គណៈកម្មការចំរុះចុះដោះស្រាយបញ្ចប់អធិករណ៏នៅវត្តខ្ពប

  • Print

កណ្តាលៈ តាមសំណូមពរពុទ្ធបរិស័ទប្រមាណ២៣៩៦នាក់ ដែលបានស្នើសុំឲ្យមានព្រះសង្ឃគង់នៅដើម្បីបំពេញបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា និង តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

 


បានដឹកនាំគណៈកម្មការចំរុះមួយចុះទៅពិនិត្យមើលសំណង់ព្រះវិហារនិងបានដោះស្រាយបញ្ចប់អធិករណ៍នៅវត្តខ្ពប ស្ថិតនៅភូមិសរមាស ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីបានកើតឡើងអស់រយៈពេលមួយឆ្នាំមិនអាចដោះស្រាយបញ្ចប់។

 

គណៈកម្មការចំរុះរួមមានមន្ត្រីជំនាញរបស់ក្រសួងធម្មការនិងសាសនា លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល អាជ្ញាធរស្រុកអង្គស្នួល អាជ្ញាធរឃុំនិងប្រជាពលរដ្ឋចូលរួមប្រមាណជាង៣០០នាក់។

បើតាមការឲ្យដឹងពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្តខ្ពបបានឲ្យដឹងថា កន្លងមកវត្តនេះបានកើតឡើងវិវាទអស់រយៈមួយឆ្នាំកន្លងមកហើយដោយមូលហេតុព្រះចៅអធិការចាស់បានសឹកហើយកើតមានអំពើហិង្សាជាញឹកញាប់ក្នុងការនិមន្តព្រះសង្ឃពីតាមបណ្តាវត្តមួយចំនួនដែលប្រជាពុទ្ធបរិស័ទមិនពេញចិត្តហើយរហូតមកដល់ពេលនេះវត្តមួយនេះត្រូវបានបិទទ្វាដោយឯកឯងនិងបានទុកចោលឲ្យក្លាយជាព្រៃស្មសាន និងថែមទាំងបានធ្វើឲ្យបាត់បង់តម្លៃនៃការគោរពបូជាតាមផ្លូវព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋទៀតផង។

ព្រះពុទ្ធសាសនាឲ្យតម្លៃខ្ពស់ចំពោះមនុស្សទូទៅពុំមានការរើសអើងដោយផ្អែកលើវណ្ណៈពូជសាសន៍ភេទពណ៌សម្បុរឬជំនឿសាសនាឡើយ។ ព្រះពុទ្ធសាសនាជាសាសនាស្រលាញ់សុខសន្តិភាពនិងសុខដុមភាព។

ក្រោយពី លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជួបពិភាក្សាការងារជាមួយព្រះអនុគុណស្រុកអង្គស្នួលនិងសហការីសង្ឃយ៉ាងល្អិតល្អន់រួចមក គណៈកម្មការបានសម្រេចប្រគល់វត្តខ្ពបមកឲ្យក្រសួងធម្មការនិងសាសនាជាអ្នកគ្រប់គ្រង។ បន្ទាប់មកប្រតិភូដឹកនាំដោយ លោក មិន ឃិន បានចុះទៅដល់វត្តខ្ពបដោយផ្ទាល់និងបានជួបជាមួយពុទ្ធបរិស័ទនិងអាជ្ញាធរដែនដីប្រមាណជាងបីរយនាក់ហើយបានទទួលយកតាមការសម្រេចគឺឯកភាព និមន្តព្រះសង្ឃចំនួន៥អង្គមកពីវត្តរវៀងស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលមកគង់នៅដើម្បីគ្រប់គ្រងទីអារាមនេះក្នុងបំណងរៀបចំឲ្យមានអាចារ្យគណៈកម្មការវត្តនិងអ្នកថែររក្សាវត្តដោយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងធម្មការនិងសាសនាដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ៕