ពុទ្ធសាសនបណ្ឌិត្យ

រឿងព្រេង ត្រីមាស

កាលពីព្រេងនាយ មានតាចាស់ និងយាយចាស់ ពីរនាក់ប្ដីប្រពន្ធជាអ្នកក្រីក្របំផុត បានសង់ខ្ទមមួយតូចនៅទៀបមាត់សមុទ្រ អស់កាលជាយូរចំនួន ៣៣ ឆ្នាំមកហើយ ។ តាចាស់នោះឯងតែងរកចិញ្ចឹមជីវិតដោយការនេសាទត្រី គឺបង់សំណាញ់ជាប្រក្រតី ។ ឯយាយចាស់ជាអ្នកប្រកបការកាប់ព្រាល កាប់ក្រចៅ យកមកលក់ដូរចិញ្ចឹមជីវិតជានិច្ចជាកាល ។ ថ្ងៃមួយ, តានេសាទពុនសំណាញ់ទៅបង់ត្រីនៅមាត់សមុទ្រ, លុះទាញសំណាញ់មកឃើញជាប់សុទ្ធតែភក់ ។ តានេសាទក៏រលាស់ចោលហើយបង់ជាគម្រប់ពីរ, ទាញមកឃើញជាប់សុទ្ធតែសារាយ ។ តានេសាទក៏បង់សំណាញ់ទៅជាគម្រប់បីទៀត, ដល់ទាញសំណាញ់មក ឃើញជាប់ត្រីសម្បុរមាសមួយ ។ វេលានោះឯង ត្រីមាសនិយាយអង្វរទៅតានេសាទនោះដោយភាសាមនុស្សថា ៖ លោកតា, មេត្តាលែងខ្ញុំទៅក្នុងទឹកសមុទ្រវិញទៅ, ខ្ញុំនឹងជូនរបស់ដែលមានតម្លៃជាទីគាប់ចិត្តលោកតា ។ តានេសាទក៏ភាន់ភាំងហើយខ្លាចផង ដោយនឹកថា « អញបានរកស៊ីដោយការនេសាទត្រីនេះ  ចំនួន  ៣៣   ឆ្នាំមកហើយ   មិនដែលប្រទះឃើញត្រីចេះនិយាយដូច្នេះសោះ » ។ តានេសាទក៏លែងត្រីមាសទៅក្នុងសមុទ្រវិញ ហើយនិយាយនឹងត្រីថា ៖ត្រីមាស ! សូមឲ្យទេវតារក្សាឯងដោយល្អចុះ, ហើយខ្ញុំក៏មិនត្រូវការទទួលយកវត្ថុអ្វីជាបំណាច់អំពីឯងវិញឡើយ ។ ចូរឯងហែលលេងក្នុងទឹកសមុទ្រតាមសប្បាយចុះ ។ យាយ, ថ្ងៃនេះបងទៅបង់សំណាញ់ បានត្រីមាសមួយ ហើយត្រីនោះមិនដូចជាត្រីធម្មតាឡើយ គឺវាចេះនិយាយដូចជាមនុស្សយើង ហើយត្រីនោះឯងអង្វរបងឲ្យបងលែងវាទៅក្នុងទឹកសមុទ្រវិញ វានឹងឲ្យរបស់ដ៏មានតម្លៃដល់បងតាមតែបងចង់បាន តែបងខ្លាចមិនហ៊ានទទួលយកគ្រឿងបណ្ណាការអ្វីមួយឡើយ ហើយបងក៏លែងត្រីនោះទៅក្នុងសមុទ្រវិញទៅ ។ យាយចាស់ជាភរិយា   បានឮប្ដីនិយាយដូច្នោះហើយ  ក៏ជេរទៅប្ដីថា ៖ នែតាចាស់ ល្មេញល្មើ,  ម៉េចក៏តាឯងមិនទារយករបស់អ្វីមួយអំពីត្រី ! ទុកជាយ៉ាងណា ក៏គួរតែទទួលយកថាំងឈើមួយគូគ្រាន់នឹងដងទឹកចុះអេះ ព្រោះរបស់យើងវាបាក់បែកអស់ទៅហើយ តានេសាទក៏ត្រឡប់ទៅកាន់សមុទ្រវិញ ហើយចុះដើររកមើលត្រីមាស វេលានោះទឹកសមុទ្រ កើតមានរលកយ៉ាងស្រាលៗ, ហើយតានេសាទក៏ស្រែកហៅទៅត្រីមាស, ឯត្រីមាសក៏ហែលមកជិត ហើយសួរគាត់ថា ៖ លោកតា មានការអ្វីមករកខ្ញុំនេះ  ? តានេសាទក៏តបទៅកាន់ត្រីមាស ដោយសេចក្ដីគោរពថា ៖ ឱអ្នកម្ចាស់ថ្លៃត្រីអើយ,     ប្រពន្ធខ្ញុំខឹងនឹងខ្ញុំដោយហេតុមិនទទួលយករបស់អ្វីមួយពីអ្នក, ឥឡូវនេះគេឲ្យខ្ញុំមកសុំថាំងថ្មីមួយសម្រាប់ពីអ្នក ដើម្បីយកទៅដងទឹក ដ្បិតថាំងខ្ញុំវាបាក់បែកអស់ទៅហើយ ។ ត្រីមាសតបទៅតានេសាទថា ៖ លោកតា កុំបារម្ភឲ្យសោះ, ចូរតាត្រឡប់ទៅផ្ទះវិញចុះ ទេវតានឹងទំនុកបម្រុងដល់តាឯងៗនឹងបានថាំងថ្មីនោះជាប្រាកដ ។ តានេសាទត្រឡប់មកផ្ទះវិញ ឯយាយចាស់ក៏បានថាំងថ្មីមួយសម្រាប់, តែយាយចាស់មិនពេញចិត្តឡើយ ត្រឡប់ជាគំហកឲ្យប្ដីវិញថា ៖ តាចាស់ល្ងីល្ងើ តាឯងផ្ដេសផ្ដាសណាស់, ម៉េចក៏ទៅសុំឯថាំងឈើ, របស់នេះល្អឬ ? តាឯងចូរត្រឡប់ទៅរកត្រីម្ដងទៀត ហើយសុំផ្ទះមួយវិញ ដ្បិតយើងគ្មានផ្ទះល្អនៅទេ ។ តានេសាទក៏ត្រឡប់ទៅសមុទ្រវិញ, ទឹកសមុទ្រក៏ត្រឡប់ជាល្អក់បន្តិចៗ, ហើយគាត់ស្រែកហៅទៅត្រីមាសៗ ក៏ហែលមកជិតហើយសួរថា៖  តាមករកខ្ញុំដោយមានការអ្វីទៀត ?តនេសាទតបដោយគោរពថា ៖ ឱ ! អ្នកម្ចាស់ថ្លៃអើយ, ប្រពន្ធខ្ញុំវារឹតតែកិនខ្ញុំខ្លាំងឡើងទៀត, វាឲ្យខ្ញុំមកសុំផ្ទះអ្នកមួយ ។ ត្រីមាសតបថា ៖ តាកុំព្រួយ, ចូរតាត្រឡប់ទៅផ្ទះតាឯងវិញចុះ តានឹងបានផ្ទះមួយតាមតាសុំជាប្រាកដ ។ តានេសាទក៏ត្រឡប់មកកាន់គេហដ្ឋានខ្លួនវិញ ស្រាប់តែបាត់ខ្ទមនោះទៅ ឃើញឯផ្ទះមួយយ៉ាងល្អរុងរឿងផុសឡើងនៅពីមុខគាត់ មានបន្ទប់ខ្វាត់ខ្វែងយ៉ាងធំទូលាយ មានផ្ទះបាយ និងបង្អួចទ្វារជាជួររាងរាយដែលសាងអំពីឥដ្ឋបាយអ, ឯយាយចាស់នោះអង្គុយនៅទៀបបង្អួចមួយ ហើយស្រែកជេរមកតានេសាទជាប្ដីវិញថា ៖ នែតាគម្រក់ដូចជាតិរច្ឆាន, តាឯងទៅសុំឯផ្ទះផ្ដេសផ្ដាសយ៉ាងនេះ មិនពេញចិត្តអញទេ ! តាឯងចូរត្រឡប់ទៅសុំត្រីម្ដងទៀតថា យើងមិនចង់បានភាពជាស្រីអ្នកស្រែចម្ការសាមញ្ញដូច្នេះទេ, យើងចង់បានទៅជាស្រីមួយដែលប្រកបដោយរូបសម្បត្តិ មានត្រកូលស្ដុកស្ដម្ភវិញ ។ តានេសាទក៏ត្រឡប់ទៅរកមាសទៀត,    ឯទឹកសមុទ្រក៏រឹតតែល្អក់ក្រៃលែង តាចាស់ក៏ស្រែកហៅទៅត្រីមាសៗក៏ហែលមកជិតហើយសួរថា៖ លោកតាមកធ្វើអ្វីនៅទីនេះ ? តាចាស់តបដោយគោរពថា ៖ ឱ ! អ្នកម្ចាស់ថ្លៃត្រីអើយ, សូមអ្នកអត់ទោសខ្ញុំ, ប្រពន្ធខ្ញុំគេនៅតែខឹងនឹងខ្ញុំជានិច្ច វាមិនឲ្យខ្ញុំឈប់បានមួយដង្ហើមសោះ, ឥឡូវនេះវាថា វាមិនចង់នៅជាសភាពស្រីអ្នកស្រែចម្ការដូច្នោះទេ វាចង់បានទៅជាស្រីអ្នកមានត្រកូលខ្ពង់ខ្ពស់ស្ដុកស្ដម្ភវិញ ។ ត្រីមាសតបថា ៖ បើប៉ុណ្ណោះទេ ចូរតាកុំព្រួយ, ចូរតាត្រឡប់ទៅផ្ទះវិញចុះ ទេវតានឹងជួយតាឯងឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ។ តានេសាទក៏ត្រឡប់មកផ្ទះខ្លួនវិញ ស្រាប់តែឃើញប្រាសាទមួយយ៉ាងធំខ្ពស់ ឃើញយាយចាស់នោះអង្គុយក្នុងល្វែងប្រាសាទខាងក្រៅ ហើយមានសម្លៀកបំពាក់សុទ្ធសឹងតែរបស់មានតម្លៃ, នៅក្បាលមានពាក់កញ្ចាំង ដែលដាំរំលេចដោយពេជ្រ មានពាក់ខ្សែកពេជ្រជាច្រើនខ្សែ, ម្រាមដៃទាំងអស់សឹងពាក់ដោយចិញ្ចៀនមាសដាំពេជ្រ, ពាក់ស្បែកជើងក្រហម ។ នៅជុំវិញខ្លួនយាយចាស់នោះ មានមនុស្សនៅចាំបម្រើណែន ណាន់តាន់តាប់, គាត់វាយគាត់ធាក់មនុស្សបម្រើទាំងអម្បាលនោះដោយឥតមេត្តា ។ តានេសាទឃើញដូច្នោះ ក៏និយាយទៅកាន់ភរិយាថា ៖ ជម្រាបសួរអ្នកស្រី, ឥឡូវនេះចិត្តអ្នកស្រីយ៉ាងណា ល្មមស្កប់ស្កល់ហើយឬនៅ បើបានដល់ទីប៉ុណ្ណេះហើយ  ? យាយចាស់អប្រិយគំហកឲ្យតានេសាទជាប្ដី ហើយក៏ឲ្យគាត់ទៅធ្វើការឯរោងសេះទៅ ។ លុះកន្លងទៅបានប្រមាណ ២ អាទិត្យ, យាយចាស់នោះមានសេចក្ដីលោភកើតឡើងទៀត ទើបឲ្យបម្រើទៅហៅតានេសាទមក ហើយបង្គាប់ថា ៖ តាអើយ, តាឯងចូរទៅរកត្រីមាសម្ដងទៀត ហើយសុំថា អញមិនចង់បានភាពជាស្រីអ្នកមានត្រកូលស្ដុកស្ដម្ភត្រឹមប៉ុណ្ណេះទេ, អញចង់បានទៅជាស្ដេចស្រី ដែលប្រកបដោយឫទ្ធានុភាពយ៉ាងល្បីល្បាញទូទៅទាំងទ្វីបនោះវិញ ។ តាចាស់មានសេចក្ដីខ្លាច ហើយអង្វរថា ៖ ឱ ! អ្នកម្ចាស់ថ្លៃអើយ, ចុះឯងកើតមកពីជាតិអ្វី បានជាហាស្ដីនិយាយឡើងគ្មានចេះខ្មាសអ្នកស្រុក គ្មាននគរបន្តិចសោះនេះ ? បាននេះហើយចង់បាននោះទៀត មិនចេះស្កប់ស្កល់ ! ។ យាយចាស់រឹងរឹតតែខឹង ហើយគំរាមទៅតានេសាទថា ៖ តាឯងខ្លាចអ្វី, បានជាហ៊ានមកឈ្លោះប្រកែកតបតនឹងអញជាស្រីមានត្រកូលខ្ពស់ដូច្នេះវិញ ? នែតា ចូរទៅឯសមុទ្រប្រញាប់,  បើតាឯងមិនទៅទេ, អញនឹងបង្ខំតាឯងដោយអាជ្ញាឥឡូវនេះ ។ តានេសាទកម្សត់ មានសេចក្ដីខ្លាចភរិយាខ្លួន ក៏ត្រឡប់ទៅកាន់សមុទ្រទៀត ។ ក្នុងគ្រានេះទឹកសមុទ្របណ្ដាជាពណ៌ខ្មៅ, តានេសាទស្រែកហៅទៅត្រីមាសៗក៏ហែលមកជិត ហើយសួរថា ៖ តាមករកអ្វីនៅទីនេះ ? តានេសាទក៏តបទៅកាន់ត្រីមាសដោយគោរពថា ៖ អ្នកម្ចាស់ថ្លៃត្រីអើយ, សូមអ្នកអត់ទោសខ្ញុំចុះ ព្រោះភរិយាខ្ញុំវាវង្វេងទៅហើយ វាថាមិនចង់បានជាភាពស្រីមានត្រកូលខ្ពស់ប៉ុណ្ណេះទេ, វាចង់ឲ្យបានទៅជាស្ដេចស្រីដ៏ធំលើសលុបគេទាំងអស់វិញ វាឲ្យខ្ញុំមកសុំអ្នកទៀត ។ ត្រីមាសតបទៅតានេសាទថា ៖ តាកុំព្រួយ ចូរតាត្រឡប់ទៅផ្ទះវិញចុះ ទេវតានឹងទំនុកបម្រុងដល់តាឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ។ វេលានោះឯងយាយចាស់អបល័ក្ខណ៍, ប្រែភេទជាស្ដេចស្រីដូចសេចក្ដីប្រាថ្នា ។ ឯតានេសាទត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញមានព្រះរាជវាំងផុសអំពីមុខគាត់ ឃើញយាយចាស់ទៅជាស្ដេចស្រីអង្គុយនៅក្នុងព្រះរាជវាំងនោះឯង, មានបរិវារប្រុសស្រីចោមរោមគាល់ហ្វៅ ហើយមនុស្សទាំងនោះ សឹងដឹកស្រាដែលនាំមកអំពីនានាប្រទេសយកមកថ្វាយ, ហើយស្ដេចស្រីនោះបរិភោគនំប៉័ង ដែលប្រកបដោយគ្រឿងទេសមានរសឈ្ងុយឈ្ងប់ ។ តានេសាទនិម្មិតតែបានឃើញសភាពដូច្នោះហើយ ក៏ញ័ររន្ធត់ស្លុតក្នុងចិត្ត លុតជង្គង់នៅមុខស្ដេចស្រីជាភរិយាថ្វាយបង្គំ ហើយសួរថា ៖ សូមថ្វាយបង្គំស្ដេចស្រីកំណាច ! ឥឡូវនេះ  ព្រះនាងសព្វព្រះរាជហឫទ័យនឹងសម្បត្តិប៉ុណ្ណេះហើយឬនៅ  ? ស្ដេចស្រី  ( យាយចាស់ )  ឥតរមិលមើលមកតានេសាទជាប្ដីដល់តិចសោះ សូម្បីមួយប៉ប្រិចភ្នែកក៏គ្មាន ហើយត្រឡប់ជាបណ្ដេញតានេសាទនោះវិញ ។ ពួកបរិវារ និងអាមាត្យនាំគ្នាចាប់ស្មាតានេសាទច្រានចេញមកទ្វារខាងក្រៅ, ក្រុមរក្សាព្រះអង្គក៏ស្ទុះទៅគំរាមគាត់ មានអាការហាក់ដូចជានឹងប្រហារឲ្យដាច់ជាកំណាត់តូច - ធំ, ចំណែកឯបណ្ដាជនក៏ចំអកផ្ទញ់ផ្ទាល់តានេសាទថា ៖ នែតាចាស់ចោលម្សៀត, យ៉ាងនេះហើយវាសមនឹងអំពើតាឯង ! តាឯងគ្មានដឹងខ្យល់អ្វី, ហ៊ានលើកខ្លួនទៅផ្ទឹមនឹងមហាក្សត្រី នេះជាការគួររបស់តាឯងឬ ? តានេសាទភិតភ័យណាស់ ក៏រត់ចេញអំពីនោះទៅ ។ មិនយូរប៉ុន្មានកន្លងទៅប្រមាណ ២ អាទិត្យតមកទៀត, ស្ដេចស្រីក៏កើតលោភចិត្តឡើងទៀត ទើបចាត់រាជបម្រើឲ្យដើរទៅតាមរកតានេសាទជាប្ដី, លុះរកឃើញហើយ ក៏បាននាំយកខ្លួនតានេសាទនោះមកថ្វាយ, ឯស្ដេចស្រីនោះបង្គាប់ទៅរកតានេសាទថា ៖ ចូរតាឯងទៅរកត្រីនោះទៀត ហើយនិយាយសុំថា អញមិនចង់បានជាស្ដេចស្រីដូច្នេះទេ, អញចង់បានទៅជាស្ដេចស្រីជាម្ចាស់លើសមុទ្រវិញ ដើម្បីទៅនៅត្រួតត្រាក្នុងមហាសមុទ្រ ត្រាតែបានត្រីមាសនោះមកនៅបម្រើអញតាមតែសេចក្ដីដែលអញត្រូវការតែម្ដង តានេសាទមិនហ៊ានប្រកែក ក៏ទៅកាន់សមុទ្រ, ទឹកសមុទ្រនោះប្រែពណ៌ខ្មៅ មានព្យុះ និងរលកបោកបែកផ្កាត្រែង, តានេសាទស្រែកហៅទៅត្រីមាសដូចមុនទៀត ឯត្រីមាសក៏ហែលមកជិត ហើយសួរថា ៖ នែលោកតាកម្សត់, ចុះតាមករកអ្វីទៀត ? តានេសាទតបទៅកាន់ត្រីដោយគោរពថា ៖ ឱ ! អ្នកម្ចាស់ថ្លៃត្រីអើយ, តាមតែអ្នកអត់ទោសខ្ញុំចុះ, ខ្លួនខ្ញុំពុំដឹងបើនឹងប្រព្រឹត្តទៅយ៉ាងណាទៀតទេ, ព្រោះអកុសលរបស់ខ្ញុំហើយ, អ្នកមើលចុះ ឥឡូវស្ដេចស្រីភរិយាខ្ញុំ វាមិនចង់បានជាស្ដេចស្រីដូច្នោះទេ, វាចង់ធ្វើជាស្ដេចស្រី មកសោយរាជសម្បត្តិនៅក្នុងមហាសមុទ្រនេះវិញ ដើម្បីឲ្យអ្នកបម្រើវាតាមតែវានឹកត្រូវការ ។ ត្រីមាសមិនបានពោលពាក្យតបទៅតានេសាទឡើយ ហើយបក់កន្ទុយដាំក្បាលចុះមុជទៅក្នុងសមុទ្រជ្រៅបាត់ទៅ ។ តានេសាទក៏ចេះតែនៅរង់ចាំត្រី ក្រែងត្រឡប់មកវិញនឹងបានទទួលពាក្យតបដូចគ្រាមុនៗ , ឯត្រីក៏បាត់មិនឃើញមកវិញសោះ តាចាស់អស់កម្លាំងណាស់ក៏ត្រឡប់មកផ្ទះវិញ ។ ម្ដងនេះ តានេសាទបានឃើញខ្ទមតូចកញ្ចាស់ ហើយឃើញយាយចាស់ជាភរិយាអង្គុយនៅទៀបថាំងឈើកំបែកដូចកាលមុន ។ គតិរឿងនេះ

រឿងនេះឯងចែងឲ្យឃើញថាជនណា

មានតណ្ហាក្លាខ្លាំងក្រៃមិនចេះស្កប់

ជននោះឯងតែងបានផលផ្ដល់ត្រឡប់

ជាទុក្ខលន់លើសកាលមានពីមុននោះ ។

សុភាសិតបុរាណពិតមានពោលទុក

ជាទំនុកថា « លោភពេក វាបែកពោះ »

ជាឱវាទបណ្ឌិតជាតិមានសង្រ្គោះ

ហាមដោយស្មោះកុំឲ្យយើងឡើងភ្លេចខ្លួន ។

យូរ – អ៊ុន 

 

រឿងព្រេង អាខិល អាខូច

មានបុរសពីរនាក់ អាម្នាក់ខិល អាម្នាក់ខូច តែអាទាំងពីរនាក់នេះមានប្រាជ្ញាស្មើគ្នា អាខិលតាំងធ្វើកាំបិត ១ តូចខ្លី ហើយដាក់ដងធំ ធ្វើស្រោមនោះវែងប្រវែងស្រោមដាវ ហើយស្ពាយដើរទៅ អាខូចនោះតាំងយកដីខ្សាច់នោះញាត់ពេញពាង ហើយយកប្រហុកទៅពាសស្ដើងពីខាងលើហើយលីដើរទៅ អ្នកទាំងពីរលីទៅស្ពាយមកប្រទះគ្នាកណ្ដាលផ្លូវ ទើបអាខិលក្រឡេកឃើញអាខូចតាំងសួរទៅថា ចុះអ្នកលីអ្វី អាខូចឆ្លើយថា ខ្ញុំលីពាងប្រហុក អាខូចសួរទៅអាខិលវិញថា ចុះអ្នកស្ពាយអ្វី អាខិលឆ្លើយថា ខ្ញុំស្ពាយដាវ អាខិលសួរទៅអាខូចថា អ្នកចង់ដូរដាវនឹងប្រហុកនេះទេ អាខូចថា ដូរក៏ដូរ អ្នកទាំងពីរក៏ព្រមសុខចិត្តដូរទៅវិញទៅមក ហើយមានសេចក្ដីអំណរស្មើគ្នា អាខិលនឹកថា ដាវអញតូចមួយដូរបានប្រហុក ១ ពាង ឯអាខូចនឹកថា ប្រហុកអញសុទ្ធតែដីខ្សាច់មានតែប្រហុកស្ដើងបន្តិច  ឥឡូវដូរបានដាវមួយនេះវែងយ៉ាងចំណាប់  ។  ប៉ុន្តែអាម្ចាស់ដាវចង់កកាយប្រហុក តែខ្លាចក្រែងគេហូតដាវខ្លួនមើលវិញ អាម្ចាស់ប្រហុកចង់ហូតដាវមើល     តែខ្លាចក្រែងគេកកាយប្រហុកខ្លួនមើលវិញ អាទាំងពីរនាក់គិតដូច្នោះហើយ ក៏ដើរឆ្ងាយពីគ្នាចេញទៅ លុះទៅឆ្ងាយ អាម្ចាស់ដាវកកាយប្រហុកនោះមើល ហើយអស់សំណើចថា អានេះប្រាជ្ញាដូចអញដែរ ទើបម្ចាស់ប្រហុកហូតដាវមើលឃើញតែកូនកាំបិតតូច ១ ហើយសើចថា អានេះប្រាជ្ញាដូចអញដែរ អ្នកទាំងពីរប្រាជ្ញាស្មើគ្នា រួចក៏នាំគ្នាដើរទៅផ្ទះរៀងខ្លួន ។

 

Flag Counter