រឿង ព្រេង​ភ្នំ​យ៉ាត​នៅ​ប៉ៃលិន

រឿង ព្រេង​ភ្នំ​យ៉ាត​នៅ​ប៉ៃលិន (នៅ​ខេត្ត​បាត់ដំបង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៧៧ - ៨៣ មុន​នឹង​ចូល​ទៅ​ដល់​រឿង​ព្រេង យើង​សូម​ណែ​នាំ​អ្នក​អាន ឲ្យ​ស្គាល់​ភូមិ​ភាគ បប៉ៃលិន បន្តិច​សិន ព្រោះ​ភូមិ​ភាគ​ឋិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី ហើយ​ដែល​មាន​ទំនៀម​ទម្លាប់​ប្លែក​ណាស់​ផង ។ ដើម​ឡើយ អ្នក​ស្រុក​ប៉ៃលិន សុទ្ធ​សឹង​តែ​ជន​ជាតិ​កុឡា​ទាំង​អស់​មក​រស់​នៅ ដោយ​សារ​ការ​ប្រាថ្នា​មក​ជីក​យក​ត្បូង ដែល​មាន​នៅ​កប់​ក្នុង​ដី ត្រង់​ជ្រលង​នៃ​ភ្នំ ភូមិ​ភាគ​នោះ ។ តាម​ប្រវត្តិ​ពង្សាវតារ នៃ​ស្រុក​ប៉ៃលិន​ថា ពួក​កុឡា​ទាំង​នេះ ចាប់​ផ្ដើម​មក​ប្រតិស្ឋាន ក​ជា​ភូមិ​ស្រុក​នៅ​តំបន់​នេះ តាំង​ពី គ.ស. ២៨៧៦ មក ។ ប៉ុន្តែ​ដំបូង​នោះ ពួក​កុឡា​ទាំង​នេះ គ្មាន​បង់​ពន្ធដារ​ចុះ​ចូល​ក្នុង​រាជការ​ទេ ព្រោះ​ពិត​មែន​តែ​ដី​ត្រង់​នេះ​ជា​ដី​ខ្មែរ ដែល​កាល​នោះ នៅ​ក្នុង​អំណាច​សៀម​នៅ​ឡើយ ក៏​រាជការ​សៀម​ពុំ​បាន​ចាប់​ភ្លឹក នឹង​ពួក​អ្នក​ស្រុក​នេះ​ដែរ ។ លុះ​ត្រា​តែ​មក​ដល់ គ.ស. ១៨៨១ ដោយ​សារ​តែ​ពួក​នេះ​ទាស់​ទែង​គ្នា ទើប​នាំ​ឲ្យ​លេច​ឮ​រឿង​នេះ ទៅ​ដល់​រាជការ​សៀម នៅ​ខេត្ត​ចន្ទប៊ុន (ចន្ទបុរៈ), រាជការ​សៀម ក៏​ចាត់​ឲ្យ​មាន​មេ​ភាស៊ី ហូត​ពន្ធ លើ​អ្នក​ជីក​ត្បូង​ទាំង​នេះ ។ មេ​ភាស៊ី កាល​នោះ​មាន​ឈ្មោះ​ថា ម៉ុង-ឃុនទី ដែល​ជា​មេ​ក្រុម​ពួក​កុឡា ដែល​ធ្វើ​ដំណើរ​ស្វែង​មក​រក​ឃើញ​កន្លែង​នៅ​ទី​នោះ ។ ដើម​ហេតុ គឺ ម៉ុង-ឃុនទី បាន​នាំ​យក​ត្បូង ទៅ​ដល់​ក្រុង​បាងកក ហើយ​ទាក់ទង​នឹង​កុងស៊ុល​អង់គ្លេស សុំ​ឲ្យ​កុងស៊ុល​នោះ នាំ​ខ្លួន​ទៅ​គាល់​ព្រះ​ចៅ​សៀម ទើប​ព្រះ​ចៅ តែង​តាំង​ឲ្យ​ធ្វើ​ជា​មេ​ភាស៊ី​ហូត​ពន្ធ ហើយ​ជា​មេ​ក្រុម​នៃ​ពួក​កុឡា​ទាំង​អស់​ផង ដោយ​តាំង​ងារ​ជា​ហ្លួង​មណី​យុទ្ធនា គឺ​ហ្លួង​មណី​នេះ​ហើយ ដែល​កសាង​វត្ត​អារាម​ជា​ច្រើន កន្លែង​នៅ​ក្នុង​តំបន់​ប៉ៃលិន ។ រហូត​មក​ដល់ គ.ស. ១៩០៤ ដែល​រាជការ​សៀម ត្រូវ​ប្រគល់​ដី​ខេត្ត​បាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយ​មក​ព្រះ​ចៅ​ផែនដី​ខ្មែរ, ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ វិញ​នោះ, ដែន​ដី​ប៉ៃលិន ក៏​ត្រូវ​រាជការ​បារាំង​គេ​ទៅ​កាន់​កាប់ ដោយ​តាំង​ប្រតិភូ នៃ រ៉េស៊ីដង់ ប្រចាំ​ខេត្ត​បាត់ដំបង (Délégué du Resident la province) ហើយ​ឲ្យ​ប្រតិភូ​នេះ មើល​កាន់​កាប់​ហូត​ពន្ធ​ដារ ក្នុង​ការ​ប្រកប​អាជីវកម្ម​យក​ត្បូង​នេះ ។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​រៀប​ធ្វើ​ថ្នល់​មក​កាន់​ទី​ប្រជុំ​ជន​បាត់ដំបង គឺ​ជា​ថ្នល់​ដែល​មាន​នៅ​សព្វ​ថ្ងៃ ។ ប៉ុន្តែ​កាល​នោះ គេ​គ្រាន់​តែ​យក​ពន្ធ​ដារ ពុំ​បាន​គិត​ពី​កសាង​អ្វី​ៗ ជា​ឧត្ដម​ប្រយោជន៍​ដល់​អ្នក​ស្រុក​ភូមិ​ភាគ​នេះ​ទេ, រហូត​មក​ដល់​សម័យ​សង្គម​រាស្ត្រ​និយម ទើប​ទី​ប្រជុំ​ជន​ប៉ៃលិន​បាន​ផ្លាស់​ប្ដូរ​រូប​យ៉ាង​ឆាប់​រហ័ស នរណា​ខាន​ទៅ​តែ​ពីរ​ឆ្នាំ លុះ​ទៅ​ម្ដង​ទៀត ស្ទើរ​តែ​លែង​ស្គាល់ ។ គេ​ឃើញ​គ្រឹះ​ស្ថាន​រាជការ​ក៏​ស្អាត​ៗ សង់​ពី​បាយអ មាន​សាលា​រៀន មន្ទីរ​ឃោសនាការ ផ្សារ​ក៏​សុទ្ធ​តែ​ធ្វើ​ពី​បាយអ យ៉ាង​ល្អ​ៗ ដែរ ។ ផ្ទះ​អ្នក​ផ្សារ ក៏​រៀប​រយ​ល្អ គួរ​ជា​ទី​មនោរម្យ ដូចជា​ទី​ប្រជុំ​ជន​ធំ​ៗ ដែរ ។ អាស្រ័យ​ដោយ​ការ​រៀប​ចំ​ស្អាត​ស្អំ​នេះ នាំ​ឲ្យ​មាន​ទេសចរ​ចេញ​ចូល​ទស្សនា​លំហែ​កាយ​នៅ​ទី​នោះ រឹត​តែ​ច្រើន​ឡើង ។ ដូច្នេះ ការ​ចង់​ដឹង ចង់​ឮ ពី​ប្រវត្តិ​ពង្សាវតារ នៃ​ភូមិ​ភាគ​នេះ ក៏​រឹត​តែ​ច្រើន​ឡើង​ដែរ ។ សេចក្ដី​ពណ៌នា​របស់​យើង ទាំង​ប៉ុន្មាន​នេះ ក៏​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប នឹង​សេចក្ដី​ត្រូវ​ការ​ទាំង​នេះ​ឯង ។ ប៉ុន្តែ​ជា​ធម្មតា​ណាស់ នៅ​ស្រុក​ខ្មែរ​យើង តែ​កាល​ណា​ពោល​ពី​ប្រវត្តិ​ត្រង់​ណា​មួយ ពិត​ជា​កើត​មាន​រឿង​ព្រេង ផ្សំ​ជា​មួយ​ការ​ពិត​ជា​មិន​ខាន ។ បើ​ទី​ណា មាន​ដើម​កំណើត​ឆ្ងាយ, រឿង​ព្រេង​នោះ ក៏​បែប​យារ​ឆ្ងាយ សឹង​តែ​រក​ជឿ​មិន​កើត ឯ​ទីណា ទើប​នឹង​កើត​ថ្មី រឿង​ព្រេង​ក៏​ថ្មី លាយ​ឡំ​ការ​ពិត​ចូល​ក្នុង​នោះ​ច្រើន​ទៀត ដូចជា ភូមិ​ភាគ​ប៉ៃលិន​នេះ​ជា​អាទិ ដោយ​សារ​តែ​ប៉ៃលិន ទើប​តែ​កើត​មាន​ឈ្មោះ មាន​សំឡេង ក្នុង​រវាង គ.ស. ១៨៨១ ប៉ុណ្ណោះ, រឿង​ព្រេង​នៅ​តំបន់​នេះ ក៏​ស្រដៀង​ៗ នឹង​រឿង​មែន​ទែន គ្រាន់​តែ​មាន​លាយ​ជំនឿ​ព្រះ​ឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ចូល​ច្របល់​ជា​មួយ​ផង​ប៉ុណ្ណោះ ។ យើង​លើក​យក​រឿង​ព្រេង​នៅ​ភ្នំ​យ៉ាត មក​អធិប្បាយ មាន​ដូច​តទៅ​នេះ ៖ កាល​ណោះ មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់ មាន​ឈ្មោះ​យ៉ាត​ដូច​គ្នា គឺ​ប្ដី​ក៏​ឈ្មោះ​យ៉ាត ប្រពន្ធ​ក៏​ឈ្មោះ​យ៉ាត រស់​នៅ​ប្រកប​របរ​ជីក​ត្បូង នៅ​ស្រុក​ប៉ៃលិន​នោះ ។ លុះ​ចាស់​ជរា​ហើយ គាត់​ពុំ​អាច​ទៅ​ធ្វើ​ការ​ធ្ងន់​ៗ ដូច​សព្វ​ដង​បាន, គាត់​ក៏​ទៅ​ធ្វើ​ធម៌​លើ​ភ្នំ​មួយ (ដែល​យើង​ហៅ​ថា​ភ្នំ​យ៉ាត​សព្វ​ថ្ងៃ) ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ។ អ្នក​ផង​ក៏​នាំ​គ្នា​សន្មត​យក​ឈ្មោះ​គាត់​ធ្វើ​ជា​ឈ្មោះ​ភ្នំ​នេះ​ឡើង ព្រោះ​ការ​សន្មត​នេះ គេ​ពុំ​អាច​នឹក​នា​រក​ន័យ​យ៉ាង​ណា​ៗ​ទេ គ្រាន់​តែ​ឲ្យ​ស្រួល​ហៅ ស្រួល​សំគាល់​ប៉ុណ្ណោះ ត្បិត​នៅ​ប៉ៃលិន មាន​កំពូល​ភ្នំ​ខ្ពស់​ៗ ឡើង​ជា​ច្រើន​កន្លែង, ដូច្នេះ បើ​ទីណា មាន​ភាព​សម្គាល់​ដូចម្ដេច គេ​ក៏​នាំ​គ្នា​សន្មត​យក​តាម​ភិន​ភាគ​នោះ ធ្វើ​ជា​ឈ្មោះ​ឡើង ។ នៅ​ពេល​នោះ អ្នក​ស្រុក​ប៉ៃលិន​ខ្លះ ដែល​ធ្លាប់​យក​ត្បូង​ទៅ​លក់ ឯ​ស្រុក​សៀម​ញឹក​ញាប់ ហើយ​គេ​ធូរ​ប្រាក់​កាស​ផង គេ​ក៏​ទិញ​កាំភ្លើង​ដៃ​ខ្លះ កាំភ្លើង​វែង​ខ្លះ សម្រាប់​យក​មក​ការពារ​សម្បត្តិ​ទ្រព្យ ភូមិ​ឋាន​របស់​គេ ។ តែ​នៅ​ពេល​អផ្សុក អ្នក​ទាំង​នោះ​តែង​យក​កាំភ្លើង​ទៅ​បាញ់​សត្វ​លេង​ពេញ​ព្រៃ ដោយ​ស្រុក​នោះ​សម្បូណ៌​ព្រៃ​ស្ដុក​ៗ ណាស់​ផង ។ ការ​បរ​បាញ់​សត្វ​នេះ​នាំ​ឲ្យ​ផ្អើល ដល់​ពពួក​អារក្ស អ្នក​តា នៅ​ក្នុង​ព្រៃ​នោះ ។ ថ្ងៃ​មួយ អ្នក​តា​មួយ ដ៏​មាន​ឫទ្ធិ​ជាង​គេ បាន​តំណែង​ខ្លួន​មក​ជួប​ជា​មួយ​តា​យ៉ាត និង យាយ​យ៉ាត ដើម្បី​ផ្ដាំ​ផ្ញើ ឲ្យ​និយាយ​នឹង​ពពួក​អ្នក​បាញ់​ទាំង​នោះ​ថា កុំ​ឲ្យ​ដើរ​បាញ់​ទៀត នាំ​ឲ្យ​ពពួក​អារក្ស អ្នក​តា​ទាំង​អស់ ភ័យ​រត់​ខ្ចាត់​ខ្ចាយ​កូន​ចៅ​វង្វេង​វង្វាន់​គ្នា​អស់​ហើយ, ដូច្នេះ សុំ​ឲ្យ​តែ​លែង​បាញ់​ចុះ យើង​នឹង​ជួយ​ពួក​នេះ ឲ្យ​រក​ឃើញ​ត្បូង​ថ្ម​យ៉ាង​ថ្លៃ​ៗ ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ច្រើន​គ្នា​ឡើង ។ ប៉ុន្តែ បើ​បាន​ជា​អ្នក​មាន​ហើយ ត្រូវ​នាំ​គ្នា​កសាង​ជា​វត្ត​មួយ នៅ​លើ​ទី​កន្លែង​ភ្នំ​នេះ, មិន​តែ​ប៉ុណ្ណោះ ត្រូវ​លេង​ភ្លេង​រាំ​ក្ងោក រៀង​រាល់​ថ្ងៃ​សីល​ផង ។ ផ្ដាំ​ផ្ញើ​រួច​ហើយ អ្នក​តា ក៏​អន្តរធាន​ខ្លួន​បាត់​ទៅ​វិញ​ភ្លាម ។ ឯ​យាយ​យ៉ាត តា​យ៉ាត ក៏​នាំ​រឿង​នេះ ទៅ​ផ្សាយ​ប្រាប់​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​ដឹង​គ្រប់​គ្នា ។ អ្នក​ស្រុក ក៏​ព្រម​គោរព​តាម​បំណង​អ្នក​តា​នោះ​រហូត​មក ។ នេះ​ជា​រឿង​មួយ ដែល​ទាក់​ទង​នឹង​ភ្នំ​យ៉ាត, ឯ​រឿង​មួយ​ទៀត ដែល​ទាក់ទង​នឹង​ឈ្មោះ "ប៉ៃលិន" នោះ មាន​ដោយ​ឡែក​ផ្សេង​ទៅ​ទៀត ។ តាម​អ្នក​ស្រុក​ឲ្យ​ការ​ថា ពាក្យ "ប៉ៃលិន" នេះ ក្លាយ​មក​ពី​ពាក្យ "ភេ​លេង" ព្រោះ​គេ​មាន​និទាន​រឿង​ដើម​បញ្ជាក់​ផង​ថា ៖ កាល​នោះ​មាន​អ្នក​ប្រមាញ់ ដេញ​តាម​ដាន​សត្វ​ព្រៃ ចេះ​តែ​ឆ្ងាយ​ទៅ​ៗ រហូត​ដល់​ភូមិ​ភាគ​ប៉ៃលិន​សព្វ​ថ្ងៃ ដែល​គ្រា​នោះ​នៅ​ជា​ព្រៃ​ស្រោង មាន​វាល​ចន្លោះ​ខ្លះ​តែ​ត្រង់​ប្រឡាយ​ទឹក ដែល​ហៅថា "អូរ" មាន​អូរ​ទុង​ជា​ដើម ក្បែរ​មាត់​អូរ​នេះ អ្នក​ប្រមាញ់ បាន​ប្រទះ​ឃើញ​សត្វ​ភេ​កំពុង​ហែល​ទឹក លុះ​ឃើញ​មនុស្ស​មក​ដល់ ភេ​ក៏​រត់​បាត់​អស់​ទៅ ។ អ្នក​ប្រមាញ់ ចូល​ទី​មើល​ត្រង់​កន្លែង​ភេ​ប្រឡែង​គ្នា​នោះ ក៏​ឃើញ​ដុំ​ថ្ម​តូច​ៗ មាន​ពន្លឺ​ផ្លេក​ៗ ក៏​នាំ​គ្នា​រើស​យក​ម្នាក់​មួយ​ដុំ ទុក​យក​ទៅ​បង្ហាញ​ញាតិ​មិត្ត​ឯ​ស្រុក​ខ្លួន​វិញ ។ លុះ​ទៅ​ដល់​ស្រុក មាន​អ្នក​ស្រុក​នោះ (តាម​និយាយ​ថា​ពួក​កុឡា ដែល​មក​រស់​នៅ​ក្នុង​ខេត្ត​ចន្ទប៊ុន ស្រុក​សៀម) ស្គាល់​ថា ថ្ម​នេះ​មាន​តម្លៃ គេ​ក៏​យក​ទៅ​វាយ​បំបែក រួច​ឆ្នៃ​ជា​ត្បូង​ឡើង ក៏​ឃើញ​ថា​មាន​ទឹក​ល្អ ។ កាល​បើ​ដូច្នេះ គេ​ក៏​នាំ​គ្នា​ទៅ​សួរ​ទិញ​ពី​ពួក​ប្រមាញ់​នោះ​ទៀត ។ ពួក​ប្រមាញ់​យល់​ថា ជា​ផ្លូវ​រក​ស៊ី​មួយ​ហើយ ក៏​ព្យាយាម​នាំ​គ្នា​ឆ្ពោះ​ទៅ​យក​ថ្ម​នេះ​ពី​កន្លែង​មុន ជា​ញឹក​ញាប់ ។ ការ​ទៅ​មក​ញឹក​ញាប់​នេះ​ហើយ ទើប​អ្នក​ទាំង​នោះ សន្មត​ឈ្មោះ​ទី​កន្លែង​ត្រង់​នេះ​ថា "កន្លែង​ភេ​លេង" យក​តាម​សភាព ដែល​គាត់​ប្រទះ​ឃើញ​ជា​ដំបូង​នោះ ។ ប៉ុន្តែ ដោយ​ហេតុ​ពួក​អ្នក​ទាំង​នេះ នៅ​ស្រុក​សៀម ក៏​អាន​ពាក្យ​នេះ ក្លាយ​ទៅ​តាម​សំឡេង​សៀម​បន្តិច​ទៅ គឺ "ភេ" ទី​ជា "ផេ" ឯ "លេង" ទៅ​ជា "ឡេន ឬ ឡិន" ដូច្នេះ រួម​មក ទៅ​ជា "ផេឡិន" ។ លុះ​សម័យ​បារាំង​ទៅ​កាន់​កាប់​ទី​តំបន់​នេះ គេ​ក៏​សរសេរ​ឈ្មោះ​នេះ ជា​អក្សរ​រ៉ូម៉ាំង តាម​សំឡេង​ផង តាម​រូប​សាស្ត្រ​ពាក្យ​ផង ជា PHAI-LIN គឺ PH ជា​អក្សរ ផ, AI ជា​ស្រៈ​អេ, L ជា​អក្សរ ល, I ជា​ស្រៈ​អិ ផ្សំ​នឹង N ជា​អក្សរ ន, ចំណេរ​ត​មក ដើម្បី​កុំ​ឲ្យ​ពិបាក​សរសេរ គេ​ក៏​ភ្ជាប់​លែង​ឲ្យ​មាន​សហ​សញ្ញា (Trait d'union) ក៏​ក្លាយ​ទៅ​ជា Phailin2 ហើយ​ត​ៗ មក ដោយ​បារាំង​អាន​គ្មាន​ខ្យល់​អក្សរ H គេ​ក៏​លប់ H ចោល​ទៅ នៅ​សល់​តែ PAILIN ។ សេចក្ដី​អធិប្បាយ​មក​នេះ មាន​ទំនង​ជា ដើម​កំណើត​ស្រុក (Monographic) ជា​ជាង​រឿង​ព្រេង ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ស្រាវ​ជ្រាវ​នៅ​ពេល​មុខ​ៗ ទៀត ប៉ុន្តែ មាន​ទំនង​ខ្លះ ចង់​ទៅ​ជា​រឿង​ព្រេង​ដែរ ត្បិត​មាន​លាយ​ឡំ​ជំនឿ​ខ្មោច អារក្ស អ្នកតា លាយ​ឡំ​ជា​មួយ​ផង ។ ការណ៍​នេះ យើង​សង្ឃឹម​ថា លោក-អ្នក​អាន​ណា ចេះ​ចាំ​រឿង​ព្រេង នៅ​ភូមិ​ភាគ​នេះ វែង​ឆ្ងាយ​ទៅ​ទៀត ក៏​សូម​បញ្ជូន​មក​ឲ្យ​យើង​ផង ដើម្បី​កែ​សម្រួល​ទៅ​លើក​ក្រោយ ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/