ពុទ្ធសាសនបណ្ឌិត្យ

រឿងព្រេង ប្រាជ្ញា សំណាង ផល ទាំងបី អួតឫទ្ធិតែសព្វខ្លួន

មានពេល ១ ប្រាជ្ញា, សំណាង, ផល ទាំង ៣ នាក់ បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានឫទ្ធិពូកែជាងសំណាង និងផល សំណាងអាងអួតឡើងថា សំណាងថាមានឫទ្ធិធំពូកែជាងប្រាជ្ញា និងផល ផលអាងអួតឡើងថា ផលមានឫទ្ធិជាងប្រាជ្ញា និងសំណាង នោះអ្នកទាំង ៣ នាក់ អាងអួតតែសព្វរៀងខ្លួន មិនដឹងជាអ្នកខាងណាមានឫទ្ធិអានុភាពជាងខាងណា មានសេចក្ដីអំនួតតែសព្វរៀងខ្លួន នោះអ្នកទាំង ៣ នាក់ថា បើចង់ដឹងឲ្យល្បងឫទ្ធិគ្នាមើល ឲ្យដឹងជាអ្នកណាពូកែជាងអ្នកណានោះ ប្រាជ្ញា, សំណាង, ផល ទាំង ៣ នាក់ ជំនុំព្រមតាំងល្បងឫទ្ធិទាំង ៣ នាក់ បណ្ដើរគ្នាទៅ ក៏មើលទៅឃើញមានមនុស្សម្នាក់  ជាអ្នកក្រកម្សត់  នៅខ្ញុំសេដ្ឋីៗ ឲ្យបុរសនោះឃ្វាលគោ ក្របី រកតែសំពត់អាវនឹងស្លៀកពាក់គ្មាន មនុស្សនោះល្ងង់មិនស្គាល់ខុសត្រូវ ចេះដឹងតែឃ្វាលក្របី ប្រាជ្ញា និង សំណាងទាំងពីរនាក់ថា បើផលអាងអួតថាខ្លួនគ្រាន់បើ ផលទៅជួយមនុស្សនៅខ្ញុំសេដ្ឋីនោះ  តើបានគ្រាន់បើយ៉ាងដូចម្ដេចឡើង នោះផលក៏បានទៅជួយមនុស្សនោះៗ តាំងពីថ្ងៃដែលផលទៅជួយនោះ ក៏អ្នកទាំងពួងចេះតែនឹកអាណិតមនុស្សនោះ ក៏យកចំណីទៅឲ្យមនុស្សនៅខ្ញុំសេដ្ឋីនោះស៊ីពុំមានខ្វះចំណីអ្វីសោះឡើយ តែផលជួយកម្លាំងដល់បានតែត្រឹមស៊ីពុំមានខ្វះឡើយ ផលនឹងគិតជួយមនុស្សនោះអ្វីតទៅមិនបាន នោះប្រាជ្ញា,   សំណាង  បានសួរទៅផលថា   ផលជួយមនុស្សបានយ៉ាងណា តទៅទៀត ផលឆ្លើយប្រាប់ទៅសំណាង, ប្រាជ្ញាវិញថា អំណាចផលជួយមនុស្សនេះបានតែប៉ុណ្ណោះទេ ។ នោះសំណាងបានទៅជួយមនុស្សនោះទៀត ឯមនុស្សនោះលុះសំណាងបានទៅជួយទៀត ក្របីដែលឃ្វាលទាំងប៉ុន្មាន ជុះអាចម៍មកដាក់ក្នុងក្រោលនោះ ក៏សុទ្ធតែដុំពេជ្រទាំងអស់ ភ្លឺពេញក្រោល តែបុរសដែលឃ្វាលក្របីនោះ មិនស្គាល់ជាដុំពេជ្រសោះ រើសបានអាចម៍ក្របីនោះ ១ ដុំ យកមកចងនឹងចុងខ្សែក្របីគ្រវីលេងភ្លឺព្រោងព្រាត ។ ដេញក្របីទៅឃ្វាលជារាល់ថ្ងៃ ដល់ដេញក្របីទៅផឹកទឹកនៅបាងសមុទ្រ ក៏គ្រវីខ្សែក្របីនោះលេងជាធម្មតា ។ និយាយពីនាយសំពៅដែលបើកសំពៅក្នុងសមុទ្រ វាត្រូវភ្នែកនឹងអំណាចរន្ទះពេជ្រដែលបុរសនោះគ្រវីលេង ក៏ក្រឡេកដេញតាមអំណាចពេជ្រដែលភ្លឺនោះមកឃើញបុរសគ្រវីលេង នាយសំពៅក៏បើកសំពៅចូលមក ក៏សួរទៅបុរសនោះថា បុរសឯងបានរបស់នេះពីណាមក បុរសនោះក៏ប្រាប់ទៅនាយសំពៅវិញថា របស់នេះជាអាចម៍ក្របីដែលខ្ញុំឃ្វាល   នាយសំពៅក៏គិតថា   មនុស្សនេះល្ងង់មិនស្គាល់ដុំពេជ្រ នាយសំពៅក៏បានសួរទៅបុរសនោះទៀតថា ក្របីដែលឯងឃ្វាលនោះជាក្របីរបស់ឯង ឬក្របីរបស់អ្នកណា បុរសនោះបានឆ្លើយប្រាប់ទៅនាយសំពៅថា ខ្ញុំនៅជាខ្ញុំសេដ្ឋីតាំងពីជីដូនជីតា រហូតដល់មកអាពុកម្ដាយ ដល់មកខ្ញុំជាកូនទៀត នោះនាយសំពៅបានសួរទៅបុរសនោះថា ជំពាក់ប្រាក់សេដ្ឋីប៉ុន្មានរៀល បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា ខ្ញុំឮអាពុកម្ដាយខ្ញុំនិយាយប្រាប់ខ្ញុំថា ជីដូនជីតាខ្ញុំគាត់ជំពាក់លោកសេដ្ឋីប្រាក់ដើម ១០០០៛,០០ នាយសំពៅក៏បានសួរទៅបុរសនោះវិញទៀតថា ចុះក្របីដែលជុះអាចម៍នៅក្នុងក្រោលអ្នកឯងនោះមានប៉ុន្មាន ដែលមានពន្លឺដូចរបស់អ្នកឯងកាន់លេងនេះ បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា អាចម៍ក្របីដែលដូចជាដុំដែលខ្ញុំកាន់មកនេះ គឺពេញតែក្រោលក្របីដែលឃ្វាលនោះ នាយសំពៅក៏គិតថា បុរសនេះជាមនុស្សមានសំណាង តែមិនស្គាល់ពេជ្រ ព្រោះដោយល្ងង់ នាយសំពៅបានសួរទៅបុរសនោះថា  អ្នកឯងព្រមធ្វើជាកូនយើងៗនឹងយកអ្នកឯងទៅថែរក្សាធ្វើកូន បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា ខ្ញុំទៅនៅនឹងលោកមិនបានទេ ព្រោះខ្ញុំនៅជំពាក់ប្រាក់លោកសេដ្ឋី នាយសំពៅថា មិនអីទេឲ្យតែបុរសឯងព្រមទៅនៅធ្វើកូនយើងចុះ យើងយកប្រាក់ ១០០០៛,០០ ទៅលោះពីលោកសេដ្ឋី  ឯអាចម៍ក្របីដែលជុះមកក្នុងក្រោលទាំងប៉ុន្មាន យើងត្រូវយកដាក់ក្នុងសំពៅយើងទៅ បុរសនោះក៏ព្រមតាមនាយសំពៅៗក៏បានយកប្រាក់ ១០០០៛,០០ ទៅលោះពីសេដ្ឋី រួចក៏បានទៅកើបពេជ្រយកពីក្នុងក្រោលក្របីផ្ទុកដាក់សំពៅពេញ បើកទៅដល់ទីលំនៅផ្ទះនាយសំពៅៗ គិតពិចារណាប្ដីប្រពន្ធថា កូនយើងនេះជាមនុស្សល្ងង់ម្ល៉េះ ឥឡូវយើងចាត់ទៅធ្វើជំនួញគិតគូររបស់អ្វីៗមិនកើត បើដូច្នោះគួរយើងទៅដណ្ដឹងកូនស្ដេចឲ្យ ធម្មតាស្ដេចនៅតែស្ងៀមគ្មានគិតគូរអ្វី បើកូនធ្វើស្ដេចនឹងធ្វើបាន ជំនុំព្រមប្ដីប្រពន្ធក៏នាំគ្នាទៅដណ្ដឹងកូនស្ដេចៗក៏ព្រមព្រៀងឲ្យកូនក្រមុំមកកូននាយសំពៅ ក៏គិតគូរគ្នាការងារហើយជាស្រេច នាយសំពៅក៏វិលទៅផ្ទះវិញ នៅតែបុរសជាកូននាយសំពៅ ដល់ពេលយប់កូនក្រមុំស្ដេចតាំងរៀបពូកកន្ទេលខ្នល់ខ្នើយដំណេកបង្គុយប្ដី និងរួមបវេណីជាមួយដូចធម្មតាអ្នកទាំងពួង ឯបុរសនោះជាមនុស្សល្ងង់ខ្លៅ ក៏មិនគិតទៅដេកនឹងកូនក្រមុំស្ដេច ទៅដេកឯជើងកំផែងវាំងស្ដេចនោះវិញ ។ លុះព្រឹកឡើងដើរលេងឡូ លេងឈូងជាមួយនឹងក្មេងៗ គ្មានកាន់គំនិតសណ្ដាប់ជាកូនស្ដេច ល្ងង់មួយថ្ងៃជា ២ ថ្ងៃ នាងនោះក៏ចេះតែរៀបកន្ទេលខ្នើយជារៀងរាល់ថ្ងៃ ពុំឃើញប្ដីទៅដេកជាមួយសោះ ហើយនាងឲ្យបម្រើទៅពិនិត្យមើល ឃើញបុរសនោះដើរទៅដេកដោយជើងកំផែងវាំង ហើយនាងកូនក្រមុំស្ដេចគិតទៅខឹងនឹងស្ដេចអាពុក ឲ្យមានប្ដីមានកិរិយាមិនច្រឡំនឹងគេ ក៏ទៅទូលស្ដេចអាពុកតាមដំណើរ ។ ស្ដេចអាពុកកាលណាបើបានស្ដាប់ពាក្យកូនទូលសព្វគ្រប់ហើយក៏ខ្ញាល់ណាស់ គិតថា បុរសនេះដែលប្រតិបត្តិកិរិយាយ៉ាងហ្នឹង មិនមែនពូជត្រកូលអ្នកខ្ពស់ គឺនាយសំពៅអាងតែខ្លួនមានសម្បត្តិ ទៅយកមនុស្សខ្ញុំគេមកដណ្ដឹងកូនអញដើម្បីនឹងមើលងាយ បើដូច្នេះនឹងត្រូវឲ្យទៅហៅយកកូនប្រសានោះមកមើល រីឯផ្ទះនាយសំពៅទៀត ត្រូវចាត់ឲ្យទាហានទៅព័ទ្ធរឹបយកទ្រព្យសម្បត្តិទាំងអស់ ស្ដេចរកទៅឃើញថាមិនមែនជាកូននាយសំពៅទេ នឹងយកកូនប្រសា និងនាយសំពៅទាំងប្ដីប្រពន្ធទៅសម្លាប់ចោលទាំងអស់ ឯទ្រព្យសម្បត្តិត្រូវរឹបអូសដាក់ព្រះរាជទ្រព្យទាំងអស់ ។នោះសំណាង និងផលបានដឹងថា ស្ដេចមុខជាយកទៅធ្វើទោសបុរសនេះក៏គិតភិតភ័យ  នឹងគិតជួយបទណាឲ្យបុរសនេះបានរួចពីជីវិតឯអំណាចផលគឺរួចបានត្រឹមតែស៊ី ឯសំណាងបានជួយដល់ត្រឹមសោយ-រាជ្យ តែត្រង់ដោះខ្លួនឲ្យរួចពីជីវិតទៀតពុំបាន នោះសំណាង និងផលទាំងពីរនាក់បានជំនុំគ្នាថា យើងត្រូវរត់ទៅពឹងប្រាជ្ញា និយាយនឹងប្រាជ្ញាថា បុរសគង្វាលក្របី យើងទាំងពីរនាក់ជួយបានសោយរាជ្យទៅហើយ តែឥឡូវស្ដេចអាពុកគិតយកទៅសម្លាប់ សុំឲ្យប្រាជ្ញាទៅជួយឲ្យរួចពីស្លាប់ ប្រាជ្ញាកាលណាបើបានឮសំណាង និងផលមកពឹងខ្លួនយ៉ាងដូច្នេះហើយថាទេ បើប្រាជ្ញាទៅជួយលុះតែសំណាង និងផលចុះចាញ់ ទុកប្រាជ្ញាជាច្បង សំណាងជាកណ្ដាល ផលជាប្អូន ប្រាជ្ញាបានទៅដល់ជួយបុរសនោះៗបានភ្ញាក់ស្មារតីដឹងខ្លួនថា អញបានធ្វើជាស្ដេចសោយរាជ្យ មិនត្រូវដើរលេងទេ ត្រូវតែកាន់សណ្ដាប់ខ្លួនជាស្ដេច បុរសនោះក៏ដើរទៅរកនាងមួយរំពេច ប្រាជ្ញាវៃវៀងដើរទៅត្រួតត្រាលើមនុស្សបាវព្រាវទាំងប៉ុន្មាន ក៏នាងកូនស្ដេចនឹកឆ្ងល់ថា ប្ដីអញពីមុន តាំងពីថ្ងៃការរួចមក ដើរដេកដោយជើងកំផែងវាំង បែបជាមនុស្សមិនដឹងខុសត្រូវ ឥឡូវដល់ពេលនេះ ក៏មើលទៅឃើញមានប្រាជ្ញាឆ្លុះឆ្លាតរកអ្នកឯណាស្មើគ្មាន នាងក៏សួរទៅប្ដី សូមទូលព្រះអង្គ ពីថ្ងៃដែលការរួចមក ហេតុអ្វីក៏ព្រះអង្គទៅដើរផ្ទំដោយជើងកំផែងវាំង មិនមកទីកន្លែងក្រឡាបន្ទំ តើយ៉ាងដូចម្ដេច ស្ដេចបុរសនោះបានប្រាប់ទៅនាងវិញថា គ្រូបងផ្ដាំបងថា បើរៀបការប្រពន្ធថ្មី ឲ្យសង្កេតមើលកិរិយាស្រី ប្រសិនបើត្រឹមត្រូវសឹមយកធ្វើជាប្រពន្ធ បើមិនបានត្រឹមត្រូវទេ យកធ្វើជាប្រពន្ធមិនបានទេ ហេតុនេះបានជាបងសង្កេតមើលប្អូនឯងសិន កិរិយាប្អូនឯងឃើញថាត្រឹមត្រូវ ទើបបងបានមករកនាងនេះ នាងក៏បានទៅទូលស្ដេចអាពុកៗក៏បានពិនិត្យមើលឃើញថា មនុស្សនេះមានតម្រិះប្រាជ្ញានឹងរកអ្នកឯណាស្មើគ្មាន ក៏លើកឲ្យសោយរាជ្យតទៅ ។

* * *

 

រឿងព្រេងពស់លេបមន្ត្រីធំ

តាមសេចក្ដីតំណាលថា កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកម្សត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេង រកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ វាចេះស្ដាប់ ចេះនិយាយភាសាមនុស្សផង ដោយសារវាស្ដាប់ វានិយាយជាមួយម្ចាស់វារាល់ថ្ងៃ ខែ ដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើន មានប្រពន្ធហើយមានកូនបីនាក់ផង ។ ចំណេរយូរមក ពស់នោះកាន់តែធាត់ធំឡើង គ្មានកន្លែងដេកនៅផង គ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផង ថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេក ចេះតែបង្ខំបុរសម្ចាស់ពស់ឲ្យយកពស់ទៅលែងក្នុងព្រៃ ។ បុរសម្ចាស់ពស់ទ្រាំមិនបាន   ក៏កាត់ចិត្តអង្វរពស់កុំឲ្យខឹងសម្បារ ទើបបណ្ដើរពស់យកទៅលែងក្នុងព្រៃធំ ប្រាប់ថា  «ចូរសម្លាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះ បើឯងរលឹកអញ កុំបាច់ទៅរកអញឯស្រុកភូមិ ក្រែងអ្នកស្រុកគេភិតភ័យព្រួតវាយឯងស្លាប់ទៅ យូរៗចាំអញមករកលេងនឹងឯង បើឯងឮមាត់អញស្រែកហៅ ត្រូវឯងលូនមករកអញកុំខាន» ។ ពស់ឮដូច្នោះ ក៏នឹកអាឡោះអាល័យម្ចាស់ណាស់ ឆ្លើយទាំងអួលអាក់ថា «អើសម្លាញ់ ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសម្លាញ់ឯង ចូរសម្លាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះ យូរៗមកលេងនឹងអញម្ដងកុំខាន» ។ បុរស និងពស់លាគ្នាស្រេចហើយ ក៏បែកគ្នាទៅ ។  ចំណែកពស់នៅក្នុងព្រៃនោះយូរៗទៅ រកចាប់សត្វអ្វីស៊ីមិនបាន ព្រោះសត្វឯទៀតវាខ្លាចពស់ស៊ី វារត់គេចចេញពីព្រៃនោះបាត់អស់ទៅ ។ ពស់ធំមានសេចក្ដីអត់ឃ្លានជាខ្លាំង ទ្រាំមិនបាន ពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិជិតព្រៃចាប់ឆ្កែ ឆ្មា មាន់ ទា ជ្រូក របស់អ្នកស្រុកស៊ីរាល់តែយប់ ។ ក្រោយមកអ្នកស្រុកដឹងថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ី ក៏ភិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ ប៉ុន្តែដល់ឃើញពស់ធំពេកលូនមក ក៏ស្លុតស្លន់ទាំងអស់គ្នា រត់យកតែអាយុជីវិតរៀងខ្លួន ។ ឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយៗ ។ ថ្ងៃមួយ ពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀត ទើបបបួលគ្នាចូលទៅជម្រាបលោកមន្រ្តីធំក្នុងនគរ ឲ្យលោកជួយសម្លាប់ពស់ ។ លោកមន្រ្តីនោះ នាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសព្វគ្រប់តាមពាក្យអ្នកស្រុក ។ ព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងទូងភេរី ស្រែកប្រកាសរកអ្នកខ្លាំងពូកែ ហ៊ានទៅសម្លាប់ពស់នោះបាននឹងឲ្យរង្វាន់ជាច្រើន ហើយឲ្យជាមន្រ្តីធំផង ។ បុរសកម្សត់ឮព្រះរាជប្រកាសដូច្នោះ ក៏គិតថា «អញសព្វថ្ងៃនេះ ទ័លក្រណាស់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ពេលនេះគួរតែអញទៅសម្លាប់ពស់ជាសម្លាញ់ យកប្រាក់យកយសសក្តិ» គិតដាច់ស្រេចហើយ ក៏កាន់កាំបិតចែតមួយដើរទៅរករាជអាមាត្យជម្រាបថា ខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាស ។ អាមាត្យក៏កត់ត្រាឈ្មោះ និងទីលំនៅរបស់បុរសនោះទុកជាសំគាល់ រួចបើកឲ្យទៅសម្លាប់ពស់ ។ បុរសទុគ៌ត ដើរសំដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯង ឥតហៅអ្នកណាឲ្យជូនទៅផងទេ ព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់ លុះដល់កន្លែងដែលខ្លួនលែងពស់ក៏ឈប់ ឈរហើយស្រែកហៅថា «អើពស់សម្លាញ់ ! អញនឹករលឹកឯងណាស់ ចូរឯងមកជួបនឹងអញពេលនេះឲ្យឆាប់ៗ» ។ ពស់ឮសម្លេងបុរស ក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើម ទើបលូនចូលមកមើល ឃើញស្គាល់ច្បាស់ជាម្ចាស់មែនហើយ ត្រេកអរណាស់ ដោយនឹករលឹកជារឿយៗ ចូលមកដល់ជិតខ្លួនធ្វើអាការស្និទ្ធស្នាលប្រឡូកប្រឡែងដូចកាលធ្លាប់នៅជាមួយម្ចាស់  ហើយសួរសុខទុក្ខម្ចាស់សព្វគ្រប់ប្រការ ។  បុរសកម្សត់ ឃើញកិរិយាពស់ដូច្នោះ ក៏ស្លុតចិត្តអាណិតអាសូរណាស់ ទន់ដៃលើកកាំបិតមិនរួច គិតថា «ឱ ! សត្វតិរច្ឆានចិត្តត្រង់ណាស់ តើ បែកមកជិត ១០ ឆ្នាំហើយ នៅតែចាំចិត្តដដែល ឥតប្រែប្រួលសោះ ប្លែកតែអញ បែរជាចិត្តអាក្រក់គិតសម្លាប់វាទៅវិញ» ។ បុរសសួរសុខទុក្ខពស់សព្វគ្រប់ហើយ ក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំឃូរៗ ។  ពស់ឃើញអាការម្ចាស់ប្លែកដូច្នោះនឹកសង្ស័យ សួរថា «លោកម្ចាស់មកនេះតើដោយមានទុក្ខធុរៈអ្វី ចូរប្រាប់ខ្ញុំឲ្យត្រង់ ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះ» ។ បុរសអាណិតពស់ណាស់ ទ្រាំមិនបានប្រាប់តាមពិតត្រង់ថា «លាក់បាំងអីសម្លាញ់ ! អញមកនេះប្រុងនឹងសម្លាប់ឯង  ព្រោះឯងទៅខាំសត្វរបស់អ្នកស្រុកស៊ីរាល់យប់ គេខឹងទៅទូលហ្លួងៗ ប្រើអញឲ្យមកសម្លាប់ឯង ហើយនឹងប្រទានរង្វាន់អញជាច្រើន និងឲ្យធ្វើជានាម៉ឺនធំផង អញចង់បានប្រាក់ ចង់ធ្វើធំ បានជាធានាមកសម្លាប់ឯង» បុរសនិយាយប្រាប់ពស់បណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ ។ សូម្បីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះ ក៏គ្មានអាក់អន់ចិត្តនឹងម្ចាស់សោះ ត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំង គិតថា «ឱហ្ន ! សេចក្ដីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្តសម្លាញ់ ប្ដី, ប្រពន្ធ និងកូនបានជាប្រាកដ  បើដូច្នេះ   ពេលនេះគួរតែអញជួយសង្រ្គោះម្ចាស់អញចុះ» ទើបប្រាប់ម្ចាស់ថា «មិនអីទេ ខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដូចបំណង ម្ចាស់មិនបាច់សម្លាប់ខ្ញុំទេ ប៉ុន្តែ ត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសម្លាប់ខ្ញុំស្លាប់ទៅហើយ ឲ្យស្ដេចប្រទានរង្វាន់ និងយសសក្តិចុះ ព្រោះខ្ញុំលែងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយ ទុកដូចជាខ្ញុំស្លាប់ដែរ សូមម្ចាស់ត្រឡប់ទៅវិញចុះ បើមានធុរៈអ្វីទៀតសូមមករកខ្ញុំៗនឹងជួយទៀត» ។ (អស់លោកអ្នកអាន ! ដល់ត្រង់សំដីពស់នេះ អស់លោកយល់ដូចម្ដេច ចំពោះចិត្តសត្វ និងចិត្តមនុស្ស តើវាផ្ទុយគ្នាយ៉ាងណា ? លោកអ្នកប្រាជ្ញបានទូន្មានថា យើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពាល    ដ្បិតសត្វសាហាវ   បើចិត្តវាត្រង់ៗរហូតដល់ស្លាប់ បើចិត្តវាវៀច ខាំសម្លាប់យើងភ្លាម, ចំណែកចិត្តមនុស្សពាលមិនត្រង់ទេ ក្រឡិចក្រឡុចណាស់ ថ្ងៃខ្លះចិត្តល្អ ថ្ងៃខ្លះចិត្តអាក្រក់ ធ្វើឲ្យយើងទុកចិត្តខ្លះ មិនឲ្យទុកចិត្តខ្លះ ចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃ) ។ បុរសកម្សត់ឮសំដីពស់ ត្រេកអរណាស់ ឆ្លើយថា «អើបើឯងអាណិតជួយអញយ៉ាងនេះ អញនឹងដឹងគុណឯងទៅមុខឥតភ្លេចទេ» ថារួចលាពស់ចូលទៅស្រុកជម្រាបអាមាត្យថា ខ្លួនបានសម្លាប់ពស់នោះហើយ ។ អាមាត្យយកសេចក្ដីក្រាបទូលស្ដេចៗ ទ្រង់ប្រោសព្រះរាជទាន មាសប្រាក់ជាច្រើន ហើយឲ្យធ្វើជាសេនាបតីផង ។ លោកសេនាបតីនេះ  ល្បីឈ្មោះថាជាអ្នកខ្លាំងពូកែ  គ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេ នៅជាសុខសប្បាយរៀងមក ។  កន្លងមកប្រហែលប្រាំឆ្នាំ ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់ គ្រូពេទ្យក្រាបទូលថា «ព្រះអង្គប្រឈួនថ្លើម កម្រមើលឲ្យសះជាណាស់ បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយ ទើបសះជា» ។  ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះ ក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពស់ពីមុនឲ្យចូលគាល់ ហើយទ្រង់ត្រាស់ថា «បើអ្នកទៅរកថ្លើមនាគឲ្យយើងបាន យើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនា» ។ លោកសេនាបតីនោះក្រាបទូលថា     សូមទទួលតាមបន្ទាល់ ទើបក្រាបថ្វាយបង្គំលាមកផ្ទះ ដល់ហើយប្រាប់ប្រពន្ធថា «ព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេច ត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹម» ប្រាប់រួចចូលដេកទៅ ។ បុរសព្រួយចិត្តពេកដេកមិនលក់សោះ គិតថា «ឱអញអើយ ! មុខជាស្លាប់ហើយគ្រានេះ មិនដឹងទៅសម្លាប់នាគឯណាបានទេ ប៉ុន្តែ ណ្ហើយចុះ ពស់ជាសម្លាញ់អញនោះវាធំណាស់ដែរ ខ្លួនប៉ុនដើមត្នោតទៅហើយ គេហៅថានាគ គួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេច ឲ្យតែបានរួចជីវិតអញ» គិតយល់យ៉ាងនេះហើយដេកទៅ, ព្រឹកឡើង ចេញពីផ្ទះទៅទាំងព្រហាមស្ងាត់តែម្នាក់ឯង  មិនឲ្យអ្នកណាឃើញ  ទៅដល់ទីព្រៃដែលពស់នៅ   ក៏ស្រែកហៅដូចមុន ។ ពស់ឮលូនមករកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការ ។ លោកសេនាបតីគិតថា «អញមិនហ៊ានសម្លាប់ពស់នេះទេ ព្រោះវាធំណាស់មុខជាអញមិនឈ្នះវាទេ វាលេបអញទាំងរស់ឥឡូវនេះក៏បាន ដូច្នេះគួរតែអញនិយាយសុំថ្លើមវាតាមត្រង់ទៅចុះ ក្រែងជួនជាវាអាណិត» រួចនិយាយប្រាប់ពស់អំពីរឿងស្ដេចប្រឈួន ប្រើឲ្យមករកថ្លើមពស់យកទៅធ្វើថ្នាំ ហើយអង្វរពស់ថា «សូមសម្លាញ់អាណិតជួយអញម្ដងទៀតចុះ  បើឯងមិនជួយទេ  មុខជាអញស្លាប់មិនខាន ឲ្យអញសុំថ្លើមឯងបន្តិច» ។ ពស់ឆ្លើយថា «ម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លើមបន្តិចចុះ កុំកាត់ធំពេកក្រែងខ្ញុំឈឺស្លាប់ ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូច ខ្ញុំសូមតបគុណម្ចាស់ពេលនេះ» ថារួចហាមាត់ចង្រ្គុង ។ លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបានបន្តិចចេញមកវិញភ្លាម ។ (អស់លោកអ្នកអាន ជ្រាបចិត្តពស់យ៉ាងណា នៅគ្រាដែលពស់ហាមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួន ជាពស់ខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វី ?) ។ លោកសេនាបតីបានថ្លើមពស់យកទៅថ្វាយស្ដេច ទូលថា ថ្លើមនាគ គ្រូពេទ្យយកថ្លើមពស់នោះផ្សំថ្នាំថ្វាយស្ដេចសោយ សះជាព្រះរោគមួយរំពេចទៅ ទើបទ្រង់លើកលោកសេនាបតីនោះឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញកេរ្តិ៍ឈ្មោះ ថាជាអ្នកមានឫទ្ធីខ្លាំងពូកែណាស់ ហ៊ានទៅសម្លាប់នាគយកថ្លើមបាន អ្នកនគរខ្លបខ្លាចគ្រប់គ្នា ។ ឯលោកសេនាបតីក៏ខំបិទបាំងរឿងពស់ជាសម្លាញ់ខ្លួននោះ មិនឲ្យលេចឮសោះឡើយ ។ លំដាប់ពីនោះមក ព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តក្នុងសិរីរាជសម្បត្តិបានប្រមាណ ២ ឆ្នាំ ព្រះរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើម ។ គ្រូពេទ្យក្រាបទូលថា «ព្រះអង្គទ្រង់ប្រឈួនព្រះរោគដដែល ព្រះរោគចាស់នោះរើឡើងវិញ ព្រោះកាលនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេក មិនល្មមនឹងកម្លាំងព្រះរោគ បើបានថ្លើមនាគច្រើនជាងមុនមកទៀត ទើបព្រះរោគជាដាច់ជ្រះស្រឡះ លែងរើឡើង វិញ»  ។ ព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាថា  «បើលោក ទៅរកថ្លើមនាគឲ្យបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀត ខ្ញុំនឹងតាំងលោកឲ្យធ្វើជាមហាឧបរាជ» ។  គ្រានោះ លោកអគ្គមហាសេនាឮព្រះរាជឱង្ការភ្លាម ក៏កើតលោភចេតនាខ្លាំងក្លាធំធាត់លើសដើម គិតថា «មុនដំបូង អញទ័លក្រណាស់ បានឆ្អែតព្រឹកខ្វះល្ងាច ឥឡូវអញមានធនធានចាយវាយមិនអស់ ទាំងយសសក្តិក៏ធំដាច់គេទៀត បើអញបានធ្វើជាមហាឧបរាជហើយ មិនយូរទេ មុខជាអញបានធ្វើព្រះមហាក្សត្រមិនខាន បើដូច្នេះ ត្រូវតែអញទៅសុំថ្លើមពស់សម្លាញ់អញម្ដងទៀត យកមកថ្វាយស្ដេច» គិតឃើញយ៉ាងនេះហើយក៏ទទួលយកអាសាតាមព្រះរាជឱង្ការ ក្រាបថ្វាយបង្គំលាចេញទៅ។ នៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះ បានថ្លែងប្រាប់ពស់សព្វគ្រប់តាមព្រះរាជតម្រាស់ហើយ អង្វរពស់សុំថ្លើមបន្តិចទៀត ។ ពស់នឹករលឹកឃើញឧបការគុណរបស់ម្ចាស់ កាលចិញ្ចឹមរក្សាពី តូច ក៏ឆ្លើយថា «សូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះ កុំអារយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់» ។  លោកអគ្គមហាសេនាត្រេកអរណាស់ នឹកសង្ឃឹមញញឹមក្នុងចិត្តថា អញមុខជាបានធ្វើមហាឧបរាជមិនខានឡើយ ទើបកាន់កាំបិតស្លាលូនចូលទៅអារថ្លើមពស់ បំណងអារឲ្យបានធំច្រើន បើទុកជាពស់ឈឺដល់ស្លាប់ ក៏ស្លាប់ទៅចុះ គ្មានចិត្តអាណិតអាសូរពស់បន្តិចសោះ ។ នៅពេលដែលលោកអគ្គមហាសេនាកំពុងតែអារថ្លើមនោះ ពស់ឈឺខ្លាំងណាស់ ខំអត់សង្កត់ទាល់តែស្រក់ទឹកភ្នែក រហូតដល់ភ្លេចនឹកថា ម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួនកំពុងតែអារថ្លើម ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងមាំ ដើម្បីខំទប់ទល់នឹងការឈឺចាប់ក្នុងថ្លើម មិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះ ។  មួយស្របក់ក្រោយមក ទើបពស់ភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួន ក៏រើខ្ជាក់មកក្រៅ នឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ ដោយគ្មានចេតនាប៉ុនប៉ងសម្លាប់ម្ចាស់សោះ ប្រុងតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជ ។ កន្លងពីនោះមកបានពីរថ្ងៃ ពស់ក្ស័យជីវិតទៅដែរ ដោយសារជម្ងឺដាច់ថ្លើមពាក់កណ្ដាល ។ ដល់មកទីបញ្ចប់រឿង  លោកអគ្គមហាសេនាក៏ស្លាប់  ពស់ធំក៏ស្លាប់ ។  ត្រង់នេះ  អស់លោកអ្នកអានសន្និដ្ឋានយ៉ាងណា ? លោកអគ្គមហាសេនាសម្លាប់ពស់ ឬក៏ពស់សម្លាប់លោកអគ្គមហាសេនា ? សូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផង ។បើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះ យល់ឃើញថា «មិនមែនលោកអគ្គមហាសេនាសម្លាប់ពស់ទេ, ឯពស់សោតទៀត ក៏មិនសម្លាប់លោកអគ្គមហាសេនាដែរ, តាមការពិត គឺសេចក្ដីល្មោភរបស់មនុស្សរមិលគុណទេតើ ដែលសម្លាប់ទាំងលោកអគ្គមហាសេនា សម្លាប់ទាំងពស់» ។ប៉ុន្តែដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះ ត្រឡប់ជាល្បីលេចឮទូទៅពេញស្រុកភូមិថា «ពស់នាគរាជលេបមន្រ្តីធំ» ទៅវិញ, មិនឮថា មន្រ្តីធំចូលទៅក្នុងពោះអារយកថ្លើមពស់នាគរាជទេ ។ ព្រោះអ្នកស្រុកមិនដឹងរឿងអាថ៌កំបាំងរបស់លោកអគ្គមហាសេនា និងពស់នោះសោះ ។ ហេតុនេះ បានជាអ្នកស្រុកនិយាយគ្នារត់មាត់ថា «ពស់លេបមន្រ្តីធំ» ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

ភ្លើងមិនចេះឆ្អែតនឹងការឆេះ

មហាសមុទ្រមិនចេះឆ្អែតនឹងទឹក

មនុស្សល្មោភមិនចេះឆ្អែតនឹងសម្បត្តិ ឬយសសក្តិ ។ 

* * *

 

រឿងព្រេងចៅល្ងង់សព្វជាតិ

មានរឿងមួយតំណាលថា មានចៅម្នាក់កើតនៅក្នុងត្រកូលអ្នកធុនល្មមមួយនៅទីជនបទ ។ ចៅនោះជាក្មេងល្ងង់ហួសពេកណាស់ ខាងផ្នែកបញ្ញាស្មារតី សូម្បីតែអ្វីៗដែលសាមញ្ញងាយស្រួលបំផុតក្ដី ក៏វាមិនអាចនឹកឃើញ ឬយល់បានដែរ ។ បើមានគេប្រាប់ពន្យល់អ្វីបន្តិចបន្តួច ចៅនេះ ចាប់បានតែមួយភ្លែតប៉ុណ្ណោះ រួចភ្លេចទៅវិញភ្លាម ។ ព្រោះហេតុដូច្នោះហើយទើបបានជាគេតែងហៅចៅនោះថា «អាល្ងង់សព្វជាតិ» ។ លុះចៅនោះមានវ័យវឌ្ឍនាការធំពេញរូបរាង កន្លងបានយូរទៅហើយកាលណាក្ដី ក៏គេគ្មានឃើញអ្វីថាជាការរីកចម្រើនដុះដាលខាងប្រាជ្ញាសោះ ។ នៅក្នុងដំណាក់កាលនោះ ចៅល្ងង់សព្វជាតិ ស្រាប់តែកើតចិត្តប្រតិព័ទ្ធលើស្រីៗ រហូតដល់សុំឲ្យម្ដាយឪពុកទៅស្ដីដណ្ដឹងកូនគេឲ្យ ។ ដោយលុះក្នុងក្ដីអាណិតអាសូរកូន ហើយមានគំនិតថា ទោះបីម្ដេចម្ដា ក៏ថ្ងៃមុខថ្ងៃក្រោយទៅ គេត្រូវតែទុកដាក់កូនចៅឲ្យមានគូស្រករ ទើបស្វាមីភរិយាទាំងពីរអង្គារសម្រេចគ្នាថា ត្រូវតែព្រមព្រៀងតាមបំណងរបស់កូន ។ ក្រោយពីនោះបន្តិចមក ម្ដាយឪពុកចៅល្ងង់សព្វជាតិ ក៏ទៅមើលកូនគេម្នាក់ នៅមិនឆ្ងាយប៉ុន្មានពីស្រុកភូមិរបស់ខ្លួនទេ ។ ចៅនោះក៏ទៅជាមួយផងដែរ ។ ការចូលចែចូវ ក៏ទៅជាត្រូវរ៉ូវគ្នានាពេលនោះតែម្ដង ។ ទាំងសងខាងបានព្រមព្រៀងគ្នាថា ៣ ខែទៀតនឹងភ្ជាប់ពាក្យ ទាំងលើកជំនូនមកជាមួយផង ហើយ ៣ ខែក្រោយមកទៀតនឹងរៀបការ ។ កម្មវិធីនោះ ត្រូវបានអនុវត្តដូចបានគ្រោងទុក ។ ពិធីរៀបអាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅអស់ ៣ ថ្ងៃ ៣ យប់ រួចហើយកូនប្រុសក៏នៅផ្ទះខាងស្រី ។ លុះចូលខែជាគម្រប់ទី ៣ បន្ទាប់ពីរៀបការមក ប្រពន្ធចៅល្ងង់សព្វជាតិ ក៏ឆ្លងទន្លេបានកូនមួយ ។ ចៅនោះសប្បាយចិត្តណាស់ ចៅខំប្រឹងថែទាំបម្រើប្រពន្ធសព្វបែបសព្វយ៉ាង រហូតដល់ប្រពន្ធអាំងភ្លើងរួចរាល់ស្រេចបាច់អស់ មិនឲ្យមានខ្វះចន្លោះត្រង់ណាបន្តិចសោះឡើយ ។ បានប៉ុន្មានថ្ងៃក្រោយមក ចៅល្ងង់សព្វជាតិ ជួនជាជួបសម្លាញ់គេម្នាក់ ។ សម្លាញ់នោះបានដឹងថា មិត្តរបស់គេទើបតែរៀបការបានបីខែ  ស្រាប់តែមានកូនដូច្នោះ  ក៏ពន្យល់ថា ៖ «នែ៎ សម្លាញ់ ! អញអាណិតឯងណាស់ ។ អញសុំប្រាប់ឯងឲ្យត្រង់ទៅចុះថា កូនហ្នឹងមិនមែនជាកូនរបស់ឯងទេ ព្រោះឯងទើបតែប្រសព្វគ្នាបាន ៣ ខែប៉ុណ្ណោះ ។ បើវាជាកូនរបស់ឯងនោះ លុះត្រាតែឯង និងប្រពន្ធរបស់ឯង បានគ្នាជាប្ដីប្រពន្ធយ៉ាងតិចណាស់ក៏ ៩ ខែដែរ ។ អញ្ចឹង មានតែប្រពន្ធឯងគេមានប្រុស មានសហាយមុនគេរៀបការជាមួយឯង» ។ កាលបើបានឮសម្លាញ់របស់ខ្លួននិយាយយ៉ាងនេះហើយ ចៅល្ងង់សព្វជាតិប្រឹងសួររឿងនេះបញ្ជាក់ម្ដងហើយម្ដងទៀត ។ លុះជឿជាក់ថាពិតជាដូច្នេះមែន ចៅនោះក៏អះអាងប្រាប់សម្លាញ់ថា ៖ «ចាំមើលទៅផ្ទះវិញអញរករឿងប្រពន្ធអញឲ្យណាណីម្ដង ច្បាស់ជាពិតអញ្ចឹងមែនហើយ ។ ចាំមើលណា៎ ! អញនឹងលែងវាចោល» ។  បន្ទាប់មក ចៅល្ងង់សព្វជាតិ ក៏ដើររលាំងរលះទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ទៅដល់ហើយ ចៅមិនបង្អង់ឲ្យយូរឡើយ ក៏ប្រញាប់លើកមូល-ហេតុដែលថាទើបនឹងបានគ្នាជាប្ដីប្រពន្ធតែ ៣ ខែ មិនទាន់បាន ៩ ខែផង ស្រាប់តែមានកូននោះមកបង្កជារឿង ឲ្យកើតជាជម្លោះនឹងអាលលែងលះគ្នា ។ រីឯនាងភរិយាគេជាស្រីឆ្លាត លុះឮប្ដីនិយាយត្រូវចំណុចខ្សោយរបស់ខ្លួន ហេតុតែនាងស្គាល់ចរិតរបស់ប្ដីច្បាស់ នាងក៏ប្រើកិរិយាម្ញ៉ិកម៉្ញក់ប្រញាប់និយាយល្បួងប្ដី ទាំងប្រើល្បិចផ្សំផងថា ៖ «ឪវាឯងកុំអាលជឿគេឲ្យហួសហេតុណា៎ ។ មនុស្សយើងមិនមែនសុទ្ធតែល្អជាមួយយើងទាំងអស់គ្នាទេ ។ មានមនុស្សខ្លះនិយាយចាក់រុកឲ្យយើងឈ្លោះគ្នា ឲ្យយើងបែកបាក់គ្នា ។ មនុស្សខ្លះទៀត    គេចេះជួយយកអាសារយើង    ចង់ឲ្យយើងរស់នៅជួបជុំគ្នាបានល្អ គេនោះទើបជាមនុស្សល្អ ។ យើងត្រូវសេពគប់តែជាមួយមនុស្សល្អទើបបានល្អ ។ ចំណែកឯរឿងដែលឪវាឯងលើកឡើងថា យើងភពប្រសព្វនៅជាមួយគ្នាជាប្ដីប្រពន្ធមិនទាន់បាន ៩ ខែនោះ វាមិនមែនជាការពិតទេណា៎ ! ។ ឥឡូវឪវាឯងចាំមើលណា៎ ចាំខ្ញុំរំឭកប្រាប់ឡើងវិញតាំងពីដើមមក ។ ឪវាឯងមិនមកដណ្ដឹងខ្ញុំបាន ៣ ខែ ទើបលើកជំនូន ? ហ៍ ! រាប់ម្រាមដៃខ្ញុំឲ្យគ្រប់ ៣ មើល៍ ! «ចៅល្ងង់សព្វជាតិ ក៏នឹកឃើញឡើងវិញថាពិតជាអញ្ចឹងមែន ។ ចៅក៏ចាប់រាប់ម្រាមដៃប្រពន្ធម្ដងមួយៗ រហូតដល់គ្រប់ ៣ រួចចំណាំទុក ។ នាងប្រពន្ធក៏បន្តទៅទៀតថា "លុះលើកជំនូនរួចហើយបាន ៣ ខែទៀត ទើបយើងរៀបការមែនឬទេ ? បើមែន ហ៍  !  រាប់ម្រាមដៃខ្ញុំថែម  ៣  ទៀតមក"»  ។ ចៅល្ងង់នឹកឃើញរឿងនោះថា  ពិតដូច្នោះមែន ក៏រាប់ម្រាមដៃប្រពន្ធថែម ៣ ទៀត រួចកាន់ជាប់ទុកជាចំណាំ ។ ជាចុងក្រោយបង្អស់ នាងប្រពន្ធក៏ប្រាប់ទៅទៀតថា «ក្រោយពីយើងរៀបការមកបាន ៣ ខែថែមទៀតណា៎  ទើបយើងបានកូន ។ នេះរាប់ម្រាមដៃខ្ញុំថែម ៣ ទៀតមក» ។ ចៅល្ងង់យើងក៏រាប់ដូចលើកមុន ។ ពេលនោះ នាងប្រពន្ធបានឱកាសហើយក៏និយាយទៅកាន់ប្ដីថា «ឥឡូវនេះ ឪវាឯងរាប់ម្រាមដៃខ្ញុំឡើងវិញមើល តើឃើញគ្រប់ ៩ ខែ ឬអត់ទេ ?» ។ ចៅល្ងង់សព្វជាតិ ក៏រាប់ម្រាមដៃប្រពន្ធតាំងពី ១ រហូតដល់ ៩ ឃើញគ្រប់ចំនួនជាប្រាកដមែន ទើបចៅនោះនឹកខឹងនឹងសម្លាញ់ថា មិនគួរអីមកនិយាយផ្ដេសផ្ដាសលេងអញ្ចឹងសោះ ។ ចៅនោះមិនចងពៀរអ្វីនឹងសម្លាញ់ទេ គ្រាន់តែទៅស្ដីបន្ទោសឲ្យបន្តិចបន្តួចដោយប្រការផ្សេងៗ តែប៉ុណ្ណោះ ។

ហេតុ និងផលជាគូគ្នា         សម្រាប់ត្រួតពិនិត្យ

បើហេតុ និងផលសមគ្នាពិត ជឿចុះកុំភិតភ័យខ្លាចខុស ។

សម្ដេចព្រះធម្មលិខិត ល្វី ឯម

* * *

 

រឿងពេទ្យ​សំណាង

ឃុនសុវត្ថិវេទី យូ-អ៊ុន រៀបរៀង

កាលកន្លងយូរមកហើយ មានបុរសម្នាក់ឈ្មោះ សំណាង ជាមនុស្សកំញ្រឪពុក មានតែម្តាយជាគម្រប់ពីរ នៅស្រុកបច្ចន្តគ្រាមក្នុងនគរបុរីរម្យ ជាអ្នកទ័លក្រទ្រព្យសម្បត្តិ ព្រមទាំងល្ងង់ខ្លៅមិនមានចំណេះវិជ្ជាអ្វីក្នុងខ្លួន សូម្បីតែអក្សរ និងលេខក៏មិនចេះផង។ ជីវិតនាយសំណាងប្រព្រឹត្តមកបាន ២០ ឆ្នាំប្លាយហើយ មិនដែលប្រទះសេចក្ដីសុខស្រួលម្ដងសោះ ជួបតែសេចក្ដីនឿយហត់ លុះតែខំប្រឹងរកបែកញើសដូចទឹក ទើបបានអាហារបរិភោគព្រឹកល្ងាច ឯសម្លៀកបំពាក់មានគ្រាន់តែបិទបាំកេរ្តិ៍ខ្មាស ថែមទាំងមានបំណះច្រើនជាន់ច្រើនពណ៌, មុខគួរឲ្យសង្វេគពេកណាស់ ។ មានកាលថ្ងៃមួយ នាយសំណាងមានវិតក្កខ្លាំង ជាហេតុនាំឲ្យទឹកមុខស្រពោនមិនក្លៀវក្លា ចេះតែអង្គុយសំកុក មិននិយាយស្ដីរកអ្នកណាឡើយ ។ ក្នុងខណៈនោះ មានតាចាស់ម្នាក់ មាននាម និងគោត្រមិនប្រាកដ ស្មាស្ពាយថង់យាម ដៃកាន់ឈើច្រត់ បានដើរមកជួបនឹងនាយសំណាងក៏សួរថា នែចៅ មុខខ្មៅក្រៀមក្រោះមិនស្រស់ស្រាយសោះ ទំនងជាមិនសប្បាយដោយហេតុអ្វីមួយឬចៅ ? សូមជម្រាបប្រសាសន៍លោកតា ខ្ញុំបាទព្រួយចិត្តជាខ្លាំង ។ ចៅព្រួយព្រោះរឿងហេតុអ្វី ? ។ បាទ, ព្រោះខ្ញុំបាទទាល់គំនិតមិនដឹងជានឹងគិតធ្វើរបរបែបណា គ្រាន់នឹងចិញ្ចឹមជីវិតឲ្យបានសុខស្រួល កុំឲ្យមានលំបាកដូចសព្វថ្ងៃនេះ ។ អាយុចៅបានប៉ុន្មានឆ្នាំហើយ កើតថ្ងៃអី ឆ្នាំអី ? ។ ជម្រាបប្រសាសន៍លោកតា ខ្ញុំបាទអាយុ ២៦ ឆ្នាំហើយ កើតថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំច ។ បានជាតាសួរដូច្នេះ ព្រោះតាបានស្តាប់ពាក្យចៅឯងមកគួរឲ្យអាណិតណាស់ តាចង់ពិគ្រោះមើល ជោគជតារាសីចៅឯង តើក្នុងមួយចប់ជីវិតរបស់ចៅប្រព្រឹត្តទៅបែបណា ។ បានលោកតាមើលឲ្យខ្ញុំបាទ អរគុណរកប្រៀបគ្មាន ។ តាចាស់បានយកលេខ ថ្ងៃ ខែ ឆ្នាំ និងអាយុរាសី មកពិនិត្យគន់គូរមើល សង្កេតតាមគម្ពីរវេទ ដែលចេះចាំមកសព្វគ្រប់ហើយ ទើបពិនិត្យមើលលក្ខណៈទ្រង់ទ្រាយរូបឆោមរបស់ចៅសំណាងមកផ្គូគ្នានឹងលេខថ្ងៃខែឆ្នាំ ហើយទាយថា នែចៅ ! ទំនាយចៅឯងថា នឹងបានសេចក្ដីសុខ  មានកេរ្តិ៍ឈ្មោះដោយសារវិជ្ជាមួយ ។  វិជ្ជាអ្វី ? លោកតា ! ។  វិជ្ជាពេទ្យផ្សំថ្នាំព្យាបាលរោគគ្រប់ជំពូកចៅ ! ។ ឱលោកតាអើយ ! ខ្ញុំបាទនឹងចេះផ្សំថ្នាំធ្វើជាគ្រូពេទ្យដូចម្តេចកើត បើខ្ញុំបាទខ្លៅម្ល៉េះ សូម្បីតែអក្សរលំនាំក៏ខ្ញុំបាទមិនចេះផង ។ តាចាស់ញញឹមហើយប្រាប់ថា មានមនុស្សច្រើននាក់ណាស់ចៅ ! ដែលមានទ្រព្យសម្បត្តិ ព្រមទាំងមានកេរ្តិ៍ឈ្មោះព្រោះតែវិជ្ជាផ្សំថ្នាំ គេក៏មិនចេះអក្សរដូចចៅដែរ ។ បើប្រាកដដូចលោកតាមានប្រសាសន៍មែន ខ្ញុំបាទអរណាស់ ។ បន្ទាប់មក តាចាស់លានាយសំណាងដើរហួសទៅ មិនដឹងជាទៅកាន់ទីណា ។ កាលតាចាស់នោះទៅបាត់ ចៅសំណាងអង្គុយទ្រឹងគិត ១ ស្របក់ ក៏ស្រាប់តែប្រែទឹកមុខថ្លាស្រស់ ដោយនឹកឃើញថា ឱលោកតានេះទាយហាក់ដូចជាបើកមុខវែកផ្លូវឲ្យអញធ្វើតាមឧបាយនោះហើយ ។ កាលកន្លងមកមិនយូរប៉ុន្មាន ចៅសំណាងទៅឯមាត់សមុទ្រ ដើររករើសឆ្អឹងត្រី, សម្បកលៀស, ស្នូកអណ្ដើក ស្នូកកន្ធាយ កុយ, ភ្លុក, ស្បែក, ស្នែង, របស់សត្វផ្សេង និងសំបុកឆ្កែញ៉ាំងជាដើម កាលត្រឡប់ពីមាត់សមុទ្រមកវិញ បានឡើងទៅកាន់ព្រៃភ្នំរកកាប់ដើម, ឫស, សម្បកនៃឈើវិសេសៗ ក្រៗ ដែលមិនមានរៀងអាយ និងវល្លិផ្សេងៗ ហើយយកមកតម្រៀបដាក់លក់កណ្ដាលផ្សារនៅស្រុកបច្ចន្ដគ្រាម ព្រមទាំងនិយាយបញ្ចុះបញ្ចូលមនុស្សទាំងពួងឲ្យជឿចូលចិត្តជាវថ្នាំយកទៅប្រើរម្ងាប់រោគទាំងពួង ។ រីឯពួកបុរសស្រ្ដីដែលមានភ័យព្រោះរោគគ្របសង្កត់រឹបជាន់រាងកាយ សឹងតែនាំគ្នាខ្វល់ខ្វាយចូលជាវឱសថអំពីនាយសំណាងគ្រប់ៗគ្នា ។ ចាប់ដើមពីថ្ងៃដែលនាយសំណាងតាំងថ្នាំលក់ អ្នកផងនាំគ្នាហៅថា "ពេទ្យសំណាងៗ" ជាប់រហូតរៀងមក ។ នៅឱកាសដែលពេទ្យសំណាងកំពុងផ្សាយថ្នាំឱសថ ពួកចៅ-ហ្វាយស្រុកគ្រប់តំបន់ក្នុងនគរបុរីរម្យ សឹងតែខំខ្វល់ខ្វាយចាត់ការឲ្យភ្នាក់ងារទីទៃៗ ទៅស៊ើបរកពេទ្យពូកែៗក្នុងតំបន់ដែលខ្លួនកាន់កាប់, លុះស៊ើបទៅឃើញមាន ក៏បញ្ជូនពេទ្យទាំងនោះទៅថ្វាយព្រះករុណាម្ចាស់ជីវិតនៃនគរបុរីរម្យ តាមព្រះរាជឱង្ការត្រាស់បង្គាប់ ។ ចំណែកឯពួករាស្រ្តអ្នកស្រុកបច្ចន្ដគ្រាម កាលមានពួកអ្នកភ្នាក់ងាររាជការស្រុកទៅស៊ើបរកពេទ្យពូកែ បានឆ្លើយដាក់ទៅលើពេទ្យសំណាងៗ ក៏មកសាលាស្រុក ខាងស្រុកប្រាប់ថា នែពេទ្យសំណាង ! អ្នកផងក្នុងស្រុកនេះនិយាយថាអ្នកឯងចេះផ្សំថ្នាំយ៉ាងចំណាន ចុះឯងដឹងទេ ? ឥឡូវនេះព្រះមហាក្សត្រ ដែលសោយរាជ្យនៅនគរយើងនេះ មានព្រះអាពាធរោគក្អករបេងទ្រង់បានឲ្យពួកពេទ្យនៅទីក្រុងទាំងអម្បាលម៉ានមកព្យាបាលរោគនោះហើយ តែមិនបានធូរស្រាកស្រាន្ដសោះ ទើបទ្រង់ចាត់ព្រះរាជឱង្ការបង្គាប់មកចៅហ្វាយស្រុកគ្រប់ស្រុកក្នុងព្រះនគរ   ឲ្យបញ្ជូនពេទ្យក្នុងស្រុកនីមួយៗ   ទៅមើលរោគព្រះអង្គ, ហេតុនេះ យើងនឹងបញ្ជូនអ្នកឯងឲ្យទៅមើលព្រះរោគស្ដេចនោះក្នុងកាលឥឡូវនេះ ។ បានឮថា ពេទ្យសំណាងនោះ ក៏កើតរោគក្អករបេងមកយូរឆ្នាំហើយដែរ តែរកថ្នាំមើលដោយខ្លួនឯងមិនជាសោះ កាលបានស្តាប់ពាក្យចៅហ្វាយស្រុកតម្រូវឲ្យទៅមើលរោគស្តេចដូច្នោះ ក៏ភិតភ័យជាខ្លាំង បានអង្វរទៅចៅហ្វាយស្រុកថា សូមលោកមេត្តាកុំបញ្ជូនខ្ញុំព្រះបាទទៅទាន ព្រោះខ្ញុំព្រះបាទគ្មានចេះផ្សំថ្នាំកែរោគបែបនោះទេ   ណាមួយខ្ញុំព្រះបាទក៏កើតរោគរបេងនោះដែរ  ខ្ញុំបាទនឹងទៅមើលថ្វាយស្តេចដូចម្តេចកើត ។ រីឯចៅហ្វាយស្រុកនោះ ជាអ្នកខ្លាចស្តេចណាស់ ដោយគិតឃើញថា បើមិនបានបញ្ជូនពេទ្យណាមួយទៅថ្វាយ ក្រែងស្តេចយកទោសថា ល្មើសនឹងព្រះរាជឱង្ការ តែនឹងរកពេទ្យដទៃក្នុងស្រុកនោះក្រៅពីពេទ្យសំណាងមិនបាន ទើបពុំព្រមទទួលពាក្យអង្វរ, ទោះបីពេទ្យសំណាងអង្វរយ៉ាងណា ក៏រឹងរឹតសំដែងអំណាចប្រើអាការបង្ខិតបង្ខំជាខ្លាំង ដរាបទាល់តែពេទ្យសំណាងលែងប្រកែក ព្រមទទួលទៅទាំងភិតភ័យ ។ ចៅហ្វាយស្រុកបានចាត់បម្រើម្នាក់ ឲ្យយករទេះ  ១   មកនាំពេទ្យសំណាងទៅថ្វាយស្តេចក្នុងពេលនោះភ្លាមឥតមានបង្អែបង្អង់ឡើយ ។ពេទ្យសំណាងជិះរទេះទៅអស់រយៈផ្លូវវែងឆ្ងាយ ក៏បានដល់ភ្នំមួយដែលតាំងនៅពាក់កណ្ដាលផ្លូវ បានដាក់រទេះឈប់រកទឹកផឹកក្បែរជើងភ្នំនោះ ។ ដោយការស្រេកទឹកពន់ពេក, តេជោធាតុក្នុងខ្លួនពេទ្យសំណាងក៏ឆេះដាលរោលរាលជាខ្លាំង ជាហេតុបណ្ដាលឲ្យរោគក្អករឹងរឹតតែខ្លាំងឡើងលើសដើមទៅទៀត ។ ជូនជាពេលនោះ ជារដូវខែប្រាំង សព្វទីភូមិភាគផែនដីក្បែរជើងភ្នំ សឹងតែរីងស្ងួតហួតហែងគោកខះអស់ ពុំមានទឹកដក់នៅបន្ដិចសោះឡើយ ពេទ្យសំណាងដើររកស្ទើរដាច់ខ្យល់ ពុំបានទឹកក្រេបសោះ ដើរទៅៗបានឃើញខ្ទមមួយ ដល់ដើរចូលទៅជិតឃើញមានបុរសស្រ្ដីប្តីប្រពន្ធនៅក្នុងខ្ទមនោះ ឯប្រពន្ធកំពុងលាងបន្លែច្រើនមុខក្នុងផើងមួយ  ដោយទឹកបន្ដិចហើយល្ងក់កខួរ ។ ពេទ្យសំណាងនិយាយសុំទឹកថា អឺអ្នក !  មានទឹកទទួលទានទេ  មេត្តាឲ្យខ្ញុំសុំទទួលទានបាន ១ ឆ្អែត ។ ស្រ្ដីនោះតបថា ឱលោកអើយ ! ខ្ញុំគ្មានទេ នៅទីនេះក្រទឹកណាស់, ខ្ញុំខំសម្រេងដងអំពីអណ្ដូងខាងត្បូងផ្ទះបានល្មមតែស្លដណ្ដាំ, នៅសល់បន្ដិចបន្ដួច ខ្ញុំយកមកលាងបន្លែនេះអស់ទៅហើយ ។ ពេទ្យសំណាងស្រេកទឹកខះកពេកទ្រាំអត់ពុំបាន ក៏សុំទឹកលាងបន្លែអំពីស្រ្ដីនោះមកផឹក រួចលាម្ចាស់ខ្ទមត្រឡប់មកឡើងជិះរទេះធ្វើដំណើរតទៅមុខទៀត ។ លុះពេទ្យសំណាងជិះរទេះទៅដល់ទីក្រុង ក៏បររទេះចូលទៅតាមថ្នល់ក្នុងក្រុង មើលឃើញថ្នល់ស្អាតៗខ្វាត់ខ្វែងជាក្រឡាចត្រង្គ ឃើញសសរគោមដាក់ចង្កៀងបំភ្លឺវេលាយប់ ភ្លឺរន្ទាលតាមដោយចិញ្ចើមថ្នល់ជាសង្កាត់ៗ ឃើញផ្ទះផ្សារធំៗ ខ្ពស់ៗ ច្រើនជាន់ល្វែងសង់ជាជួរៗតាមសងខាងថ្នល់នីមួយៗ នៅក្នុងផ្ទះផ្សារទាំងនោះ ឃើញសុទ្ធតែជាតិអ្នកនគរបុរីរម្យ បើកលក់ទំនិញគ្រប់មុខ, ទីខ្លះឃើញសួនផ្កា ដាំផ្កាលាយពណ៌ចម្រុះគ្នា វិចិត្រជាក្បាច់ផ្សេងៗគួរឲ្យរមឹលមើល ។ ពេទ្យសំណាងជិះរទេះគន់មើលបណ្ដើរ លុះបរទៅដល់ព្រះបរមរាជវាំង ឃើញកំពែងវែងសន្លឹម ធ្វើអំពីថ្មដ៏ខ្ពស់ព័ទ្ធជុំវិញជា ៤ ជ្រុង នៅជុំវិញកំពែងនោះ មានរោងទងដ៏ល្អវិចិត្រក្បាច់រចនាប្លែកៗ មើលទៅខាងក្នុងឃើញប្រាសាទជាច្រើនខ្ពស់ទទុងៗ ប្រក់សុទ្ធតែក្បឿងពណ៌ភ្លឺចិញ្ចែង  កំពូលព្រហ្មបួនមុខ  នៅទីក្បែរខាងប្រាសាទមួយៗ មានសួនផ្កាល្អត្រកាល ពេទ្យសំណាងឃើញហើយនឹកអស្ចារ្យស្ងើចស្ញប់ស្ញែង ខ្លាចឫទ្ធានុភាពស្តេចផែនដីដែលរៀបចំទីក្រុង និងព្រះរាជវាំងឲ្យរុងរឿងនេះជាអនេកកប្បការ ។ កាលពេទ្យសំណាងចុះពីរទេះ ដើរចូលទៅក្នុងព្រះបរមរាជវាំង  បានឃើញពួកពេទ្យដែលមកអំពីស្រុកក្រៅ  កំពុងតែផ្សំឱសថថ្វាយស្ដេច   តែស្ដេចសោយថ្នាំទាំងនោះទៅក៏ពុំបានជាព្រះរោគឡើយ ។ ក្នុងកាលមុននឹងចូលទៅគាល់ស្តេច ពេទ្យសំណាងព្រួយចិត្ត ឆ្លេឆ្លាគំនិតជាខ្លាំងណាស់ ដោយការស្រាវជ្រាវនឹករកថ្នាំនឹងយកមកប្រកបផ្សំថ្វាយស្ដេច ដើម្បីដោះ ទាល់ខ្លួន ព្រោះកាលចេញពីផ្ទះមកគ្មានដោយជាប់ថ្នាំបន្ដិចបន្ដួចមកផងទេ, ដើរបណ្ដើរនឹករកថ្នាំបណ្ដើរ, កំពុងតែដើរគិតៗ ស្រាប់តែភ្ញាក់ក្នុងចិត្តថា "យី ! អញមកតាមផ្លូវមិនបានពិនិត្យមើលរោគខ្លួនឯងផងសោះ ឥឡូវនេះ ក្នុងខ្លួនអញដូចជាបានធូរច្រើនណាស់ បាត់ក្អក បាត់ក្ដៅស្ទេញអស់ហើយ, ប្រហែលរោគក្នុងរូបអញនេះបានសះស្បើយដោយសារផឹកទឹកលាងបន្លែ ដែលសុំពីស្រីនៅជើងភ្នំនោះទេដឹង ? អញគួរមើលថ្វាយស្តេចតាមទំនងនេះចុះ" លុះគិតឃើញដូច្នេះហើយ ក៏ឲ្យគេនាំខ្លួនចូលទៅក្រាបបង្គំគាល់ស្ដេចៗ ទ្រង់មានព្រះរាជឱង្ការសួរថា "ពេទ្យសំណាង ! អ្នកឯងអាចមើលរោគយើងជាទេ ? បើមើលជា, យើងនឹងឲ្យរង្វាន់ជាច្រើន" ។ ពេទ្យសំណាងក្រាបទូលបង្គំទូលថា "សូមទ្រង់ព្រះមេត្តាប្រោស!ទូលបង្គំសូមមើលថ្វាយតាមបន្ទាល់តែ សូមទ្រង់ព្រះរាជទានបន្ទប់មួយដ៏ស្ងាត់និងមនុស្សបម្រើពីរនាក់ដើម្បី នឹងបានចាត់ចែងឱសថថ្វាយ" ។ ស្ដេចទ្រង់បានប្រទានតាមពាក្យសុំរបស់ពេទ្យសំណាងៗ បានហៅអ្នកបម្រើទាំងពីរ នាក់នោះឲ្យចូលទៅក្នុងបន្ទប់  ហើយបង្គាប់ឲ្យទៅរកបេះស្លឹក  ផ្លែឈើ   មើមឈើដែលគេស្លបរិភោគបានបន្ដិចៗ គ្រប់មុខអំពីស្រុកស្រែមកឲ្យ, កាលបានហើយ ក៏យកចូលទៅក្នុងបន្ទប់នោះ ហើយយកទឹកលាងក្នុងចានដែកមួយ ធ្វើទំនងឲ្យដូចស្រីលាងបន្លែដែលខ្លួនឃើញ រួចយកទឹកនោះទៅត្រងដោយសំពត់សស្អាត ហើយចាក់ទៅក្នុងកែវមួយនាំយកទៅថ្វាយស្ដេចៗ សោយទឹកឱសថអស់ ១ កែវនោះ ព្រះអាពាធក៏បានធូរសះស្បើយចាកព្រះអង្គ ។ ព្រះមហាក្សត្រាធិរាជ កាលបានជាព្រះរោគហើយ ទ្រង់សោមនស្សរីករាយ សប្បាយក្នុងព្រះរាជហឫទ័យជាខ្លាំង ទ្រង់បានធ្វើបដិការតបគុណពេទ្យសំណាង ឲ្យសមគួរដល់កិច្ចដែលគេបានស្រង់ជីវិតព្រះអង្គ គឺទ្រង់ប្រទានស្រីស្នំម្នាក់ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែលមានរូបឆោមល្អឆើត មានពូជពង្សខ្ពង់ខ្ពស់ឲ្យជាភរិយា, ទ្រង់ប្រទានខ្ញុំប្រុសខ្ញុំស្រីច្រើននាក់ និងមាសប្រាក់ច្រើនពាន់ ព្រមទាំងផ្ទះមួយដ៏មានប្រដាប់ប្រើប្រាស់ក្នុងនោះគ្រប់គ្រាន់ ហើយទ្រង់ប្រទានយសសក្ដិខ្ពង់ខ្ពស់ ទីងារជាឧកញ៉ាសំណាងមានភ័ព្វ ។ ពេទ្យសំណាង កាលបានទទួលព្រះរាជអំណោយដ៏ប្រសើរយ៉ាងនេះហើយ ក៏មានចិត្តត្រេកអរមហិមា បាននៅរួមវាសនាជាមួយនឹងនាងសុគន្ធជាសុខសប្បាយ ថ្ងៃក្រោយមកបានប្រើគេឲ្យទៅនាំមាតាយកមកនៅជាមួយឯទីក្រុងវិញ ។ តាំងពីថ្ងៃដែលព្រះរាជាទ្រង់សះស្បើយព្រះរោគ, កិត្តិសព្ទដ៏ពីរោះក៏លាន់ឮខ្ចរខ្ចាយពេញទាំងនគរថា ពេទ្យសំណាងមើលស្តេចជា។ មនុស្សទាំងឡាយជាអ្នកមានទុក្ខធុរៈដោយរោគផ្សេងៗ បាននាំគ្នាចូលទៅសុំជាវថ្នាំលោកសំណាងរាល់ថ្ងៃ ។ ឱសថណាដែលលោកសំណាងផ្សំឲ្យ ឱសថនោះពូកែស័ក្ដិសិទ្ធិអាចរម្ងាប់រោគបានដូចចិត្ត ។ លោកសំណាងបានជួបសេចក្ដីសុខបន្ដិចម្តងៗ តាំងពីថ្ងៃចេញលក់ថ្នាំ,រហូតមកដល់មានកេរ្តិ៍ឈ្មោះជាពេទ្យវិសេសរឹងរឹតមានសេចក្ដីសុខដ៏ធំទូលាយថែមទៀត គួរឲ្យអស្ចារ្យនឹងបុណ្យលោកដ៏ក្រៃលែង ។

រឿងដែលដំណាលមកនេះ បំភ្លឺបានទាំងពីរផ្លូវ គឺទាំងផ្លូវលោក និងផ្លូវធម៌ ដូចមានសេចក្ដីរួមជាពាក្យកាព្យតទៅនេះ ៖

បុណ្យភ័ព្វកំណប់ពីព្រេងនាយ         តែងឲ្យពណ្ណរាយនាលោកិយ

ដល់ជនជាប្រុសឬជាស្រី          ដែលខំឃ្មាតខ្មីកសាងទុក ។

ឃើញទេលោកសំណាងមានភ័ព្វ ល្បីឈ្មោះមានទ្រព្យគេរាប់មុខ

ផ្សំថ្នាំស័ក្តិសិទ្ធិឥតមានទុក្ខ         នេះគឺសាងសុខទុកពីមុន ។

មួយទៀតរឿងនេះសឲ្យយល់         ថាកុំឲ្យវល់ព្រោះគ្មានទុន

ប្រឹងតែធ្វើការកុំស្ករស្កុន        សុខសាន្ដទ្វេគុណគង់កើតមាន។

ហេតុនេះអស់សាធុជនអើយ        បើក្ដីក្រគ្របហើយត្រូវរិះធ្យាន

ប្រឹងប្រកបការឲ្យកើតបាន       ដូចពេទ្យចំណាននេះអឺអឺយ ។

 

ចប់រឿងព្រេង ពេទ្យសំណាង 

* * *

 

Flag Counter