ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះ ដែលសម្រាកនៅមន្ទីរពេទ្យ និងចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយបាក់រលំប្លង់សេអគារសាលាឆាន់វត្តប្រាសាទនៅខេត្តសៀមរាប

  • Print

សៀមរាប៖ រសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះដដែរ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះ ដែលសម្រាកនៅមន្ទីរពេទ្យ និងចូលរួមគោរពវិញ្ញាណក្ខន្ធដែលបានស្លាប់ដោយបាក់រលំប្លង់សេអគារសាលាឆាន់វត្តប្រាសាទគោកចក នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកដែលរងបួសចំនួន១៣អង្គ/នាក់ និងអ្នកដែលបានស្លាប់ចំនួន០៣នាក់។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។ ក្នុងឧបទ្ទវហេតុនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក៕