ពុទ្ធសាសនបណ្ឌិត្យ

រឿងព្រេងប្រទេស ស៊ុយអែដចែងអំពី អំបិល និង នំប៉័ង

សម័យមួយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានព្រះរាជធីតា ៣ ព្រះអង្គ ។ បណ្ដាព្រះរាជធីតាទាំងនោះ ព្រះរាជធីតាពៅជាទីស្រឡាញ់ពេញព្រះរាជហឫទ័យយ៉ាងខ្លាំង នៃព្រះមហាក្សត្រជាព្រះបិតា ជាងព្រះរាជបុត្រីទាំងពីរ ។ ម៉្លោះហើយព្រះរាជបុត្រីច្បងទាំងពីរនោះ ក៏កើតសេចក្ដីច្រណែននឹងប្អូនពៅខ្លួន, បានចំណាយពេលជាច្រើន និងសេចក្ដីព្យាយាមដ៏មាំ ដើម្បីនឹងបំផ្លាញនូវសេចក្ដីស្នេហា រវាងព្រះមហាក្សត្រ និងប្អូនពៅនោះឲ្យវិនាសបាត់ទៅ ។ ព្រះនាងទាំងពីរ ខំព្យាយាមដើម្បីទាញយកនូវសេចក្ដីស្នេហា និងឋានៈនេះឲ្យបានមកខ្លួនវិញ, មិនភ្លេចសោះនូវឱកាសដើម្បីណែនាំព្រះមហាក្សត្រជាព្រះបិតាខ្លួន ឲ្យឃ្លាតព្រះទ័យពីព្រះនាងពៅ ដោយបង្កាច់ថា "នាងពៅឥតស្រឡាញ់ព្រះមហាក្សត្រ ដូចដែលទ្រង់ស្រឡាញ់នាងនោះទេ" ។ ការច្រណែនដ៏លាមករបស់ព្រះនាងទាំងពីរ មិនអនុញ្ញាតឲ្យព្រះនាងសម្រាកសោះ ។ ទីបំផុត ព្រះមហាក្សត្រទ្រង់ឮពាក្យមួលបង្កាច់នោះពីព្រះរាជបុត្រីច្បងទាំងពីរ ទ្រង់ក៏ខ្វល់ព្រះរាជហឫទ័យជាខ្លាំង ។ ថ្ងៃមួយ កាលដែលព្រះរាជបុត្រីទាំងអស់ បានមកជួបជុំគ្នានៅចំពោះព្រះភក្ត្រព្រះអង្គ  ទ្រង់ក៏ពិសោធមើលទំហំសេចក្ដីស្នេហានៃព្រះរាជធីតាទាំងនោះផ្ទាល់ព្រះអង្គ ។ ដំបូងទ្រង់ចាប់សួរអំពីទំហំសេចក្ដីស្នេហា របស់ព្រះរាជបុត្រីច្បងចំពោះព្រះអង្គ តើខ្លាំង-ធំ-ថ្លៃយ៉ាងណា ។ ព្រះនាងឆ្លើយថា ៖

-”បពិត្រព្រះបិតា, ខ្ញុំម្ចាស់សូមថ្វាយតម្លៃព្រះបិតា ដូចតម្លៃទេពតានៅឋានសួគ៌" ។

ចម្លើយនេះ បានញ៉ាំងព្រះមហាក្សត្រឲ្យទ្រង់សប្បាយព្រះទ័យជាខ្លាំង ។ រួចទ្រង់សួរទៅព្រះរាជបុត្រីបន្ទាប់ ដូចមុនទៀត ព្រះនាងឆ្លើយថា ៖

-”បពិត្រព្រះបិតា, ខ្ញុំម្ចាស់សូមថ្វាយតម្លៃព្រះបិតា ស្មើនឹងតម្លៃជីវិតរបស់ខ្ញុំម្ចាស់ ! " ។

ចម្លើយនេះ ក៏ធ្វើឲ្យព្រះមហាក្សត្រសោមនស្សដែរ ។

បន្ទាប់ពីនេះ ទ្រង់បែរទៅសួរព្រះរាជបុត្រីពៅថា "តើនាងឲ្យតម្លៃបិតាដូចអ្វីដែរ ?” ។ ព្រះនាងឆ្លើយថា ៖

-”ឱព្រះបិតា, ខ្ញុំម្ចាស់សូមថ្វាយតម្លៃព្រះអង្គ ស្មើនឹងតម្លៃនៃនំប៉័ង និងអំបិល !” ។

ចម្លើយនេះ បណ្ដាលឲ្យមហាក្សត្ររំភើប ភ្ញាក់យ៉ាងពន្លឹក ។ 

ពេលនោះ ទ្រង់ខ្ញាល់នឹងព្រះរាជបុត្រីពៅក្រៃពេក ដោយទ្រង់យល់ថា "នាងគ្មានគាំពារព្រះកិត្តិយសព្រះអង្គ ឲ្យបានលើសពីវត្ថុគម្រក់បំផុត ដែលគេតែងតែតម្កល់លើតុបុរសទុគ៌តនោះសោះឡើយ ។ ព្រះពិរោធរបស់ទ្រង់   ដូចព្យុះសង្ឃរា    ដោយហេតុទ្រង់ស្ដាយចំពោះសេចក្ដីស្នេហាដ៏សម្បើមរបស់ទ្រង់ ដែលបង់ខាតដោយខ្ជះខ្ជាយទៅលើព្រះរាជបុត្រីពៅ ហើយទ្រង់បានទទួលនូវសេចក្ដីស្នេហាតបដ៏តិចបំផុតដូច្នេះវិញ ។ ទ្រង់ព្រះរាជបញ្ជាឲ្យពួកទាសកម្មករ បណ្ដេញព្រះនាងពៅចេញពីព្រះដំណាក់របស់ទ្រង់ ។ ពួកទាសាទាសីក៏បានធ្វើតាមព្រះរាជបញ្ជា ដោយនាំព្រះនាងទៅបំបរបង់ចោលក្នុងព្រៃ ។ គ្រានោះ ព្រះរាជបុត្រីច្បងទាំងពីរ សប្បាយព្រះទ័យណាស់ព្រោះសម្រេចតាមគោលបំណងរបស់ទ្រង់ នៅក្នុងព្រៃ, ព្រះរាជបុត្រីពៅ ប្រកបដោយសេចក្ដីតោកយ៉ាកនិងការភិតភ័យយ៉ាងក្រៃលែង។ កាលណាព្រះនាងនឹកអំពីដំណាក់ដែលធ្លាប់គង់ អំពីព្រះរាជបិតាដ៏ជាទីស្នេហារបស់ទ្រង់, សំឡេងយំខ្សឹកខ្សួលក៏កើតមានឡើង ។ ព្រះនាងមិនបានដឹងសោះថា តើព្រោះហេតុអ្វីបានជាព្រះបិតាខ្ញាល់នឹងព្រះនាង ? ហើយព្រោះហេតុអ្វីបានជាខ្លួនព្រះនាងត្រូវគេបំបរបង់ចោល? ។ ពេលនោះ ព្រះនាងដើរត្រាច់ទៅក្នុងព្រៃតែមួយព្រះអង្គ ឥតមានទីពឹង ហើយទីបំផុត ដោយខ្លាចសត្វព្រៃបៀតបៀន ព្រះនាងក៏ឡើងទៅពួនលើដើមឈើខ្ពស់មួយ ។ ក្សិណនោះ មានព្រះមហាក្សត្រមួយព្រះអង្គនៃប្រទេសដទៃទៀត ទ្រង់ចេញបរបាញ់សត្វក្នុងព្រៃ ។ កាលទ្រង់គង់សេះ បរតាមព្រៃនោះហូរហែរមក ទ្រង់បានឮសំឡេងឆ្កែរបស់ព្រះអង្គ ព្រុសកោះឡើង ដោយអាការភ្ញាក់ផ្អើល ។ ទ្រង់បរសេះយ៉ាងរួសរាន់ ឆ្ពោះទៅតាមសំឡេងឆ្កែ ស្រាប់តែឃើញពួកឆ្កែនោះ នៅចោមព័ទ្ធជុំវិញដើមឈើ ដែលព្រះរាជបុត្រីលាក់ព្រះអង្គ។ ដោយសង្ឃឹមថា នឹងបានឃើញខ្លាឃ្មុំ ទ្រង់ក៏ងើយព្រះភក្ត្រទតទៅលើ ។ តែជំនួសខ្លាឃ្មុំ, ទ្រង់បានយល់នូវរង្វង់ភក្ត្រដ៏ឆើតឆាយនៃស្ត្រីក្មេង ដែលមានអាការប្រកបដោយទុក្ខព្រួយទៅវិញ ។ ពេលនោះ ព្រះអង្គបានពោលទៅកាន់ព្រះនាងដោយសុភាព សុំឲ្យព្រះនាងចុះមកក្រោម ។ លុះព្រះនាងចុះមក ព្រះអង្គបានលើកព្រះនាងដាក់លើខ្នងសេះ បញ្ជិះយកទៅកាន់ប្រាសាទព្រះអង្គ ។ នៅក្នុងប្រាសាទ, ទ្រង់ឲ្យព្រះនាងសោយអាហារ, ធ្វើឲ្យព្រះនាងកក់ក្ដៅបាត់រងាដោយភ្លើងសម្រាប់អាំង ។ ទីបំផុត ដោយអំពើសប្បុរសរបស់ព្រះមហាក្សត្រអង្គនោះ គ្របមកលើព្រះនាង, ព្រះនាងក៏បញ្ចេញរឿងទ្រង់ ទូលមកព្រះមហាក្សត្រជ្រាបសព្វគ្រប់ ។ អំពើដ៏ល្អ និងលំអដ៏ឆើតឆាយរបស់ព្រះនាង ធ្វើឲ្យព្រះមហាក្សត្ររំភើបព្រះទ័យយ៉ាងក្រៃលែង ។ ទ្រង់ថែរក្សាព្រះនាងទុកក្នុងប្រាសាទ, ហើយក្រោយមក ទ្រង់សុំឲ្យព្រះនាងរៀបអភិសេករួមរស់ជាមួយព្រះអង្គ ។ ព្រះរាជធីតាក្មេងនេះ ដោយធ្លាក់ចុះក្នុងសេចក្ដីស្នេហាដែរនោះ ក៏ទ្រង់ទទួលព្រមរៀបអភិសេកជាមួយទ្រង់ ។ ដូច្នេះហើយ កាលបរិច្ឆេទនៃព្រះពិធីមង្គលាភិសេក ក៏ត្រូវបានគេកំណត់ទុកជាស្រេច, សំបុត្រអញ្ជើញភ្ញៀវ ក៏ត្រូវគេចាត់ការផ្ញើទៅក្រុមព្រះរាជវង្សានុវង្ស នៃព្រះរាជអាណាចក្រជិតខាង ចំនួនប្រាំពីរអាណាចក្រ ។ កាលថ្ងៃនៃមង្គលាភិសេកមកដល់ ភ្ញៀវជាព្រះរាជវង្ស ក៏បានមកដល់ត្រៀបត្រា ។ ក្នុងបណ្ដាភ្ញៀវទាំងនោះ ព្រះមហាក្សត្រជាព្រះបិតានៃព្រះនាងសាមីខ្លួនក្នុងអាវាហមង្គល និងព្រះរាជបុត្រីទាំងពីរនៃទ្រង់ ក៏ទ្រង់យាងមកជាភ្ញៀវជាន់ខ្ពស់មួយដែរ ។ ទាំង ៣ អង្គនេះ  ឥតមានអង្គណានឹករឃើញចំពោះព្រះនាងសាមីខ្លួនឡើយ ព្រោះទ្រង់ជឿជាក់ថា ព្រះរាជបុត្រីពៅអង្គនោះ វិនាសបាត់បង់ព្រះជន្មក្នុងព្រៃទៅហើយ ។ ពេលដែលភ្ញៀវអង្គុយរៀបរយ នៅនាតុជប់លៀងភោជនាហាររួចរាល់អស់ហើយ, ម្ហូបដ៏ល្អគ្រប់បែប បានត្រូវគេលើកតម្កល់លើតុមុខភ្ញៀវទាំងនោះ ។ ចំពោះភោជនាហារទាំងនោះ គ្មានម្ហូបណាមួយប្រៃសោះ គឺសុទ្ធតែសាបៗ ទាំងអស់ ហើយថែមទាំងគ្មានដាក់អំបិលប្រចាំការទៀតផង, នំប៉័ងក៏គ្មានដែរ ។ ព្រះមហាក្សត្រ ជាព្រះបិតាព្រះនាងពៅ  ដោយទ្រង់មិនអាចទប់ព្រះទ័យក្នុងការសួររក ក៏ទ្រង់បន្លឺថា ៖ ”យីអើហ្ន៎ ! ខ្ញុំមិនយល់សោះ ម្ដេចបានជាគេភ្លេចដាក់វត្ថុដ៏ប្រណីតបំផុតពីរមុខ ក្នុងពិធីជប់លៀងនេះហ្ន៎ ?” ។ ព្រះនាងពៅ ដែលពោលនោះ ជាតួព្រះខត្តិយានី ឆ្លើយថា ៖ “ឱ ! ព្រះអង្គត្រូវការអ្វី ?” ។ ”អាសំខាន់ពីរមុខ គឺអំបិល និងនំប៉័ងណា៎ !” ព្រះមហាក្សត្រឆ្លើយ ។ ”ពិតហើយក្រាបទូល", ព្រះនាងបន្ថែម, “អំបិល និងនំប៉័ងហ្នឹងឯងហើយ ដែលយើងស្គាល់ថា ជាវត្ថុដ៏ប្រណីតថ្លៃថ្នូរបំផុត, ក៏ប៉ុន្តែ នៅគ្រាមួយនោះ ដោយសារតែខ្ញុំថ្វាយតម្លៃយ៉ាងថ្លៃ ទៅព្រះបិតាខ្ញុំស្មើនឹងវត្ថុទាំងនេះ ខ្លួនខ្ញុំក៏ត្រូវលោកបណ្ដេញចេញពីព្រះដំណាក់ឲ្យទៅនៅចុងព្រៃ ដើម្បីសម្លាប់ខ្លួនខ្ញុំទៅវិញ" ។ ទ្រង់ឮពាក្យនេះ ព្រះមហាក្សត្រក៏ស្ងៀមមួយសន្ទុះ រួចដល់ព្រះអង្គស្គាល់ព្រះនាងច្បាស់ ក៏ទ្រង់ស្ទុះទៅឱបព្រះនាងដោយសម្រែក ពេញទៅដោយសេចក្ដីសប្បាយរីករាយព្រះទ័យជាអនេក ព្រោះទ្រង់ទើបនឹងបានជ្រាបថា   ព្រះនាងមានព្រះជន្មរស់នៅឡើយ ។ ពេលនោះ ព្រះអង្គសុំឲ្យព្រះនាងសុំអភ័យទោស ចំពោះការណ៍ដែលទ្រង់មិនយល់ នូវពាក្យពេញទៅដោយសេចក្ដីស្នេហារបស់ព្រះនាងចំពោះព្រះអង្គ ។ អំពើអាក្រក់នៃព្រះរាជបុត្រីច្បងទាំងពីរ ដែលរួមគំនិតប្រឆាំងនឹងព្រះរាជបុត្រីពៅនោះ ក៏ត្រូវទទួលលទ្ធផលអាក្រក់យ៉ាងសម្បើម  វេនដែលត្រូវឃ្លាតចេញចាកព្រះដំណាក់នៃព្រះបិតាខ្លួន ក៏វិលមកដល់នាងទាំងពីរវិញ ។ ម្ល៉ោះហើយ តាំងពីថ្ងៃនោះមក ដំណឹងអ្វី សូម្បីតែបន្តិចបន្តួចពីនាងទាំងពីរ ក៏លែងលេចឮសោះ ។ ទុកជានាងត្រូវស្ដេចបរបាញ់ណាមួយ ជួយសង្គ្រោះឲ្យរស់រានមានជីវិតក្ដី ក៏គ្មានអ្នកណាមួយបានដឹងបានឮ ឬបានឃើញសោះឡើយ ។ 

                                                                          ភិក្ខុ ម៉ែន រៀម សិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ ប្រែចាកភាសាអង់គ្លេស

(ចប់)

 

រឿងព្រេងសាសនា ស័ងតូស៍ ការស្ថាបនាពិភពលោក

 

មេឃមានពណ៌ខៀវធំល្វឹងល្វើយ មានពពកអណ្ដែតត្រសែតពាសពេញ ។ គឺនៅទីនោះឯង ដែលពួកអនុអាទិទេពរស់នៅ ។ អនុអាទិទេពមានសភាពដូចគ្នានឹងមនុស្ស, តែមានអនុភាពធំជាង, ខ្លាំងជាង, ស្រាលជាង, ល្អជាង ។ ពួកអនុអាទិទេពត្រាច់ទៅដូចជាបក្សាហើរ ។ ជើងពួកនេះ មិនចាំបាច់ចុះមកជាន់ប្រថពីទេ ។ តែកាលរឿងរ៉ាវនេះកើតមានជាបឋម, នៅលើមហាសមុទ្រមានតែប្រេង អណ្ដែត, ផែនដី, ផែនដីពិតប្រាកដដែលមនុស្សជាតិរស់នៅ, មិនទាន់មាននៅឡើយ។ នៅក្នុងមហាមេឃ មានវាលធំលន្លឹមលន្លោចគ្មានព្រំដែនទេពណ៌សដូចទឹកដោះ (គេហៅថាជើងព្នាយ តាំងពីនោះមក) ។  គឺនៅលើជើងព្នាយនោះឯង កាលសម័យថ្ងៃមួយ មានការប្រជុំពួកអនុអាទិទេព ដែលមានវស្សាចាស់ជាងគេ ។ គឺត្រូវសម្រេចនូវកិច្ចការដ៏ឧត្ដម: គឺត្រូវស្ថាបនានូវពិភពលោក។ ការសម្រេចនេះប្លែកអស្ចារ្យ,ព្រោះហេតុអ្វីក៏បាន ជាឲ្យមានពិភពលោក ព្រមទាំងជីវិតសត្វ និងវត្ថុឯទៀត ? ព្រោះហេតុអ្វី ? បានជាអនុអាទិទេព មិនពេញចិត្តឲ្យមានត្រឹមតែសភាពបរិសុទ្ធ នៃនាមធម៌ប៉ុណ្ណោះ ? តើធ្វើបែបនេះប្រហែលជា ដើម្បីនឹងចង់បំបាត់នូវលោក ពួកនេះដែលមានបំណងចង់បានសត្វនិករឯទៀត ដើម្បីនឹងធ្វើសេចក្ដីស្នេហា ប្រកបដោយសុក្រឹតភាព ឲ្យកើតមានឡើង ? ឬដោយការអផ្សុកនឹងជីវភាពរបស់ខ្លួនដែលមានសភាពដដែលៗដូចៗគ្នា មិនប្រែប្រួល ពួកអនុអាទិទេពមានប្រាថ្នាចង់កម្សាន្តព្រះទ័យ ចំពោះការទស្សនាមនុស្សជាតិ ដែលប្រព្រឹត្តទៅតាមនិស្ស័យសព្វៗខ្លួន នៅលើផែនដី ។ ពួកអនុអាទិទេព បានណាត់ប្រជុំគ្នា នៅលើជើងព្នាយមួយ ដើម្បីនឹងស្ថាបនានូវពិភពលោក ។ពួកអនុអាទិទេពទាំងប៉ុន្មាន ក៏បានប្រគល់កិច្ចការទាំងនេះមកទេវតាទាំងពីររូប ទេវតាជំទង់ម្នាក់នាម អ៊ីដសាណាគី និងនាងទេព ធីតាម្នាក់នាមនាង អ៊ីដសាណាមី ។ ពួកវិចិត្រករ និងជាងឆ្លាក់ជប៉ុន បានគូរឆ្លាក់រូបទេវតាទាំងពីរ។ អ៊ីដសាណាគី មានសភាពជាបុគ្គលជំទង់ ខ្លាំង មានសក់វែង មានពុកចង្កាច្រើនដុះពាសពេញមុខ: ស្លៀកពាក់សំពត់ពណ៌ស្រគាំ ។ នាងទេវធីតាអ៊ីដសាណាមី មានសភាពដូចជានារីជប៉ុនស្អាតល្អ មានភ្នែកធំ មានសក់វែងល្អធ្លាក់លើស្មា: រូបនាងទេវធីតាស្រោបសុទ្ធតែសំពត់មានពណ៌ស ...។ ពួកអនុអាទិទេពឯទៀត ស្រែកទៅកាន់អ្នកទាំងពីរនាក់ថា ៖ «ចូរអ្នកស្រឡាញ់គ្នា រួមរស់នឹងគ្នាទៅ ។ ចូរអ្នកបង្កើតចម្រើន ពិភពលោក ។ យើងសូមធានាជាមុនថា អ្នកនឹងបានប្រសូតបុត្រមានសភាពស្អាតល្អមិនខាន» ។ អ៊ីដសាណាគីនិង នាងអ៊ីដសាណាមី បានព្រមទទួលនូវបេសកម្មនេះ ដែលពួកអនុអាទិទេពទាំងប៉ុន្មាន បានប្រគល់មកដោយកិត្តិយស ។ អ្នកទាំងពីរក៏ត្រាច់ដើរសប្បាយ ។ អ៊ីដសាណាគី បានកាន់លំពែងមាសមួយ មានដាំត្បូងច្រើន, ទេវតាទាំងពីរ បានទៅដល់ស្ពានមួយ ប្រកបដោយអច្ឆរិយភាពធំសម្បើម ដូចជាមានសភាពមូលជារង្វង់ពាក់កណ្ដាល បោះទៅក្នុងមហាមេឃ ។ ខាងក្រោមស្ពាននោះមានពណ៌ស្វាយ ខាងលើមានពពកខៀវស្រអាប់ រួចខៀវភ្លឺ, ខៀវខ្ចី, លឿងខៀវ, លឿងក្រហម ដែលមានលំនាំស្អាតល្អ បើគេដើរសួរតាមស្ពាននោះពីមួយទៅមួយ មិនអាចឮសូរអ្វីឡើយ ។ នៅខាងលើស្ពានមានពណ៌ក្រហមដូចអាចម៍ល័ក្ត ។ ស្ពាននោះមានសភាពសម្បើមអស្ចារ្យ  ហើយមានទ្រង់ទ្រាយឥន្ទធនូ ។ អ្នកទាំងពីរឈប់នៅខាងលើស្ពាន មានសភាពជារង្វង់មូល ពាក់កណ្ដាល ខាងក្រោមមានសមុទ្រធំ មានចលនាជានិរន្តរ៍ និងសភាពខៀវផ្ទៃមេឃ ដែលមានរលកតូចៗសដូចប្រាក់ កម្រើកចុះឡើង។ អ៊ីដសាណាគី បានយកលំពែងចាក់ចូលទៅក្នុងរលក ប្រែគ្រវីចុះឡើងទៅមកជាច្រើន ពោលថា :«កូវ៉ូរ៉ូ, កូវ៉ូរ៉ូ» ។ ស្រាប់តែមានបាដិហារ្យទីមួយកើតឡើង : ដល់អ៊ីដសាណាគីដកលំពែងចេញមក  គេឃើញមានធ្លាក់ពពុះ ដែលអណ្ដែតមករួបរួម ក្រាស់, ប្រមូលមូលជាប់គ្នាទៅជាមានសភាពរឹងកើតទៅជាដី ។ គឺដីដំបូងដែលកើតមានឡើងក្រោមមហាមេឃ, ដីតូច, ដីនោះតូចណាស់, ផែនដីមួយតូចណាស់ មានទឹកជុំវិញ គេហៅថាកោះអូណូ-គូរ៉ូ។ ប្រៀប ដូចជាប្រវឹកសមុទ្រហើរចុះមកទំលើថ្ម, អ៊ីដសាណាគី និងនាងអ៊ីដសា-ណាមី នាំគ្នាចុះទាំងពីរនាក់មកកាន់កោះតូចនោះ ។ ឱ ! គួរសប្បាយណាស់, ដោយអ្នកទាំងពីរបានចុះមកកាន់ផែនដី ជាបឋមមុនគេ ! ។ នាងទេវីក៏បានក្រេបនូវរសជាតិនៃកាមតណ្ហានោះ ។ នាងភ្លេចស្ថានសួគ៌ ដែលនាងចេញពីនោះមក ។ នាងភ្លេចវត្ថុទាំងអស់ ដែលនៅក្រៅពីបច្ចុប្បន្នកាល ។ នាងពោលថា យើងមិនអាចធ្វើចរិយាយើងឲ្យនៅនឹងដូចកាលពីព្រឹកម៉ិញ ។ ភ្នែកនាងមានរស្មី ក្រឡេកទៅកាន់ភ្នែក, សក់, មាត់, ដៃ, ជើង, រូបកាយទាំងអស់នៃអ្នកជាស្វាមីដែលមានលំអគួរចេតនា ។ នាងទេវធីតាពោលទៅកាន់ស្វាមីថា: «តើយើងនឹងគិតរៀបអាពាហ៍ពិពាហ៍ឬ ?» ។ ទេវតាទាំងប្រុសស្រី ខំសម្លក់គ្នាទៅវិញទៅមក ដូចទើបនឹងឃើញគ្នាជាដំបូង ។ ញញឹមទៅរកគ្នាទៅវិញទៅមក ។ នៅក្នុងភ្នែកទាំងពីរនាក់ គេបានឃើញសភាពទន់ភ្លន់ដូចគ្នា ។ អ៊ីដសាណាគី និង នាងអ៊ីដសាណាមី បានព្រមយកគ្នាជាប្ដីប្រពន្ធ ហើយអ្នកទាំងពីររង់ចាំមើលកូនស្អាតល្អ ដែលទេវតាបានផ្សាយដំណឹងជាមុន ។ ឱ! គួរឲ្យអាណោចអធ័មពន់ពេក, កូនដែលកើតដំបូង ជាសត្វប្លែកពីធម្មតាគឺសត្វឈ្លើងធំមួយ ។ អ្នកទាំងពីរ មិនចង់រក្សាទុកនូវជីវសត្វបែបនេះ ហើយក៏ដាក់កូនង៉ាឈ្លើងនោះ ទៅលើទូកដែលធ្វើពីដើមត្រែងចងប្រទាក់គ្នា ហើយក៏បណ្ដែតពោងពាយទៅតាមទឹកនោះ។ កូនដែលកើតមកថ្មីទៀត គួរតូចចិត្តពន់ពេក ម្ដងនេះគឺដូចជា កោះមានពពុស, បែបភាពដូចជាសត្វមេដុស (Méduse)(  ) មានសភាពអាក្រក់ពន់ពេក ។ អ្នកទាំងពីរមិនព្រមទទួលស្គាល់ថាជាកូនរបស់ខ្លួន ។ ដោយមានចិត្តព្រួយលំបាកជាខ្លាំង, ទេវតាទាំងពីររូបក៏បានទៅសួរអនុអាទិទេពឯទៀត, ឲ្យពន្យល់អំពីហេតុប្លែកអស្ចារ្យនោះ ។ ទេវតាទាំងពីរ បានសួរទៅអនុអាទិទេពដែលចាស់វស្សាជាងគេ, ដែលលោកប៉ិនប្រសប់ស្គាល់នូវអាថ៌កំបាំងនៃជីវភាព អនុអាទិទេព ដែលជាអ្នកធ្លាប់រក្សាទុកនូវវិធានការ នៃសីលធម៌តាំងពីសម័យបុរាណ «ព្រោះហេតុដូចម្ដេចបានជាយើងមិនបានបុត្រល្អ ដែលពួកអនុអាទិទេពបានសន្យាពីមុនមក ?» ។ ពួកអនុអាទិទេពទាំងនោះក៏តបទៅវិញថា :«គឺត្រូវបុរសសួរជាមុនទៅរកស្រ្តីជាភរិយា នេះជាឆន្ទៈមហាមេឃ ... ។ មិនដូច្នោះ នាងអ៊ីដសាណាមី  បានពោលពាក្យជាដំបូងមុនគេបង្អស់  គឺនាងនេះឯង បានពោលពាក្យលួងលោមអ៊ីដសាណាគី ឲ្យយកខ្លួនជាភរិយា... ព្រោះហេតុដូច្នេះ បានជាអ្នកឯងមិនមានកូនល្អតាមពាក្យសន្យា» ។ បុរសអ៊ីដសាណាគី និងនាងអ៊ីដសាណាមី ក៏មិនអាចតបទៅពួកអាទិទេពបានឡើយ ។ អ្នកទាំងពីរនាក់ក៏ឱនក្បាលចំពោះការបន្ទោសនៃពួកអនុអាទិទេព ក៏ចាកចោលមហាមេឃ មកកាន់កោះរបស់ខ្លួន ។  នាងអ៊ីដសាណាមី មិនអាចហ៊ានក្រឡេកមើលអ៊ីដសាណាគី ឬពោលពាក្យមកកាន់បុរសសោះឡើយ ។ នាងត្រាច់ទៅ ក្បាលឱន មាត់បិទ ។ តែបុរសអ៊ីដសាណាគី មានសាទរចិត្តដោយបានដើរជិតស្រ្តីដែលមានរូបកាយល្អជាអនេក បុរសនេះបានគន់មើលសក់, ភ្នែក, បបូរមាត់, ដៃ, សព្វសារពាង្គកាយទាំងអស់ ល្អឥតគណនា ។ បុរសនោះក៏សួរទៅនាងថា : «តើនាងយល់ព្រមថា  យើងទាំងពីរនាក់ជាប្ដីប្រពន្ធឬ ?» ។ នាងក៏ញញឹមស្រស់, យល់ព្រម ។ ទេវតាទាំងពីរនាក់ក៏បានប្រព្រឹត្ត ប្រតិបត្តិតាមបណ្ដាំនៃពួកអនុអាទិទេពទាំងឡាយ : គឺបុរសបានពោលពាក្យជាបឋម ។ ការប្រតិបត្តិតាមពួកអនុអាទិទេពៗនឹងឲ្យរង្វាន់ឥឡូវនេះ ទេវតាទាំងពីរនាក់ក៏បានបុត្រជាច្រើន តើបុត្រនោះយ៉ាងណាទៅ ! បុត្រនោះល្អណាស់ ! ព្រោះថាបុត្រនៃទេវតានោះ គឺកោះជប៉ុននេះឯង ! កោះជប៉ុន ដែលមានដី, ថ្ម, ភ្នំ, ទន្លេ, ដើមស្រល់, ដើមសឺរីស, ពលរដ្ឋ, សត្វតិរច្ឆាន, និងបុរសទាំងឡាយ នេះជាកូននៃនាងអ៊ីដសាណាមី និងបុរសអ៊ីដសាណាគី ។ 

 

(ចប់់)

 

រឿងព្រេង ត្រីមាស

កាលពីព្រេងនាយ មានតាចាស់ និងយាយចាស់ ពីរនាក់ប្ដីប្រពន្ធជាអ្នកក្រីក្របំផុត បានសង់ខ្ទមមួយតូចនៅទៀបមាត់សមុទ្រ អស់កាលជាយូរចំនួន ៣៣ ឆ្នាំមកហើយ ។ តាចាស់នោះឯងតែងរកចិញ្ចឹមជីវិតដោយការនេសាទត្រី គឺបង់សំណាញ់ជាប្រក្រតី ។ ឯយាយចាស់ជាអ្នកប្រកបការកាប់ព្រាល កាប់ក្រចៅ យកមកលក់ដូរចិញ្ចឹមជីវិតជានិច្ចជាកាល ។ ថ្ងៃមួយ, តានេសាទពុនសំណាញ់ទៅបង់ត្រីនៅមាត់សមុទ្រ, លុះទាញសំណាញ់មកឃើញជាប់សុទ្ធតែភក់ ។ តានេសាទក៏រលាស់ចោលហើយបង់ជាគម្រប់ពីរ, ទាញមកឃើញជាប់សុទ្ធតែសារាយ ។ តានេសាទក៏បង់សំណាញ់ទៅជាគម្រប់បីទៀត, ដល់ទាញសំណាញ់មក ឃើញជាប់ត្រីសម្បុរមាសមួយ ។ វេលានោះឯង ត្រីមាសនិយាយអង្វរទៅតានេសាទនោះដោយភាសាមនុស្សថា ៖ លោកតា, មេត្តាលែងខ្ញុំទៅក្នុងទឹកសមុទ្រវិញទៅ, ខ្ញុំនឹងជូនរបស់ដែលមានតម្លៃជាទីគាប់ចិត្តលោកតា ។ តានេសាទក៏ភាន់ភាំងហើយខ្លាចផង ដោយនឹកថា « អញបានរកស៊ីដោយការនេសាទត្រីនេះ  ចំនួន  ៣៣   ឆ្នាំមកហើយ   មិនដែលប្រទះឃើញត្រីចេះនិយាយដូច្នេះសោះ » ។ តានេសាទក៏លែងត្រីមាសទៅក្នុងសមុទ្រវិញ ហើយនិយាយនឹងត្រីថា ៖ត្រីមាស ! សូមឲ្យទេវតារក្សាឯងដោយល្អចុះ, ហើយខ្ញុំក៏មិនត្រូវការទទួលយកវត្ថុអ្វីជាបំណាច់អំពីឯងវិញឡើយ ។ ចូរឯងហែលលេងក្នុងទឹកសមុទ្រតាមសប្បាយចុះ ។ យាយ, ថ្ងៃនេះបងទៅបង់សំណាញ់ បានត្រីមាសមួយ ហើយត្រីនោះមិនដូចជាត្រីធម្មតាឡើយ គឺវាចេះនិយាយដូចជាមនុស្សយើង ហើយត្រីនោះឯងអង្វរបងឲ្យបងលែងវាទៅក្នុងទឹកសមុទ្រវិញ វានឹងឲ្យរបស់ដ៏មានតម្លៃដល់បងតាមតែបងចង់បាន តែបងខ្លាចមិនហ៊ានទទួលយកគ្រឿងបណ្ណាការអ្វីមួយឡើយ ហើយបងក៏លែងត្រីនោះទៅក្នុងសមុទ្រវិញទៅ ។ យាយចាស់ជាភរិយា   បានឮប្ដីនិយាយដូច្នោះហើយ  ក៏ជេរទៅប្ដីថា ៖ នែតាចាស់ ល្មេញល្មើ,  ម៉េចក៏តាឯងមិនទារយករបស់អ្វីមួយអំពីត្រី ! ទុកជាយ៉ាងណា ក៏គួរតែទទួលយកថាំងឈើមួយគូគ្រាន់នឹងដងទឹកចុះអេះ ព្រោះរបស់យើងវាបាក់បែកអស់ទៅហើយ តានេសាទក៏ត្រឡប់ទៅកាន់សមុទ្រវិញ ហើយចុះដើររកមើលត្រីមាស វេលានោះទឹកសមុទ្រ កើតមានរលកយ៉ាងស្រាលៗ, ហើយតានេសាទក៏ស្រែកហៅទៅត្រីមាស, ឯត្រីមាសក៏ហែលមកជិត ហើយសួរគាត់ថា ៖ លោកតា មានការអ្វីមករកខ្ញុំនេះ  ? តានេសាទក៏តបទៅកាន់ត្រីមាស ដោយសេចក្ដីគោរពថា ៖ ឱអ្នកម្ចាស់ថ្លៃត្រីអើយ,     ប្រពន្ធខ្ញុំខឹងនឹងខ្ញុំដោយហេតុមិនទទួលយករបស់អ្វីមួយពីអ្នក, ឥឡូវនេះគេឲ្យខ្ញុំមកសុំថាំងថ្មីមួយសម្រាប់ពីអ្នក ដើម្បីយកទៅដងទឹក ដ្បិតថាំងខ្ញុំវាបាក់បែកអស់ទៅហើយ ។ ត្រីមាសតបទៅតានេសាទថា ៖ លោកតា កុំបារម្ភឲ្យសោះ, ចូរតាត្រឡប់ទៅផ្ទះវិញចុះ ទេវតានឹងទំនុកបម្រុងដល់តាឯងៗនឹងបានថាំងថ្មីនោះជាប្រាកដ ។ តានេសាទត្រឡប់មកផ្ទះវិញ ឯយាយចាស់ក៏បានថាំងថ្មីមួយសម្រាប់, តែយាយចាស់មិនពេញចិត្តឡើយ ត្រឡប់ជាគំហកឲ្យប្ដីវិញថា ៖ តាចាស់ល្ងីល្ងើ តាឯងផ្ដេសផ្ដាសណាស់, ម៉េចក៏ទៅសុំឯថាំងឈើ, របស់នេះល្អឬ ? តាឯងចូរត្រឡប់ទៅរកត្រីម្ដងទៀត ហើយសុំផ្ទះមួយវិញ ដ្បិតយើងគ្មានផ្ទះល្អនៅទេ ។ តានេសាទក៏ត្រឡប់ទៅសមុទ្រវិញ, ទឹកសមុទ្រក៏ត្រឡប់ជាល្អក់បន្តិចៗ, ហើយគាត់ស្រែកហៅទៅត្រីមាសៗ ក៏ហែលមកជិតហើយសួរថា៖  តាមករកខ្ញុំដោយមានការអ្វីទៀត ?តនេសាទតបដោយគោរពថា ៖ ឱ ! អ្នកម្ចាស់ថ្លៃអើយ, ប្រពន្ធខ្ញុំវារឹតតែកិនខ្ញុំខ្លាំងឡើងទៀត, វាឲ្យខ្ញុំមកសុំផ្ទះអ្នកមួយ ។ ត្រីមាសតបថា ៖ តាកុំព្រួយ, ចូរតាត្រឡប់ទៅផ្ទះតាឯងវិញចុះ តានឹងបានផ្ទះមួយតាមតាសុំជាប្រាកដ ។ តានេសាទក៏ត្រឡប់មកកាន់គេហដ្ឋានខ្លួនវិញ ស្រាប់តែបាត់ខ្ទមនោះទៅ ឃើញឯផ្ទះមួយយ៉ាងល្អរុងរឿងផុសឡើងនៅពីមុខគាត់ មានបន្ទប់ខ្វាត់ខ្វែងយ៉ាងធំទូលាយ មានផ្ទះបាយ និងបង្អួចទ្វារជាជួររាងរាយដែលសាងអំពីឥដ្ឋបាយអ, ឯយាយចាស់នោះអង្គុយនៅទៀបបង្អួចមួយ ហើយស្រែកជេរមកតានេសាទជាប្ដីវិញថា ៖ នែតាគម្រក់ដូចជាតិរច្ឆាន, តាឯងទៅសុំឯផ្ទះផ្ដេសផ្ដាសយ៉ាងនេះ មិនពេញចិត្តអញទេ ! តាឯងចូរត្រឡប់ទៅសុំត្រីម្ដងទៀតថា យើងមិនចង់បានភាពជាស្រីអ្នកស្រែចម្ការសាមញ្ញដូច្នេះទេ, យើងចង់បានទៅជាស្រីមួយដែលប្រកបដោយរូបសម្បត្តិ មានត្រកូលស្ដុកស្ដម្ភវិញ ។ តានេសាទក៏ត្រឡប់ទៅរកមាសទៀត,    ឯទឹកសមុទ្រក៏រឹតតែល្អក់ក្រៃលែង តាចាស់ក៏ស្រែកហៅទៅត្រីមាសៗក៏ហែលមកជិតហើយសួរថា៖ លោកតាមកធ្វើអ្វីនៅទីនេះ ? តាចាស់តបដោយគោរពថា ៖ ឱ ! អ្នកម្ចាស់ថ្លៃត្រីអើយ, សូមអ្នកអត់ទោសខ្ញុំ, ប្រពន្ធខ្ញុំគេនៅតែខឹងនឹងខ្ញុំជានិច្ច វាមិនឲ្យខ្ញុំឈប់បានមួយដង្ហើមសោះ, ឥឡូវនេះវាថា វាមិនចង់នៅជាសភាពស្រីអ្នកស្រែចម្ការដូច្នោះទេ វាចង់បានទៅជាស្រីអ្នកមានត្រកូលខ្ពង់ខ្ពស់ស្ដុកស្ដម្ភវិញ ។ ត្រីមាសតបថា ៖ បើប៉ុណ្ណោះទេ ចូរតាកុំព្រួយ, ចូរតាត្រឡប់ទៅផ្ទះវិញចុះ ទេវតានឹងជួយតាឯងឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ។ តានេសាទក៏ត្រឡប់មកផ្ទះខ្លួនវិញ ស្រាប់តែឃើញប្រាសាទមួយយ៉ាងធំខ្ពស់ ឃើញយាយចាស់នោះអង្គុយក្នុងល្វែងប្រាសាទខាងក្រៅ ហើយមានសម្លៀកបំពាក់សុទ្ធសឹងតែរបស់មានតម្លៃ, នៅក្បាលមានពាក់កញ្ចាំង ដែលដាំរំលេចដោយពេជ្រ មានពាក់ខ្សែកពេជ្រជាច្រើនខ្សែ, ម្រាមដៃទាំងអស់សឹងពាក់ដោយចិញ្ចៀនមាសដាំពេជ្រ, ពាក់ស្បែកជើងក្រហម ។ នៅជុំវិញខ្លួនយាយចាស់នោះ មានមនុស្សនៅចាំបម្រើណែន ណាន់តាន់តាប់, គាត់វាយគាត់ធាក់មនុស្សបម្រើទាំងអម្បាលនោះដោយឥតមេត្តា ។ តានេសាទឃើញដូច្នោះ ក៏និយាយទៅកាន់ភរិយាថា ៖ ជម្រាបសួរអ្នកស្រី, ឥឡូវនេះចិត្តអ្នកស្រីយ៉ាងណា ល្មមស្កប់ស្កល់ហើយឬនៅ បើបានដល់ទីប៉ុណ្ណេះហើយ  ? យាយចាស់អប្រិយគំហកឲ្យតានេសាទជាប្ដី ហើយក៏ឲ្យគាត់ទៅធ្វើការឯរោងសេះទៅ ។ លុះកន្លងទៅបានប្រមាណ ២ អាទិត្យ, យាយចាស់នោះមានសេចក្ដីលោភកើតឡើងទៀត ទើបឲ្យបម្រើទៅហៅតានេសាទមក ហើយបង្គាប់ថា ៖ តាអើយ, តាឯងចូរទៅរកត្រីមាសម្ដងទៀត ហើយសុំថា អញមិនចង់បានភាពជាស្រីអ្នកមានត្រកូលស្ដុកស្ដម្ភត្រឹមប៉ុណ្ណេះទេ, អញចង់បានទៅជាស្ដេចស្រី ដែលប្រកបដោយឫទ្ធានុភាពយ៉ាងល្បីល្បាញទូទៅទាំងទ្វីបនោះវិញ ។ តាចាស់មានសេចក្ដីខ្លាច ហើយអង្វរថា ៖ ឱ ! អ្នកម្ចាស់ថ្លៃអើយ, ចុះឯងកើតមកពីជាតិអ្វី បានជាហាស្ដីនិយាយឡើងគ្មានចេះខ្មាសអ្នកស្រុក គ្មាននគរបន្តិចសោះនេះ ? បាននេះហើយចង់បាននោះទៀត មិនចេះស្កប់ស្កល់ ! ។ យាយចាស់រឹងរឹតតែខឹង ហើយគំរាមទៅតានេសាទថា ៖ តាឯងខ្លាចអ្វី, បានជាហ៊ានមកឈ្លោះប្រកែកតបតនឹងអញជាស្រីមានត្រកូលខ្ពស់ដូច្នេះវិញ ? នែតា ចូរទៅឯសមុទ្រប្រញាប់,  បើតាឯងមិនទៅទេ, អញនឹងបង្ខំតាឯងដោយអាជ្ញាឥឡូវនេះ ។ តានេសាទកម្សត់ មានសេចក្ដីខ្លាចភរិយាខ្លួន ក៏ត្រឡប់ទៅកាន់សមុទ្រទៀត ។ ក្នុងគ្រានេះទឹកសមុទ្របណ្ដាជាពណ៌ខ្មៅ, តានេសាទស្រែកហៅទៅត្រីមាសៗក៏ហែលមកជិត ហើយសួរថា ៖ តាមករកអ្វីនៅទីនេះ ? តានេសាទក៏តបទៅកាន់ត្រីមាសដោយគោរពថា ៖ អ្នកម្ចាស់ថ្លៃត្រីអើយ, សូមអ្នកអត់ទោសខ្ញុំចុះ ព្រោះភរិយាខ្ញុំវាវង្វេងទៅហើយ វាថាមិនចង់បានជាភាពស្រីមានត្រកូលខ្ពស់ប៉ុណ្ណេះទេ, វាចង់ឲ្យបានទៅជាស្ដេចស្រីដ៏ធំលើសលុបគេទាំងអស់វិញ វាឲ្យខ្ញុំមកសុំអ្នកទៀត ។ ត្រីមាសតបទៅតានេសាទថា ៖ តាកុំព្រួយ ចូរតាត្រឡប់ទៅផ្ទះវិញចុះ ទេវតានឹងទំនុកបម្រុងដល់តាឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ។ វេលានោះឯងយាយចាស់អបល័ក្ខណ៍, ប្រែភេទជាស្ដេចស្រីដូចសេចក្ដីប្រាថ្នា ។ ឯតានេសាទត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញមានព្រះរាជវាំងផុសអំពីមុខគាត់ ឃើញយាយចាស់ទៅជាស្ដេចស្រីអង្គុយនៅក្នុងព្រះរាជវាំងនោះឯង, មានបរិវារប្រុសស្រីចោមរោមគាល់ហ្វៅ ហើយមនុស្សទាំងនោះ សឹងដឹកស្រាដែលនាំមកអំពីនានាប្រទេសយកមកថ្វាយ, ហើយស្ដេចស្រីនោះបរិភោគនំប៉័ង ដែលប្រកបដោយគ្រឿងទេសមានរសឈ្ងុយឈ្ងប់ ។ តានេសាទនិម្មិតតែបានឃើញសភាពដូច្នោះហើយ ក៏ញ័ររន្ធត់ស្លុតក្នុងចិត្ត លុតជង្គង់នៅមុខស្ដេចស្រីជាភរិយាថ្វាយបង្គំ ហើយសួរថា ៖ សូមថ្វាយបង្គំស្ដេចស្រីកំណាច ! ឥឡូវនេះ  ព្រះនាងសព្វព្រះរាជហឫទ័យនឹងសម្បត្តិប៉ុណ្ណេះហើយឬនៅ  ? ស្ដេចស្រី  ( យាយចាស់ )  ឥតរមិលមើលមកតានេសាទជាប្ដីដល់តិចសោះ សូម្បីមួយប៉ប្រិចភ្នែកក៏គ្មាន ហើយត្រឡប់ជាបណ្ដេញតានេសាទនោះវិញ ។ ពួកបរិវារ និងអាមាត្យនាំគ្នាចាប់ស្មាតានេសាទច្រានចេញមកទ្វារខាងក្រៅ, ក្រុមរក្សាព្រះអង្គក៏ស្ទុះទៅគំរាមគាត់ មានអាការហាក់ដូចជានឹងប្រហារឲ្យដាច់ជាកំណាត់តូច - ធំ, ចំណែកឯបណ្ដាជនក៏ចំអកផ្ទញ់ផ្ទាល់តានេសាទថា ៖ នែតាចាស់ចោលម្សៀត, យ៉ាងនេះហើយវាសមនឹងអំពើតាឯង ! តាឯងគ្មានដឹងខ្យល់អ្វី, ហ៊ានលើកខ្លួនទៅផ្ទឹមនឹងមហាក្សត្រី នេះជាការគួររបស់តាឯងឬ ? តានេសាទភិតភ័យណាស់ ក៏រត់ចេញអំពីនោះទៅ ។ មិនយូរប៉ុន្មានកន្លងទៅប្រមាណ ២ អាទិត្យតមកទៀត, ស្ដេចស្រីក៏កើតលោភចិត្តឡើងទៀត ទើបចាត់រាជបម្រើឲ្យដើរទៅតាមរកតានេសាទជាប្ដី, លុះរកឃើញហើយ ក៏បាននាំយកខ្លួនតានេសាទនោះមកថ្វាយ, ឯស្ដេចស្រីនោះបង្គាប់ទៅរកតានេសាទថា ៖ ចូរតាឯងទៅរកត្រីនោះទៀត ហើយនិយាយសុំថា អញមិនចង់បានជាស្ដេចស្រីដូច្នេះទេ, អញចង់បានទៅជាស្ដេចស្រីជាម្ចាស់លើសមុទ្រវិញ ដើម្បីទៅនៅត្រួតត្រាក្នុងមហាសមុទ្រ ត្រាតែបានត្រីមាសនោះមកនៅបម្រើអញតាមតែសេចក្ដីដែលអញត្រូវការតែម្ដង តានេសាទមិនហ៊ានប្រកែក ក៏ទៅកាន់សមុទ្រ, ទឹកសមុទ្រនោះប្រែពណ៌ខ្មៅ មានព្យុះ និងរលកបោកបែកផ្កាត្រែង, តានេសាទស្រែកហៅទៅត្រីមាសដូចមុនទៀត ឯត្រីមាសក៏ហែលមកជិត ហើយសួរថា ៖ នែលោកតាកម្សត់, ចុះតាមករកអ្វីទៀត ? តានេសាទតបទៅកាន់ត្រីដោយគោរពថា ៖ ឱ ! អ្នកម្ចាស់ថ្លៃត្រីអើយ, តាមតែអ្នកអត់ទោសខ្ញុំចុះ, ខ្លួនខ្ញុំពុំដឹងបើនឹងប្រព្រឹត្តទៅយ៉ាងណាទៀតទេ, ព្រោះអកុសលរបស់ខ្ញុំហើយ, អ្នកមើលចុះ ឥឡូវស្ដេចស្រីភរិយាខ្ញុំ វាមិនចង់បានជាស្ដេចស្រីដូច្នោះទេ, វាចង់ធ្វើជាស្ដេចស្រី មកសោយរាជសម្បត្តិនៅក្នុងមហាសមុទ្រនេះវិញ ដើម្បីឲ្យអ្នកបម្រើវាតាមតែវានឹកត្រូវការ ។ ត្រីមាសមិនបានពោលពាក្យតបទៅតានេសាទឡើយ ហើយបក់កន្ទុយដាំក្បាលចុះមុជទៅក្នុងសមុទ្រជ្រៅបាត់ទៅ ។ តានេសាទក៏ចេះតែនៅរង់ចាំត្រី ក្រែងត្រឡប់មកវិញនឹងបានទទួលពាក្យតបដូចគ្រាមុនៗ , ឯត្រីក៏បាត់មិនឃើញមកវិញសោះ តាចាស់អស់កម្លាំងណាស់ក៏ត្រឡប់មកផ្ទះវិញ ។ ម្ដងនេះ តានេសាទបានឃើញខ្ទមតូចកញ្ចាស់ ហើយឃើញយាយចាស់ជាភរិយាអង្គុយនៅទៀបថាំងឈើកំបែកដូចកាលមុន ។ គតិរឿងនេះ

រឿងនេះឯងចែងឲ្យឃើញថាជនណា

មានតណ្ហាក្លាខ្លាំងក្រៃមិនចេះស្កប់

ជននោះឯងតែងបានផលផ្ដល់ត្រឡប់

ជាទុក្ខលន់លើសកាលមានពីមុននោះ ។

សុភាសិតបុរាណពិតមានពោលទុក

ជាទំនុកថា « លោភពេក វាបែកពោះ »

ជាឱវាទបណ្ឌិតជាតិមានសង្រ្គោះ

ហាមដោយស្មោះកុំឲ្យយើងឡើងភ្លេចខ្លួន ។

យូរ – អ៊ុន 

 

រឿងព្រេង អាខិល អាខូច

មានបុរសពីរនាក់ អាម្នាក់ខិល អាម្នាក់ខូច តែអាទាំងពីរនាក់នេះមានប្រាជ្ញាស្មើគ្នា អាខិលតាំងធ្វើកាំបិត ១ តូចខ្លី ហើយដាក់ដងធំ ធ្វើស្រោមនោះវែងប្រវែងស្រោមដាវ ហើយស្ពាយដើរទៅ អាខូចនោះតាំងយកដីខ្សាច់នោះញាត់ពេញពាង ហើយយកប្រហុកទៅពាសស្ដើងពីខាងលើហើយលីដើរទៅ អ្នកទាំងពីរលីទៅស្ពាយមកប្រទះគ្នាកណ្ដាលផ្លូវ ទើបអាខិលក្រឡេកឃើញអាខូចតាំងសួរទៅថា ចុះអ្នកលីអ្វី អាខូចឆ្លើយថា ខ្ញុំលីពាងប្រហុក អាខូចសួរទៅអាខិលវិញថា ចុះអ្នកស្ពាយអ្វី អាខិលឆ្លើយថា ខ្ញុំស្ពាយដាវ អាខិលសួរទៅអាខូចថា អ្នកចង់ដូរដាវនឹងប្រហុកនេះទេ អាខូចថា ដូរក៏ដូរ អ្នកទាំងពីរក៏ព្រមសុខចិត្តដូរទៅវិញទៅមក ហើយមានសេចក្ដីអំណរស្មើគ្នា អាខិលនឹកថា ដាវអញតូចមួយដូរបានប្រហុក ១ ពាង ឯអាខូចនឹកថា ប្រហុកអញសុទ្ធតែដីខ្សាច់មានតែប្រហុកស្ដើងបន្តិច  ឥឡូវដូរបានដាវមួយនេះវែងយ៉ាងចំណាប់  ។  ប៉ុន្តែអាម្ចាស់ដាវចង់កកាយប្រហុក តែខ្លាចក្រែងគេហូតដាវខ្លួនមើលវិញ អាម្ចាស់ប្រហុកចង់ហូតដាវមើល     តែខ្លាចក្រែងគេកកាយប្រហុកខ្លួនមើលវិញ អាទាំងពីរនាក់គិតដូច្នោះហើយ ក៏ដើរឆ្ងាយពីគ្នាចេញទៅ លុះទៅឆ្ងាយ អាម្ចាស់ដាវកកាយប្រហុកនោះមើល ហើយអស់សំណើចថា អានេះប្រាជ្ញាដូចអញដែរ ទើបម្ចាស់ប្រហុកហូតដាវមើលឃើញតែកូនកាំបិតតូច ១ ហើយសើចថា អានេះប្រាជ្ញាដូចអញដែរ អ្នកទាំងពីរប្រាជ្ញាស្មើគ្នា រួចក៏នាំគ្នាដើរទៅផ្ទះរៀងខ្លួន ។

 

Flag Counter