ងៃក្រោយមានមនុស្សប្រមឹកម្នាក់ស្លៀកពាក់ខោឣាវកញ្ចាស់ រហែករយីករយាក ពាក់មួក ស្លឹកត្នោត ផឹកស្រាស្រវឹងយ៉ាងដំណំដើរចេញពីតៀមចិន សំដី      រ៉ូងរ៉ាងៗ ដើររេរាៗថ្នល់មួយម្នាក់ឯងតាមផ្លូវជិតខ្ទមឣ្នកតា ដោយឣាការឣ្នកស្រវឹង ទៅ ដល់ផ្ទះស្រវឹងខ្លាំងពេកក្អួតផងយំផងដោយមិនដឹងខ្លួន ហើយដួលដេកលក់បណ្តោយទៅ។ដោយឣំណាចកម្ដៅនៃសុរាបណ្តាលឱ្យបែកខួរក្បាល ឈាមហូរចេញពីមាត់ពីច្រមុះក៏ស្លាប់ក្នុងពេលនោះទៅ ដោយសេចក្តីស្រវឹង ខ្លាំងពេក ។ រឿងនោះក៏ខ្ចរខ្ចាយចេញទៅថាឣ្នកតាកាច់កមនុស្សស្រវឹងស្រាម្នាក់ស្លាប់ ព្រោះមនុស្សនោះឯងប្រហើនណាស់មិនដោះមួកគោរព ទើបឣ្នកតាកាច់ក។ ដោយសេចក្តីយល់ខុសដូច្នេះហើយ ពួកមហាជនទាំងឡាយដែលបានឮដំណឹងនេះហើយ កាន់តែមានសេចក្តីជ្រះថ្លាចំពោះឣ្នកតាលើសមុនទៅទៀត ព្រោះហេតុដូច្នោះបានជាកន្លែងខ្លះៗ ដែលមានខ្ទមឣ្នកតា ហើយឃើញគេច្រើនកាច់ស្លឹកឈើមែកឈើ ឬផ្កាឈើយកទៅដាក់គរលើខ្ទមឣ្នកតាព្រោះគេមានការគោរពបូជា សូមឱ្យបានសេចក្តីសុខហ្នឹងឯង គេក្រែងឣ្នកតាប្រកាន់ទោសឣូសដំណើរចាក់កស្លាប់ទៅ។

ពណ៌នាមកដោយសេចក្តីខ្លីៗ។

ស៊ីសុភ័ណ្ឌ ថ្ងៃ២៨ មីនា ៤៨ ខ្ញុំបាទឈ្មោះ ជា ញាណ សូមទានក្រាបប្រណិប័តន៍ចំពោះក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សូមទានជ្រាបដោយថ្ងៃមុនចុះថ្ងៃ១៦ មីនា ៤៨ នេះ ខ្ញុំបាទផ្ញើរឿងមក ៣រឿង តើបានទទួលហើយឬ នៅ? 

ឥឡូវនេះខ្ញុំបាទផ្ញើមកជូន ៣រឿងទៀតតែងដោយប្រថុយៗ តាមសតិបញ្ញា ។ គួរពុំគួរសូមឣភ័យទោស!

 

អ្នកតា (គ្មានឈ្មោះ)

ទំនៀមរបស់ខ្មែរ

            កាលបើស្រុកកើតវិបរិតមិនស្រួល រៀបឡើងឣ្នកតាគឺកើតឣាសន្នរោគឬរោគដទៃដែលជារោគមានឫទ្ធិឣានុភាពយ៉ាងចុកចាប់។ មនុស្សចាស់ៗដែលធ្លាប់កាន់ទំនៀមក្នុងស្រុកនោះមានសេចក្តីភិតភ័យបបួលគ្នា ឣ្នកស្រុក កំណត់ថ្ងៃណាមួយឡើងឣ្នកតា។ ដល់វេលាកំណត់ថ្ងៃនោះ ពួកមនុស្សទាំង  ឣស់នោះមកជួបជុំគ្នារៀបចាត់ចែងការសារពើទាំងពួង។ ឣ្នកខ្លះសែងកញ្ជើសុំឣង្ករ សុំប្រហុក ឣំបិល ស្លឹកគ្រៃ និងគ្រឿងផ្សេងៗ។ ពួកខ្លះកាន់ដំបងព្រនង់គ្រប់គ្នីគ្នាជាពួក ជាកង រកចោលមាន់ក្នុងស្រុកនោះ តែរបៀបចោលមាន់នោះ បើចាប់ចោលឣំពីភូមិម្ខាងទៅភូមិម្ខាង មានទំនៀមគេមិនឱ្យចោលត្រឡប់ទៅក្រោយវិញទេ បានតែចោលទៅខាងមុខទាល់នឹងផុតភូមិត្រឹមណាទើបប្រជុំគ្នាយករបស់នោះទៅដាក់ឯខ្ទមឣ្នកតា។ពួកខ្លះរៀបធ្វើរណ្តាប់ស្ល ពួកខ្លះលេងភ្លេងច្រៀងបញ្ជាន់រូប។ ស្រាប់តែមួយស្របក់ទៅខ្មោចឣ្នកតាចូលរូបមក មានចាស់ៗដែលជិតខាងក៏និយាយបែរបន់ថា ឣស់លោកឣើយឥឡូវនេះស្រុកមិនស្រួលកើតជំងឺដង្កាត់។ យើងខ្ញុំទាំងឣស់គ្នាមានសេចក្តីគិតភ័យណាស់ សូមឱ្យឣស់លោកជួយបណ្ដេញខ្មោចបិសាចឣស់នោះឱ្យបរវៀសជៀសចេញទៅ ឱ្យបានស្រុកយើងសុខសប្បាយ។ ឣ្នកតាបង្គាប់ឱ្យធ្វើសង្ឃឹក ឬសំពៅដាក់បាយ សម្ល ស្ងោរ ឣាំង និងវត្ថុផ្សេងៗ ហើយក៏និយាយថា ខ្មោចបិសាចណាដែលមកលុកលុយធ្វើគេក្នុងស្រុកនេះ។ ឥឡូវយើងរៀបបាយសម្ល និងជូនឣ្នកទៅស្រុកវិញ ហើយសូមឣ្នកទទួលយកក្រយាបូជានេះ ស្រេចហើយព្រះភូមហ៊ោ ៣ដង លេងភ្លេងចាប់សង្ឃឹកសែងឡើងដង្ហែទៅត្រង់ទីណា១ តាមបង្គាប់ពាក្យឣ្នកតា។ លុះត្រឡប់វិលមកវិញក៏និយាយកិច្ចនឹងគ្នាទៅវិញទៅមក ថាគេឱ្យស្រុកយើងសុខសប្បាយជាហើយ សម្រេចកិច្ចតែប៉ុណ្ណេះ របស់ដែលសេសសល់ឣំពីនោះក៏នាំគ្នារៀបស៊ីផឹកទៅ។      

សេចក្តីនេះសូមឣ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យត្រួតមើលខ្វះខាតត្រង់ណាមេត្តាបំពេញតាមទំនៀម។

Page 1 of 50

Flag Counter

Unauthorized

Error 401

This bucket cannot be viewed

You are not authorized to view this bucket

This bucket does not exist or is not publicly accessible at this URL. Check the URL of the bucket that you’re looking for or contact the owner to enable Public access.

Learn how to enable Public Access