ប្រវត្តិសាស្ត្រខ្មែរសតវត្សរ៍ទី១៤

  • Print

 

 

 

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ប្រវត្តិសាស្ត្រខ្មែរសតវត្សរ៍ទី១៤៖ គួរតែគ្មានរឿងតាត្រសក់ផ្អែម និងស្តេចអយុធ្យាសោយរាជ្យនៅអង្គររវាងពាក់កណ្តាលសតវត្សរ៍នេះទេ» ដោយសាស្ត្រាចារ្យបណ្ឌិត វង់ សុធារ៉ា ជាសាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរនិងអាស៊ីអាគ្នេយ៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។

សេចក្តីសង្ខេប

ក្នុងប្រវត្តិសាស្ត្រខ្មែរជាប្រពៃណី ដែលអ្នកប្រាជ្ញបារាំងបានរៀបចំទុកឱ្យ បានបង្ហាញអំពីការប្រែប្រួលរាជវង្សស្តេចអង្គរនៅមុនពាក់កណ្តាលសតវត្សរ៍ទី១៤ ព្រោះនៅសម័យកាលនេះព្រះមហាក្សត្រអង្គរ មិនបានបន្សល់ទុក សិលាចារឹកច្រើន ដូចពេលមុន។ ប្រវត្តិវិទូបារាំងបានងាកទៅចាប់យកពង្សាវតារ ដែលអ្នកចេះដឹងខ្មែរនៅសតវត្សរ៍ទី១៩បានតាក់តែងឡើងនោះ  មកធ្វើជាប្រភពឯកសារប្រវត្តិសាស្ត្រ វិញ។ រឿងព្រេងនិទានតាត្រសក់ផ្អែម ដែលជាអ្នកដាំត្រសក់បានសម្លាប់ស្តេចដោយអចេតនា ហើយត្រូវបានមន្ត្រីលើកធ្វើជាស្តេចនៅអង្គរ ត្រូវបានអ្នកប្រាជ្ញបារាំងយកមកភ្ជាប់រជ្ជកាលតពីព្រះបាទជយវម៌្មទី៩ នៅទសវត្សរ៍ឆ្នាំ១៣៣០។ បន្ទាប់ពីនោះ ព្រះរាជាអង្គរ ជាចៅរបស់តាត្រសក់ផ្អែម ដែលសោយរាជ្យនៅអំឡុង ពាក់កណ្តាលសតវត្សរ៍ទី១៤នោះ បានរងការវាយប្រហារ ពីសំណាក់ស្តេចអយុធ្យា (ត្រឹង-ងា ១៩៧៣៖ ១៨០) ដែលពង្សាវតារសៀម នៅសតវត្សរ៍ទី១៩ អះអាងថា ជារដ្ឋថៃ។ ចម្បាំងក្នុងរាជ្យព្រះបាទ លំពង់រាជានេះ បាននាំឱ្យស្តេច រាមាធិបតី របស់សៀមអយុធ្យា អាចកាន់កាប់ និងដាក់បុត្រាបីអង្គឱ្យឡើង សោយរាជ្យបន្តបន្ទាប់គ្នា ពីឆ្នាំ១៣៥៣ ដល់១៣៥៧។

នៅពេលពិនិត្យព្រឹត្តិការណ៍ទាំងអស់នេះឡើងវិញ និងវិភាគទៅលើប្រភពពង្សាវតារខ្មែរ អយុធ្យា និងឡាវ  ព្រមជាមួយសិលាចារឹកមួយចំនួនតូច ឡើងវិញ ខ្ញុំបានមើលឃើញថា រឿងតាត្រសក់ផ្អែម បានឡើងធ្វើស្តេចនោះ គ្រាន់តែជារឿងព្រេងនិទានចម្លងមកពីមននៅភូមាកាលពីសតវត្សរ៍ទី១០ ដូចការសង្ស័យរបស់ប្រវត្តិវិទូ ហ្សកសឺដេស មែន។ ចំណែក ចម្បាំងឈ្លានពាន អង្គរ ដោយអយុធ្យា  ពីឆ្នាំ១៣៥១ដល់១៣៥៧គ.ស. រឹតតែជារឿងប្រឌិតថែមទៀត បើយើងលើកយក ប្រភពឯកសារអយុធ្យា និងពង្សាវតារឡាវ មកពិចារណា។ 

ហេតុនេះ បទបង្ហាញអំពីប្រធានបទនេះ នឹងផ្ដោតសំខាន់លើប្រភពឯកសារផ្សេងៗគ្នា ព្រមទាំងការបកស្រាយព្រឹត្តិការណ៍មិនទំនងមួយចំនួន ដោយអ្នកសរសេរពង្សាវតារខ្មែរ។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh