ពុទ្ធសាសនបណ្ឌិត្យ

រឿងព្រេង ប្រវត្តិ ឃុំវាលជួប

កាលពីឣតីតយូរឣង្វែងណាស់មកហើយ បានឮតៗពីចាស់ជាន់ដើមនិយាយថា មានពួកឣ្នកកំបាំងនៅក្នុងឃុំវាលធំ ស្រុកសន្ទុក ខេត្តកំពង់ធំ ពួកស្រីឈ្មោះដូនមើចដូនពែង ជាបងប្អូនបង្កើតនឹងគ្នា មានពួកពលសុទ្ធតែស្រីៗរាប់រយនាក់ ពួកប្រុសឈ្មោះស្តេចប្រទាល មានពួកពលប្រុសៗរាប់រយនាក់ តែងនៅជាសុខក្នុង តំបន់នេះ ។

មានថ្ងៃមួយស្តេចប្រទាលឃើញរូបដូនមើចដូនពែង មានចិត្តស្រឡាញ់ចង់បាន  ឲ្យទៅដណ្តឹងដូនមើចដូនពែង  មិនព្រមយកស្តេប្រទាល  ខឹងលើកពលច្បាំងគ្នា ខាងដូនមើចដូនពែងមានឫទ្ឋិពូកែ ចេះបំបាំង មានឆ្នាំងបាយ ១ តូច ដាំបាយឲ្យពលរាប់រយឣាស្រ័យមិនឣស់ និងមានមហិទ្ធិឫទ្ធិផ្សេងៗទៀតច្រើន ។ ចំណែកស្តេចប្រទាលក៏មានមហិទ្ធិឫទ្ធិដែរ ចេះបំបាំង និងមានប្រទាលសម្រាប់បៀម មិនឲ្យកាប់សម្លាប់បាន លុះដល់ច្បាំងគ្នានៅដីវាល ១ ធំ ខាងជើងភូមិធ្វាសព្វថ្ងៃ ភូមិធ្វានេះសន្មតហៅថាធ្វា ព្រោះទីនោះជាកន្លែងសម្រាប់យាមល្បាតកងទ័ព ស្តេចប្រទាលមុននឹងលើកទ័ព មកវាយដូនមើចដូនពែងនៅវាលធំនោះ បានប្រជុំពលនៅព្រៃត្រពាំងមួយកណ្តាលព្រៃមូលជុំវិញ ទទឹង និង បណ្តោយ ប្រមាណ ២០០ ម៉ែត្រ សម្រាប់ពលព្រោះកាលជាន់នោះ មិនមានទ័ពរយពាន់ដូចសព្វថ្ងៃនេះទេ បានជាសន្មតហៅវាលនោះឈ្មោះវាលវិលពល ។ 

លុះស្តេចប្រទាលវិលពលរួចហើយ បានលើកគ្នាទៅវាយដូនមើចដូនពែងនៅវាលជុំនោះ លុះទៅព័ទ្ឋដូនមើចដូនពែងដឹងខ្លួន បាននាំពលស្រីៗបំបាំងបាត់ត្រង់ណេះ ទៅឃើញត្រង់ណោះ ស្តេចប្រទាលបានលើកពលដេញទៅ ស្រាប់តែបាត់ដូនមើចដូនពែងរកមិនឃើញ ស្តេចប្រទាល បាននាំពលធ្វើរនាស់រាស់រកដូនមើចដូនពែង រាស់ត្រង់ណេះឮមាត់ត្រង់ណោះ ដូនមើចដូនពែងទ្រាំពុំបាននាំពលស្រីៗទៅធ្វើបន្ទាយនៅព្រៃមួយទៀត ។ ទើបដាក់បណ្តាសាថា បើឣ្នកណាធ្វើស្រែនៅនឹងទីនោះកុំឲ្យធ្វើកើត បានជាសន្មតហៅវាលនោះហៅវាលខ្លួនផង ហៅវាលបណ្តាសាផង ហៅវាលដងរនាស់ផង ដងរនាស់នៅជាតាង ទើបតែនឹងបាត់នៅប៉ុន្មាននេះ ។ រួចស្តេចប្រទាលបានលើកទ័ពទៅតាមដូនមើចដូនពែងទៅដល់វាលដែរដូនមើចដូនពែងធ្វើបន្ទាយបានតតាំងច្បាំងគ្នារឹងរូសណាស់នៅទីនោះ បានជាសន្មតទីនោះឈ្មោះ ថាបន្ទាយវាល និងសឹងមានបន្ទាយនៅនាតាងសព្វថ្ងៃនេះ ។ 

លុះស្តេចប្រទាលព័ទ្ធបន្ទាយខ្លួន ដូនមើចដូនពែងបានចាត់បម្រើ ឲ្យមកដងទឹកនៅឣូរមួយយកទៅឣាស្រ័យ ហើយបានជួបនឹងស្តេច ប្រទាល ស្តេចប្រទាលនិយាយជាមួយបម្រើដែលមកដងទឹកឣូរនោះថា ឲ្យទៅនិយាយនឹងដូនមើចដូនពែង ឲ្យព្រមយកស្តេចប្រទាលទៅនឹងបានឈប់ច្បាំង បានជាសន្មតឣូរនោះហៅ ឣូរចង ។ 

ស្តេចប្រទាលឲ្យតួស្រីនោះទៅប្រាប់ដូនមើចដូនពែង ព្រមឬមិនព្រម ឲ្យវិលមកប្រាប់ស្តេចប្រទាលវិញ លុះស្រីនោះបានទៅដល់ផ្ទះដូនមើច ដូនពែង បាននិយាយប្រាប់តាមពាក្យស្តេចប្រទាលសព្វគ្រប់ ទើបដូនមើចដូនពែង បានប្រមូលពលស្រីៗទាំងឣស់មកប្រជុំគ្នា យើងទាំង- ឣស់គ្នាគិតឧបាយថា ព្រមយកស្តេចប្រទាល និងពលស្តេចប្រទាលទាំងឣស់គ្នា ចូរធ្វើកលសម្លាប់ឲ្យឣស់តែម្តង លុះគិតមូលមាត់គ្នារួចហើយ បានចាត់ស្រីនោះឲ្យទៅប្រាប់ស្តេចប្រទាលថា ព្រមយកធ្វើជាប្តីទាំងឣស់គ្នា ហើយថាហាមចូលមកក្នុងនាមជាទាហាន ។ តាមច្បាប់ទម្លាប់ស្រុក ឲ្យរកអ្នកស្រុក និងបណ្ណាការផ្សេងៗគ្រប់មុខមករៀបការចុះ ហើយនាងនោះត្រឡប់ទៅប្រាប់ស្តេចប្រទាលវិញតាមដំណើរ  ។  ស្តេចប្រទាលបានដឹងមានសេចក្តីត្រេកឣរ បានជុំពួកពលប្រុសៗប្រាប់គ្នាតាមដំណើរទៅ ក៏មានសេចក្តីត្រេកឣរគ្រប់គ្នា ទាំងរៀបរកបណ្ណាការគ្រប់មុខបានសព្វគ្រប់ ទើបចាត់បម្រើឲ្យទៅប្រទាន ដូនមើចដូនពែងថា ចំលើថ្ងៃនេះ ថ្ងៃនោះ នឹងនាំបណ្ដាទាហានមករៀបតាមច្បាប់ ។ ដូនមើចដូនពែង ក៏បានប្រាប់បម្រើថាព្រម ក៏ចូលតាមស្តេចប្រទាលសព្វគ្រប់ ធ្វើឲ្យបានស្រាច្រើនពាង ។

លុះបម្រើត្រឡប់វិលទៅ ដូនមើចដូនពែង បានប្រជុំពលស្រីៗឲ្យជុំកាំបិតកោរ ១ យ៉ាងតូច សម្រាប់សឹតទុកលាក់ក្នុងភ្នួងសក់បាន រួចដូន មើចដូនពែងពន្យល់ពួកពលស្រីៗថា ធ្វើទើបនឹងរៀបមង្គលការរួច ឲ្យគោរពប្រណិបត្តិធ្វើជាស្រឡាញ់ប្តីខ្លួនគ្រប់ៗគ្នា ឲ្យជាប់បម្រើគ្រប់ប្រការ លុះរៀបចូលផ្សំដំណេក ឲ្យដួសស្រាហុចឲ្យប្តីគ្រប់គ្នាផឹកឲ្យស្រវឹង រួចចូលដំណេកគ្រប់គ្នា ហើយឣាករសម្លាប់ទាំងឣស់ទៅ លុះសន្មតគ្នារួច ស្រេច បើដល់ថ្ងៃរៀបមង្គលការ ស្តេចប្រទាល និងពលទាំងឣស់បានលើកស្រា និងបណ្ណាការគ្រប់មុខយកទៅជូនដូនមើចដូនពែងៗ បានទទួលបណ្ណា-ការហើយ បានយកទៅដាំស្លររួចសព្វគ្រប់ ពួកស្រីៗក៏តាំងខ្លួនជាឣ្នកបម្រើភ្ញៀវប្តីគ្រប់គ្នា ពួកស្តេចប្រទាលក៏នាំគ្នាស៊ីផឹកស្រវឹង សប្បាយស្រែកហ៊ោកញ្ជៀវ ច្រៀងរាំតាមល្បែងខ្លួនផ្សេងៗគ្រប់គ្នា ហើយទន្ទឹងឲ្យតែល្ងាចឆាប់នឹងបានចូលផ្សំដំណេក រួមសុខរួមទុក្ខជាមួយគ្នា ។ លុះដល់ពេលព្រលប់ ក៏បានចូលផ្សំដំណេកតាមគូរៀងខ្លួន ស្តេចប្រទាលចូលរួមដំណេកជាមួយដូនមើចដូនពែង តែស្តេចប្រទាលបៀមប្រទាលក្នុងមាត់មិនឆាន់ ពួកស្រីៗបានចាក់ស្រាឲ្យទៅប្រុសៗផឹកគ្រប់គ្នាទាល់តែស្រវឹង ទើបលូកយកកាំបិតកោរពីក្នុងសក់ មកឣាករគ្រប់គ្នាស្លាប់ឣស់ នៅតែស្តេចប្រទាលម្នាក់ឯង ដូនមើចដូនពែងនាំគ្នារឹតសង្កត់កបិតមុខ ស្តេចប្រទាលដឹងខ្លួនរើបម្រាសរួច ហើយឃើញពួកពលស្លាប់ឣស់ មានសេចក្តីភិតភ័យ ពួកដូនមើចដូនពែងនាំគ្នាដេញចាប់តាំងពីបន្ទាយវាំង និងរត់បកមកត្រើយម្ខាងនៃភ្នំមានឣូរ ស្តេចប្រទាលឣស់កម្លាំងខ្លាំងណាស់ បានចុះទៅផឹកទឹកឣូរនោះ ក៏ជួបដូនមើចដូនពែង និងពលស្រីៗទៅដល់តាំងស្ទាក់ចាប់ស្តេចប្រទាលកំពុងតែហត់ខ្លាំង ក៏ស្ទាក់ស្ដេចប្រទាលនៅក្នុងឣូរនោះ ។ សព្វថ្ងៃនេះមានដុះប្រទាលច្រើនមុខ បានជាសន្មតឈ្មោះឣូរនោះហៅថា ឣូរដាំប្រទាល អ្នកស្រុកតែងហៅតៗមក ។ ស្តេចប្រទាលក៏ភៀសខ្លួនរត់បាត់ពីនោះ ដូនមើចដូនពែងចាប់មិនបាន រកមិនឃើញដល់សព្វថ្ងៃ ។ 

រឿងដូចមានខាងលើនេះ បានជាសន្មតហៅថា ឃុំវាលជួប

* * *

 

 

 

 

រឿង ឆ្មបអស្ចារ្យ

រឿងនេះមិនមែនជារឿងព្រេងតំណាលតៗគ្នាទេ គឺជារឿងសម័យ បច្ចុប្បន្នកណ្តាលមកហើយ ពីព្រោះយាយឆ្មបគាត់ស្លាប់ទៅ នៅកូនស្ត្រី ១ បានធ្វើជាតំណរមក ឥឡូវនេះកូនស្រីនោះឣាយុជាង ៦០ ឆ្នាំហើយ ។

គ្រូ ឣ៊ុំ ឈុំ ខ្ញុំបានទៅមើលជំងឺនៅឃុំសិតថ្បូរ ស្រុកស្អាង ខេត្តកណ្តាល មានតា ១ គាត់តំណាលប្រាប់ថា កាលនោះមានយាយឆ្មប ១ ឈ្មោះ ម៉ាយ យាយម៉ាយជាតិវៀតណាម គាត់ជាឣ្នកពូកែខាងធ្វើឆ្មប សម្រាប់ស្ត្រីឣ្នកស្រុកភូមិជិតឆ្ងាយ មានធុរ:នឹងឆ្លងទន្លេមកយកម៉ាយទៅធ្វើឆ្មប បានសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នាទាំងឣស់ ។

មានសម័យថ្ងៃ ១ នោះ យាយម៉ាយគាត់នៅផ្ទះមិនបានទៅទីណា ពេលព្រឹកឡើងស្រាប់តែឃើញសត្វខ្លាធំមកឣំពីព្រៃ បោលសំដៅចូលមកក្នុងផ្ទះគាត់ មនុស្សទាំងឡាយក៏ភិតភ័យតក់ស្លុត រត់ខ្ចាត់ខ្ចាយផ្អើលឆោឡោជាន់គ្នា  សត្វឆ្កែឣូសលោង  ឣូសត្រគាក   ឯសត្វខ្លាធំចូលទៅជិតយាយម៉ាយ ហើយក៏ក្រាបលើកជើងពីរសំពះ ហើយលើកលីដាក់លើស្មា ជើងមុខក៏ក្រៀកតោងដើរក្រោយ ក៏បោលវឹងសំដៅទៅក្នុងព្រៃទៅ ឯឣ្នកស្រុកក៏ស្លាំងភាំងមើលខ្លាបញ្ជិះយាយម៉ាយយកទៅ នាំគ្នាស្មានថា ខ្លាពាំនាំយកយាយម៉ាយទៅស៊ី នាំគ្នាឣាណិតឣាសូរគ្រប់ៗគ្នា ឯកូនក៏យំទួញទ្រហឹងអឺងកង ឃើញខ្លាយកម្តាយបាត់ទៅ យាយម៉ាយក៏ភិតភ័យជាខ្លាំងខ្លាចខ្លាខាំយកទៅស៊ី ខ្លាក៏លីយាយម៉ាយចូលទៅក្នុងរូង ហើយដាក់យាយឆ្មប   នៅក្នុងទីនោះឃើញមេខ្លាកំពុងតែឈឺពោះ  គាត់គិតក្នុងចិត្តថា  ខ្លានេះយកឣញមកធ្វើឆ្មបប្រពន្ធវាទេតើ ឣញស្មានតែវាយកឣញទៅស៊ី យាយឃើញដូច្នោះក៏បាត់ភ័យ ស្ទុះទៅច្របាច់ពោះមេខ្លាធ្វើឆ្មបដូចធ្វើឲ្យមនុស្ស ឯមេខ្លាបានយាយធ្វើឆ្មបឲ្យក៏កើតកូនមកបាន ៤ ឯខ្លាឈ្មោលបានឃើញប្រពន្ធកើតកូន ក៏ត្រេកឣរពន់ពេក ស្ទុះទៅលិតស្រឡាញ់សោមនស្សហាក់ដូចជាមនុស្សដែរ ឯមេខ្លាក៏បាត់ឣន្ទះឣន្ទែងដោយបានយាយឆ្មបការពារដោះទុក្ខធុរ: ហើយសំអិតសំឣាង ឯយាយឆ្មបនៅតែមិនឣស់ចិត្ត មិនទុកចិត្ត ពីព្រោះ តាំងពីកើតមកមិនដែលឃើញធ្វើរបៀបនេះ ឥឡូវមកជួបសត្វ ដែលកាចសាហាវរស់នៅក្នុងព្រៃស្ងាត់ជ្រងំយ៉ាងនេះ មិនដឹងជាយ៉ាងណា ឯសត្វខ្លាក៏បានរួចរាល់ទុក្ខធុរ:ហើយ ក៏លើកលីយាយម៉បដាក់លើស្មា  ហើយបោលត្រឡប់មកផ្ទះវិញ ឯឣ្នកស្រុកក៏បានឃើញខ្លាពាំនាំយាយមកវិញ ក៏ឆោឡោត្រេកឣរពន់ពេក  នាំគ្នានឹកស្មានថាខ្លាស៊ីបាត់ទៅហើយ ដល់ឃើញមកវិញឥតមរណ: ឯខ្លានាំយាយដល់ផ្ទះ ដាក់ យាយយ៉ាងស្រួល  ហើយក៏បោលត្រឡប់ទៅវិញទៅ ។ បានប្រហែល ៣ ថ្ងៃ ខ្លាក៏ខាំបានជ្រូកព្រៃ ១ យ៉ាងធំ លីលើខ្នងបោលយកមកទម្លាក់មុខផ្ទះយាយ ហើយបោលត្រឡប់ទៅវិញទៅ ឯយាយបានឃើញហេតុឣស្ចារ្យពេក គាត់គិតក្នុងចិត្តថា ខ្លានេះវាពាំជ្រូកព្រៃធំ ១ ឲ្យឣញនេះ ដើម្បីបង្កក់ឆ្មបតបគុណឣញហើយ ជ្រូកទម្ងន់ ១ ហាបយ៉ាងធំ ឯយាយម៉បបានខ្លាយកជ្រូក ១ មកឲ្យ ដោយគុណឣំណោយធ្វើឆ្មប ក៏ចែក ឣ្នកស្រុកជិតខាងបរិភោគគ្រប់ៗគ្នា ដល់បាន ៣ ថ្ងៃ ខ្លាវាទៅដកដំឡូងដៃខ្លាបានចំនួន ១ កញ្ជើ វារុំពាក់ជាប់នឹងក បោលយកមកឲ្យយាយម៉បម្តងទៀត ដល់មកផ្ទះក៏ដោះចេញពីកទម្លាក់មុខផ្ទះយាយ ឯយាយក៏បានឃើញខ្លាយកដំឡូងដៃខ្លាមកឲ្យទៀត គាត់គិតថា ខ្លានេះចំជាដឹងគុណ ហើយសត្វនេះដូចជាមនុស្ស គាត់ក៏យកដំឡូងទៅទុកទៅ ឯសត្វខ្លានេះដូចជាឣស្ចារ្យចម្លែកពេកពីសត្វផងទាំងពួង ។ ឯរឿងតំណាលនេះឣស្ចារ្យណាស់ ឆ្មបធ្លាប់តែធ្វើឲ្យមនុស្ស មិនដែលធ្វើឲ្យសត្វយ៉ាងហ្នឹង មិនសត្វណាទេ គឺសត្វខ្លាទៀតដែលជាសត្វកាច ។

រឿងនេះពិតណាស់ ឆ្មបឣស្ចារ្យ ។ រឿងនេះចប់តែប៉ុណ្ណោះឯង

* * *

Flag Counter