ពិធីបើកសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣

  • Print

 

 

 

ព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សាសនិករួមគ្នា បង្កើនការអភិវឌ្ឍជាតិ  កិច្ចគាំពារសុខសន្តិភាព និងសេរីភាពខាងជំនឿសាសនានៅកម្ពុជា» ដែលមានការយាង និមន្ត អញ្ជើញពីសម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ សម្តេចព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរ ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងលោក លោកស្រី   អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត អ្នកឧកញ៉ាចាងហ្វាង លោកអភិបាល មេដឹកនាំគ្រប់និកាយសាសនា ប្រមាណជាង៤៥០អង្គ/នាក់ នៅទីស្តីការក្រសួង។ 

ក្នុងនាមក្រសួងធម្មការនិងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរចំពោះការរៀបចំអង្គសិក្ខាសាលានេះឡើង ដើម្បីរួមចំណែកលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា ក៏ដូចជា ការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះការគោរពសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ដែលធ្វើឱ្យលេចចេញនូវសកម្មភាពល្អៗផ្នែកស្មារតី រួមចំណែកដល់ការអភិវឌ្ឍជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសាសនាជាចលករមួយយ៉ាងសំខាន់ និងចាំបាច់បំផុត ក្នុងការអភិវឌ្ឍជាតិ ដោយឈរលើស្មារតីនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល បានផ្តល់នូវសេចក្តីស្រឡាញ់ និងគោរពគ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត គ្រប់និកាយសាសនា និងជំនឿដ៏ទៃទៀត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបើកចំហរទូលាយនូវសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនាដោយមិនរើសអើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្វាយ ប្រគេន ជូននូវវិភាគទានគន្លឹះចំនួន ៥ចំណុច ដល់អង្គសិក្ខាសាលាសម្រាប់ពិភាក្សាគឺ៖

១.សូមឱ្យមេដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ គោរពដឹងគុណដ៏ជ្រាលជ្រៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយសុខសន្តិភាព និងជំរុញឱ្យមានសុខដុមនីយកម្មសាសនា ។

២.សូមឱ្យបន្តចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ មាតុភូមិ លើគ្រប់វិស័យ ។

៣.សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលមាន ៦ចំណុច (ទី១.ចូលរួមរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម, ទី២.ចូលរួមទាំងអស់គ្នា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព, ទី៣.សូមឱ្យចូលរួមធ្វើយុទ្ធនាការដើម្បីបំបាត់ ឬកាត់បន្ថយអំពីបញ្ហាគ្រឿងញៀន, ទី៤.សូមយកចិត្តទុកដាក់ជាមួយនឹងចរាចរណ៍, ទី៥.សូមបន្តធ្វើសុខដុមនីយកម្មក្នុងផ្ទៃក្នុងសាសនាខ្លួនឯង និងជាមួយសាសនាដទៃទៀត,ទី៦.សូមឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត)។

៤.សូមឱ្យស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំគ្រប់សាសនា បន្តអប់រំទូន្មាន និងផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបគ្រប់មជ្ឈដ្ឋាន ជាពិសេស បរិស័ទជាយុវជន គម្បីខិតខំកែច្នៃចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ដែលសុចរិត ប្រកបដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង និងមិនធ្វើឱ្យខ្លួនធ្លាក់ក្នុងក្តីវិនាស ។

៥.សូមនិមន្ត និងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ។