រឿងព្រេងចៅល្ងង់សព្វជាតិ

  • Print

មានរឿងមួយតំណាលថា មានចៅម្នាក់កើតនៅក្នុងត្រកូលអ្នកធុនល្មមមួយនៅទីជនបទ ។ ចៅនោះជាក្មេងល្ងង់ហួសពេកណាស់ ខាងផ្នែកបញ្ញាស្មារតី សូម្បីតែអ្វីៗដែលសាមញ្ញងាយស្រួលបំផុតក្ដី ក៏វាមិនអាចនឹកឃើញ ឬយល់បានដែរ ។ បើមានគេប្រាប់ពន្យល់អ្វីបន្តិចបន្តួច ចៅនេះ ចាប់បានតែមួយភ្លែតប៉ុណ្ណោះ រួចភ្លេចទៅវិញភ្លាម ។ ព្រោះហេតុដូច្នោះហើយទើបបានជាគេតែងហៅចៅនោះថា «អាល្ងង់សព្វជាតិ» ។ លុះចៅនោះមានវ័យវឌ្ឍនាការធំពេញរូបរាង កន្លងបានយូរទៅហើយកាលណាក្ដី ក៏គេគ្មានឃើញអ្វីថាជាការរីកចម្រើនដុះដាលខាងប្រាជ្ញាសោះ ។ នៅក្នុងដំណាក់កាលនោះ ចៅល្ងង់សព្វជាតិ ស្រាប់តែកើតចិត្តប្រតិព័ទ្ធលើស្រីៗ រហូតដល់សុំឲ្យម្ដាយឪពុកទៅស្ដីដណ្ដឹងកូនគេឲ្យ ។ ដោយលុះក្នុងក្ដីអាណិតអាសូរកូន ហើយមានគំនិតថា ទោះបីម្ដេចម្ដា ក៏ថ្ងៃមុខថ្ងៃក្រោយទៅ គេត្រូវតែទុកដាក់កូនចៅឲ្យមានគូស្រករ ទើបស្វាមីភរិយាទាំងពីរអង្គារសម្រេចគ្នាថា ត្រូវតែព្រមព្រៀងតាមបំណងរបស់កូន ។ ក្រោយពីនោះបន្តិចមក ម្ដាយឪពុកចៅល្ងង់សព្វជាតិ ក៏ទៅមើលកូនគេម្នាក់ នៅមិនឆ្ងាយប៉ុន្មានពីស្រុកភូមិរបស់ខ្លួនទេ ។ ចៅនោះក៏ទៅជាមួយផងដែរ ។ ការចូលចែចូវ ក៏ទៅជាត្រូវរ៉ូវគ្នានាពេលនោះតែម្ដង ។ ទាំងសងខាងបានព្រមព្រៀងគ្នាថា ៣ ខែទៀតនឹងភ្ជាប់ពាក្យ ទាំងលើកជំនូនមកជាមួយផង ហើយ ៣ ខែក្រោយមកទៀតនឹងរៀបការ ។ កម្មវិធីនោះ ត្រូវបានអនុវត្តដូចបានគ្រោងទុក ។ ពិធីរៀបអាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅអស់ ៣ ថ្ងៃ ៣ យប់ រួចហើយកូនប្រុសក៏នៅផ្ទះខាងស្រី ។ លុះចូលខែជាគម្រប់ទី ៣ បន្ទាប់ពីរៀបការមក ប្រពន្ធចៅល្ងង់សព្វជាតិ ក៏ឆ្លងទន្លេបានកូនមួយ ។ ចៅនោះសប្បាយចិត្តណាស់ ចៅខំប្រឹងថែទាំបម្រើប្រពន្ធសព្វបែបសព្វយ៉ាង រហូតដល់ប្រពន្ធអាំងភ្លើងរួចរាល់ស្រេចបាច់អស់ មិនឲ្យមានខ្វះចន្លោះត្រង់ណាបន្តិចសោះឡើយ ។ បានប៉ុន្មានថ្ងៃក្រោយមក ចៅល្ងង់សព្វជាតិ ជួនជាជួបសម្លាញ់គេម្នាក់ ។ សម្លាញ់នោះបានដឹងថា មិត្តរបស់គេទើបតែរៀបការបានបីខែ  ស្រាប់តែមានកូនដូច្នោះ  ក៏ពន្យល់ថា ៖ «នែ៎ សម្លាញ់ ! អញអាណិតឯងណាស់ ។ អញសុំប្រាប់ឯងឲ្យត្រង់ទៅចុះថា កូនហ្នឹងមិនមែនជាកូនរបស់ឯងទេ ព្រោះឯងទើបតែប្រសព្វគ្នាបាន ៣ ខែប៉ុណ្ណោះ ។ បើវាជាកូនរបស់ឯងនោះ លុះត្រាតែឯង និងប្រពន្ធរបស់ឯង បានគ្នាជាប្ដីប្រពន្ធយ៉ាងតិចណាស់ក៏ ៩ ខែដែរ ។ អញ្ចឹង មានតែប្រពន្ធឯងគេមានប្រុស មានសហាយមុនគេរៀបការជាមួយឯង» ។ កាលបើបានឮសម្លាញ់របស់ខ្លួននិយាយយ៉ាងនេះហើយ ចៅល្ងង់សព្វជាតិប្រឹងសួររឿងនេះបញ្ជាក់ម្ដងហើយម្ដងទៀត ។ លុះជឿជាក់ថាពិតជាដូច្នេះមែន ចៅនោះក៏អះអាងប្រាប់សម្លាញ់ថា ៖ «ចាំមើលទៅផ្ទះវិញអញរករឿងប្រពន្ធអញឲ្យណាណីម្ដង ច្បាស់ជាពិតអញ្ចឹងមែនហើយ ។ ចាំមើលណា៎ ! អញនឹងលែងវាចោល» ។  បន្ទាប់មក ចៅល្ងង់សព្វជាតិ ក៏ដើររលាំងរលះទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ទៅដល់ហើយ ចៅមិនបង្អង់ឲ្យយូរឡើយ ក៏ប្រញាប់លើកមូល-ហេតុដែលថាទើបនឹងបានគ្នាជាប្ដីប្រពន្ធតែ ៣ ខែ មិនទាន់បាន ៩ ខែផង ស្រាប់តែមានកូននោះមកបង្កជារឿង ឲ្យកើតជាជម្លោះនឹងអាលលែងលះគ្នា ។ រីឯនាងភរិយាគេជាស្រីឆ្លាត លុះឮប្ដីនិយាយត្រូវចំណុចខ្សោយរបស់ខ្លួន ហេតុតែនាងស្គាល់ចរិតរបស់ប្ដីច្បាស់ នាងក៏ប្រើកិរិយាម្ញ៉ិកម៉្ញក់ប្រញាប់និយាយល្បួងប្ដី ទាំងប្រើល្បិចផ្សំផងថា ៖ «ឪវាឯងកុំអាលជឿគេឲ្យហួសហេតុណា៎ ។ មនុស្សយើងមិនមែនសុទ្ធតែល្អជាមួយយើងទាំងអស់គ្នាទេ ។ មានមនុស្សខ្លះនិយាយចាក់រុកឲ្យយើងឈ្លោះគ្នា ឲ្យយើងបែកបាក់គ្នា ។ មនុស្សខ្លះទៀត    គេចេះជួយយកអាសារយើង    ចង់ឲ្យយើងរស់នៅជួបជុំគ្នាបានល្អ គេនោះទើបជាមនុស្សល្អ ។ យើងត្រូវសេពគប់តែជាមួយមនុស្សល្អទើបបានល្អ ។ ចំណែកឯរឿងដែលឪវាឯងលើកឡើងថា យើងភពប្រសព្វនៅជាមួយគ្នាជាប្ដីប្រពន្ធមិនទាន់បាន ៩ ខែនោះ វាមិនមែនជាការពិតទេណា៎ ! ។ ឥឡូវឪវាឯងចាំមើលណា៎ ចាំខ្ញុំរំឭកប្រាប់ឡើងវិញតាំងពីដើមមក ។ ឪវាឯងមិនមកដណ្ដឹងខ្ញុំបាន ៣ ខែ ទើបលើកជំនូន ? ហ៍ ! រាប់ម្រាមដៃខ្ញុំឲ្យគ្រប់ ៣ មើល៍ ! «ចៅល្ងង់សព្វជាតិ ក៏នឹកឃើញឡើងវិញថាពិតជាអញ្ចឹងមែន ។ ចៅក៏ចាប់រាប់ម្រាមដៃប្រពន្ធម្ដងមួយៗ រហូតដល់គ្រប់ ៣ រួចចំណាំទុក ។ នាងប្រពន្ធក៏បន្តទៅទៀតថា "លុះលើកជំនូនរួចហើយបាន ៣ ខែទៀត ទើបយើងរៀបការមែនឬទេ ? បើមែន ហ៍  !  រាប់ម្រាមដៃខ្ញុំថែម  ៣  ទៀតមក"»  ។ ចៅល្ងង់នឹកឃើញរឿងនោះថា  ពិតដូច្នោះមែន ក៏រាប់ម្រាមដៃប្រពន្ធថែម ៣ ទៀត រួចកាន់ជាប់ទុកជាចំណាំ ។ ជាចុងក្រោយបង្អស់ នាងប្រពន្ធក៏ប្រាប់ទៅទៀតថា «ក្រោយពីយើងរៀបការមកបាន ៣ ខែថែមទៀតណា៎  ទើបយើងបានកូន ។ នេះរាប់ម្រាមដៃខ្ញុំថែម ៣ ទៀតមក» ។ ចៅល្ងង់យើងក៏រាប់ដូចលើកមុន ។ ពេលនោះ នាងប្រពន្ធបានឱកាសហើយក៏និយាយទៅកាន់ប្ដីថា «ឥឡូវនេះ ឪវាឯងរាប់ម្រាមដៃខ្ញុំឡើងវិញមើល តើឃើញគ្រប់ ៩ ខែ ឬអត់ទេ ?» ។ ចៅល្ងង់សព្វជាតិ ក៏រាប់ម្រាមដៃប្រពន្ធតាំងពី ១ រហូតដល់ ៩ ឃើញគ្រប់ចំនួនជាប្រាកដមែន ទើបចៅនោះនឹកខឹងនឹងសម្លាញ់ថា មិនគួរអីមកនិយាយផ្ដេសផ្ដាសលេងអញ្ចឹងសោះ ។ ចៅនោះមិនចងពៀរអ្វីនឹងសម្លាញ់ទេ គ្រាន់តែទៅស្ដីបន្ទោសឲ្យបន្តិចបន្តួចដោយប្រការផ្សេងៗ តែប៉ុណ្ណោះ ។

ហេតុ និងផលជាគូគ្នា         សម្រាប់ត្រួតពិនិត្យ

បើហេតុ និងផលសមគ្នាពិត ជឿចុះកុំភិតភ័យខ្លាចខុស ។

សម្ដេចព្រះធម្មលិខិត ល្វី ឯម

* * *