លោក មិន ឃិន អញ្ជើញ​ចែក​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ ​បរិញ្ញាបត្រ​រង​ ​ជំនាន់​ទី១​ ​នៃ​វិទ្យាស្ថាន​សន្តប៉ូល​

  • Print

លោក មិន ឃិន អធិបតីក្នុងពិធីចែកសញ្ញាបត្របរិញ្ញាបត្រ

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤

តាកែវៈ  រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាប័ត្រ បរិញ្ញាបត្ររងជំនាន់ទី១ចំនួន១៥៤នាក់ នៅវិទ្យាស្ថានសន្តប៉ូល ស្ថិតនៅភូមិអង្គគរគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

          លោក មិន ឃិន មានប្រសាសន៍ចូលរួមសប្បាយរីករាយនិងអបអរសាទរជាមួយនិស្សិតជយលាភីជំនាន់ទី១ដែល ទទួលបានបរិញ្ញាបត្រ បរិញ្ញាបត្ររងទៅតាមជំនាញឯកទេសនីមួយៗបន្ទាប់ពីបានចំណាយការខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ។ សញ្ញាប័ត្រនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងជាមោទនភាពយ៉ាងធំធេងរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារនិងប្រទេសជាតិទាំងមូល។ ចំណេះដឹងនិងជំនាញបច្ចេកទេសដែលទទួលបាននាពេលនេះនឹងក្លាយជា ដើមទុនមួយសម្រាប់ការវិនិយោគនាពេលអនាគតហើយត្រូវចេះប្រើប្រាស់ដើមទុនដ៏មានតម្លៃនេះឲ្យបានត្រឹមត្រូវប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់វិចារណញ្ញាណនិងគោរពសីលធម៌វិជ្ជាជីវៈរបស់ខ្លួនដើម្បីផ្ដល់ប្រយោជន៍ដល់ខ្លួនឯងនិងដល់សង្គម ជាតិទាំងមូល។

          លោក មិន ឃិន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញានិងស្មារតីក្នុងការជំរុញនិង គាំទ្រគ្រប់រូបភាពដល់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានពុះពារជំនះគ្រប់ឧបសគ្គក្នុងការគ្រប់គ្រងនិងដឹកនាំវិស័យអប់រំជាពិសេសបណ្ដាគ្រឹះស្ថានសិក្សាជាចំណុះក្នុងការដឹកនាំផ្ទាល់សម្រាប់វិស័យមួយនេះ។ ការរីកចំរើនផ្នែកអប់រំសិក្សា ដែល យើងទាំងអស់គ្នាបានឃើញនាពេលនេះគឺមិនត្រឹមកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងអប់រំ ឬក៏គ្រឹះស្ថានសិក្សាប៉ុណ្ណោះទេប៉ុន្តែទាមទារឲ្យមានការគាំទ្រនិងជ្រោមជ្រែងផងដែរពីគូពាក់ព័ន្ធទាំងអស់ដែលធ្វើឲ្យ វិស័យអប់រំនៅកម្ពុជាមានភាពត្រចះត្រចង់ដូចសព្វថ្ងៃនេះដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយបណ្តាប្រទេសសហគមន៍ អាស៊ានក្នុងគោលដៅសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ២០១៥ខាងមុខនេះ។

         លោក អូលីវីយេ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនិងជានាយកវិទ្យាស្ថានសន្តប៉ូល មានប្រសាសន៍ថាការបង្កើតវិទ្យាស្ថាននៅតាមជនបទនេះគឺក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សនៅតាមជនបទឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិតនិងបានជួយកាត់បន្ថយភាពក្រីក្រផងដែរ។ 

         លោក មួ សៀកឡេង ប្រធានក្រុមប្រឹក្សារៀបចំកម្មវិធីសិក្សានៃវិទ្យាស្ថានសន្តប៉ូលបានឲ្យដឹងថាវិទ្យាស្ថានមានកិត្តិយសបានរៀបចំកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥និងចែកសញ្ញាប័ត្របរិញ្ញាបត្រ បរិញ្ញាបត្ររងដល់និស្សិតជំនាន់ទី១ជំនាញព័ត៌មានវិទ្យានិងកសិកម្ម។ ការបណ្ដុះបណ្ដាលនៅទីនេះរួមមានថ្នាក់បរិញ្ញាបត្រក្សេត្រសាស្ត្រ ព័ត៌មានវិទ្យា អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទេសចរណ៍ និងថ្នាក់បរិញ្ញាបត្រសង្គមកិច្ចដែលមាននិស្សិតសរុបចំនួន៣៣៥នាក់ក្នុងនោះនិស្សិតជានារីចំនួន១៥៣នាក់។ និស្សិតឆ្នាំទី១មាន៥៨នាក់ និស្សិតឆ្នាំទី២មាន១១៣នាក់ និស្សិតឆ្នាំទី៣មាន៨៤នាក់ និស្សិតឆ្នាំទី៤មាន៨០នាក់។ មានបុគ្គលិកសិក្សាទាំងអស់សរុប៧០នាក់ គណៈគ្រប់គ្រង១៣នាក់ បុគ្គលិកសិក្សាពេញម៉ោង៨នាក់ បុគ្គលិកសិក្សាក្រៅម៉ោង៣៩នាក់ និងបុគ្គលិករដ្ឋបាលនិងការងារទូទៅពេញម៉ោង២០នាក់។ វិទ្យាស្ថានមាន អាគាររដ្ឋបាល១ អាគារសិក្សា១ បណ្ណាល័យ១ អាគារជីវិតនិស្សិតមួយដែលមានការិយាល័យសរុបចំនួន៨ បន្ទប់សិក្សា១៣ បន្ទប់អនុវត្តកុំព្យូទ័រ៥ បន្ទប់Computer server១ បន្ទប់អនុវត្តស្តាប់ភាសា១ បន្ទប់ប្រជុំ១ សាលសម្រាប់រៀបចំសិក្ខាសាលា ១និងមានបន្ទប់សម្រាប់សាស្ត្រាចារ្យស្នាក់នៅ៨និងផ្ទះបាយ១។ មណ្ឌលសម្រាប់និស្សិតប្រុស ស្រីស្នាក់នៅចំនួន៣អាគារ ស្មើ៣០បន្ទប់។ និស្សិតកំពុងស្នាក់នៅ១៦០នាក់ក្នុងនោះ៧០នាក់ជានិស្សិតស្រី និងមានកសិដ្ឋានគំរូនៅភ្នំវ័រ៧០ហិតា សម្រាប់និស្សិតកសិកម្មអនុវត្តផងដែរ៕

លោក រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនិសិ្សតបញ្ចប់បញ្ញាបត្រ