រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

  • Print

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៧៥-៨៦

    កាលពីព្រេងនាយ មានបុរសម្នាក់ ជាអ្នកកម្សត់ក្រលំបាក, ម្ដាយឪពុកស្លាប់ចោលពីតូច នៅតែម្នាក់ឯង តែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះ ។ ដល់បុរសនោះចម្រើនធំដឹងសេចក្ដីឡើង ក៏ចង់ដឹងថា «ក្នុងនគរនោះ នឹងមានស្ត្រីពិត ម្ដាយពិត ឪពុកពិត ឬទេ? » ។ ថ្ងៃមួយ ស្ដេចក្នុងនគរនោះ ទ្រង់គិតធ្វើបុណ្យកម្សាន្តសប្បាយមួយ ។
    ស្ដេចទ្រង់មានព្រះបន្ទូលហៅនាហ្មឺនធំម្នាក់ ឲ្យចូលមកគាល់ ។ មកដល់ទ្រង់បង្គាប់ឲ្យនាហ្មឺននោះ ចេញទៅធ្វើរោងសង់សាលាបុណ្យនៅត្រើយស្ទឹងម្ខាង ។ ឯស្ទឹងនោះ មានស្ពានសួរឆ្លងទេ ។ នាហ្មឺននោះ ទៅធ្វើរោងសង់សាលារួចស្រេចវិលមកក្រាបទូលស្ដេច ៗ ទ្រង់ឲ្យរៀបភ្ញីផ្កា ស្លាម្លូ គ្រប់បរិក្ខារ ជារណ្ដាប់បុណ្យ ហើយស្ដេចយាងចេញកាន់ចុងព្រះរាជរោង ដោយជួនជុំមន្ត្រីតូចធំហែស្ដេចយាងចូលរោងបុណ្យ ។

    ឯបុរសនោះ ឮថាស្ដេចធ្វើបុណ្យដូច្នោះ ក៏មានសេចក្ដីត្រកអរ ដោយចង់ដឹងថា «ក្នុងនគរនោះ មានស្ត្រីពិត-ម្ដាយពិត-ឪពុកពិត ឬទេ? » ហើយបុរសនោះដើរទៅនៅក្រោមស្ពាន ធ្វើជាអង្គុយស្ទូចត្រី ។ ស្ដេចទ្រង់យាងទៅឯសាលាបុណ្យមុនគេ នៅតែអស់អ្នកនិងព្រះរាជបុត្រីស្ដេច ។ ដល់វេលារសៀល អស់អ្នកនិងព្រះរាជបុត្រីស្ដេចនោះ ក៏រៀបខ្លួននឹងទៅចូលរោងបុណ្យ ។ ឯព្រះរាជបុត្រីស្ដេចនោះ កំព្រា ពុំមានព្រះមាតា ៗ ក្ស័យព្រះជន្មចោលនាង តាំងអំពីតូចម្ល៉េះ លុះអស់អ្នកនិងពួកស្រីស្នំក្រមការឆ្លងស្ពានហួសអស់ទៅ នៅតែព្រះរាជបុត្រីកំព្រាជាក្រោយគេ ដល់នាងយាងទៅដល់ស្ពាន នាងទតទៅ ឃើញបុរសកម្សត់អង្គុយស្ទូចត្រីនៅក្រោមស្ពាននាងឈប់ ពុំហ៊ានយាងហួសទៅ, អស់ពួកស្រីបរិវារសួរថា «ម្ចាស់ ដូចម្ដេចបានជាឈប់?» ។ ទើបនាងមានព្រះបន្ទូលសវនីយ៍ប្រាប់ទៅអស់ពួកស្រីៗថា «បានជាខ្ញុំឈប់ត្បិតមានបុរសម្នាក់នៅអង្គុយក្រោមស្ពាន ទៅដូចម្ដេចនឹងបាន!» ។ អស់ស្រីសាវឡិកថា «ម្ចាស់យាងទៅ! មិនអីទេ! ខ្លាចថ្វី! មនុស្សកម្សត់ដូចមនុស្សឆ្កួត» ។ នាងឆ្លើយឡើងថា «កុំស្រដីដូច្នោះ មិនត្រូវទេ ធម្មតាគេជាប្រុស ទុកជាគេឆ្កួតព្រើលល្ងង់ខ្លៅដូចម្ដេច ក៏យើងជាស្រីមិនត្រូវដើររំលងក្បាលគេទេ!» ។
    អស់ពួកស្រីៗវាស្ដីឲ្យថា «នៃអ្នកកំឡោះអង្គុយស្ទូចត្រីក្រោមស្ពាន! ដើរចេញ! ម្ចាស់យើងយាងទៅធ្វើបុណ្យ» ។ បុរសនោះ ឮស្រីៗស្រដីថាដូចម្ដេច ក៏មិនដើរចេញ ធ្វើជាមិនឮ ។ ឯនាងជាបុត្រី ស្ដេចក៏ស្រដីឲ្យបុរសនោះថា «នៃអ្នកស្ទូចត្រីអញ្ជើញចេញពីក្រោមស្ពានទៅ ឲ្យខ្ញុំសុំផ្លូវទៅផង»! ។
    បុរសនោះ ឮនាងជាបុត្រីស្ដេចនិយាយដូច្នោះ ក៏ក្រោកដើរចេញតយង៉យទៅផ្ទះអាត្មាវិញ ។ ឯនាងបុត្រីស្ដេចឃើញចៅបុរសនោះដើរហួសទៅ ទើបនាងហ៊ានឆ្លងទៅធ្វើបុណ្យជាមួយនឹងស្ដេចជាឪពុក ដល់ពេលធ្វើបុណ្យរួចស្រេចបរិបូណ៌ ស្ដេចក៏វិលមកព្រះដំណាក់វិញ ។
    លុះថ្ងៃក្រោយ បុរសនោះ គិតក្នុងចិត្តនឹកចង់ចូលទៅគាល់ស្ដេច ក៏រៀបខ្លួនដោយនូវភាពខ្លួនជាអ្នកកម្សត់ក្រលំបាក រៀបរួចចេញដើរពីផ្ទះអាត្មាទៅ ដល់មាត់ទ្វារវាំង ក៏ចូលទៅដោយបំណងនឹងគាល់ស្ដេច ។ ឯពួកទាហានចាំទ្វារវាំង វាឃាត់មិនឲ្យចូលថា «ចៅបុរសឯង រូបក៏អាក្រក់ សំពត់ក៏ចាស់ដាច់ដាច មិនគួរនឹងចូលក្នុងទីវាំងស្ដេចទេ!» ។
    បុរសនោះ គិតក្នុងចិត្តថា «អញគិតធ្វើដូចម្ដេច ឲ្យបានជ្រាបដល់ស្ដេច ៗ នឹងឲ្យហៅអញចូល» ហើយនិយាយទៅនឹងពួកទាហានចាំទ្វារថា «អ្នកកុំឃាត់ខ្ញុំ ត្បិតខ្ញុំឃើញក្នុងនគរស្ដេច ឥតមានស្ត្រីពិត-ម្ដាយពិត-ឪពុកពិតទេ» ។ ចៅបុរសនិយាយតែប៉ុណ្ណោះ ក៏អង្គុយស្ងៀមនៅនឹងមាត់ទ្វារនោះទៅ ពុំនិយាយស្ដីនឹងអ្នកឯណាទៀតឡើយ ។ លុះស្ដេចចេញកាន់ចុងព្រះរាជរោង អស់នាហ្មឺនធំតូចក៏មកជួបជុំគ្នាគាល់ស្ដេច ។
    នាយទាហានចាំទ្វារសង្ស័យណាស់ ក៏ចូលទៅក្រាបទូលស្ដេចថា «មានចៅបុរសកម្សត់ម្នាក់ មិនដឹងមកពីណា ចង់ចូលមកគាល់តែទូលបង្គំជាខ្ញុំឃាត់មិនឲ្យ ចូលត្បិតបុរសនោះស្លៀកសំពត់ដាច់ដាចលេចមុខលេចក្រោយ តែចៅបុរសនោះ និយាយនឹងទូលព្រះបង្គំជាខ្ញុំថា«អ្នកឯងមិនត្រូវឃាត់ខ្ញុំទេ ត្បិតខ្ញុំយល់ឃើញថា ក្នុងនគរនេះ គ្មានស្ត្រីពិត-ម្ដាយពិត-ឪពុកពិត» ចៅបុរសនោះ និយាយតែប៉ុណ្ណេះក៏នៅស្ងៀមទៅ ។
    ស្ដេចទ្រង់ជ្រាបដូច្នោះ ទ្រង់សួរទៅនាយទាហានថា «ចុះឥឡូវចៅបុរសនោះ នៅឯណា?» ។ នាយទាហានទូលថា «នៅឯមាត់ទ្វារវាំង» ។ ទើបស្ដេចមានព្រះបន្ទូលថា «បើដូច្នោះអាមាត្យឯង ទៅហៅវាមកមើល!» ។ អមាត្យរត់ទៅហៅបុរសអង្គុយនៅមាត់ទ្វារប្រាប់ថា «នៃចៅបុរស ស្ដេចមានព្រះបន្ទូលឲ្យចៅបុរសឯងចូលទៅ» ។ ចៅបុរសនោះ ក៏ដើរទៅជាមួយនឹងអមាត្យទៅដល់ហើយ ក្រាបថ្វាយបង្គំស្ដេចហើយអង្គុយគាល់ក្នុងទីដ៏សមគួរទៅ ។
    ស្ដេចទតឃើញអមាត្យនាំចៅបុរសនោះ មកដល់ទ្រង់មានបន្ទូលថា «ចៅបុរសឯងនិយាយថាក្នុងនគរអញនេះ គ្មានស្ត្រីពិត-ម្ដាយពិត-ឪពុកពិតទេ, តើចៅបុរសឯងថាដូច្នោះមែនឬដូចម្ដេច? » ។ ចៅបុរសក្រាបទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! ក្នុងទីព្រះនគររបស់ល្អងធូលីព្រះបាទនេះ គ្មានស្ត្រីពិត-ម្ដាយពិត-ឪពុកពិតទេ, ទូលព្រះបង្គំជាខ្ញុំថាមែន ក្នុងទីព្រះរាជវាំងមានតែញី ទូលព្រះបង្គំជាខ្ញុំថាមែន ម្ដាយពិត-ឪពុកពិតគ្មាន ទូលព្រះបង្គំជាខ្ញុំថាមែន» ហើយចៅបុរសទូលតបទៅនឹងស្ដេចទៀតថា «សូមទ្រង់ព្រះមេត្តាប្រោស! ឯស្រីពិត មានតែមួយគឺជាព្រះរាជបុត្រីពៅព្រះករុណាពិសេសនេះ ទើបហៅស្ត្រីកបនរល័ក្ខណ៍ ជាក់ជាស្ត្រីពិតមែន» ។
    ស្ដេចទ្រង់យល់ដូចចៅបុរសនោះ ថាមែន ទើបមានព្រះបន្ទូលសួរថា «នៃចៅបុរស/ ដូចម្ដេចហៅថាស្ត្រីពិត? ដូចម្ដេចហៅថាម្ដាយពិត ឪពុកពិត? ម្ដាយពិត ឪពុកពិតនោះ មានតែល្អងធូលីព្រះបាទយាងចេញពីព្រះនគរទៅស៊ើបរកផ្ទាល់ព្រះអង្គទើបបាន បើល្អងធូលីព្រះបាទ រកបាននៅទីណា ស្រុកណា ភូមិណា សូមល្អងធូលីព្រះបាទទ្រង់ធ្វើតាមសព្វព្រះរាជហឫទ័យ ដែលទ្រង់គិតឃើញដូចម្ដេច លុះទ្រង់ពិសោធគ្រប់ជំពូកទៅហើយ ពុំមានថាអ្វី ទើបហៅពេញជាស្ត្រីពិត-ម្ដាយពិត-ឪពុកពិត » ។
    ស្ដេចទ្រង់ជ្រាបសព្វគ្រប់ប្រការ ហើយទ្រង់នឹកក្នុងព្រះចិន្ដាថា «ចៅបុរសនេះ និយាយត្រូវប្រាកដហើយ ទ្រង់ព្រះរាជទាននូវមាសប្រាក់សំពត់អាវ ឲ្យចៅបុរសនោះ ទ្រង់ផ្ដាំថា «ចៅបុរសឯងកុំទៅណាឆ្ងាយ នៅចាំអញបើអញរកស្ត្រីពិត-ម្ដាយពិត ឪពុកពិតបានហើយ អញវិលមកវិញថ្ងៃណា អញនឹងឲ្យចៅបុរសឯងធ្វើជាធំលើសគេទាំងពួង» ហើយស្ដេចទ្រង់បង្គាប់នាហ្មឺនធំម្នាក់ ឲ្យធ្វើផ្ទះមួយឲ្យចៅបុរសនោះនៅ ទ្រង់ផ្ដាំនាហ្មឺននោះ ឲ្យជប់លៀងចិញ្ចឹមចៅបុរសនោះរៀងទៅ ។ ក្នុងពេលដែលស្ដេចទ្រង់យាងចេញចាកព្រះនគរ ទៅរកស្ត្រីពិត ម្ដាយពិត ឪពុកពិតនោះ ស្ដេចមានបន្ទូលហៅនាហ្មឺនធំម្នាក់ ដែលជាអ្នកសម្រេចរាជការក្នុងព្រះនគរ ឲ្យមើលរក្សាព្រះរាជវាំង ត្បិតទ្រង់នឹងយាងចេញរកស្ត្រីពិត ម្ដាយពិត ឪពុកពិត ហើយទ្រង់រៀបដំណើរភៀសព្រះអង្គជាបុរសកម្សត់ម្នាក់ យាងចេញទៅក្នុងវេលាយប់ស្ងាត់ ពុំឲ្យនរណាមួយដឹងឡើយ ឲ្យដឹងតែបុត្រីដែលជាធំនិងចៅបុរសនោះប៉ុណ្ណោះ ហើយស្ដេចយាងទៅធ្វើជាអ្នកកម្សត់លំបាក ពុំឲ្យអ្នកណាស្គាល់ជាស្ដេចឡើយ ។
    ស្ដេចយាងទៅដល់ស្រុកមួយជាព្រំព្រះនគរ ឃើញតាចាស់យាយចាស់ប្ដីនិងប្រពន្ធ ស្ដេចក៏ចូលទៅសុំសម្នាក់នៅផង ។ ដូនតានោះ ក៏ព្រមឲ្យនៅដល់នៅយូរបន្តិចទៅ ឃើញកូនគេក្នុងស្រុកនោះ មានរូបឆោមលោមពណ៌ល្អ ក៏មានចិត្តនឹកចង់បាន ទើបនិយាយនឹងតាយាយថា «តាយាយអើយ! ឥឡូវ ចៅឃើញកូនគេមួយរូបឆោមលោមពណ៌ល្អសមជាប្រពន្ធខ្ញុំ ដូច្នោះ សូមតាយាយទៅដណ្ដឹងឲ្យខ្ញុំ» ។ តាយាយឆ្លើយថា «ឱចៅអើយ! ខ្លួនតាយាយសព្វថ្ងៃនេះ ជាអ្នកកម្សត់អត់ឃ្លានក្រលំបាកណាស់ នឹងទៅដណ្ដឹងកូនគេ តើនរណាគេនឹងឲ្យ!» ។ ស្ដេចប្រាប់ថា «តាយាយទៅដណ្ដឹងគេចុះ ប្រាប់ថាខ្ញុំឲ្យមកសុំដណ្ដឹង គេមិនថាអីទេ! » ។ តាយាយនោះ ក៏ទៅដណ្ដឹងកូនក្រមុំគេ តាមពាក្យចៅប្រើ ។
    តាយាយ ទៅដល់ផ្ទះអ្នកដែលមានកូនក្រមុំនោះ ក៏ឡើងទៅអង្គុយលើផ្ទះ ។ អ្នកនោះសួរថា «តាយាយមករកអ្វី? » ។ តាយាយឆ្លើយថា «ខ្ញុំមកសូមជម្រាបអ្នក, លាក់បាំងអីនឹងអ្នក ចៅខ្ញុំឲ្យមកសុំដណ្ដឹងកូនក្រមុំ» ។ ឯម្ដាយឪពុកនាងក្រមុំនោះ នឹកក្នុងចិត្តថា «តាយាយនេះម្ដេចក៏គាត់ហ៊ានដណ្ដឹងកូនអញឲ្យចៅគាត់?» ហើយអ្នកដែលមានកូនក្រមុំនោះ និយាយទៅនឹងតាយាយនោះ ថា «តាយាយ! ខ្ញុំឲ្យ ! ប៉ុន្តែតាយាយឯងនាំចៅកំឡោះមកឲ្យយើងមើលសិន បើល្អសមនឹងកូនយើង ៗ ឲ្យមិនថាអ្វីទេ» ។
    តាយាយ លាគេវិលមកផ្ទះវិញ និយាយប្រាប់ចៅថា «បើចៅឯងល្អសមនឹងកូនគេ ៗ ឲ្យប៉ុន្តែ គេឲ្យចៅឯងទៅឲ្យគេមើលរូបសិន បើសមនឹងកូនគេ ៗមិនថាអីទេ? ។ ឯស្ដេច ឮតាយាយប្រាប់ដូច្នោះ ក៏មានព្រះទ័យត្រេកអរ សួរទៅវិញថា «ចុះឲ្យទៅថ្ងៃណា? » ។ តាយាយឆ្លើយថា «ព្រឹកស្អែក យើងនឹងទៅ» ។ លុះព្រឹកឡើងតាយាយនឹងស្ដេចចៅ នាំគ្នាទៅផ្ទះអ្នកមានកូនក្រមុំនោះ ក៏ឡើងទៅអង្គុយសំពះគេ ហើយថយមកអង្គុយក្នុងទីដ៏សមគួរ ។ អ្នកផ្ទះនោះ ក៏មានចិត្តស្រឡាញ់កូនប្រសា ប៉ុន្តែ មិនដឹងជាស្ដេចក្លែងភេទទេ  គិតស្មានថា ជាមនុស្សទាំងផ្ដាស ។
    ស្ដេចនៅបម្រើម្ដាយក្មេកឪពុកក្មេករៀងរាល់ថ្ងៃទៅ ។ វេលាចូលដេក ម្ដាយក្មេកតែងប្រាប់កូនស្រីក្រមុំនោះថា «អ្នកមាសម្ដាយ! ចូរឯងសិតទឹកដាក់ចុងជើងប្ដីរៀបស្លា៥ មាត់ដាក់ឲ្យប្ដី ក្រែងជួនយប់ ប្ដីក្រោកឡើងរកស្លាស៊ី ទឹកផឹក ឲ្យមានស្រាប់» ។ កូននោះ ក៏ព្រមធ្វើតាមពាក្យម្ដាយប្រើ ជួនក៏ពុំធ្វើតាម ។ ដល់ថ្ងៃមួយស្ដេចធ្វើជាទៅងូតទឹក ។ ម្ដាយក៏ប្រាប់កូនថា «នាង! ម្ដេចមិនយកផ្តិលទៅតាមប្ដីងូតទឹក?» ។ នាងជាកូនក្រមុំនោះ ក៏ពុំទៅតាមពាក្យម្ដាយប្រើ ។ ស្ដេចនោះទៅយូរបន្តិច ក៏វិលមកវិញ ។
    ដល់វេលាល្ងាច ស្ដេចធ្វើជាផឹកស្រាស្រវឹងពុំដឹងខ្លួន ក្អួតក្អែប្រែប្រះខ្លួន ននៀលពាសពាសល្វែងផ្ទះ ។ ឯម្ដាយក្មេក ឃើញកូនប្រសាស្រវឹង ក៏ស្គីប្រាប់ទៅកូនក្រមុំថា «នាងឯង ម្ដេចមិនយកទឹកទៅលាងកម្អួត? » ។ កូនក្រមុំឆ្លើយថា «ទេ! មនុស្សអីប្រមឹកស្រាដូច្នោះ» ។ ស្ដេចឮដូច្នោះ ព្រឹកឡើង ស្ដេចលាម្ដាយក្មេកឪពុកក្មេកទៅផ្ទះយាយចាស់តាចាស់ ប្រាប់យាយតាអំពីដំណើរកូនក្រមុំគេ ដែលយាយទៅដណ្ដឹងឲ្យនោះថា តាយាយអើយ! នាងនោះនិងខ្ញុំមិនបានជាគូព្រេងសំណាងនឹងគ្នាទេ, សូមតាមយាយប្រគល់កូននោះ ទៅគេវិញចុះ! » ។
    តាយាយក៏ទៅជូនព្រេងសំណាងកូនគេ តាមពាក្យចៅប្រើ ទៅដល់លើផ្ទះនិយាយថា «ខ្ញុំសុំជូនព្រេងសំណាងកូនអ្នកផង ត្បិតចៅខ្ញុំថា «ពុំមានព្រេងនឹងកូនអ្នកទេ!» រួចតាយាយក៏លាគេមកផ្ទះអាត្មាវិញ ។ លុះព្រឹកឡើង ស្ដេចលាតាយាយ ដើរទៅទៀត ដល់ស្រុកមួយជាចុងស្រុកខេត្តក្រៅ ទៅសុំសម្នាក់នឹងផ្ទះដូនចាស់តាចាស់ៗ ក៏យល់ព្រម, ស្ដេចក៏នៅធ្វើការរកស៊ីនឹងតាយាយតែសព្វថ្ងៃរៀងទៅ ។
    ថ្ងៃមួយ ស្ដេចដើរទៅលេង បានឃើញកូនក្រមុំអ្នកស្រុក ដែលជាអ្នកមានធំក្នុងស្រុកនោះ ពុំមានអ្នកឯណាមានស្មើឡើង អ្នកនោះមានកូនស្រីមួយកូនប្រុសមួយ ទាំងពីរនាក់ មិនទាន់មានប្ដីប្រពន្ធទេ, ស្ដេចដើរទៅលេងបានឃើញមានចិត្តគិតចង់បាន លុះវិលមកផ្ទះអាត្មាវិញ និយាយប្រាប់តាយាយថា «តា! យាយខ្ញុំចង់បានកូនគេដែលមានកូនប្រុសមួយស្រីមួយ សូមតាយាយទៅដណ្ដឹងកូនគេនោះឲ្យខ្ញុំផង» ។ តាយាយឆ្លើយថា «ចៅអើយបើយាយក្រម្ល៉េះ! តើនរណាគេនឹងឲ្យកូនគេមកចៅ! » ។ ឯស្ដេចឮតាយាយនិយាយដូច្នោះ ក៏មានបន្ទូលទៅនឹងតាយាយថា «សូមតាយាយអញ្ជើញទៅដណ្ដឹងកូនគេចុះ ថាខ្ញុំមកដណ្ដឹង គេមិនថាអីទេ! ។ តាយាយនោះ ក៏ព្រមតាមពាក្យចៅប្រើ ប៉ុន្តែយាយនិងតាពុំដឹងថាចៅនោះជាស្ដេចឡើង គិតស្មានថាជាមនុស្សទាំងផ្ដាសដទៃ ក៏ទៅដណ្ដឹងកូនគេ ៗក៏ព្រមឲ្យ ។ ស្ដេចក៏នៅបម្រើម្ដាយក្មេកឪពុកក្មេកតែសព្វថ្ងៃរៀងទៅ ។
    ឯនាងជាប្រពន្ធនោះ ក៏បដិបត្តិប្ដី ល្ងាចដាក់ទឹកចុងជើង បៀកស្លា ៥ ម៉ាត់ដាក់ក្បែរដំណេកប្ដី តែសព្វថ្ងៃរៀងទៅ ។ វេលាស្ដេចយាងទៅងូតទឹក នាងកាន់ផ្តិលនិងសំពត់ងូតតាមទៅផង ។ ពេលស្ដេចងូតទឹក នាងនោះដុះក្អែលឲ្យប្ដី ។ ផ្លាស់សំពត់ងូត នាងទទួលយកសំពត់ពូត រួចដងទឹកដាក់ផ្តិលកាន់ដើរតាមប្ដីទ, ដល់ផ្ទះលាងជើងឲ្យប្ដី ។ ថ្ងៃមួយ ស្ដេចធ្វើជាឈឺ ម្ដាយក្មេកឪពុកក្មេក ឃើញកូនប្រសាឈឺ ក៏មានចិត្តភិតភ័យ ប្រាប់ទៅកូនក្រមុំថា «កូន! មកមើលគក់ច្របាច់ឲ្យប្ដីផង » នាងនោះ ក៏គក់ច្របាច់ឲ្យប្ដី ប៉ុន្តែ ស្ដេចនឹងនាងពុំទាន់រៀបការនៅឡើយទេ ។ ឯឪពុកក្មេកនឹងម្ដាយក្មេក ក៏ពុំដឹងជាស្ដេច គិតស្មានថាជាមនុស្សរាស្ត្រទាំងផ្ដាស ។ នៅយូរបន្តិចទៅ បានពេលាល្អម្ដាយក្មេកឪពុកក្មេកនោះ ក៏ចេញប្រាក់របស់ខ្លួនរៀបការកូនក្រមុំនឹងស្ដេច ហៅអស់ញាតិមិត្តជិតឆ្ងាយមករៀបការ ស៊ីផឹកជាសូរេច, ស្ដេចនិងនាងក៏រួមសុខទុក្ខនៅជាមួយគ្នា តាំងអំពីនោះរៀងមក ។
    លុះនៅយូរបន្តិចទៅ ស្ដេចចង់ពិសោធចិត្តប្រពន្ធ និងចិត្តម្ដាយក្មេកឪពុក-ក្មេកឲ្យឃើញពិត ឬពុំពិត ស្ដេចក៏ធ្វើជាផឹកស្រា លៀងបៀចាញ់គេ ៗ មកទារប្រាក់នឹងរកប្រាក់ឲ្យគេគ្មាន ។ ម្ដាយក្មេក ឪពុកក្មេក ក៏ចេញប្រាក់ឲ្យគេតែសព្វថ្ងៃ ទាល់តែអស់ប្រាក់ ធ្លាក់ខ្លួនជាអ្នកក្រ ។ ម្ដាយក្មេក ឪពុកក្មេក និងប្រពន្ធនោះ ពុំមានស្ដីថាអ្វី ។ អស់ញាតិសន្តានជិតខាង គេស្រដីថា «ឲ្យផ្ដាច់ទៅ កុំឲ្យកូនទៅអាចង្រៃនេះ វាមិនគិតធ្វើការរកស៊ីដូចគេទាំងពួង វាគិតតែលេងបៀ ផឹកស្រាដូច្នេះ តើនឹងទុកវាធ្វើអ្វី» គេស្ដីប៉ុនគេផ្ទប់ ម្ដាយឪពុកនោះ ក៏មិនអឹះ ។
    ឯស្ដេចនោះ យល់ឃើញថា ម្ដាយក្មេក ឪពុកក្មេកក្រលំបាកសម្បត្តិ មានតែខ្លួនហើយ ក៏ឈប់លេងល្បែង ចេះតែដេក មិនមានគិតរកស៊ីអ្វី ប្រើតែប្រពន្ធឲ្យធ្វើនំលក់ គ្រាន់តែឆ្អែតពោះ ។ ឯម្ដាយក្មេក ឪពុកក្មេក ព្រមទាំងប្រពន្ធ នឹងមានស្រដីអ្វីឲ្យធ្ងន់ពាក្យឲ្យកូនប្រសាតូចចិត្តក៏គ្មាន ។ ស្ដេចទ្រង់នឹកក្នុងព្រះចិន្ដាថា «ឱ ចៅបុរស មានប្រាជ្ញាយល់ការជ្រៅជ្រះ ថាឲ្យអញរកម្ដាយពិត-ឪពុកពិតប្រពន្ធជាស្ត្រីពិត នេះហៅពេញជាត្រូវ ឥឡូវអញរកបានហើយ ល្មមអញតែងព្រះបន្ទូលប្រាប់ទៅសេនាបតីឲ្យរៀបរាជយាន នូវពលថ្មើរជើង តាមមុខងារដំរីសេះ រាជរថមកទទួលអញចុះ!» ។ ទ្រង់ក៏តែងព្រះបន្ទូលប្រាប់ទៅសេនាបតី មានសេចក្ដីថា «ឲ្យរៀបដំរី សេះរទេះ រាជយាន ពលថ្មើរជើង ទៅទទួលស្ដេច ត្បិតស្ដេចរកប្រពន្ធជាស្ត្រីពិត ម្ដាយពិត ឪពុកពិតបានហើយ ឲ្យយកគ្រឿងឥស្សរិយយសទៅថ្វាយជាឆាប់ៗ ។ មួយទៀតបើបម្រើនាំព្រះបន្ទូលមកដល់ ឲ្យរៀបទទួលជប់លៀងតាមឋានៈជាបងថ្លៃស្ដេច ។ » ស្ដេចតែងរួចស្រេចទ្រង់ដាក់ក្នុងបំពង់ បិទមាត់បំពង់ជិតពុំឲ្យបងថ្លៃនោះដឹងសេចក្ដី ហើយស្ដេចប្រាប់ទៅបងថ្លៃថា «អ្នកបងអើយ! អញ្ជើញមកអាយ! ខ្ញុំចង់ឲ្យអ្នកនាំសំបុត្រទៅឲ្យនាហ្មឺន ដែលជាធំនៅក្នុងវាំងហ្លួងនោះ, តើអ្នកបងហ៊ានទៅឬទេ? » ។ បងថ្លៃ ឮប្អូនប្រើដូច្នោះ ក៏ព្រមទៅតាមហើយចេញដំណើរទៅ សួរគេចាប់តែតាមផ្លូវ ទៅដល់ស្រុកមួយ សួរគេថា «អ្នកអើយ! ផ្លូវណាទៅវាំងស្ដេច? » ។ អ្នកស្រុកនោះប្រាប់ថា «ផ្លូវនេះហើយ! ទៅវាំងស្ដេច» ។ បងថ្លៃស្ដេចនោះ ក៏ចេះតែដើរសួរគេតែរៀងៗទៅ ។
    លុះដល់ទៅមាត់ទ្វារវាំង ក៏សួរនាយទាហានយាមទ្វារថា «អ្នក ! ហ្នឹងហើយឬ ដែលគេហៅថាវាំងហ្លួង? »។ នាយទាហានសង្ស័យ ក៏សួរថា «អ្នកឯងមកពីណា បានជាមកសួររកវាំងហ្លួង?» ។ បងថ្លៃស្ដេចឆ្លើយថា «ខ្ញុំនាំសំបុត្រប្អូនខ្ញុំ មកឲ្យនាហ្មឺនធំដែលនៅក្នុងវាំងនេះ» ។ នាយទាហានឮដូច្នោះ ក៏នាំចូលទោដល់នាហ្មឺនដែលនៅចាំវាំង ។ នាហ្មឺនធំ ក៏ទទួលយកសំបុត្របើកមាត់បំពង់ឡើង អានដឹងសេចក្ដីនៃព្រះបន្ទូលថា «យើងរកមហេសីជាស្ត្រីពិតបានហើយ ឲ្យនាំគ្នារៀបចំទៅទទួលយើង ឯបម្រើដែលនាំព្រះបន្ទូលនេះ ត្រូវជាបងថ្លៃយើង បើបានមកដល់ឲ្យអ្នកទទួលរៀបជប់លៀងតាមភាពជាព្រះញាតិស្ដេច» ។ នាហ្មឺនធំនោះ ក៏ចាត់សំបុត្រឲ្យកេណ្ឌដំរី សេះ រទេះ រាជយានពលថ្មើរជើង តែងដោយមុខងារ-មុខក្រសួងផ្សេងៗ ។ ឯបងថ្លៃស្ដេច គេរៀបទទួល តាមដោយបែបយ៉ាងជាព្រះញាតិ មានពូកព្រែព្រំចៀមចំខ្នើយខ្នល់តម្កល់តម្កើងរុងរឿងក្រៃពេក ហើយគេរៀបភោជនាហារសុទ្ធសឹងល្អស្អាងស្អាត ដាក់នឹងភាជន៍មាស លើកយកមកជូនអ្នកជាបងថ្លៃស្ដេច ដែលនាំសំបុត្រស្ដេចនោះមក ។
    ឯអ្នកជាបងថ្លៃស្ដេចនោះ ហេតុតែខ្លួនជាអ្នកនៅស្រុកក្រៅឆ្ងាយ ពុំដែលស្គាល់ស្ដេច ស្ទើរតែពុំហ៊ានបរិភោគភោជនាហារ ដែលជារបស់ល្អថ្លៃនោះឡើយ លុះតែនាហ្មឺនធំគេបង្ខំឲ្យបរិភោគ ទើបហ៊ានបរិភោគ តែចាំគន់មើល បើគេបែរមុខចេញ ដៃលូកបន្លំយកនំចំណី លាក់ទុកផ្ញើប្អូន ត្បិតខ្លួនមិនដែលបានចំណីល្អបរិភោគ គិតក្រែងស្ដេចប្អូនថ្លៃនោះ មិនដែលបានដូចខ្លួនដែរ ។
    លុះបរិភោគរួច នាហ្មឺននោះតឿនថា «អ្នកនឿយព្រួយ សូមអញ្ជើញសម្រាន្តទៅ!» ។ អ្នកបងថ្លៃស្ដេច ក៏ស្ទើរពុំហ៊ានដេក ។ លុះព្រឹកឡើង និយាយនឹងនាហ្មឺនថា «ខ្ញុំចង់លាទៅវិញ ត្បិតប្អូនខ្ញុំផ្ដាំថា បើដល់ ឲ្យឆាប់វិលទៅ» ។ នាហ្មឺននោះ ក៏ចាត់ចែងឲ្យរៀបភោជនាហារឲ្យ ។ បរិភោគរួច ក៏លានាហ្មឺនដែលជាធំនោះ ត្រឡប់មកផ្ទះវិញ ។
    លុះមកដល់ ស្ដេចជាប្អូនថ្លៃសួរថា «ម៉េចអ្នកបង! អញ្ជើញទៅជួបនឹងនាហ្មឺនគេទេ?» ។ ឯបងថ្លៃ ប្រាប់ស្ដេចជាប្អូនថ្លៃថា «ជួប!» ។ ស្ដេចថា «ចុះគេរាប់អានឬទេ?» ។ បងថ្លៃថា «គេរាប់អានបងណាស់! » ។ ស្ដេចឮថានាហ្មឺនគេរាប់អានណាស់ ក៏ទ្រង់ញឹមៗ ។ ហើយបងថ្លៃនោះ យកនំចំណីដែលលាក់យកមកនោះ ឲ្យស្ដេចជាប្អូនថ្លៃ ដោយវាចាថា «នៃប្អូន! បងលាក់នំគេពីវាំងស្ដេចយកមកផ្ញើប្អូន, ប្អូនឯងពិសាមើល ឆ្ងាញ់ណាស់!» ។ ស្ដេចថា «បងពិសាចុះ!» ។ បងថ្លៃថា «ទេ! ប្អូនពិសាមើល!» ។ ឯស្ដេច ទ្រង់ព្រះតម្រិះថា «បើមិនសោយ ក្រែងបងថ្លៃនោះ ដឹងថាខ្លួនជាស្ដេច» ទ្រង់សោយតែបន្តិច ទ្រង់លែងទៅ ទ្រង់ញញឹមថា «ឆ្ងាញ់មែនហើយ អ្នកបង!»
    លុះដល់កំណត់ ៧ ថ្ងៃ អស់សេនាបតីមន្ត្រីតូចធំ ភ្ជុំជួបជុំទៅទទួលស្ដេច រៀបជាក្បួនហែមកដល់ទីស្ដេចគង់នោះ ។ អស់អ្នកស្រុកក៏ផ្អើលចលាចលរវល់ភិតភ័យនាំកូនជញ្ជូនចៅរត់ទីពឹងពួន ដោយគិតស្មានថាទ័ព ពុំដឹងជាគេមកទទួលស្ដេចសោះ ។ លុះនាហ្មឺនគេចូលមកជិតផ្ទះដែលស្ដេចគង់នៅនោះ ម្ដាយក្មេកឪពុកក្មេក ក៏ភិតភ័យរត់ចូលទៅប្រាប់កូនប្រសាឯក្នុងផ្ទះថា «កូនអើយ! ទ័ពមកពីណាច្រើនណាស់! ឬគេមកចាប់កូន ត្បិតកូនលេងបៀចំពាក់គេទេដឹងអើយ?»។ ស្ដេចឮម្ដាយក្មេកប្រាប់ដូច្នោះ ក៏ទ្រង់ម្នីម្នាចេញទៅរានហាលមុខផ្ទះ ។
    អស់នាហ្មឺនទាំងពួង មានក្រឡាហោម យមរាជ ចក្រីវាំងជាដើម ឃើញស្ដេចទ្រង់ឈរនៅរានហាល ក៏សុទ្ធតែដើរឱនតោ ៗ ចូលមកក្រាបថ្វាយបង្គំស្ដេចរាល់គ្នា ។ ស្តេតមានព្រះបន្ទូលថា «អើ! អស់អស់នាហ្មឺនក្រឡាហោម យមរាជ ចក្រីវាំង សុខសប្បាយរាល់គ្នាទេឬ? » ។ អស់នាហ្មឺនឆ្លើយព្រមគ្នាថា «ព្រះករុណាថ្លៃវិសេស! សុខសប្បាយជាទេ» ។ ឯម្ដាយក្មេកឪពុកក្មេកលោតែភ្ញាក់ខ្លួនព្រើត និយាយគ្នាខ្សឹបៗ ថា «កូនប្រសាយើង ស្ដេចទេតើ! » ។ ឯពួកបងប្អូនញាតិសន្តាន ដែលនៅជិតខាងក៏ភ្ញាក់ខ្លួនរាល់គ្នាលាន់មាត់ថា «យី វ៉ើយ! លេងមិនបានទេ ស្ដេចទេតើ!» ហើយមានចិត្តគិតបារម្ភភ័យតែរៀងខ្លួន ៗ ក្រែងស្ដេចយកទោស ត្បិតខ្លួនយល់ទាស់មិនចូលចិត្តនិងស្ដេចថា ស្ដេចចេះតែលេងបៀផឹកស្រាមិនរកស៊ី ដល់ដឹងជាស្ដេច ក៏ភ័យក្រោយរាល់គ្នា ។     អស់នាហ្មឺនក្រាបទូលសួរស្ដេចថា «សូមទ្រង់ព្រះមេត្តាប្រោស! ព្រះរាជទេពីដែលល្អងធូលីព្រះបាទថារកបានហើយនោះ តើនៅឯណា? ។ ទើបស្ដេចទ្រង់មានព្រះបន្ទូលប្រាប់ថា «ឲ្យទៅលក់នំលតទៅហើយ!» ។ អស់នាហ្មឺនឮស្ដេចថា ប្រើទៅឲ្យលក់នំលត ក៏ញញឹមរាល់គ្នា ហើយក្រាបទូលថា «ទ្រង់ប្រើឲ្យទៅលក់នំលតឯណា?» ។ ស្ដេចទ្រង់មានព្រះបន្ទូលថា «ទៅលក់នំលតនៅភូមិគេខាងជើង» ។ អស់នាហ្មឺនបានដឹងដូច្នោះ ក៏រៀបយានទៅតាម ។ ស្ដេចទ្រង់មានព្រះបន្ទូលថា «បើទៅតាម ត្រូវមើលតែអ្នកណាពាក់អាចកំបុតដៃ ទូលល្អីចាស់ យួរឆ្នាំងស្កររេចមាត់ ហ្នឹងហើយ ប្រពន្ធយើង» ។
    នាហ្មឺនទាំងនោះ ក៏ចាត់នាហ្មឺនមួយពួកឲ្យនាំព្រះរាជយានទៅតាម ជួបនឹងនាងមកពីលក់នំលត ក៏ស្រែកហៅថា «នាងម្ចាស់ ឈប់សិន!» ។ នាងឮនាហ្មឺនដែលទៅទទួលនាងស្រែកហៅដូច្នោះ គិតស្មានថាជាគេមកចាប់ខ្លួន ហើយនាងក៏រត់ចូលព្រៃកាត់តម្រង់មករកផ្ទះ ប្រាក់កាសដែលលក់នំលតនោះ ក៏ជ្រុះបាត់ខ្លះក្នុងព្រៃទៅ នៅសល់តែបន្តិចបន្តួច ដល់មកផ្ទះមើលទៅមុខផ្ទះ ឃើញមនុស្សច្រើនត្រៀបត្រា គិតថាគេមកចាប់ប្ដីទារថ្លៃបៀគេហើយ នាងក៏រលះរលាំងឡើងទៅសួរប្ដីថា «គេមកពីណាច្រើនម្ល៉េះ?» ។ ស្ដេចប្ដីទ្រង់ប្រាប់នាងថា «គេមកទទួលបងទេ! នាង» ។ ម្ដាយហៅកូនទៅខ្សឹបប្រាប់ថា «ប្ដីនាងជាស្ដេចទេតើ!» ។ នាងកូនឮម្ដាយប្រាប់ទើបដឹងប្ដីជាស្ដេច ។
    ឯមន្ត្រីដែលទៅតាមនាង វិលមកគាល់ស្ដេច ៗ ទ្រង់សួរថា «មិនឃើញទេឬ?» ។ មន្ត្រីទូលថា «ឃើញ! ប៉ុន្តែ ក្រែងមិនមែន ទូលព្រះបង្គំហៅមិនឈប់សោះ ចេះតែរត់» ។ ស្ដេចទ្រង់មានព្រះបន្ទូលថា «មកដល់ហើយ!» ។ មន្ត្រីទាំងនោះ យកគ្រឿងប្រដាប់សម្រាប់ទ្រង់តម្កល់លើជើងពានមាស លើកយកទៅថ្វាយទាំងទឹកអប់ចួងចន្ទន៍ពិដោរឈ្ងុយឈ្ងប់ ។ ស្ដេចនឹងនាង ទ្រង់ស្រង់ជម្រះព្រះអង្គរួច ទ្រង់ព្រះពស្ត្រស្រេចសង្វារកងករល្អល្អះក្រៃពេក ។
    រួចស្រេចស្ដេចនឹងនាង អញ្ជើញម្ដាយឪពុកនិងបងប្រុស ឲ្យឡើងជិះដំរីសេះទៅ ។ អស់នាហ្មឺន ក៏ហែស្ដេចទៅចូលព្រះរាជវាំង ដល់ហើយ» ទ្រង់គង់នៅចុងព្រះរាជរោងទ្រង់ឲ្យហៅបុរសនោះមកប្រាប់ថា «ចៅបុរសឯងមើល? នេះហៅជាស្ត្រីពិត ម្ដាយពិត ឪពុកពិត មែនឬមិនមែនទេ?» ។ ចៅបុរសនោះក្រាបបង្គំទូលថា «នេះហើយហៅពេញជាស្ត្រីពិត ម្ដាយពិត ឪពុកពិត សូមទ្រង់ជ្រាប ។
    ទើបស្ដេចឲ្យរៀបអភិសេកនាងឡើងជាអគ្គមហេសី ឯបងប្រុសនោះ ទ្រង់តាំងឲ្យធ្វើជាអគ្គមហាសេនា ម្ដាយទ្រង់តាំងជាសម្ដេចវររាជជននី ឪពុកទ្រង់តាំងជាព្រះវររាជជនក រួចជាសូរេច ស្ដេចឲ្យទៅយកយាយចាស់តាចាស់ ដែលដណ្ដឹងនាងថ្វាយស្ដេចនោះ មកធ្វើផ្ទះឲ្យនៅ ហើយទ្រង់ឲ្យចិញ្ចឹមថែរក្សាតទៅ ។ យូរបន្តិចទៅ ស្ដេចទ្រង់នឹកភ្នកថា ចៅបុរសនេះ មានគុណនឹងអញ ហើយមានប្រាជ្ញាយល់ការរាក់ជ្រៅ ស្គាល់លក្ខណៈស្រី-ប្រុស ហើយទ្រង់ឲ្យហៅមន្ត្រីមកទ្រង់បង្គាប់ឲ្យសង់រោងការអាពាហ៍ពិពាហ៍ សម្រេចមង្គលការផ្សំផ្គុំព្រះរាជបុត្រីនិងចៅបុរសនោះ ។ រៀបចំរួចស្រេច ស្ដេចទ្រង់អភិសេកបុរសនោះនិងព្រះរាជបុត្រី ឲ្យជាមហាឧបរាជ ក៏នៅជាសុខសប្បាយតទៅ ។ ដល់ស្ដេចទ្រង់ព្រះជរា ទ្រង់ដាក់រាជ្យ ឲ្យមហាឧបរាជជាព្រះរាជបុត្រសោយរាជ្យស្នងព្រះអង្គ រក្សាអាណាប្រជានុរាស្ត្រ ជាសុខសប្បាយតទៅហោង ។

ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍


១ ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា លេខ ១១ ឆ្នាំ ១៩៤៣ ។