ដំណើរទស្សនកិច្ចរបស់លោកស្រី អូរីកូ ណាកាម៉ូរ៉ា មកពុទ្ធសាសនបណ្ឌិត្យ

កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូមួយក្រុមដឹកនាំដោយលោកស្រី អូរីកូ ណាកាម៉ូរ៉ា ជាអនុប្រធានគណៈកម្មការមូលនិធិអត់អាហារមួយពេលរបស់អង្គការ រីស្សូ កូសី-កៃ បានមកទស្សនកិច្ចពុទ្ធសាសនបណ្ឌិត្យ។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីការងាររបស់ពុទ្ធសាសនបណ្ឌិត្យដែលសម្រេចបានក្នុងមួយឆ្នាំដំបូងនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងធម្មការនិងសាសនា និងអង្គការ រីស្សូ កូសី-កៃ ដែលមានរយៈពេល៣ឆ្នាំ (២០១៦-២០១៨)។

លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យបានធ្វើសេចក្ដីរាយការណ៍ពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ និងទិសដៅទៅមុខទៀត ក្នុងបរិបទនៃអនុស្សរណៈនេះ។ លោកស្រី អូរីកូ និងគណៈប្រតិភូ បានថ្លែងកោតសរសើរដោយស្មោះពីលទ្ធផលការងារដែលពុទ្ធសាសនបណ្ឌិត្យសម្រចបាន។

គួរបញ្ជាក់ផងដែរថា ក្នុងខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងធម្មការនិងសាសនា និងអង្គការ រីស្សូ កូសី-កៃ បានចែងថា អង្គការនឹងជួយ៖

១- បោះពុម្ពផ្សាយទស្សនាវដ្ដីកម្ពុជសុរិយាឲ្យបានទៀងទាត់

២- អភិរក្សឯកសារចាស់ៗនិងបោះពុម្ពជាសៀវភៅថ្មីៗស្ដីពីសាសនានិងវប្បធម៌ចរិកសាសនានៃព្រះរាជាណាចក្រកម្ពុជា

៣- រៀបចំបាឋកថាស្ដីពីសាសនានិងវប្បធម៌ចរិកសាសនាជាទៀងទាត់នៅព្រះរាជាណាចក្រកម្ពុជា

៤- គ្រប់គ្រងនិងថែរក្សាបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យឲ្យមានសណ្តាប់ធ្នាប់ល្អ

៥- ពង្រឹងការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពពុទ្ធសាសនបណ្ឌិត្យដល់សាធារណជនតាមរយៈយន្តការបច្ចេកវិទ្យាព័ត៌មាន

៦- លើកកម្ពស់បរិយាកាសការងារពុទ្ធសាសនបណ្ឌិត្យឲ្យបានកាន់តែល្អប្រសើរ

៧- ពង្រឹងបន្ថែមនូវសមត្ថភាពបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ

នៅវេលារសៀលដដែលថ្ងៃនោះផងដែរ ក្រុមប្រតិភូបានជួបសម្ដែងការគួរសមជាមួយឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។ ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូ និងសន្យាគាំទ្រគម្រោងការ និងសកម្មភាពនានារបស់ពុទ្ធសាសនបណ្ឌិត្យនាពេលអនាគត។

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/