ពុទ្ធសាសនបណ្ឌិត្យ

រឿងព្រេង នាងនាយចង្ក្រាន

កាលណោះ មានមហាសេដ្ឋីម្នាក់ពោះម៉ាយ បានរៀបការជាលើកទីពីរជាមួយនឹងស្រីម្នាក់ដ៏ល្អឯកធ្វើជាភរិយា ។ នាងនោះមានកូនស្រីពីរនាក់មានមុខដូចគ្នាបេះបិទ ។ ចំណែកលោកសេដ្ឋីមានកូនស្រីដើមម្នាក់ ដែលមានលក្ខណៈសុភាពរាបសារ ហើយស្រឡាញ់ម្ដាយចុងដូចជាម្ដាយខ្លួនបង្កើត ។ ប៉ុន្តែ នាងម្ដាយចុងដែលជាអសប្បុរស ក៏តែងច្រណែនធ្វើបាបនាងកូនដើមជាអនេក ។ ហើយបានដាក់កម្រិតឲ្យបំពេញមុខការគ្រប់ជំពូកនៅក្នុងផ្ទះ គឺឲ្យជូតក្ដារ លាងចាន បោកអ៊ុតខោអាវ ជូតសំអាតបន្ទាប់ខ្លួន និងកូនសំណព្វទាំងពីរ ហើយចាត់ឲ្យនាងដេកនៅតែក្នុងជង្រុកលើចំបើងដ៏ស្កៀបរមាស់ ។ នាងកញ្ញានេះមានទុក្ខគ្រាំគ្រាក្នុងខ្លួនតែឯកឯង នាងពុំហានជម្រាបលោកបិតា ឡើយ ដោយមានសេចក្ដីកោតក្រែងដល់ម្ដាយចុង ។ ពេលធ្វើការ នាងកញ្ញាតែងនៅពួនធ្វើតែម្នាក់ឯងក្នុងផ្ទះបាយ ។ ហេតុដូច្នោះហើយ ទើបនាងបុត្រីច្បងបានសន្មតហៅចំអកថា នាងកញ្ជះចង្រ្កាន ។ ប៉ុន្តែនាងបន្ទាប់ហៅថា នាងនាយចង្រ្កាន ។ ពិតមែនតែនាងមានសម្លៀកបំពាក់ពុំគប្បី គង់នាងនៅល្អឆើតជាងបងជាបុត្រីម្ដាយចុងទាំងពីរ ។

សម័យមួយ ព្រះរាជបុត្រព្រះចៅសោយរាជ្យ បានប្រកាសអញ្ជើញអស់ពពួកកញ្ញាទាំងឡាយដែលជាបុត្រីមហាសេដ្ឋី និងនាម៉ឺនធំតូចទាំងឡាយចូលមករាំកម្សាន្តនៅក្នុងព្រះរាជដំណាក់ ។ នាងកញ្ញាបុត្រីចុងរបស់មហាសេដ្ឋីក៏ត្រូវគេអញ្ជើញទៅដែរ ព្រោះនាងទាំងពីរនេះ មានឈ្មោះល្បីឯកក្នុងនគរ ។ នាងទាំងពីរក៏បានប្រុងប្រៀបសម្លៀកបំពាក់យ៉ាងល្អទុកជាមុនស្រេច ។ លំដាប់នោះហើយ ដែលនាងនាយចង្រ្កានត្រូវទទួលងារអ៊ុតសំអាតសម្លៀកបំពាក់ឲ្យបង ។ មាតាបានប្រើឲ្យគេអញ្ជើញជាងមកកាត់បូរសក់ឲ្យបុត្រីទាំងពីរ និងតែងខ្លួនតាមសម័យ ។ ពេលនោះបងទាំងពីរក៏បានប្រាប់សេចក្ដីអំពាវនាវរបស់ព្រះអង្គម្ចាស់ ដល់នាងនាយចង្រ្កាន ហើយក៏បានអនុញ្ញាតឲ្យនាងកាត់សក់កន្ទ្រើងនោះចោលចេញជា មួយផង ។  កំពុងកាត់  នាងបងទាំងពីរក៏និយាយចំអកទៅថា  "យើមេនាយចង្រ្កាន តែងខ្លួនទៅព្រះរាជដំណាក់មហោស្រពដែរ ! ហ៎ យ៉ាងណាទៅ បើគេឃើញស្រីកញ្ជះចង្រ្កាន មកច្របូកក្នុងហ្វូងអ្នកមានមុខមាត់ធំៗយ៉ាងនេះ !” ។ នាងនាយចង្រ្កាននឹកខ្មាសសំដីបងណាស់ ប៉ុន្តែនាងពុំមានតបដោយកំហឹងសោះ  នាងគ្រាន់តែអង្វរថា  "សូមបងកុំចំអកឲ្យខ្ញុំ"  តែប៉ុណ្ណេះ ។ នាងទាំងពីរដោយសេចក្ដីអំនួតដ៏ក្រៃលែង ក៏ភ្លេចភ្លាំងអាហារម្ហូបចំណីអស់ពីរថ្ងៃ ។ រាល់ពេល គេឃើញនាងទាំងពីរអង្គុយឆ្លុះកញ្ចក់មួយម្នាក់តាក់តែងខ្លួន ។ ដល់កាលបរិច្ឆេទ នាងទាំងពីរក៏បានបណ្ដើរគ្នាយ៉ាងប្រិមប្រិយទៅទីប្រជុំនោះ ចំណែកនាងនាយចង្រ្កានដែលមានសេច- ក្ដីអន្ទះអន្ទែងចង់ទៅជាខ្លាំង ក៏ខំដើរតាមមើលបងរហូតដល់ផុតកន្ទុយភ្នែក ។ មានចំណង់ណាស់ នាងក៏ទៅជាស្រែកយំ នឹកតូចចិត្តតែខ្លួនឯង ។ មួយរំពេចស្រាប់តែមានស្រីម្នាក់រូបរាងស្អាតចេញខ្លួនមកបង្ហាញនាង សួរ អំពីដំណើរដែលនាងយំនោះ ។ នាងកញ្ញាពុំបានប្រាប់ ហើយរឹងរឹតតែយំស្រណោះស្រណោកជាខ្លាំង ។ ដោយអំណាចចិន្តាទិព្វរបស់នាងទេពធីតា ដែលជាម្តាយចិញ្ចឹមរបស់នាងនាយចង្រ្កាន ធីតាយល់ហេតុពិតថា នាងកញ្ញាមានចំណង់ទៅលេងទីប្រជុំនឹងគេ ។ ទើបនាងនិយាយលួងលោមថា "អើកូនស្រីម្ដាយ នាងច្បាស់ជាចង់ទៅកម្សាន្តជាមួយគេហើយ ! ឯងនេះកុំស្មានថាគ្មានសំណាងឲ្យសោះ កុំយំចាំម្ដាយបើកឲ្យទៅ"។ តមក នាងទេពធីតាក៏នាំនាងនាយចង្រ្កានចូលទៅក្នុងបន្ទប់ ហើយស្រដីទៅថា "ចូរកូនស្រីចូលទៅក្នុងសួនច្បារបេះផ្លែក្រូចមួយយកមកឲ្យម្ដាយ" ។ នាងនាយចង្រ្កានមានអំណរពេក ក៏ចុះទៅរកបេះផ្លែក្រូចបានមួយយ៉ាងទុំរលោងមកជូននាងទេពធីតា ដោយគិតក្នុងចិត្តថា តើផ្លែក្រូចនោះនឹងធ្វើយ៉ាងណាទៅឲ្យខ្លួនបានទៅទីប្រជុំនឹងគេនោះ ។ នាងទេពធីតាទទួលផ្លែក្រូចពីដៃបុត្រីចិញ្ចឹមហើយ ក៏បកយកសាច់ចោលចេញអស់ ទើបទាញចង្កឹះទិព្វវាយចង្អុលសែកអាគម ។ មួយរំពេចសំបកក្រូចក៏ប្រែភេទទៅជាតួរទេះទូរមួយយ៉ាងថ្មីស្រឡាង ។ តមកនាងទេពធីតាក៏ចូលទៅលើក ហឹបតូចមួយ ហើយមានកណ្ដុរ ៦ ។ ធីតាប្រាប់ឲ្យបុត្រីបើកគម្របបង្ហើបឲ្យចេញម្ដងមួយៗ ទើបយកចង្កឹះទិព្វវាយលើខ្នងកណ្ដុរឲ្យប្រែភេទទៅជាសេះយ៉ាងធំធាត់ទាំង ៦ សម្រាប់ អូសរទេះ ។ បានដូច្នោះហើយ នាងកញ្ញាក៏ស្រដីទៅធីតាជាមាតាចិញ្ចឹមថា "ចាំខ្ញុំទៅរកចាប់កណ្ដុរប្រែងមួយមកជូន ដើម្បីសែកឲ្យបានជាអ្នកបររទេះ !”។ នាងទេពធីតាមានអំណរណាស់ក៏តបថា "អើប្រពៃណាស់កូនស្រី ឯងទៅរកចាប់ យកឲ្យឆាប់មក" ។ នាងនាយចង្រ្កានក៏បានទៅយកទ្រុងអង្គប់កណ្ដុរប្រែងមួយ ដែលមានកណ្ដុរបីនៅក្នុងនោះ មកឲ្យមាតាទេពរើសយកមួយមកសែកឲ្យទៅជាអ្នកបររទេះម្នាក់យ៉ាងចំណាន ។ ហើយនាងធីតាបង្គាប់ទៅបុត្រីទៀតថា"ចូរកូនរត់ទៅក្នុងសួនច្បារឯងនឹងបានប្រទះឃើញបង្គួយប្រាំមួយនៅជើងរបង ចូរឯងចាប់យកមកឲ្យឆាប់" នាងកញ្ញាស្ទុះរត់ទៅរកឃើញហើយក៏ចាប់យកមកជូនមាតា ហើយ សែកមួយរំពេចឲ្យទៅជាអ្នកបម្រើទាំង ៦ យ៉ាងរម្យទម ។ ស្រេចហើយ នាងទេពធីតាប្រាប់ទៅបុត្រីថា "ឥឡូវបានហើយ ចូរ កូនទៅលេងនឹងគេចុះ" ។នាងបុត្រីស្រីដីថា"អ្នកម៉ែឲ្យកូនទៅទាំងកខ្វក់ យ៉ាងនេះ" ។ ថាដូច្នោះភ្លាម នាងទេពធីតាក៏យកចង្កឹះទិព្វពាល់ទៅលើខ្លួននាង ។ មួយរំពេច សម្លៀកបំពាក់ចាស់ក៏ប្រែភេទជាថ្មី ហើយអង្គនាងក៏ស្រោចស្រពទៅដោយគ្រឿងអលង្ការមាន ខ្សែក ខ្សែដៃ មាស ពេជ្រចិញ្ជៀនភ្លឺចិញ្ចាច ។ ធីតាហុចស្បែកជើងកែវមួយគូឲ្យបុត្រីពាក់  ហើយ ផ្ដាំផ្ដាច់ថា "ចូរកូនកុំនៅឲ្យហួសដល់អធ្រាត្រ  បើកូនមិនត្រឡប់មកឲ្យទាន់ពេលវិញទេ រទេះនោះមុខជាទៅជាសំបកក្រូច សេះទៅជាកណ្ដុរ បម្រើទៅជាបង្គួយ ហើយសម្លៀកបំពាក់ថ្មី ក៏ទៅជាចាស់ដូចដើមវិញ" ។ នាងបុត្រីទទួលពាក្យនាងទេពធីតាថា នឹងវិលមកឲ្យទាន់ពេលវេលាដូចបណ្ដាំ ។ ដល់ក្នុងព្រះរាជដំណាក់ អ្នកផងបានឲ្យដំណឹងដល់ព្រះអង្គម្ចាស់ថា មានព្រះនាងក្សត្រីម្នាក់ជិះរទេះទូរចូលមកដល់ហើយ ។ ឮដូច្នោះព្រះអង្គម្ចាស់ក៏យាងចេញមកទទួល ។ ព្រះអង្គម្ចាស់ទ្រង់ហុចដៃទទួលនាងឲ្យចុះមកដី ហើយទ្រង់អញ្ជើញចូលទៅក្នុងមន្ទីរកម្សាន្ដ ។ មួយរំពេច សូរសម្លេងភ្លេងក៏ស្ងាត់ស្ងៀម ។ គេឮតែសូរមាត់សរសើរគ្រប់ៗគ្នា ចំពោះសេចក្ដីល្អឆើតរបស់នាងនាយចង្រ្កានដាច់គេឯង ។ កុំថាឡើយដល់ទៅព្រះរាជា ដែលទ្រង់ជរាទៅហើយនោះ ក៏គង់តែទ្រង់គយគន់ទតរំពៃមកលើរូបនាង ហើយទ្រង់សរសើរចំពោះភក្រ្តព្រះអគ្គមហេសីថា ទ្រង់តាំងពីឡើងសោយរាជ្យសម្បត្តិមកពុំដែលបានប្រទះឃើញកញ្ញាស្រស់ល្អឆើតយ៉ាងនេះសោះ។  ស្រីៗទាំងអស់ខំផ្អៀងផ្អងគយគន់សម្លៀក បំពាក់ប្លែករបស់នាងពុំដាក់ភ្នែកសោះ ខ្លះខំចំណាំគំរូ ដើម្បីនឹងជួលជាងដៃឯកឲ្យកាត់តាម នៅពេលដែលត្រឡប់ទៅផ្ទះវិញ ។ ព្រះអង្គម្ចាស់ បានអញ្ជើញឲ្យនាងអង្គុយនៅកន្លែងដ៏ឧត្តម ហើយក៏ទ្រង់អញ្ជើញឲ្យក្រោកឡើងរាំជាមួយព្រះអង្គ ។ ភ្លឹកនឹងអង្គនាង ព្រះអង្គម្ចាស់ភ្លេចទាំងសោយចំណីផ្សេងៗ ដែលគេលើកយកមកថ្វាយ ។ នាងកញ្ញាក៏បានក្រោកដើរទៅជិតបងស្រីទាំងពីរ ដែលភាំងពុំស្គាល់នាងដល់បន្តិចសោះ ហើយគំនាប់ទទួលសេចក្ដីរាក់ទាក់យ៉ាងស្និទ្ធស្នាល ។  បន្តិចមកនាឡិកាចង្អុលម៉ោង ១១  សែសិបប្រាំនាទី នាងកញ្ញាគំនាប់លាភៀវទាំងអស់ ព្រមទាំងថ្វាយបង្គំលាព្រះរាជាវិលត្រឡប់មកផ្ទះវិញ តាមបណ្ដាំនាងមាតាទេព ។ ដល់ផ្ទះហើយ នាងក៏ចូលទៅសំពះអរគុណមាតាទេព ។ នាងបានរ៉ាយរ៉ាប់ប្រាប់អំពីដំណើររបស់នាង និងសេចក្ដីឆ្ងល់របស់អ្នកទាំងអស់ ។ នាងជម្រាបមាតាទេពថា ព្រះអង្គម្ចាស់សូមអញ្ជើញនាងទៅកម្សាន្តនៅថ្ងៃស្អែកទៀត។ កំពុងតែនិយាយស្រាប់តែឮសូរមាត់បងស្រីមកគោះទ្វារហៅ ។ នាងនាយចង្រ្កានស្ទុះចេញទៅទទួលបងដោយធ្វើជាស្ងាបហើយយក ដៃឈ្លីភ្នែក មានសញ្ញាដូចជាទើបនឹងក្រោកពីដេកសើងមម៉ើងដូច្នោះ ។ មួយរំពេច បងស្រីម្នាក់អួតទៅនាងថា "នាយចង្រ្កានអើយ ! បើឯងទៅមន្ទីរសំណាក់ផង ប្រហែលជាឯងនឹកប្លែកអស្ចារ្យដូចបងជាពុំខាន ព្រោះមានព្រះនាងក្សត្រីកញ្ញាម្នាក់រូបល្អឆើតរកស្រីក្រមុំប្រៀបគ្មាន ហើយចេះគួរសមសុភាពរាបសារ ទាំងបានគួរសមចែកផ្លែក្រូចដល់យើងទាំងពីរស៊ីផង យ៉ាងស្និទ្ធស្នាលគ្មានឆ្មើងទេ នាងនាយចង្រ្កានក៏ធ្វើជាសួរឈ្មោះព្រះនាងក្សត្រីនោះ" ។ ប៉ុន្តែបងទាំងពីរតបមកវិញថា គេពុំដែលឃើញព្រះនាងនោះសោះជាអង្វែងមកហើយ ព្រះអង្គម្ចាស់ទ្រង់សព្វព្រះហឫទ័យ ភ្លេចទាំងក្រយាស្ងោយ ទន់ដៃជើងអស់ ។ នាងនាយចង្រ្កានធ្វើជាសើចតបទៅវិញថា  "យី ! ល្អណាស់ហ្ន៎ !  ធ្វើម៉េចទៅឲ្យខ្ញុំបានឃើញផង ឱ ! បើដូច្នោះ សូមបងមេត្តាឲ្យខ្ញុំខ្ចីអាវចាស់ពណ៌លឿងមួយមក" ។ នាងបងស្រដីពេបជ្រាយទៅថា ហ៎ ! អីក៏គ្រាន់បើម្ល៉េះមីកញ្ជះចង្រ្កាន ឯងស្មានថាអញភ្លើនឹងឲ្យឯងខ្ចីផ្តេសផ្ដាសយ៉ាងនេះឬ " ។ ស្អែកឡើង នាងកញ្ញាទាំងពីរបានតែងខ្លួនទៅមន្ទីរប្រជុំកម្សាន្តទៀត ។ ចំណែកនាងនាយចង្រ្កានក៏បានស្លៀកពាក់យ៉ាងល្អលើសលុបជាងថ្ងៃមុន ឡើងជិះរទេះសេះដដែលបរចេញទៅ ។ ព្រះអង្គម្ចាស់ពេញទៅដោយសេចក្ដីត្រេកត្រអាល ក៏បានមកអង្គុយជិតប្រកៀក ពិភាក្សានឹងនាងនាយចង្រ្កានក្សត្រីយ៉ាងស្និទ្ធស្នាល សប្បាយហួសប្រមាណ នាងកញ្ញាភ្លេចពាក្យបណ្ដាំមាតាទេព ។ លុះនាឡិកាវាយម៉ោង ១២ គត់ នាងស្មានតែម៉ោង ១១ ប៉ុណ្ណោះ។ ប៉ុន្តែមួយរំពេចមក ស្រាប់តែនាងក្រោកឈរ ឡើងសំពះគំនាប់លាភ្ញៀវ ព្រមទាំងព្រះមហាក្សត្រនូវព្រះអគ្គមហេសី ស្ទុះរត់ចេញមកក្រៅជាប្រញាប់ ។  ឆ្ងល់ពន់ពេក  ព្រះអង្គម្ចាស់ក៏ដេញតាមនាងមកក្រៅ ប៉ុន្តែទ្រង់តាមពុំទាន់នាង ។ រហ័សដូចព្រួញ នាងកញ្ញាភ្លាត់ស្បែកជើងមួយចំហៀងធ្លាក់នៅលើឥដ្ឋ  ។  ព្រះអង្គម្ចាស់ទ្រង់ស្ទុះទៅរើសយកមកទុកយ៉ាងប្រពៃ ។ នាងនាយចង្រ្កានដើរត្រឡប់មកផ្ទះវិញនៅសល់តែស្បែកជើង មួយចំហៀងជាលំអ ។ សម្លៀកបំពាក់នាងប្រែភេទទៅជាចាស់កខ្វក់ដូចដើម ចំណែករទេះសេះ និងបម្រើ ក៏ក្លាយភេទទៅជាសត្វកណ្ដុរបង្គួយរត់បាត់អស់ ។ ព្រះអង្គម្ចាស់បានបញ្ជាក់សួរអ្នកយាមទ្វារថា មានឃើញរទេះព្រះនាងក្សត្រីបរចេញទៅតាមទ្វារទេ ។ នាយឆ្មាំទ្វារទូលតបថា បានឃើញតែស្រីកម្សត់ ស្លៀកសំពត់អាវចាស់ម្នាក់រត់ចេញទៅតែប៉ុណ្ណោះ ដែលមានភាពជាកូនអ្នកស្រែស្មោះ ។ លុះនាងបងទាំងពីរត្រឡប់មកដល់ផ្ទះវិញ នាងនាយចង្រ្កានក៏សួរបញ្ជាក់អំពីសេចក្ដីសរសើរដល់ព្រះនាងក្សត្រីពីថ្ងៃមុននោះ ។ នាងទាំងពីរបានរ៉ាយ រ៉ាប់រឿងប្រាប់ថា ព្រះនាងកញ្ញានោះ ប្រដាប់រឹងរឹតតែល្អជាងថ្ងៃមុនទៅទៀត ប៉ុន្តែដល់នាឡិកាវាយម៉ោង ១២ គត់ ស្រាប់តែព្រះនាងស្ទុះរត់ចេញភៀសខ្លួនបាត់ទៅ ។ ហើយដោយរហ័សពេក ព្រះនាងក៏របូតស្បែកជើងម្ខាងធ្លាក់នៅលើឥដ្ឋ ។ ព្រះអង្គម្ចាស់ក៏បានរើសស្បែកជើងកែវនោះទុក ហើយទ្រង់សព្វព្រះហឫទ័យទៅដល់ព្រះនាងជាខ្លាំងសឹងផ្ទំពុំលក់។ រំលងប៉ុន្មានថ្ងៃក្រោយមក     ដោយសេចក្ដីអន្ទះអន្ទែងទប់ពុំបានព្រះអង្គម្ចាស់ក៏បានអំពាវនាវគ្រប់តំបន់ ដល់កញ្ញាទាំងឡាយដែលមានទំហំជើងត្រូវនឹងស្បែកជើងនោះ នឹងបានឋានន្តរជាទីអគ្គមហេសី ។ ក្រុម ព្រះញាតិវង្សទាំងអស់ បាននាំបុត្រីមកលជើងនឹងស្បែកជើងនោះ ប៉ុន្តែពុំមានត្រូវដល់ម្នាក់សោះ ។ បន្ទាប់មកដល់វេនពួកបុត្រី ឧត្តមមន្រ្តីរហូតដល់មន្រ្តីជាន់ទាប ប៉ុន្តែពុំមានល្មមជើងសោះ ។ គេក៏បាននាំបុត្រីលោកមហាសេដ្ឋីទាំងបីយកទៅឲ្យលទៀត ។ លុះឃើញបងប្រឹងស៊កពុំចុះ នាងនាយចង្រ្កានបន្លឺវាចា ដោយស្គាល់ជាក់ជាស្បែកជើងរបស់ខ្លួនឡើងថា "មើលឲ្យខ្ញុំលមើលតើប្រពៃទេ" ។ ឮដូច្នោះ នាងបងទាំងពីរក៏នាំគ្នាសើចចំអកឲ្យនាងប្អូន ។ អ្នកប៉ាវគងក៏សូមអញ្ជើញឲ្យនាងនាយចង្រ្កានចូលមកលស្បែកជើងនោះ ។ នាងកញ្ញាក៏បានចូលទៅអង្គុយនៅកន្លែងដ៏សមគួរមួយ ហើយនាយតម្រួតក៏ទាញស្បែកជើងយកមកឲ្យនាងពាក់ល ។ នាងកញ្ញាទទួលសុពណ៌បាទមកពាក់ត្រូវក្លំគ្មានចន្លោះ ។ អ្នកទាំងអស់ព្រមទាំងបងស្រីទាំងពីរ ក៏នាំគ្នាភាំងឆ្ងល់សម្លឹងមើលមុខនាងនាយចង្រ្កានភ្លឹសៗ ។ ដើម្បីសហេតុឲ្យរឹងរឹតតែប្រាកដឡើង នាងក៏ដកទាញយក ស្បែកជើងដូចគ្នាមួយចំហៀងទៀតពីហោប៉ៅ មកពាក់បង្ហាញអ្នកទាំងអស់ឲ្យឃើញជាក់ថាជារបស់នាងពិតៗ ហើយកាន់តែស្ងើចវាសនានាងទៅទៀត ។មួយរំពេច នាងទេពធីតាជាមាតាចិញ្ចឹមក៏បានមកដល់ទីនោះ ។ នាងយកចង្កឹះទិព្វពាល់ទៅលើសម្លៀកបំពាក់ប្រាណនាង ។ មិនបានទាំងមួយជំទាស់ដៃផង ស្រាប់តែសំពត់អាវចាស់កខ្វក់ប្រែភេទទៅជាហូលឌិនចរល្បាប់ដ៏ភ្លឺរលើបរលោង ប្រដាប់នូវខ្សែមាសពេជ្រស្រោចស្រប់ទាំងកាយនាង ធ្វើឲ្យនាងបងទាំងពីរស្គាល់ជាក់ថា នាងនាយចង្រ្កាននេះហើយដែលក្លែងខ្លួនជាព្រះនាងក្សត្រី កាលដែលខ្លួនបានឃើញកោតគោរពសរសើរនៅក្នុងព្រះរាជមន្ទីរមហោស្រពនោះ ។ ទើបនាងទាំងពីរតក់ស្លុតឥតឧបមា នឹកខ្មាសប្អូនពេក ស្ទុះចូលទៅក្រាបឱបជើងនិយាយអង្វរសូមទោសកុំឲ្យនាងប្រកាន់ឲ្យសោះ កាលដែលខ្លួនបានធ្វើបាបមើលងាយពេបជ្រាយទាំងប៉ុន្មានអំពីមុននោះ ។ នាងនាយចង្រ្កានក៏ចាប់លើកបងទាំងពីរឲ្យក្រោកឈរឡើង ហើយនិយាយរាក់ទាក់បញ្ជាក់ថា ខ្លួនគ្មានកំហឹងគំនុំគុំគួនអ្វីឡើយ គឺពិតជានៅស្រឡាញ់បងដូចបងបង្កើតពោះមួយៗជីវិត ។ ក្បួនប៉ាវគងក៏បានរៀបដង្ហែនាងនាយចង្រ្កាន ចូលទៅក្នុងព្រះរាជវាំង ថ្វាយចំពោះព្រះភក្រ្តព្រះអង្គម្ចាស់ ព្រមទាំងព្រះវររាជបិតាមាតានូវព្រះញាតិវង្ស និងនាម៉ឺនសព្វមុខមន្រ្តីធំតូច ដែលរង់ចាំទទួលនៅទីនោះ ។លុះដល់ពេលាល្អ ព្រះរាជាក៏បានរៀបអភិសេកព្រះរាជបុត្រ និងនាងកញ្ញានាយចង្រ្កាន ជាទីអគ្គមហេសីយ៉ាងមហោឡារិក ។ លំដាប់មក ព្រះអង្គក៏ទ្រង់ផ្ទេររាជ្យឲ្យព្រះរាជបុត្រគ្រងស្នង ហើយនាងនាយចង្រ្កាន  ក៏ឡើងឋានន្តរជាព្រះម្ចាស់ក្សត្រីយ៉ាងប្រាកដ   ។ ព្រះនាងក៏បាននាំបងស្រីទាំងពីរ ចូលទៅនៅក្នុងមហាប្រាសាទជាមួយ ហើយនៅថ្ងៃអភិសេកជាមួយនោះ ព្រះនាងក៏បានរៀបការបងទាំងពីរនាក់ ឲ្យទៅនាម៉ឺនកម្លោះឯកយ៉ាងស្តុកស្ដម្ភ អង់អាច ក្នុងព្រះរាជវាំងជាស្រេច ។

ចប់

 

១៤. រឿងព្រេង ក្ងាន និង កំពឹស

មិត្តពិសោធដោយយកស្រូវមួយក្លាំ ហើយកប់កូនកំពឹសមួយនៅក្នុងនោះ យកទៅឲ្យក្ងានស៊ី តើវាដូចម្តេចទៅ ? នោះមិត្តនឹងឃើញសត្វបក្សីស៊ីស្រូវដោយឥតដោយកំពឹសសោះ ។ តើមកពីអ្វី ? វាខ្លាចពុលឬ ? មិនដូច្នោះទេ គឹក្ងានគោរពដឹងគុណកំពឹស ដូចមាននិទានតទៅនេះ ៖ក្នុងកាលសម័យពីព្រេងនាយយូរលង់ហើយ មានសេដ្ឋីម្នាក់ជាអ្នកបរបាញ់ តែងត្រាច់ចរដោយសេះទៅក្នុងព្រៃជ្រៅមួយ ដើម្បីបាញ់ម្រឹគីម្រឹគា និងអស់បក្សាបក្សី ។ នៅដំបូកមួយដាច់ស្រយាល នៅក្រោមដើមរាំង ញ្រនសេដ្ឋីបានគយគន់ជាញឹកញាប់ ឃើញពស់មួយគូញីឈ្មោលស្រឡាញ់គ្នារួមជីវិតមួយ ។ ពេលដែលពស់ជាភរិយាសកហើយ ខ្លួននៅខ្ចីទន់ទុរន់ទុរាទៅរកស៊ីពុំរួច,  ពស់ឈ្មោលជាប្ដីតែងលូនទៅរកអាហារ ពាំយកមកផ្ដល់បញ្ចុកឲ្យពស់ប្រពន្ធ រហូតដល់រឹងប៉ឹង មានកម្លាំងកំហែងមាំទាំ ទើបទៅរកស៊ីទាំងគូ ។ ពេលមួយ វេលាដែលសេដ្ឋីញ្រនជិះសេះមកដល់ដំបូកពស់ឈ្មោលដែលមានខ្លួនខ្សោយ ទើបនឹងសកសំណកថ្មីៗ ធ្វើក្បាលងីងើភ្នែកភ្លឹសៗ ដូចជាទន្ទឹងនរណាមួយដែលជាត្រួយជីវិតវាប្រាកដ ។ ញ្រនអ្នកមានដឹងជាក់ក្នុងចិត្តថា សត្វអាសិរពិសឈ្មោលនេះ ចាំមើលផ្លូវប្រពន្ធវា ដែលប្រហែលជាផ្លាស់វេនគ្នា ទៅរកចំណីមកបញ្ចុកប្ដីសម្លាញ់វាហើយមើលទៅ ។ គិតដូច្នោះ ញ្រនសេដ្ឋីក៏បង្ហួសជំនិះទៅមុខទៀត ។ មិនឆ្ងាយប៉ុន្មាន ស្រាប់តែញ្រនឃើញពស់មួយគូលូនទន្ទឹមគ្នាធ្វើរេរាៗមកពីនាយ ។ ញ្រនយល់ជាក់ជាពស់ញី គឺពស់ប្រពន្ធពស់ឈ្មោលដែលសកនៅនាដំបូក ។ ញ្រនកាត់យល់ក្នុងចិត្តភ្លាមថា មេពស់ញីនេះគ្មានពាំយកអ្វីក្នុងមាត់ទៅផ្ដល់ឲ្យប្ដីសោះ បែរជាធ្វើម្ញិកម្ញក់នាំឈ្មោលសហាយទៅលឿនស្លៅ គួរឲ្យសង្ស័យថា មុខជាវានាំអានេះទៅប្រហារឬព្យាបាទប្តីកំសត់ទន់ខ្សោយនៅឯរូងជាប្រាកដ  ។  គិតយល់ដូច្នោះ  ញ្រននឹកថា ឱហ្ន៎ !  សត្វតិរច្ឆានអើយ អីក៏សាមាន្យដូចមនុស្សលោកម្ល៉េះហ្ន៎ ! វេលាឯងមានទុក្ខ គ្នាជាប្ដីឈ្មោលខំត្រាច់រកអាហារ មិនខ្លាចនឿយហត់ មិនខ្លាចស្លាប់យកមកឲ្យស៊ី ដើម្បីស្មន់មកយាយីគ្នាទៅវិញ ឱហ្ន៎ ! ចិត្តញី ! ចិត្តអីក៏ឆ្លុះម៉្លេះ ! នេះបានចំជាចិត្តកាំបិត ចិត្តកាំភ្លើង ចិត្តអាវុធ គិតមកដល់ត្រង់នេះ ញ្រនសេដ្ឋីនឹកសង្វេគអាណិតដល់ជីវិតសត្វឥតទោសនៅឯនាយ ក៏តាំងគំនិតថា នឹងបាញ់អាចោរសាមាន្យពស់ឈ្មោលជាសហាយមីញីនេះឲ្យបាន កុំឲ្យវាទៅព្យាបាទយាយីគេខ្សោយ ។ ញ្រនក៏យឹតធ្នូដំឡើងព្រួញបាញ់តម្រង់ទៅពស់ឈ្មោល តែ.. តែអកុសលអ្វី ខណៈនោះពស់ញីចិត្តយក្សនាំខ្លួនវារឹបមកទទួលផ្លែព្រួញដល់សេចក្ដីស្លាប់ ដោយកម្លាំងថ្វីដៃមច្ចុរាជភ្លាម ។ ពស់សហាយស្លាំងកាំងមិនដឹងនឹងទៅឯណា ក៏គេចលូនភ្លាមមួយរំពេច, ប្រាស់យកតែអាយុទៅក្នុងគុម្ពោតព្រៃ ។ ញ្រននឹកស្ដាយក្រោយ  ក៏បរសេះទៅមុខទៀត ដើម្បីទៅរកព្រឹក្សាធ្វើទ្រនំស្នាក់បរបាញ់បានយូរថ្ងៃ។ ថ្លែងឯពស់ឈ្មោលជាប្ដីពស់ញីចិត្តចោរ មើលផ្លូវប្រពន្ធយូទៅៗ រហូតដល់យប់ក៏មិនឃើញមកវិញ ទើបនឹកថា ប្រហែលប្រពន្ធរងគ្រោះ ឬមានភ័យយ៉ាងណា គិតតែពីសោកសង្រេង អាឡោះអាល័យម្នាក់ឯង   លុះកន្លងពេលបន្តិចទៅមានកម្លាំងល្មម ពស់នេះក៏លូនតិចៗចេញទៅរកប្រពន្ធ ហើយក៏ប្រទះឃើញដេកស្លាប់នៅលើធរណី ដោយមានព្រួញយ៉ាងមុតមួយជាប់នឹងក្បាលប្រឡាក់ឈាមស្រមក ។ ពស់កំសត់ខ្សឹកខ្សួលអួលអាក់យំសស្រាក់ឯកោ ។ ក្រោយមកពស់នេះក៏ស្រងក្លិនព្រួញ ដឹងជាក់ជាញ្រនសេដ្ឋី ជិះសេះជិតរន្ធខ្លួនបាញ់ប្រពន្ធស្លូតត្រង់ឥតទោសស្លាប់ទទេៗ ក៏នឹកឆួលឆេះក្នុងបេះដូង តាំងគំនុំថានឹងទៅដល់ផ្ទះញ្រននេះចឹកវាឲ្យស្លាប់ដូចបំណង ។ សត្វឥតវិចារណញ្ញាណនេះ លូនតាមស្នាម និងក្លិនជើងសេះថយក្រោយរហូតទាល់តែដល់ផ្ទះសេដ្ឋីចិត្តបុណ្យ។ ក៏លូនឡើងទៅលើផ្ទះស្ងាត់ៗ ទៅពួននៅជិតទត្រង់សំយាប ចាំឲ្យសេដ្ឋីត្រឡប់មកពីបរបាញ់ នឹងលោតមកចឹកបញ្ចូលពិសឲ្យស្លាប់តៃហោងដូចបំណង ។ឯនាយសេដ្ឋីញ្រន លុះគម្រប់ថ្ងៃត្រឡប់ពីព្រៃមកផ្ទះ, គាប់ជួនថ្ងៃពស់រង់ចាំលើទនាសំយាបនោះ គាត់មិនឡើងចូលក្នុងផ្ទះ តាមហោណាំងមុខដូចសព្វមួយដងទេ,គាត់ឡើងតាមជណ្ដើរក្រោយចូលទៅក្នុងផ្ទះ ។ ដោះអាវជូតញើសស្រួលបួល សេដ្ឋីមកប្រជុំញាតិផៅគាត់នៅកណ្ដាលផ្ទះ ហើយនិយាយរាប់រៀបនូវអស់រឿងចៅពស់កម្សត់ប្ដីប្រពន្ធ រហូតដល់គាត់សម្លាប់មេញីសាហាវ ដោយឥតបំណងសោះនោះ ។  ពស់ឈ្មោលដែលចិត្តកន្ទះរាហើយពេញទៅដោយទោសៈលុះបានត្រងត្រាប់ស្ដាប់ឮនូវសេចក្ដីពិតនៃមរណភាពយ៉ាងអាសអាភាសរបស់ប្រពន្ធខ្លួនដូច្នេះ, វាក៏ទន់ចិត្តនឹកអរគុណសេដ្ឋីញ្រន ដោយយល់ថា "អើហ្ន៎" គំនិតអញពេញជាបាប អញគិតនឹងប៉ងខុសការពិតស្រឡះ លោកសេដ្ឋីនេះចិត្តបុណ្យ ចង់ជួយយកអាសាជីវិតអញសោះបើគាត់កុំបាញ់មេចោរអន្យតិរ្ថិយនេះស្លាប់ទេ,កុំអីវានឹងនាំសហាយមកខាំសម្លាប់អញកម្លាំងខ្សោយទន់ខ្លួនទេឬ ! ឱ! លោកនេះមានគុណធំចម្បងដល់អញណាស់ អញត្រូវតែសងគុណលោកឥឡូវឲ្យសមបំណង ។ ថាហើយ ពស់កំសត់ក៏ហាមាត់ក្អែរនូវដុំគជ់មួយគ្រាប់ទម្លាក់មកឲ្យសេដ្ឋីហើយក៏លូនចុះទៅលំនៅជាសុខសាន្ត ។ សេដ្ឋីអរណាសដោយបានរើសយកនូវដុំគជ់នេះហើយយកមករក្សាទុកនឹងខ្លួនយ៉ាងឋិតថេរ។តាំងពីថ្ងៃសេដ្ឋីបានដុំគជ់នេះមក សោតប្បសាទក៏ប្រែជាចេះស្ដាប់នូវភាសាសត្វទាំងឡាយ ដែលប្រាស្រ័យឆ្លើយឆ្លងគ្នាឥតចន្លោះឡើយសេដ្ឋីរីករាយណាស់។ ថ្ងៃមួយសេដ្ឋីត្រូវធ្វើដំណើរចូលទៅភូមិមួយដាច់ស្រយាលដែលខ្លួនធ្លាប់ទៅ។ ពេលទៅដល់ភូមិគាប់ជួនជាល្ងាច សេដ្ឋីមិនចូលទៅស្នាក់ផ្ទះមិត្តអ្នកមានៗទេ គាត់ចូលទៅផ្ទះបុរសភរិយាស្វាមីមិត្តគាត់ម្នាក់ដែលក្ររហាម នៅខ្ទម ដំបូលប្រក់មេឃមានត្រឹមតែក្ងានមួយគូញីឈ្មោល ជាទ្រព្យក្រោមផ្ទះប៉ុណ្ណោះ ។ បុរសប្ដីប្រពន្ធអរកខិបកខុបរៀបបាយទឹកអម្រស់អម្រ មកជូនមិត្តសេដ្ឋីពិសា។ នាយសេដ្ឋីនៅស្នាក់ផ្ទះនេះក្នុងយប់នោះ។នាកណ្ដាលអាធ្រាត្រស្ងាត់ បុរសជាប្ដីនិយាយទៅកាន់ភរិយាថា "ឯងអើយឥឡូវមិត្តយើងគេអ្នកមានធំមកលេងនឹងយើងៗ គ្មានបានម្ហូបអ្វីឆ្ងាញ់ពិសាជូនគេពិសាសោះពីល្ងាចមិញ ។ ឥឡូវស្អែកនេះ ពេលព្រឹក យើងនឹងឃាត់មិត្តយើងឲ្យគេនៅពិសាបាយមួយពេលនឹងយើងទៀត ។ ភរិយាឆ្លើយថា  "អើហ្ន៎  អ្នកអើយ  បើលុយគ្មាន  ខ្លួនក្រយ៉ាងនេះ តើ ស្អែកយើងបានអីជូនលោកសេដ្ឋីពិសា  មានតែអំបិលប្រហុកដូចពីម្សិលទៀត!” ។ ប្ដីឆ្លើយកាត់ថា "ឯងអើយគិតអីក៏វែងម៉្លេះ ស្លឹកគ្រៃ, ម្ទេស,  ខ្ទឹម,  ឆ្នាំង,  ចង្រ្កាន,  ទឹក,  ភ្លើង  យើងមានស្រេចហើយ   ឯក្រោមផ្ទះ ក្នុងទ្រុងក្រោមកន្លែងយើងនេះ ក្ងានយើងមួយគូទុកវាធ្វើអ្វីចាប់វាមួយសម្លាប់ស្លស្លុកទៅខ្វះអីម្ហូបឆ្ងាញ់នៅមុខសោះ!”។ប្រពន្ធឮដូច្នោះក៏អស់សំណើចហើយសាទរនាំគ្នាដេកទម្រាំព្រឹកនឹងសម្រេច រឿងនេះ ។ ថ្លែងឯក្ងានប្ដីប្រពន្ធទាំងគូនៅក្នុងទ្រុងក្រោមដំណេកម្ចាស់វា លុះឮការពិគ្រោះប្ដីប្រពន្ធ តម្រូវសម្លាប់មួយដូច្នោះ ក៏ដេកលែងលក់ នឹកស្រណោះស្រណោក យំស្រែកប្រាស្រ័យគ្នាជាភាសាសត្វដូច្នេះ  "ឱប្អូនសម្លាញ់ដួងជីវិតបងអើយនេះគឺសំដីក្ងានប្ដី, ឥឡូវម្ចាស់ថា សម្លាប់មួយមិនដឹងជាប៉ះលើរូបនរណាទេអូន !" ។ "ឱបងបណ្ដូលជីវិតប្អូន បើប៉ះលើរូបប្អូននោះ ប្អូនបន់ណាស់ សូមឲ្យទេវតាលោកទុកជីវិតបងចុះ !” ។ "ទេ, ទេ ! ប្អូនព្រលឹងមាសតន់ ឲ្យគេចាប់បងចុះ សោះបើគិតឲ្យតែជីវិតពៅនៅ !” ។ "ឱមាសស្នេហ៍បងអើយ បើយ៉ាងនេះ សូមឲ្យលោកម្ចាស់ចាប់យើងទាំងពីរ សម្លាប់មូលគ្នាទៅ សោះនឹងបាត់មួយនៅមួយ ទៅយើងនឹងទៅជួបគ្នាខាងមុខទៀត" ។ ការយំសោកនេះមិនតិចតួច ក៏លាន់ឮដល់ត្រចៀកសេដ្ឋីដែលកំពុងផ្ទៀងស្ដាប់តាំងពីសម្លេងមួយម៉ាត់ដំបូង ។ សេដ្ឋីនឹកអណោចអធម្មដល់ជីវិតនៃគូសង្សាររួមជីវិតនៃសត្វក្ងានទាំងពីរ ។ គាត់គិតថា ឱហ្ន ! ជីវិតគេជីវិតឯង សត្វក៏ដូចមនុស្ស, មានការស្នេហា, មានសេចក្ដីតក់ស្លុតរន្ធត់នឹងការស្លាប់ជាងអ្វីទាំងអស់, មានចិត្តស្រឡាញ់ជីវិតលើសលុបក្នុងលោក, ចុះខ្លួនអញអីក៏អាក្រក់ខ្លាំងម្ល៉េះ ចូលមកជម្រកនេះ ធ្វើឲ្យអំពល់ដល់សេចក្ដីសុខ  និងសុភមង្គលរបស់ក្ងានកម្សត់នេះម្ល៉េះ ! ... សេដ្ឋីត្រិះរិះយ៉ាងនេះរហូតដល់លង់លក់ទៅ ។ លុះភ្លឺស្រាងៗឡើង គាត់ក៏ក្រោកពីដំណេកចូលទៅផ្ទះបាយ ស្រាប់តែឃើញប្ដីប្រពន្ធកំពុងដាំទឹកក្ដៅលើជើងក្រានមួយថ្លាងធំ គាត់លាន់មាត់ថា "នែភ្ញាក់ពីថ្មើរណា ចុះដាំទឹកធ្វើអ្វី ?” ។ បាទអញ្ជើញទៅទម្រេតវិញទៅ នៅងងឹតណាស់ ទុកតាម តែខ្ញុំចុះកុំបារម្ភមិត្ត" ។ "ទេៗ ! ខ្ញុំដឹងហើយ មិត្តធ្វើអីហ្នឹង ។  “បាទ ខ្ញុំប្តីប្រពន្ធបម្រុងធ្វើក្ងានទុកធ្វើម្ហូបជូនពិសាព្រឹកនេះណា៎" ។ "ឱទេៗកុំៗ ! កុំមិត្ត ! កុំ ! ខ្ញុំមិនទទួលទានទេ ! ជីវិតគេក៏ដូចជាជីវិតយើង កុំអំពល់នឹងខ្ញុំ បើគ្មានអ្វី ចាំភ្លឺមានអ្នកទ្រនូលគេទូលអម្រស់អម្រមក ធ្វើតែបន្តិចឲ្យខ្ញុំបានហើយ !” ។ ប្ដីប្រពន្ធក៏ត្រេកអរតាមសំដីឃាត់របស់សេដ្ឋី ហើយក៏នាំគ្នាមកអង្គុយនៅមុខផ្ទះ ចាំមើលទ្រនូលពេលព្រឹក ។ គាប់ជួនមួយរំពេចនោះ មានស្រ្ដីម្នាក់ទូលកំពឹសបឹងមួយកញ្ជើមក សេដ្ឋីក៏បង្គាប់ឲ្យទិញមួយកញ្ចប់ យកមកធ្វើម្ហូបអាស្រ័យជាមួយគ្នាយ៉ាងអភិរម្យ ។ ក្ងានទាំងពីររួចពីសេចក្ដីស្លាប់ដោយសារគុណកំពឹសនេះឯង ទើបវាសច្ចាថា "តាំងពីថ្ងៃនោះមក  វាដឹងគុណកំពឹសជានិច្ច  វាមិនត្រូវស៊ីកំពឹសជាអ្នកមានគុណទេ !” ។ លុះចំណេរក្រោយមក សេដ្ឋីក៏ទទួលអនិច្ចកម្ម ដំណឹងយ៉ាងរន្ធត់នេះបានឮដឹងដល់ក្ងានទាំងគូដែលសេដ្ឋីជួយឲ្យរួចជីវិត ដោយចេះស្ដាប់ភាសាវា វាទាំងពីរក៏នាំគ្នាកាន់មរណសញ្ញា សងគុណសេដ្ឋី ដោយមានឆ្នូតខ្មៅមួយនៅរោម ។ យ៉ាងនេះហើយទើបមានក្ងានខ្លះរហូតមកដល់ឥឡូវនេះមានពណ៌រោមខ្មៅដុំៗ គឺវាកាន់ទុក្ខ ។

 

* * *

 

រឿងសត្វចាប និងដំរីស្ដ

កាលពីព្រេងនាយ មានមេចាបមួយធ្វើសំបុកក្រាបក្រុងកូនខ្ចីនៅជើងភ្នំមួយ ត្រង់ផ្លូវដំរីដើររកស៊ី ។ ថ្ងៃមួយ មានដំរីព្រៃមួយហ្វូង ដើររកស៊ីទៅដល់សំបុកមេចាបៗ ឃើញហ្វូងដំរីដើរត្រង់មកចំសំបុកខ្លួនភិតភ័យខ្លាំងណាស់ ក្រែងដំរីជាន់កូនស្លាប់ ក៏ហើរយ៉ាងប្រញាប់ទៅកាងស្លាប គោរពចំពោះមុខដំរីជាមេហ្វូងនិយាយអង្វរថាសូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំដ្បិតវានៅតូចណាស់មិនទាន់ដុះស្លាបក្រាស់ ហើរទៅណារួចទេ ។ ឯដំរីជាមេហ្វូងឆ្លើយថា អើមិនអីទេ!ឯងកុំភិតភ័យអី ចាំអញជួយការពារឲ្យកូនឯងបានរួចរស់ជីវិត ប្រាប់ហើយក៏ដើរទៅឈរជ្រែងជើងពីលើសំបុកចាប ប្រាប់ដំរីឯទៀតជាបរិវារឲ្យនាំគ្នាចៀសសំបុកចាបហួសអស់ទៅ កូនចាបក៏បានរួចពីសេចក្ដីស្លាប់ ។ ទើបដំរីមេហ្វូងផ្ដាំមេចាបថា នៅមានដំរីស្ដមួយទៀត ដើរមកខាងក្រោយតែម្នាក់វា អាស្ដនោះសាហាវណាស់  បើវាមកដល់សំបុក  ចូរឯងខំអង្វរកឲ្យមែនទែន ក្រែងវាអាណិតអាសូរឯងខ្លះ ផ្ដាំរួចដើរហួសទៅ ។ មេចាបឃើញកូនខ្លួនរួចរស់ជីវិត ត្រេកអរណាស់ និយាយសរសើរនិងអរគុណដំរីមេហ្វូងយ៉ាងក្រៃលែង ។ មិនយូរប៉ុន្មាន ដំរីស្ដសាហាវនោះ ដើរមកដល់សំបុកមេចាបៗ ចូលទៅកាងស្លាបគោរពអង្វរសុំជីវិតកូនដូចលើកមុន ។ ដំរីស្ដស្រែកគំហកមេចាបថា  "ម៉េចក៏ហងឯងមកធ្វើសំបុកទុកកូនត្រង់ផ្លូវអញដើរ អញជាន់សម្លាប់កូនហងឯងឥឡូវហើយ មិនអាណិតទេ កុំថាតែខ្លួនមួយពីរប៉ុណ្ណោះ សូម្បីចាបរាប់ម៉ឺនសែន ក៏អញជាន់ឈ្លីតែនឹងជើងឆ្វេងមួយឲ្យល្អិតខ្ទេចខ្ទីដែរ អញមិនបាច់ជាន់នឹងជើងទាំងបួនទេ" ថារួចស្ទុះទៅជាន់ឈ្លីកូនចាបស្លាប់ភ្លាម ល្អិតល្អោចទាំងសំបុកទៀត រួចវានោមដាក់អណ្ដែតឆ្អឹងឆ្អែងរោមកូនចាបហូរទៅតាមទឹកនោមវា វាសើចក្អាកក្អាយសប្បាយចិត្តដើរហួសទៅ ។ មេចាបឃើញដូច្នោះ គេចហើរទៅទំលើមែកឈើក្បែរទីនោះ យំសោកបោកខ្លួនអាឡោះអាល័យស្ដាយកូនខ្លាំងណាស់ ស្រែកជេរប្រទេចដំរីស្ដថា នែអាពាលកំណាច ! ពេលនេះអាឯងសប្បាយចិត្តចុះ អាឯងអាងខ្លួនធំ អាងមានកម្លាំងខ្លាំងជាងអញ អាធ្វើតាមអំពើពាលទៅចុះ មិនយូរប៉ុន្មានទេ គង់តែអានឹងដឹងកម្លាំងអញជាចាបមិនខាន ។ មេចាបជេរប្រទេចដំរីរួច ហើរទៅរកពឹងក្អែកជាសម្លាញ់ និយាយរឿងរ៉ាវដំរីជាន់សម្លាប់កូនឲ្យក្អែកស្ដាប់ តាំងពីដើមដល់ចប់ ហើយអង្វរក្អែកឲ្យទៅចឹកចោះភ្នែកដំរីស្ដ ។ ក្អែកអាណិតមេចាបណាស់ នឹកក្ដៅក្រហាយខឹងស្អប់ដំរីស្ដយ៉ាងខ្លាំង ឆ្លើយថា "សម្លាញ់កុំព្រួយ ចាំខ្ញុំជួយឲ្យបានដូចចិត្ត" ថារួចហើរទៅរកដំរីស្ដ ឃើញហើយទៅទំលើក្បាលចឹកចោះភ្នែកដំរីទាល់តែធ្លុះបែកប្រស្រីទាំងពីរហូរឈាមរហាម ហើយមេចាបទៅនិយាយពឹងរុយទៀត ។ រុយទទួលយកអាសារ ទៅពងដាក់ភ្នែកដំរីកើតជាដង្កូវចោះបែងភ្នែកឲ្យដំបៅទាល់តែខ្វាក់ទៅ ។ មេចាបទៅពឹងកង្កែបឲ្យជួយទៀត ។ កង្កែបទទួលជួយ ក៏ឡើងទៅស្រែកយំលើភ្នំក្បែរមាត់ជ្រោះជ្រៅ ឯដំរីខ្វាក់ស្រេកទឹកណាស់ដើរស្វះស្វែងរកទឹកផឹក ឮសូរកង្កែបយំ សំគាល់ថាជាត្រពាំងទឹកក៏ដើរយ៉ាងលឿនតម្រង់ទៅដល់ជ្រោះ រអិលជើងមុខនឹងដុំថ្មរមៀលធ្លាក់ក្នុងជ្រោះស្លាប់គ្រានោះទៅ ។ មេចាបឃើញដំរីស្ដធ្លាក់ទៅក្នុងជ្រោះភ្នំស្លាប់ហើយ នឹកត្រេកអរណាស់ ស្រែកផ្ចាញ់ផ្ចាលដំរីថា "នែអាដំរីពាល កម្លាំងកាយបើទុកជាខ្លាំងយ៉ាងណា ក៏មិនអាចធ្វើការគ្រប់ជំពូកឲ្យសម្រេចបានដែរ, កម្លាំងបញ្ញាទើបអាចសម្រេចកិច្ចការសព្វគ្រប់បាន សូម្បីភ្នំធំខ្ពស់ក៏អាចរំលាយឲ្យរាបស្មើនឹងផ្ទៃផែនដីបានដែរ" ។ មេចាបថារួចហើយ ក៏ហើរចេញទៅ ។ និទានមេចាបសម្លាប់ដំរីស្ដនេះ ដើម្បីបញ្ជាក់សេចក្ដីឲ្យឃើញច្បាស់ថា ការសាមគ្គីរួបរួមគ្នា តែងធ្វើកិច្ចការដែលធំៗ ធ្ងន់ៗ ក្រៗ ឲ្យសម្រេចបានដូចជាមេចាប, ក្អែក, រុយ និងកង្កែប តែបួនរូបប៉ុណ្ណោះ  រួមគ្នាជាកម្លាំងមួយ អាចសម្លាប់ដំរីសាបានដោយងាយ តាមកម្លាំងបញ្ញារបស់វា ។ អតីតនិទាននេះ ជារឿងខាងគតិលោក ។ ចំណែករឿងខាងគតិធម៌វិញ ក៏មានចែងទុកថា អ្នកផ្ចាញ់កិលេសមារជាសឹកសត្រូវនៅក្នុងខ្លួនក្ដី អ្នកធ្វើបុណ្យទានទាំងពួង មានកសាងវត្ត, វិហារ, សាលា ជាដើមក្ដី ក៏តែងបានសម្រេចដោយសារកម្លាំងសាមគ្គីព្រមព្រៀងគ្នា ដូចមានសេចក្ដីក្នុងអបរិហានីយសូត្រ គម្ពីរអង្គុត្តរនិកាយ សត្តកនិបាតថា ៖ សម័យពុទ្ធកាល វស្សការព្រាហ្មណ៍ ជាមហាមាត្យនៃព្រះបាទអជាតសត្រូវ ក្រុងរាជគ្រឹះ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធលើភ្នំគិជ្ឈកូដ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ! ព្រះបាទអជាតសត្រូវ មានព្រះរាជបំណងនឹងលើកកងទ័ពទៅវាយក្សត្រដែនវជ្ជី ជាដែននៅជិតគ្នា ឲ្យខ្ទេចខ្ទីនៅក្នុងអំណាចរបស់ព្រះអង្គ ។ ព្រះបរមសាស្ដាទ្រង់ត្រាស់ថា"ម្នាលព្រាហ្មណ៍! ក្សត្រដែនវជ្ជី គេព្រមព្រៀងគ្នាប្រព្រឹត្តអបរិហានីយធម៌ ជាធម៌ដឹកនាំអ្នកប្រតិបត្តិតាមមិនឲ្យវិនាសសាបសូន្យ ឲ្យមានតែសេចក្ដីសុខចម្រើនយ៉ាងបរិបូណ៌ គេឧស្សាហ៍ប្រជុំប្រឹក្សាគ្នាពីកិច្ចរបស់ប្រទេស គេស្រុះស្រួលគ្នាជួយធ្វើកិច្ចការជាសាធារណប្រយោជន៍ គេគោរពកោតក្រែង ជឿស្ដាប់ព្រះរាជបញ្ជានៃព្រះមហាក្សត្ររបស់គេគ្រប់ប្រការ គេកាន់ច្បាប់សម្រាប់ប្រទេសរបស់គេយ៉ាងម៉ឺងម៉ាត់ គេមិនហ៊ានធ្វើអ្វីតាមអំពើចិត្តគេឡើយ, អាស្រ័យការប្រព្រឹត្តបរិហានីយធម៌ទាំងនេះហើយ បានជាដែនវជ្ជីមានសេចក្ដីសុខចម្រើនយ៉ាងក្រៃលែង មិនដែលមានសត្រូវណាទៅប្រមាថពាធា សង្កត់សង្កិនបានឡើយ ទោះបីសត្រូវនោះមានឥទ្ធិពលខ្លាំងក្លាយ៉ាងណាក៏ដោយ" ។ វស្សការព្រាហ្មណ៍ស្ដាប់ព្រះពុទ្ធដីកាចប់ហើយ មានចិត្តត្រេកអរណាស់ ក្រាបថ្វាយបង្គំលាព្រះទសពលត្រឡប់ទៅក្រាបទូលព្រះបាទអជាតសត្រូវ សូមទ្រង់ជ្រាបអំពីអបរិហានីយធម៌ របស់ក្សត្រដែនវជ្ជីគ្រប់ប្រការ ។

* * *

 

រឿងនាយឆ្មា

មានសេចក្ដីតំណាលថា កាលពីព្រេងនាយមានបុរសកំសត់ទុរគតម្នាក់ នៅពេលមុនអស់សង្ខារ បានចែកទ្រព្យខ្លួនដល់បុត្របីនាក់ ។ បុត្រច្បងគាត់បានប្រគល់ត្បាល់កិនមួយ បុត្របន្ទាប់ឲ្យសត្វលាមួយ ចំណែកបុត្រពៅបានចែកឆ្មាបាឲ្យមួយ ។ លុះបានទទួលកេរ្តិ៍មរតកពីបិតារៀងខ្លួនហើយ បុត្រពៅតែងមានសេចក្ដីច្រណែននឹងបងៗជាប្រក្រតី ហើយតែងពោលថា "ឱ ! បងទាំងពីរ គេស្រុះស្រួលគ្នារកស៊ី គេនឹងទទួលផលប្រសើរចំពោះកេរ្តិ៍ឧត្ដមនេះ ចំណែករូបខ្ញុំ បើមានតែឆ្មាបាមួយយ៉ាងនេះ តើនឹងយកទៅរកស៊ីចិញ្ចឹមជីវិតបានឬទេ ?” ។ បានឮសេចក្ដីពោលជាញឹកញយរបស់ម្ចាស់យ៉ាងនេះ ឆ្មាដែលមានប្រាជ្ញាឈ្លាសវៃ ក៏តបដោយវាចាទន់ភ្លន់ទៅម្ចាស់ថា "សូមលោកម្ចាស់កុំច្រណែន លោកម្ចាស់ដេរស្បោងឲ្យខ្ញុំមួយមក ហើយកាត់ស្បែកជើងមួយសម្រាប់យ៉ាងជាប់    ដើម្បីការពារនឹងបន្លា ជាបំផុតលោកម្ចាស់មុខជានឹងបានឃើញច្បាស់នូវផលដ៏ឧត្ដមនៃកេរ្តិ៍ ដែលបិតាលោកម្ចាស់ប្រគល់ជូននេះជាប្រាកដ" ។ ដោយសេចក្ដីអង្វររបស់ឆ្មាជារឿយៗ នាយបុរសជាម្ចាស់ក៏ដេរស្បោងយ៉ាងល្មម និងកាត់ស្បែកជើងមួយគូយ៉ាងជាប់ប្រគល់ឲ្យឆ្មាបានដូចបំណង ហើយនាយឆ្មាតាំងពាក់ស្បែកជើងនៅជើងក្រោយទាំងពីរយ៉ាងជំនាញ ទាញស្បោងយកមកពាក់នៅក ហើយជើងខាងមុខប្រវាចាប់ខ្សែយ៉ាងជាប់ ក្រោកឈរឆ្ដុបដើរឆ្ពោះទៅក្នុងព្រៃដ៏សម្បូរទៅដោយទន្សាយ ។ ដល់កន្លែងសមគួរហើយ នាយឆ្មាតាំងឈប់ស្រាយស្បោងពីក បើកមាត់យ៉ាងធំ ហើយរត់ទៅបោចប្រមូលស្មៅខ្ចីយ៉ាងស្រស់ និងត្រកួនដ៏ខៀវខ្ចីល្វក់លូកញាត់បញ្ចេញស្លឹកមកក្រៅ ។ តមក, នាយឆ្មាតាំងឃ្លាំចាំមើលទន្សាយដែលអត់ឃ្លាន រត់ច្រវាត់នឹងចូលស៊ីស្មៅត្រកួនក្នុងស្បោង នាយឆ្មានឹងស្ទុះទៅសង្គ្រប់ចាប់ ។ គ្រាន់តែប្រះខ្លួនដេកភ្លាម មានទន្សាយអត់ឃ្លានមួយ ស្ទាត់ខាងការលួច ឃើញត្រកួនខ្ចីនៅមាត់ស្បោងក៏ចូលទៅកកេរស៊ី រហូតដល់ទៅត្បុលខ្លួនបាត់ទៅខាងក្នុង ។ បានដៃភ្លាម នាយឆ្មាស្ទុះភ្លែតរូតខ្សែខ្វាប់ ។ ទន្សាយជាប់ជុចបម្រាសព្រូសប្រាសនៅក្នុងស្បោង ។ នាយឆ្មាតាំងបញ្ចេញឫទ្ធិប្រហារទន្សាយគ្មានបង្អង់ដៃ  ។ នាយឆ្មាអរណាស់ ក៏តាំងច្រកទន្សាយទៅក្នុងស្បោងស្រេចពាក់មកលើក ហើយដើរតម្រង់ទៅព្រះរាជដំណាក់ព្រះមហាក្សត្រក្នុងនគរនោះ ដើម្បីសូមផ្លូវអ្នកយាមចូលទៅជួបគាល់ព្រះរាជា ។ អ្នកយាមក៏អនុញ្ញាតនាំនាយឆ្មាទៅគាល់ព្រះ មហារាជក្នុងព្រះរាជមន្ទីរ នៅទីចំពោះព្រះភក្ត្រ នាយឆ្មាតាំងលុតជង្គង់ថ្វាយបង្គំផ្ចង់អញ្ជលីតាមទំនៀម ហើយក្រាបទូលថា ៖ បពិត្រព្រះករុណាដ៏មានឫទ្ធិ នេះគឺជាទន្សាយរបស់លោកឧកញ៉ាមហាបុរស ជាម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំដែលនៅឯនាយនុ៎ះ បានតម្រូវលើរូបទូលព្រះបង្គំជាខ្ញុំឲ្យនាំយកមកថ្វាយបង្គំដោយគោរព និងភក្ដីភាព។ មានព្រះរាជអំណរជាអនេក ព្រះរាជាទ្រង់តបទៅនាយឆ្មាថា ហៃសត្វដ៏ឈ្លាសវៃ   ចូរឯងនាំសេចក្ដីត្រេកអរដ៏ខ្ពង់ខ្ពស់របស់យើង  ទៅជូនលោក ឧកញ៉ាឯងដោយមេត្រី ។ ក្នុងកាលមួយ នាយឆ្មាចូលទៅដេកសម្ងំក្នុងជង្រុកស្រូវ ហើយលាស្បោងចំហមាត់យ៉ាងធំ ។ បន្តិចមក មានព្រាបមួយគូយ៉ាងសាំងដេញចឹកគ្នា ត្បុលចូលទៅក្នុងស្បោងនោះ ។ នាយឆ្មាខ្ទប់មាត់ស្បោងជាប់ ហើយពាំឆ្ពោះទៅព្រះបរមរាជវាំង ថ្វាយព្រះរាជាដោយប្រពៃ ។ ព្រះមហាក្សត្រ ទ្រង់ទទួលយកយ៉ាងស្មោះស្ម័គ្រ ហើយព្រះអង្គទ្រង់បានប្រទានការជប់លៀងនាយឆ្មា នូវក្រយាហារយ៉ាងឈ្ងុយឈ្ងប់ ។ នាយឆ្មាតែងចូលទៅគាល់ព្រះរាជាប្រក្រតី ។ ជារឿយៗ នាយឆ្មាតែងនាំសត្វដែលខ្លួនចាប់បានទូលថាជារបស់ម្ចាស់ យកទៅថ្វាយព្រះអង្គយ៉ាងគាប់គួរ ។ ថ្ងៃមួយ នាយឆ្មាបានដំណឹងច្បាស់ថាព្រះរាជានឹងទ្រង់យាងចេញទៅប្រថាប់មាត់ស្ទឹង ជាមួយព្រះរាជបុត្រដ៏ឆើតឆាយក្នុងលោក ។ នាយឆ្មាអរណាស់ ហើយនិយាយទៅម្ចាស់ខ្លួនថា "បពិត្រលោកម្ចាស់, បើលោកធ្វើតាមខ្ញុំ លោកនឹងមានលាភប្រសើរ សូមលោកទៅងូតទឹកក្នុងស្ទឹង ត្រង់ទីកន្លែងដែលខ្ញុំបង្ហាញ លោកម្ចាស់នឹងបានទទួលលាភដ៏ប្រពៃ ដែលខ្ញុំនឹងអធិដ្ឋានសំបូងសង្រូងជូនឲ្យបានសម្រេច ។ នាយបុរសជាម្ចាស់ក៏ធ្វើតាមបង្គាប់នាយឆ្មា ដោយពុំមានយល់ការណ៍បន្តិចបន្តួចឡើយ ក្នុងពេលដែលព្រះរាជាព្រមទាំងព្រះរាជបុត្រយាងទៅដល់មាត់ស្ទឹង នាយបុរសចុះទៅងូតទឹក ។ នាយឆ្មាតាំងស្រែកអស់ទំហឹងមួយរំពេចថា "ជួយផង ! ជួយផង ! នុ៎ះន៎ លោកឧកញ៉ាមហាបុរសលង់ទឹក" ។ ឮពាក្យឆោឡោនោះភ្លាម ព្រះរាជាក៏ទ្រង់អើតព្រះភក្ត្រចេញពីរាជរថមក ហើយទ្រង់ស្គាល់ជាក់ជានាយឆ្មាដែលតែងយកសត្វទៅថ្វាយព្រះអង្គ ។ ទ្រង់ក៏ចាត់ឲ្យទាហានស្ទុះចុះទៅជួយស្រង់នាយបុរសជាម្ចាស់ឆ្មា ។ ក្នុងពេលដែលគេកំពុងតែស្រង់នាយបុរសនាយឆ្មាក៏ចូលទៅជិតទៀបព្រះមហាក្សត្រក្រាបទូលថា "ក្នុងពេលដែលម្ចាស់ខ្លួនលង់ទឹកនោះមានចោរកំណាចមកឆក់សំពត់អាវម្ចាស់ ដែលដាក់លើមាត់ច្រាំងយកទៅបាត់ហើយ" ប៉ុន្តែដោយពិត គឺនាយឆ្មានោះយកទៅលាក់ក្នុងក្រហែងផែនថ្ម ។ ព្រះរាជាទ្រង់មានព្រះរាជឱង្ការ ត្រាស់បង្គាប់ឲ្យនាយឃ្លាំងរត់ទៅព្រះរាជដំណាក់  រើសំពត់អាវដ៏មានតម្លៃ  យកមកជូនលោកឧកញ៉ាមហាបុរសផ្លាស់ ។ លុះស្លៀកពាក់ស្រេច  នាយបុរសក៏ឡើងមកថ្វាយបង្គំព្រះរាជា ព្រះអង្គទ្រង់សន្ទនាយ៉ាងស្មោះជាមួយបុរសនោះ ។  ឯព្រះរាជបុត្រីគង់ក្នុងរាជរថ  ក៏ចេះតែឆ្មៀងព្រះនេត្រទាំងគូលបមើលនាយបុរសជាញឹកញយ ។ ចំណែកនាយបុរសវិញ ក៏ចោលកន្ទុយភ្នែកញញឹមទៅរកព្រះនាងក្សត្រីដោយមេត្រី ។ បន្ទាប់មក ព្រះរាជាក៏ទ្រង់ហៅនាយបុរសឲ្យឡើងទៅលើព្រះរាជ-រថព្រះអង្គ បរកម្សាន្ត និងទស្សនានូវទេសភាពផ្សេងៗតាមស្រុកស្រែ ។ មានអំណរណាស់ នាយឆ្មាតាំងរត់ និងដើរយ៉ាងលឿនពីមុខក្បួនរាជរថទៅ ។ គ្រប់វាលស្រែដែលមានមនុស្សកុះករកំពុងច្រូតស្រូវ នាយឆ្មាតាំងនិយាយបន្លាចថា "នែបងប្អូន!  បើព្រះរាជាយាងមកដល់ សួរបញ្ជាក់អំពីម្ចាស់ស្រែទាំងនេះ ត្រូវអ្នករាល់គ្នាឆ្លើយស្របទូលព្រះបង្គំថា ជាស្រែរបស់លោកឧកញ៉ាមហាបុរស ឮទេ ? បើអ្នកណារំលោភទទឹង អ្នកនោះឯងនឹងទទួលទោសទណ្ឌកម្មជាពុំខានឡើយ" ។ ដល់ស្រែមួយៗ ព្រះរាជាតែងត្រាស់បញ្ជាក់សួរពីម្ចាស់ស្រែ ។  ពួកម្ចាស់ស្រែ ព្រមទាំងអ្នកច្រូតកាត់ទាំងអស់ ក៏ទូលតបថាជាស្រែរបស់លោកឧកញ៉ាមហាបុរស។ ព្រះរាជាមានព្រះទ័យអស្ចារ្យពេក ទ្រង់ត្រាស់សរសើរទៅនាយបុរសថាប្រសើរណាស់លោកមានភោគសម្បត្តិស្ដុកស្ដម្ភណាស់ទេតើ ។ នាយបុរសលុះឮព្រះរាជបន្ទូលសរសើរយ៉ាងនេះ ក៏បន្ថែមសេចក្ដីថា   "បពិត្រព្រះករុណាដ៏មានឫទ្ធិ ភោគទ្រព្យទាំងនេះផ្ដល់ផលច្រើនជាអនេក ក្នុងមួយឆ្នាំៗ " ។ នាយឆ្មាដើរមុខក្បួន តែងបន្លាចអ្នកស្រែឲ្យជួយឆ្លើយដូចបំណងខ្លួនជានិច្ច ។ ព្រះរាជាដែលទ្រង់ចង់ជ្រាបហេតុពិត ក៏ចេះតែយាងឆ្ងាយទៅៗឥតគណនា ។ ព្រះអង្គទ្រង់ត្រាស់សួរទៅកន្លែងណា ក៏សុទ្ធតែជាស្រែរបស់លោកឧកញ៉ាមហាបុរសទាំងអស់គ្មានចេះចន្លោះ ។ ព្រះអង្គរឹងរឹតតែស្ញែងនឹងភោគសម្បត្តិនាយបុរសនេះពន់ពេក ។ដោយល្បឿនដ៏រហ័សដូចព្រួញ នាយឆ្មាក៏ច្យុតខ្លួនទៅដល់ប្រាង្គប្រាសាទយ៉ាងធំមួយ ដែលជាប្រាសាទយក្សអ្នកមានស្ដុកស្ដម្ភម្នាក់។វាលស្រែចម្ការទាំងប៉ុន្មានដែលផុតពីព្រំដែននគរព្រះរាជាបានទតមកនោះ  គឺសុទ្ធតែជាកន្លែងចំណុះរបស់យក្សនេះទាំងអស់ ។ នាយឆ្មាចូលទៅក្នុងប្រាសាទនោះគ្មានញាប់ញ័រអ្វីបន្តិចបន្តួចឡើយ ។ នាយយក្សក៏ទទួលនាយឆ្មាជាអ្នកដំណើរទេសចរយ៉ាងរួសរាន់ ។ តមកនាយឆ្មាក៏និយាយសរសើរពីអានុភាពនាយយក្ស ។ នាយឆ្មាក៏និយាយអួតថា "បពិត្រលោកម្ចាស់ ខ្ញុំធ្លាប់ដឹងច្បាស់ថា លោកជាអ្នកមានឫទ្ធិឥតនរណាស្មើទេ, លោកអាចប្រែក្រឡាខ្លួនទៅជាសត្វតូចតាចបាន ឧបមាដូចកណ្ដុរជាដើម ខ្ញុំបាទ ដូចជារកជឿគ្មានសោះចំពោះពាក្យទាំងនេះ តើពិតប្រាកដមែនឬ ? ចង់បញ្ចេញឫទ្ធីឲ្យឆ្មាកោតខ្លួន យក្សក៏និយាយកាត់ភ្លាមថា ពុំជឿនោះជាការខុសស្រឡះហើយ កុំថាឡើយទៅជាកណ្ដុរ ទោះជាស្រមោចសង្អារក៏ខ្ញុំក្លែងភេទបានដែរ ។ អ្នកចាំមើលចុះ ខ្ញុំនឹងប្រែភេទទៅជាកណ្ដុរភ្លាម ?” ។ ថាហើយ យក្សតាំងបញ្ចេញសិល្ប៍ប្រែក្រឡាខ្លួនទៅជាកូនកណ្ដុរក្រហមមួយរត់ខ្វៃៗនៅលើកម្រាលឥដ្ឋ ។ បានឱកាសភ្លាម នាយឆ្មាហក់វឹបខាំកូនកណ្ដុរលេបតែមួយក្អឹកទៅដល់ក្នុងពោះ ។  យក្សសាបសិល្ប៍ក្ស័យជីវិតសូន្យសង្ខារនៅក្នុងពោះឆ្មានោះទៅ ។ បន្ទាប់មក ក្បួនព្រះរាជរថព្រះមហាក្សត្រក៏ហែមកដល់ទីនោះ ។ នាយឆ្មាឮសូរសន្ធឹកទ័ព ក៏ស្ទុះចេញពីប្រាសាទមកទទួលព្រះរាជាភ្លាម ។ នាយឆ្មាទូលថា "បពិត្រព្រះករុណាដ៏មានជោគ ឥឡូវមកដល់ប្រាសាទលោកឧកញ៉ាម្ចាស់ទូលព្រះបង្គំជាខ្ញុំហើយ សូមព្រះអង្គទ្រង់មេត្តាស្ដេចយាងចូលទៅក្រសាលលេង" ។ រឹងរឹតតែស្ញែង ព្រះរាជាទៅជាលាន់ព្រះឱសថា  "យីអើ !  លោកឧកញ៉ាមហាបុរសជាអ្នកមានស្ដុកស្ដម្ភណាស់ ហ្ន៎!” ។ តមក, ព្រះអង្គក៏ត្រាស់ឲ្យកងទ័ពចូលទៅក្រសាលលេង នៅក្នុងបរិវេណប្រាសាទនោះ ។ នាយបុរសក៏ចុះពីលើរាជរថហុចដៃទៅឲ្យនាងក្សត្រីកាន់ ហើយក៏នាំព្រះរាជាចូលទៅក្នុងបន្ទប់មួយធំទូលាយ ដែលមានភាជន៍មាសរៀបសុទ្ធសឹងតែម្ហូបឈ្ងុយឈ្ងប់ ដែលយក្សរៀបទុកនឹងបរិភោគ ។ ព្រះរាជាទ្រង់មានព្រះអំណររកអ្វីប្រៀបផ្ទឹមគ្មាន ។ ព្រះអង្គឆ្មៀងព្រះនេត្រាមើលទៅសម្បត្តិទ្រព្យក្នុងប្រាសាទ មានសុទ្ធសឹងតែមាស ប្រាក់ ពេជ កែវកង ដ៏មានតម្លៃ ។ ព្រះរាជាទ្រង់ជោគទៅក្នុងសេចក្ដីស្ញែង ក៏ទ្រង់ត្រាស់ទៅនាយបុរសថា "លោក ! ខ្ញុំជឿជាក់ហើយថា លោកជាមហាសេដ្ឋីធំមែន ! ខ្ញុំទុកលោកជាព្រះធីតាបតិរបស់ខ្ញុំ ! ឥឡូវនេះ ខ្ញុំលើកព្រះរាជបុត្រីខ្ញុំជូនលោកធ្វើជាមហេសី ដើម្បីជាតំណាងនូវសេចក្ដីរាប់អានរបស់ខ្ញុំ !” ។ មានអំណរណាស់, ដូចជាបានទៅកើតឋានសួគ៌ និងជោគជាំទៅដោយសេចក្ដីស្នេហាពេញចិត្ត នាយបុរសឱនកាយទទួលលាភចំពោះព្រះភក្ត្រព្រះមហារាជ ព្រមទាំងទទួលធ្វើជាបុត្រប្រសាររបស់ព្រះអង្គដោយស្វាមីភ័ក្ដិ ។ តមក ព្រះមហាក្សត្រក៏រៀបអភិសេកបុត្រី និងនាយបុរសនោះ ហើយទ្រង់ក៏ប្រគល់រាជសម្បត្តិឲ្យនាយបុរសគ្រងជំនួសព្រះអង្គ ។  ចំណែកនាយឆ្មាក៏បានឡើងឋានន្តរស័ក្ដិជានាម៉ឺនធំមួយ ។ តពីនោះមក នាយឆ្មាលែងចាប់កណ្ដុរ និងសត្វឯទៀតបរិភោគជាអាហារទៀតហើយ ។ នាយឆ្មាតែងមានអ្នកបម្រើឆ្វេងស្ដាំគ្មានចន្លោះ ។ជាអវសាន, នាយបុរសភ្ញាក់ខ្លួនពិចារណាឃើញច្បាស់នូវសេចក្ដីគិតខុសរបស់ខ្លួនកាលជាន់មុន ។ នាយបុរសបញ្ជាក់ខ្លួនឯងថា "កេរ្តិ៍អាករមាតាបិតា ជាទ្រព្យឧត្ដមត្រជាក់ត្រជំ គួរបុត្រធីតាទទួលយក ហើយរក្សាឲ្យគង់វង់កុំឲ្យក្នក់ចិត្តឲ្យសោះ ។

និគមវចនៈ

មាតាបិតាអាសូរបុត្រ ចែកកេរ្តិ៍បរិសុទ្ធទុកឲ្យកូន

កេរ្តិ៍នោះឋិតថេរពុំសោះសូន្យ ជួយជូនឲ្យបានក្ដីសុខា ។

រីឯទ្រព្យកេរ្តិ៍ម្ដាយឪពុក ចែកទុកឲ្យកូនរាល់រូបា

ទោះបីទាបថោកឬថ្លៃថ្លាគួរកូនរក្សាដោយស្មោះស្មាន ។

ឯក្នុងរឿងនេះដូចកូនពៅ បានឆ្មាមួយទៅកំដរប្រាណ

ឆ្មានោះជាកេរ្តិ៍គាប់កល្យាណ    ជួយឲ្យម្ចាស់បានថ្កើងស្ដុកស្ដម្ភ ។

ម្ចាស់បានជាធំពេកកន្លង លើសជនជាបងយ៉ាងឧត្ដម

ដោយកេរ្តិ៍ត្រជាក់ជួយឧបត្ថម្ភ ឲ្យបានជាធំក្នុងលោកិយ ។

*****

Flag Counter