ការ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ

 
ការ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ
រៀបរៀង​ដោយ ម៉ែន ប្រាង្គ និង អាំ ឆន
ពិនិត្យ​សម្រួល​ដោយ ឱម ខែម
 
ការ​ចូល​វស្សា ឬ​ចាំ​វស្សា ជា​ប្រពៃណី​របស់​ព្រះ​សង្ឃ​ពុទ្ធសាសនិក​មាន​តាំង​ពី​ជំនាន់​ពុទ្ធកាល​រៀង​មក ។ រឿង​នេះ មាន​សំដែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ភាគ​ទី​៧ ផ្នែក​ព្រះ​វិន័យ ។
I-មូល​ហេតុ​នៃ​ការ​ចូល​វស្សា
សម័យ​នោះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​វត្ត​វេឡុវ័ន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ​ឯង ការ​ចាំ​វស្សា​ព្រះ​មាន​ព្រះ​ភាគ​មិន​ទាន់​បាន​អនុញ្ញាត​ដល់​ភិក្ខុ​ទាំង​ឡាយ​នៅ​ឡើយ​ទេ ។ ភិក្ខុ​ទាំង​នោះ ក៏​ចេញ​ដើរ​ទៅ​កាន់​ចារឹក​1 ផ្សេង​ៗ​អស់​ហេមន្ត​រដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សាន​រដូវ​ខ្លះ ។ មនុស្ស​ទាំង​ឡាយ​ក៏​ពោល​ទោស​តិះ​ដៀល​បន្តុះ​បង្អាប់​ថា ពួក​សមណ​ជា​សាក្យ​បុត្ត មិន​សម​បើ​នឹង​ដើរ (ខុស​រដូវ​កាល) ជាន់​ស្មៅ​ស្រស់ ជាន់​សត្វ​ល្អិត​ៗ ឲ្យ​វិនាស​សោះ ។ សូម្បី​ពួក​បរិព្វាជក​មាន​លទ្ធិ​ដទៃ ជា​អ្នក​ពោល​ធម៌​អាក្រក់ ម្ដេច​គង់​នឹង​សំងំ​ឈប់​សម្រាក​​ចាំ​វស្សា​ឬ​សូម្បី​ពួក​សត្វ​ស្លាប​ទៀត​សោត ក៏​គង់​តែ​ធ្វើ​សំបុក​លើ​ចុង​ឈើ ហើយ​សំងំ​ឈប់​សម្រាក​ចាំ​វស្សា​ដែរ ។ ពេល​មនុស្ស​ទាំង​ឡាយ​កំពុង​លើក​ទោស​បែប​នេះ ពួក​ភិក្ខុ​ទាំង​នោះ​ក៏​បាន​ឮ​ច្បាស់​នឹង​ត្រចៀក​ផ្ទាល់​ហើយ​ក៏​នាំ​សេចក្ដី​នោះ ទៅ​ក្រាប​ទូល​ព្រះ​សម្ពុទ្ធ ។ ព្រះ​សាស្ត្រា​ទ្រង់​ធ្វើ​ធម្មិកថា ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​អនុញ្ញាត​ថា "អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាល​ភិក្ខុ​ទាំង​ឡាយ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូល​វស្សា ។
II-វស្សា​មាន​ពីរ គឺ បុរិមិកាវស្សា (វស្សា​ខាង​ដើម) ១ មច្ឆមិកាវស្សា (វស្សា​ខាង​ខុង​១) ។ ការ​ចូល​បុរីមិការវស្សា នៅ​ថ្ងៃ​១​រោច ខែ​អាសាឍ ហើយ​ចេញ​នៅ​ថ្ងៃ​ពេញ​បូរមី ខែ​អស្សុជ (បើ​ឆ្នាំ​ណា​មាន​អធិក​មាស ត្រូវ​ចូល​នៅ​ថ្ងៃ​១ រោច ខែ​ទុតិយាសាឍ ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា "អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតុំ= ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ចូល​វស្សា​នៅ​តាម​ការ​អនុវត្ត​លើក​ខែ​របស់​ព្រះ​រាជា​ចុះ" ។ ការ​ចូល​បច្ឆិមិកា​វស្សា នៅ​ថ្ងៃ​១​រោច ខែ ស្រាពណ៍ ហើយ​ចេញ​នៅ​ថ្ងៃ​ពេញ​បូរមី​ខែ​កត្តិក ។
ប្រសិន​បើ​ភិក្ខុ​ណា​មាន​ធុរៈ មិន​បាន​ប្ដេជ្ញា​អធិដ្ឋាន​បាលី​ចូល​បុរិមិកា​វស្សា​ទេ ភិក្ខុ​នោះ​អាច​ប្តេជ្ញា​អធិដ្ឋាន​បាលី​ចូល​មច្ឆិមិកា​វស្សា​ក៏​បាន​ដែរ ប៉ុន្តែ​ភិក្ខុ​ពុំ​អាច​គេច​វេះ​មិន​ចូល​វស្សា​ណា​មួយ​ជា​ដាច់​ខាត ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា "ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ចេយ្យ អាបត្តិ ទុក្កដស្ស= ម្នាល​ភិក្ខុ​ទាំង​ឡាយ​ភិក្ខ​កុំ​មិន​ចូល​វស្សា​ឡើយ គឺ​ត្រូវ​តែ​ចូល​វស្សា ភិក្ខុ​ណា​មិន​ចូល​វស្សា ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ" ។
III- សត្តាហករណីយ
ភិក្ខុ កាល​បើ​បាន​ប្ដេជ្ញា​អធិដ្ឋាន​ចូល​វស្សា​ក្នុង​អាវាស​ណា​មួយ​ហើយ ត្រូវ​ស្ថិត​នៅ​ក្នុង​បរិវេណ​អាវាស​នោះ​គ្រប់​បី​ខែ គឺ​មិន​ត្រូវ​ចេញ​ក្រៅ​អាវាស​នោះ​ឲ្យ​កន្លង​រាត្រី​ណា​មួយ​ឡើយ ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា "ន ភិក្ខវេ វស្ស ឧបគន្តា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវលិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្ខដស្ស= ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ចូល​វស្សា​ហើយ មិន​នៅ​ចាំ​បុរិមិកា​វស្សា​អស់​ខែ​បី ឬ​បច្ឆិមិកា​វស្សា​អស់​ខែ​បី​ទេ មិន​ត្រូវ​ចៀស​ចេញ​ទៅ​កាន់​ចារឹក​ឡើយ, ភិក្ខុ​ណា​ចៀស​ចេញ​ទៅ​ត្រូវ​អាបត្តិ​ទុក្កដ" ។ ប៉ុន្តែ បើ​ភិក្ខុ​មាន​ធុរៈ​ចាំ​បាច់ អាច​លើក​សត្តាហៈ (សុំ​ច្បាប់​ព្រះ) ជា​មុន​ហើយ​ទើប​ចេញ​បាន តែ​ត្រូវ​ត្រឡប់​មក​អាវាស​វិញ​ឲ្យ​ទាន់​ចន្លោះ​ថ្ងៃ​៧ យ៉ាង​យូរ​បំផុត ។
ឯ​ធុរៈ​ចាំ​បាច់​ដែល​ភិក្ខុ​លើក​យក​មក​ធ្វើ​ជា​មូល​ហេតុ​ដើម្បី​លើក​សត្តាហៈ​នោះ​គឺ
-ភិក្ខុ ភិក្ខុនី សិក្ខមានា​2 សាមណេរ សាមណេរី ឧបាសក ឧបសិកា ចង់​ធ្វើ​ទាន ចង់​ ស្ដាប់​ធម៌​ចង់​ឃើញ ហើយ​គេ​បញ្ជូន​បម្រើ​មក ភិក្ខុ​អាច​លើក​សត្តាហៈ​បាន ។
-ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បង​ប្អូន​ប្រុស​មាន​ជំងឺ ឬ​ក៏​ មាន​សង្ឃ​កិច្ច​ត្រូវ​បំពេញ ភិក្ខុ​អាច​លើក​សត្តាហៈ​បាន ។
-បង​ប្អូន​ស្រី ញាតិ អ្នក​ធ្វើ​ការ​ឈ្នួល (វេយ្យាវច្ចៈ) មាន​ជំងឺ ហើយ​គេ​បញ្ជូន​បម្រើ​ យក ភិក្ខុ​អាច​លើក​សត្តាហៈ​ទៅ​បាន ។ 
ឯ​វិធី​លើក​សត្តាហៈ​នោះ​គឺ ភិក្ខុ​ត្រូវ​គ្រង​ចីពរ​ឆៀង​ស្មា​ម្ខាង​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ (ព្រះ​ពុទ្ធ​រូប) អធិដ្ឋាន​បាលី​លើក​សត្តាហៈ​ថា "សចេ មេ អន្តរាយោ នត្តិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ= ប្រសិន​គ្មាន​អន្តរាយ​កើត​មាន​ដល់​ខ្ញុំ​ព្រះ​អង្គ​ទេ ខ្ញុំ​ព្រះ​អង្គ​នឹង​វិល​ត្រឡប់​មក​អាវាស​នេះ​វិញ​ក្នុង​ចន្លោះ​នៃ​៧​ថ្ងៃ" សូត្រ​បី​ដង) ។ បើ​ភិក្ខុ​បាន​លើក​សត្តាហៈ​បែប​នេះ​ហើយ​ចេញ​ទៅ ស្រាប់​តែ​មាន​ឧបសគ្គ​តាម​ផ្លូវ​ធ្វើ​ឲ្យ​ភិក្ខុ​មិន​អាច​ត្រឡប់​មក​អាវាស​វិញ​ក្នុង​ចន្លោះ​នៃ​៧​ថ្ងៃ ទេ​ភិក្ខុ​នោះ​ឈ្មោះ​ថា​ដាច់​វស្សា តែ​មិន​ត្រូវ​អាបត្តិ (ទោស ) ឡើយ ។
នៅ​មាន​អន្តរាយ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​ភិក្ខុ​ត្រូវ​ចេញ​ចាក​អាវាស (រត់​ចោល​វស្សា) តែ​មិន​ត្រូវ​អាបត្តិ​ទេ គឺ​គ្រាន់​តែ​ដាច់​វស្សា​ប៉ុណ្ណោះ ។ អន្តរាយ​ទាំង​នោះ​ដូច​ជា សត្វ​សាហាវ​បៀតបៀន, សត្វ​មាន​ពិស​បៀតបៀន, ភ្លើង​ឆេះ​ស្រុក និង​ទេសនា​សនៈ, ទឹក​ជន់​លិច​ស្រុក ចោរ​មក​តាំង​នៅ​ក្នុង​ស្រុក, ពួក​ទាយក​ជា​ច្រើន​ឥត​មាន​សទ្ធា​ជ្រះ​ថ្លា, ខ្វះ​ចង្ហាន់​បិណ្ឌបាត, គ្មាន​ឧបដ្ឋាក​ដ៏​សម​គួរ, ស្រី​ប្រលោម​ភិក្ខុ ស្រី​ផ្កា​មាស​ប្រលោម​ភិក្ខុ, នាង​ថុល្លកុមារី 3 ប្រលោម​ភិក្ខុ, មនុស្ស​ខ្ទើយ​ប្រលោម​ភិក្ខុ ញាតិ​ប្រលោម​ភិក្ខុ, ស្ដេច​ប្រលោម​ភិក្ខុ, ពួក​ចោរ​ប្រលោម​ភិក្ខុ, អ្នក​លេង​ប្រលោម​ភិក្ខុ, ភិក្ខុ​ឃើញ​កំណប់​ទ្រព្យ ភិក្ខុ​សង្ឃ​បែក​គ្នា ។
IV- ក្នុង​ចំណោម​ពុទ្ធកាល ស្រុក​ភូមិ​ណា​ដែល​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល គ្មាន​វត្ត​អារាម​នៅ​ជិត គេ​តែង​នាំ​គ្នា​រៀបចំ​ធ្វើ​ជា​សាលា​នៅ​កន្លែង​ណា​មួយ​ក្បែរ​នោះ ហើយ​និមន្ត​ភិក្ខុ​សង្ឃ​តិច ឬ​ច្រើន​អង្គ​តាម​សទ្ធា​ឲ្យ​គេង​ចាំ​វង្សា ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​បុណ្យ​សុត្ធន៍ទាន​ផ្សេង​ៗ ។ ភិក្ខុ​មុន​នឹង​សម្រេច​ចិត្ត​ទទួល​និមន្ត​ចូល​វស្សា​នៅ​កន្លែង​ណា​មួយ ត្រូវ​ពិនិត្យ​មើល​កន្លែង​នោះ ឲ្យ​បាន​ម៉ត់​ចត់​ជា​មុន​សិន សឹម​ទទួល​និមន្ត ។ បើ​ពិនិត្យ​ឃើញ​ថា កន្លែង​ដែល​គេ​និមន្ត​ឲ្យ​នៅ​ចាំ​វស្សា​នោះ​សមរម្យ គ្មាន​ចង្អៀត​ទេ ភិក្ខុ​គប្បី​ទទួល​និមន្ត​ចុះ ។ ទី​កន្លែង​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​ចូល​វស្សា​នោះ​គឺ ក្នុង​រូង​ឈើ, លើ​ប្រគាប​ឈើ, ក្នុង​ទី​វាល​គ្មាន​សេនាសនៈ, ក្នុង​ខ្ទម​អ្នក​តា, ក្រោម​ឆត្រ, ក្នុង​អាង​ទឹក (និង​ទី​កន្លែង​មាន​រង្កៀស ) ។
V- ទិដ្ឋភាព​នៃ​ការ​ចូល​វស្សា
ក្នុង​ការ​ចូល​វស្សា​របស់​ភិក្ខុ​សង្ឃ​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត និង​បញ្ញត្ត​ទុក​ត​មក​នោះ ពុំ​មាន​ពិធី​អ្វី​អប​រួម​ផ្សំ​ច្រើន​ទេ គឺ​បើ​កាល​ណា​តិថី​ចូល​វស្សា​មក​ដល់​ហើយ ភិក្ខុ​គ្រាន់​តែ​អធិដ្ឋាន​បាលី​ចូល​វស្សា​ប៉ុណ្ណោះ​ជា​ការ​ស្រេច ប៉ុន្តែ​ក្នុង​ការ​ចូល​វស្សា​របស់​ភិក្ខុ​សង្ឃ​កម្ពុជា គេ​សង្កេត​ឃើញ​មាន​សកម្មភាព និង​ពិធី​អម​គួប​ផ្សំ​មួយ​ចំនួន កើត​មាន​នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ,
ភិក្ខុ​សាមណេរ ដែល​ស្នាក់​នៅ​រៀន​សូត្រ​ឆ្ងាយ​ពី​ស្រុក​កំណើត​ត្រូវ​បាន​ឈប់​សម្រាក​ចំនួន​ពីរ​សប្ដាហ៍​មុន​ថ្ងៃ​ចូល​វស្សា ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ញាតិ​ញោម និង​បិណ្ឌ​បាត​ចតុប្បច្ច័យ​ត្រៀម​ទុក​ប្រើប្រាស់​ក្នុង​ឱកាស​ចូល​វស្សា​អស់​ខែ​បី ។
-មុន​ថ្ងៃ​ចូល​វស្សា​មក​ដល់ អាចារ្យ គណៈកម្មការ​វត្ត តែង​ដើរ​ប្រកូក​ប្រកាស​ដំណឹង​អំពី​ថ្ងៃ​ចូល​វស្សា និង​សុំ​ឲ្យ​ឧបាសក ឧបាសិកា ទាយក ទាយិកា​ចំណុះ​ជើង​វត្ត​ជួយ​បរិច្ចាគ​ចតុប្បច្ច័យ​តាម​កម្លាំង​សទ្ធា ដើម្បី​ឧបត្ថម្ភ​ព្រះ​សង្ឃ​ដែល​និង​គង់​ចាំ​វស្សា​ក្នុង​វត្ត​របស់​ខ្លួន​នា​ឆ្នាំ​នេះ ។
-ជិត​ដល់​ថ្ងៃ​ចូល​វស្សា ឧបាសក ឧបាសិកា តែង​មក​កាន់​វត្ត​ច្រើន​កុះ​ករ​ប្លែក​ពី​ធម្មតា ដើម្បី​សមាទាន​សីល ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ បោស​ច្រាស​វត្ត​អារាម​សិត​ទៀន​វស្សា ចាត់​ចែង​សាដក​ប្រគេន​ព្រះ​សង្ឃ ។ តាម​ឯកសារ​នានា បាន​បញ្ជាក់​ថា ព្រះ​អតីត​មហាក្សត្រ​ខ្មែរ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​បំពេញ​ព្រះ​រាជ​កុសល​ក្នុង​ឱកាស​ព្រះ​សង្ឃ​ចូល​វស្សា​នេះ​ដែរ ចូល​ជា​ទ្រង់​ឲ្យ​ធ្វើ​ពិធី​ខ្វាន់​នាគ ពិធី​សិត​ទៀន​វស្សា និង​ពិធី​និមន្ត​ទេវ​រូប​ចូល​វស្សា​ជា​ដើម ។
-នៅ​ល្ងាច​ថ្ងៃ​១៥​កើត ខែ​អាសាឍ គេ​ឃើញ​ឧបាសក ឧបាសិកា មក​ជួប​ជុំ​គ្នា​ក្នុង​វត្ត ហែ​ទៀន​វស្សា ហែ​សាដក និង​គ្រឿង​សម្ភារៈ​ប្រទក្សិណ​ព្រះ​វិហារ​និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត បវារ​ណា​ព្រះ​សង្ឃ​ចូល​ព្រះ​វស្សា វេរ​ទៀន​វស្សា​សាដក ប្រគេន​ព្រះ​សង្ឃ ។ លុះ​ព្រឹក​ឡើង មាន​ការ​ប្រគេន​ភត្តាហារ​ចំពោះ​ព្រះ​សង្ឃ​ទៀត ។
-នៅ​ល្ងាច​ថ្ងៃ​១​រោច ខែ​អាសាឍ គេ​ឃើញ​ព្រះ​សង្ឃ​និមន្ត​ជួប​ជុំ​នៅ​ក្នុង​ព្រះ​វិហារ ។ ព្រះ​សង្ឃ​ជា​មហាថេរ បាន​ប្រកាស​អំពី​ការ​ចូល​វស្សា និង​ធ្វើ​ការ​ក្រើន​រំលឹក​អំពី​ក្រឹត្យ​វិន័យ​ដែល​ទាក់​ទង​ដល់​ការ​ចូល​វស្សា​ថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ... វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ...ស វស្សំ ឧបេមិ=​ខ្ញុំ​សូម​នៅ​ចាំ​វស្សា​អស់​ខែ​បី​ក្នុង​អាវាស​នេះ​អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង" ជា​កិច្ច​បញ្ចប់​នៃ​ពិធី​ចូល​វស្សា ។
១-អំពី​ទៀន​វស្សា ទៀន​វស្សា​នេះ ឧបាសក ឧបាសិកា ធ្វើ​ដើម្បី​ព្រះ​សង្ឃ​អុជ​ថ្វាយ​ព្រះ​រតន​ត្រ័យ​អស់​ខែ​បី ទៀន​វស្សា​នេះ​មាន​ទទឹង​មាត់​មួយ​តឹក និង​កម្ពស់​ពីរ​ហត្ថ ធ្វើ​ដោយ​ក្រមួន​ឃ្មុំ ឬ​ក្រមួន​ចំបក់, នៅ​គល់​ទៀន​ខាង​ក្រោម​មាន​ជើង​ទ្រ ធ្វើ​ដោយ​ឈើ មាន​ក្បាច់​ត្របក​ឈូក, តែ​នៅ​មាត់​ខាង​លើ គេ​ច្រើន​ធ្វើ​ឡត​ដែក​ចាក់​ប្រេង​ដូង ឬ​ប្រេង​សណ្ដែក​ដាក់​ប្រឆេះ​អុជ គឺ​មិន​អុជ​ទៀន​ផ្ទាល់​ទេ ព្រោះ​ក្រែង​ទៀន​នោះ​ឆេះ​ឆាប​អស់​មុន​ពេល​ចេញ​វស្សា ។ អ្នក​ខ្លះ​យក​ផ្កា​មាស​ធ្វើ​ដោយ​ស្ពាន់​គ្រប​4 ទៅ​បិទ​ជា​លម្អ​លើ​តួ​ទៀន ក៏​មាន ។ របៀប​ធ្វើ​ទៀន​វស្សា​នេះ មាន​រចនា​ច្រើន​បែប​ណាស់​តាម​ការ​និយម​របស់​អ្នក​ស្រុក ។ បច្ចុប្បន្ន គេ​និយម​ប្រើ​ចង្កៀង​ប្រេង​កាត សម្រាប់​អុជ​ថ្វាយ​ព្រះ​រតន​ត្រ័យ គឺ​មិន​សិត​ទៀន​ដោយ​ក្រមួន​ឃ្មុំ ឬ​ក្រមួន​ចំបក់​ដូច​ជំនាន់​មុន​ទេ ប៉ុន្តែ​ត្រូវ​អុជ​ឲ្យ​ឆេះ​រហូត​គ្រប់​ខែ​បី មិន​ឲ្យ​រលត់​ក្នុង​ខណៈ​ណា​មួយ​ឡើយ ។ ទំនៀម​ធ្វើ​ទៀន​វស្សា​បូជា​ព្រះ​ក្នុង​រយៈ​ពេល​ចូល​វស្សា​នេះ ពុំ​មាន​និយាយ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធសាសនា (ព្រះ​ត្រៃបិដក) ទេ ប៉ុន្តែ​មាន​និយាយ​នៅ​ក្នុង​សាស្ត្រា​អានិសង្ស​ទៀន​វស្សា ដែល​ខ្មែរ​យើង​និយម​សំដែង​នៅ​ពេល​ចូល​វស្សា​នេះ​ឯង ។ គម្ពីរ​នេះ ពុំ​មាន​ដាក់ឈ្មោះ​អ្នក​តែង ហើយ​មិន​ដឹង​ជា​តែង​ឡើង​ក្នុង​រាជ្យ​ណា​ដែរ ។ ឯ​សេចក្ដី​ក្នុង​សាស្ត្រា​នេះ ដំណាល​ថា កាល​ព្រះ​សម្ពុទ្ធ​ទ្រង់​គង់​ធរមាន​នៅ​ឡើយ មាន​បុរស​កម្សត់​ម្នាក់​រក​ស៊ី​កាប់​អុស​លក់​ជា​មុខ​របរ​ប្រចាំ​ថ្ងៃ។ គាត់​តែង​សង្កេត​ឃើញ​ខ្លា​ឃ្មុំ​មួយ​ធំ លោត​ចេញ​ពី​រូង​ថ្មី​មួយ​រៀង​រាល់​ថ្ងៃ ។ ពេល​ដែល​ខ្លា​ឃ្មុំ​នោះ​លោត​ចេញ​ផុត​ទៅ គាត់​ក៏​ដើរ​ទៅ​មើល​ឃើញ​សុទ្ធ​តែ​អាចម៍​ខ្លា​ឃ្មុំ ហើយ​ក៏​វេច​យក​មក​បង្ហាញ​អ្នក​ជិត​ខាង​ឲ្យ​ជួយ​មើល ។ អ្នក​ជិត​ខាង​ប្រាប់​ថា "អាចម៍​ខ្លា​ឃ្មុំ​នេះ​គេ​តែង​យក​មក​ស្ងោរ​ធ្វើ​ក្រមួន ធ្វើ​ទៀន​អុជ, ចូរ​អ្នក​ទៅ​យក​ឲ្យ​ច្រើន​មក" ។
បុរស​កម្សត់​នោះ នឹក​គិត​ថា "ចុះ​បើ​អាចម៍​ខ្លា​ឃ្មុំ​នេះ គេ​អាច​យក​មក​ ធ្វើ​ជា​ទៀន​អុជ​បាន តើ​គេ​អាច​យក​ទៀន​នោះ​ទៅ​អុជ​ជា​គ្រឿង​សក្ការ​បូជា​ចំពោះ​ព្រះ​ពុទ្ធ​ អង្គ​បាន​ឬ​ទេ? ឬ​មួយ​ជា​ការ​មិន​សម​គួរ​គប្បី ព្រោះ​ទៀន​នេះ​ធ្វើ​អំពី​សំណល់​មិន​ស្អាត (អាចម៍) បែប​នេះ ? ពេល​ដែល​បុរស​នោះ​កំពុង​តែ​នឹក​សង្ស័យ​មិន​ដាច់​ស្រេច​ក្នុង​ចិត្ត​បែប​នេះ ស្រាប់​តែ​ឃើញ​ព្រះ​មហារោហន្ទត្ថេរ​និមន្ត​មក​ដល់ ក៏​ទូល​សូរ​លោក​តាម​ដំណើរ ។ ព្រះ​មហារោហន្ទត្ថេរ​មាន​ពុទ្ធដីកា​ថា "ជា​ការ​ប្រសើរ​ណាស់ " ។ លុះ​បុរស​នោះ​ធ្វើ​បាន​ជា​ទៀន​ច្រើន​ហយ ក៏​នាំ​យក​ទៅ​ថ្វាយ​ព្រះ​មាន​បុណ្យ ។ ព្រះ​មហារោហន្ទត្ថេរ​ដែល​ជា​អ្នក​ដឹក​នាំ​ទៅ​នោះ បាន​ទូល​ព្រះ​អង្គ​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បុរស​នោះ​បាន​ទៅ​យក​អាចម៍​ខ្លា​ឃ្មុំ​មក​ស្ងោរ​យក​ក្រមួន​លញ់​ជា​ទៀន​យក​មក​អុជ​បូជា​ព្រះ​អង្គ ហើយ​សង្ស័យ​ថា ក្រែង​ពុំ​បាន​ផលា​និសង្ស​អ្វី​ទេ​ដឹង ទើប​ខ្ញុំ​ព្រះ​អង្គ​នាំ​គាត់​ចូល​មក​នេះ" ។ ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា "ម្នាល​អាវុសោ​អើយ​! បុរស​នេះ​នឹង​ត្រូវ​បាន​ទទួល​ផលានិសង្ស​ច្រើន​ប្រការ​ប្រាថ្នា​អ្វី​សឹង​បាន​ដូច​បំណង​ ទាំង​អស់" ។ បុរស​នោះ​ស្ដាប់​ហើយ ត្រេក​អរ​ក្រៃ​លែង ។
នៅ​ពេល​ដែល​បុរស​យក​ទៀន​ទៅ​ថ្វាយ​ព្រះ​ពុទ្ធ​អង្គ​នោះ អានិសង្ស​បុណ្យ​កុសល​នេះ បាន​បណ្ដាល​ឲ្យ​ក្រៅ​ក្រហាយ​ដល់​ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​បើក​ទិព្វ​ចក្ខុ​មើល​មក ឃើញ​បុរស​កម្សត់​កំពុង​ប្រាថ្នា​កុំ​ឲ្យ​ក្រ​លំបាក និង​កុំ​ឲ្យ​កំព្រីកំព្រា​ដូច​ជាតិ​នេះ​ទៀត ក៏​ប្រើ​ព្រះ វិស្សកម្ម​ទេវ​បុត្រ​ឲ្យ​ទៅ​ជប់​ជា​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់ ឃ្លាំង​មាស ឃ្លាំង​ប្រាក់ ព្រម​ទាំង​សួន​ប្រកប​ដោយ​ដើម​ឈើ​ពេញ​ទៅ​ដោយ​ផ្កា​ផ្លែ​គ្រប់​ពណ៌​យ៉ាង​ល្អ មាន​ទាំង​អ្នក​គាល់​បម្រើ​ច្រើន​ត្រៀប​ត្រា ពុំ​មាន​ខ្វះ​កន្លះ​អ្វី​ឡើយ ។
លុះ​បុរស​ត្រឡប់​ពី​វត្ត​ជេត​ពន រក​ខ្ទម​ស្លឹក​មិន​ឃើញ ហើយ​បែរ​ជា​ឃើញ​ឯ​ប្រាសាទ​ភ្លឺ​រន្ទាល​ឆ្អិន​ឆ្អៅ​ទៅ​វិញ ក៏​ភ័យ​ណាស់​រត់​ទៅ​ទូល​ព្រះ​មហារោហន្ទ​ត្ថេរ ។ ព្រះ​ថេរៈ​មាន​ពុទ្ធដីកា​ថា "ចូរ​អ្នក​ឡើង​ទៅ​នៅ​ចុះ ព្រោះ​ជា​លទ្ធផល​នៃ​បុញ្ញកម្ម​របស់​អ្នក​ហើយ" ។
ដោយ​សារ​មាន​រឿង​និទាន​ដូច្នេះ​ហើយ​បាន​ជា​ខ្មែរ​យើង​និយម​សិត​តៀន​វស្សា​បូជា​ព្រះ នៅ​ពេល​ព្រះ​សង្ឃ​ចូល​វស្សា ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា គ្មាន​និយាយ​ទាក់​ទង​ដល់​ទៀន​វស្សា​ទេ ប៉ុន្តែ មាន​និយាយ​ពី ប្រទីប ។ ប្រទីប ចាត់​ទុក​ជា​សក្ការ​បូជា មួយ​ដែរ សម្រាប់​បូជា​ព្រះ​រតនត្រ័យ ។ តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ប្រាជ្ញ​ខ្លះ​ថា ការ​ធ្វើ​ទៀន​វស្សា​បូជា​ព្រះ​រតនត្រ័យ​នេះ បំណង​ជា​មាន​ទំនៀម​ជាប់​មក​ពី​ព្រហ្មញ្ញ​សាសនា​ ព្រោះ​ពួក​ព្រាហ្មណ៍​ពេល​ប្រារព្ធ​ធ្វើ​ពិធី​ផ្សេង​ៗ តែង​យក​ការ​អុជ​ភ្លើង​ជា​ធំ ។ ពេល​ប្រារព្ធ​ពិធី គេ​ប្រុង​ប្រយ័ត្ន​ណាស់​មិន​ឲ្យ​រលត់​ទេ ព្រោះ​យល់​ថា បើ​ទៀន​ឬ​ភ្លើង​រលត់​ក្នុង​ពេល​មិន​ទាន់​ចប់​ពិធី​វា​ជា​ប្រផ្នូល​អាក្រក់​មួយ ។ ឯ​ការ​អុជ​ទៀន​វស្សា​នេះ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ បើ​ទៀន​រលត់​ក្នុង​វស្សា គេ​យល់​ថា​ជា​ការ​ដាច់​វស្សា​ហើយ ។
អ្នក​ប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​រលត់​ទៀន​វស្សា​នេះ ជា​ប្រស្នា​មួយ​ពញ្ញាក់​ស្មារតី​ភិក្ខុ​សង្ឃ​ឲ្យ​ខិត​ខំ​អនុវត្ត​តាម​ពុទ្ធប្បញ្ញត្តិ កុំ​ឲ្យ​មាន​ការ​ថ្លស់​ធ្លោយ​ដាច់​វស្សា ព្រោះ​វស្សា​ងាយ​ដាច់​ណាស់ ប្រៀប​ដូច​ជា​ភ្លើង​ទៀន​ដែរ បើ​យើង​មិន​ប្រយ័ត្ន​ប្រាកដ​ជា​ដាច់​ពុំ​ខាន ។ អ្នក​ខ្លះ​ទៀត សន្និដ្ឋាន​ថា ទៀន​វស្សា​នេះ​ជា​និមិត្ត​រូប​នៃ​ព្រះ​ប្រាជ្ញាញាណ​ព្រះ​មហា​ករុណា​ទិគុណ​របស់​ព្រះ​ពុទ្ធ​អង្គ ដែល​តែង​តែ​ភ្លឺ​ស្វាង​និង​មាន​ជា​និច្ច​ចំពោះ​សព្វ​សត្វ ឥត​មាន​ពេល​ណា​អាក់ខាន ឬ​រលត់​ឡើយ ។
២-អំពី​សាដក​៖ រឿង​ដែល​ឧបាសក ឧបាសិកា និយម​ធ្វើ​សាដក​ប្រគេន​សង្ឃ​សម្រាប់​ស្រង់​ទឹក​នោះ មាន​សម្ដែង​ទុក​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក ភាគ​ទី​៨ (វិន័យ​បិដក) ផង​និង​មាន​និយាយ​ក្នុង​សាស្ត្រា​អានិសង្ស​សាដក​ផង ។
ក/គម្ពីរ​ព្រះ​ត្រៃ​បិដក បាន​ឮ​ថា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន ទៀប​ក្រុង​សាវត្ថី ។ វេលា​នោះ នាង​វិសាខា​ក្រាប​បង្គំ​ទូល​ព្រះ​សម្មាសម្ពុទ្ធ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ទ្រង់​មេត្តា​ទទួល​ភត្ត​របស់​ខ្ញុំ​ព្រះ អង្គ​ក្នុង​ថ្ងៃ​ស្អែក​ជា​មួយ​និង​ភិក្ខុ​សង្ឃ ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព ។ នាង​វិសាខា ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​សាស្ដា​ចេញ​ទៅ ។ លុះ​រាត្រី​កន្លង​ទៅ មាន​ភ្លើង​ធំ​ធ្លាក់​ចុះ​សព្វ​ទ្វីប​ទាំង​បួន ។ គ្រា​នោះ​ពួក​ភិក្ខុ​នាំ​គ្នា​ស្រាត​ងូត​ទឹក ។
ជួន​ពេល​នោះ នាង​វិសាខា បាន​ប្រើ​ទាសី​ឲ្យ​ទៅ​និមន្ត​ព្រះ​ពុទ្ធ និង​ភិក្ខុ​សង្ឃ​ដើម្បី​ទទួល​ភត្ត ។ នាង​ទាសី​ក៏​ ធ្វើ​ដំណើរ​ទៅ​ដល់​វត្ត​ជេតពន រក​មើល​មិន​ឃើញ​ពួក​ភិក្ខុ​សោះ ឃើញ​តែ​មនុស្ស​កំពុង​ងូត​ទឹក​ស្រាត ក៏​គិត​ថា ក្នុង​អារាម​នេះ​គ្មាន​ពួក​ភិក្ខុ​ទេ មាន​តែ​ពួក​អាជីវក​កំពុង​ងូត​ទឹក​ជម្រះ​កាយ រួច​ក៏​ត្រឡប់​មក​កាន់​សំណាក់​នាង​វិសាខា​វិញ ហើយ​ជម្រាប​ថា "បពិត្រ​អ្នក​ម្ចាស់! ក្នុង​អារាម​គ្មាន​ពួក​ភិក្ខុ​ទេ មាន​សុទ្ធ​តែ​ពួក​អាជីវករ កំពុង​ងូត​ទឹក​ជម្រះ​កាយ​" ។ នាង​វិសាខា​ជា​ស្ត្រី​ឈ្លាស​វៃ​ក៏​យល់​ភ្លាម​ថា "ច្បាស់​ជា​លោក​ម្ចាស់​ទាំង​ឡាយ​ដាក់​ចីវរ​ចេញ ហើយ​នាំ​គ្នា​ងូត​ទឹក​ភ្លៀង​ជម្រះ​កាយ តែ​ទាសី​នេះ​សម្គាល់​ថា ពួក​អាជីវក​ទៅ​វិញ " ។ នាង​វិសាខា​ក៏​ប្រើ​នាង​ទាសី​នោះ​ជា​លើក​ទី​ពីរ​ទៀត ។ នាង​ទាសី ក៏​ទៅ​ដល់​វត្ត​ហើយ រក​មើល​ភិក្ខុ​ទាំង​ឡាយ​មិន​ឃើញ​សោះ មាន​តែ​អារាម​ទទេ " ។ នាង​វិសាខា រិះ​គិត​ថា "ច្បាស់​ជា​លោក​ម្ចាស់​ទាំង​ឡាយ​ងូត​ទឹក ហើយ​ចូល​ទៅ​លំនៅ​វិញ​ដូច​ដែល បាន​ជា​នាង​ទាសី​នេះ​មិន​ឃើញ " ។ នាង​វិសាខា​ក៏​ប្រើ​ទៅ​ជា​លើក​ទី​បី នាង​ទាសី​នេះ ក៏​ទទួល​បង្គាប់ ហើយ​ធ្វើ​ដំណើរ​ទៅ​វត្ត​ជេតពន​ទៀត ។ គាប់​ជួន​ដល់​វេលា​ភត្តកាល​ហើយ ព្រះ​សាស្ដា​ក៏​ទ្រង់​ត្រាស់​ឲ្យ​ពួក​ភិក្ខុ​រៀបចំ​ចេញ​ដំណើរ​ទៅ​ផ្ទះ​នាង​វិសាខា​ដើម្បី​ទទួល​ភត្ត​តាម​ការ​និមន្ត ។
លុះ​ព្រះ​មាន​ព្រះ​ភាគ និង​ភិក្ខុ​សង្ឃ​គ្រាន់​តែ​ឆាន់​រួច​ភ្លាម នាង​វិសាខា​ក៏​ក្រាប​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​សូម​ពរ​ប្រាំ​បី​ប្រការ​អំពី​ព្រះ​អង្គ ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា "ម្នាល​នាង​វិសាខា ធម្មតា​ព្រះ​តថាគត​ទាំង​ឡាយ​គ្មាន​ពរ​ទេ​" ។ នាង​វិសាខា​ក្រាប​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​សូម​តែ​ពរ​ណា​ដែល​គួរ និង​ពរ​ណា​ដែល​ឥត​ទោស" ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា "ម្នាល​នាង​វិសាខា ចូរ​នាង​និយាយ​មក​ចុះ, ។ នាង​វិសាខា ក៏​ក្រប​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ អង្គ​ចង់​ប្រគេន
១-វស្សិកសាដក (សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង)
២-អាគន្ទុកភត្ត (ភត្ត​សម្រាប់​ភិក្ខុ​មក​ដល់​ថ្មី)
៣-គមិកភត្ត (ភត្ត​សម្រាប់​ភិក្ខុ​មាន​ដំណើរ​ចេញ​ទៅ​ឆ្ងាយ ) 
៤-គិលានភត្ត (ភត្ត​សម្រាប់​ភិក្ខុ​មាន​ជំងឺ
៥-គិលានុបដ្ឋាកភត្ត (ភត្ត​សម្រាប់​ភិក្ខុ​អ្នក​បំរើ​ជំងឺ)
៦-គិលាន​ភេសជ្ជៈ (ថ្នាំ​សម្រាប់​ភិក្ខុ​មាន​ជំងឺ)
៧-ធុវយាគូ (បបរ​សំរាប់​ភិក្ខុ​ឆាន់​ជា​និច្ច)
៨-ឧទកសាដិកា (សំពត់​ងូត) សម្រាប់​ភិក្ខុ​នី
ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា "ម្នាល​នាង​វិសាខា ល្អ​ហើយ​! ល្អ​ហើយ​! នាង​បាន​សូម​ពរ​ប្រាំ​បី​ប្រការ​អំពី​តថាគត ជា​ការ​ប្រពៃ​ពិត, ម្នាល​នាង​វិសាខា បើ​ដូច្នេះ​តថាគត​អនុញ្ញាត​ពរ​ប្រាំ​បី​ដល់​នាង" ។ ព្រោះ​មាន​ដំណើរ​ដើម​ដាន​បែប​នេះ​ហើយ ទើប​ពុទ្ធសាសនិក​ខ្មែរ​និយម​ធ្វើ​សាដក​សម្រាប់​ប្រគេន​ភិក្ខុ​សង្ឃ​សម្រាប់​ស្រង់​ទឹក​ជៀស​វាង​ស្រង់​ទឹក​អាក្រាត​កាយ, រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។
ខ/សាស្ត្រា​អានិសង្ស​សាដក៖ សេចក្ដី​ដំណាល​ថា មាន​ទាសា​ទាសី ប្ដី​ប្រពន្ធ​ពីរ​នាក់ ។ គាត់​មាន​កូន​ក្រមុំ​ម្នាក់​ឈ្មោះ "នាង​អមយ្យទាសី ។ ក្រោយ​មក​ឪពុក​នាង​ក៏​ទទួល​មរណភាព​ទៅ ។ នាង​ក៏​រស់​នៅ​ជា​មួយ​ម្ដាយ ហើយ​ធ្វើ​ជា​ទាសី​គេ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​ត​ទៅ​ទៀត ។ ថ្ងៃ​មួយ នៅ​ពេល​ចូល​វស្សា នាង​អមយ្យទាសី​បាន​ឃើញ​អ្នក​ស្រុក​នាំ​គ្នា​យក​សាដក​ទៅ​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ ក៏​កើត​មាន​សេចក្ដី​ជ្រះ​ថ្លា​ក្រៃ​លែង ប៉ុន្តែ​នាង​គ្នា​លទ្ធភាព​រក​លុយ​កាក់ ដើម្បី​យក​ទៅ​ទិញ​សាដក​ដូច​អ្នក​ស្រុក​ឯ​ទៀត ព្រោះ​នាង​ទ័ល​ក្រ​ពេក​ណាស់ ។ នាង​គិត​មិន​លេច​សោះ ក្នុង​ការ​ស្វែង​រក​លុយ​កាក់​សម្រាប់​ធ្វើ​សាដក, នាង និង​ម្ដាយ ក៏​សម្រេច​ចិត្ត​ចុង​ក្រោយ​ទៅ​សំពះ ម្ចាស់ (ថៅកែ) សុំ​បន្ថែម​ថ្លៃ​ឈ្នួល​ខ្លួន តែ​ម្ចាស់​ប្រាក់​ក៏​ពុំ​ព្រម​ថែម​ឲ្យ ព្រោះ​នាង​ជំពាក់​គេ​ក្រែល​ណាស់​ទៅ​ហើយ ។ នាង​អស់​តម្រិះ ក៏​ថយ​មក​គិត​ទៀត​ថា "ឱ​អញ​អើយ​! កើត​មក​ជា​អ្នក​ទ័ល​ក្រ លំបាក​វេទនា ឃើញ​ការ​កុសល​នៅ​និង​មុខ​ហើយ​ឈោង​ចាប់​យក​ដូច​គេ​ពុំ​បាន តើ​កាល​ណា​ឡើយ​និង​បាន​ធ្វើ​បុណ្យ​និង​គេ, បើ​អញ​ស្លាប់​អំពី​ជាតិ​នេះ​ទៅ ទៅ​ចាប់​កំណើត​ថ្មី​មុខ​ជា​នៅ​តែ​បម្រើ​គេ​ពុំ​ឃ្លាត​ឡើយ, ណ្ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​សល់​ខាន​ធ្វើ​បុណ្យ​ដែល​អញ​មាន​សេចក្ដី​ជ្រះ​ថ្លា​ទាំង​ម្ល៉េះ អញ​សុខ​ចិត្ត​ខ្លាស់ (ខ្ទាស់) ស្លឹក​ឈើ​ស្លៀក" ។ លុះ​នាង​គិត​ហើយ ក៏​ផ្លាស់​សំពត់​អំពី​ខ្លួន​យក​ទៅ​បោក​គក់​ឲ្យ​ជ្រះ​ក្អែល ជ្រះ​ក្លិន​ឆ្អេះ​ឆ្អាប យក​ទៅ​ជ្រលក់​ទឹក​អម្ចត់​រួច​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​តាម​ចិត្ត​ជ្រះ​ថ្លា ហើយ​តាំង​ចិត្ត​អធិដ្ឋាន​ថា "សេចក្ដី​ជ្រះ​ថ្លា​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​នាំ​មក​បូជា​នូវ​សំពត់​សាដក​ក្នុង​គ្រា​នេះ, លុះ​អនាគត​ជាតិ​ទៅ សូម​កុំ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​ខ្វះ​ខាត ដូច​ជាតិ​នេះ​ទៀត​ឡើយ " ។ ក្រោយ​មក ដោយ​អំណាច​ផលានិសង្ស​ដែល​នាង​បាន​កសាង​សំពត់​សាដក​នេះ នាង​ក៏​បាន​ទៅ​ជា​ឯក​អគ្គមហេសី នៃ​ព្រះ​រាជា​មួយ​ព្រះ​អង្គ ។ ដោយ​សារ​មាន​និទាន​នេះ​ហើយ ទើប​ខ្មែរ​យើង​និយម​ធ្វើ​សំពត់​សាដក​ប្រគេន​ព្រះ​សង្ឃ ជា​ទំនៀម​មក​ដល់​សព្វ​ថ្ងៃ ។
គ/តំណម​ក្នុង​ឱកាស​វស្សា៖
ក្នុង​រយៈ​ពេល​បី​ខែ​នេះ ប្រជារាស្ត្រ​ខ្មែរ​ជា​ពុទ្ធសាសនិក មាន​ទំនៀម​តំណម​ផ្សេង​ៗ ដូច​ជា​តំណម​រៀម​មង្គល​ការ​កូន​ចៅ តំណម​សង់​ផ្ទះ​សម្បែង ដោយ​ចាត់​ទុក​ថា "ជា​ថ្ងៃ​ឃ្លុប" ។ ចំពោះ​តំណម​នេះ អ្នក​ប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា "តំណម​ហាម​មិន​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​កូន​ចៅ​នោះ ព្រោះ​បុរាណាចារ្យ​យើង​យល់​ថា ខែ​វស្សា​ជា​ខែ​ដែល​ភ្លៀង​ធ្លាក់​ប៉ប៉ិច​ប៉​ប៉ាច់ និង​ជា​ខែ​ដែល​យើង​មមាញឹក​បង្ក​បង្កើន​ផល " ។ ឯ​តំណម​ហាម​មិន​ឲ្យ​សង់​ផ្ទះ​សម្បែង​នោះ ព្រោះ​លោក​យល់​ថា ខែ​វស្សា​ធ្វើ​ឲ្យ​ដី​ជ្រាយ និង​ធ្វើ​ឲ្យ​ឈើ​សើម ឬ​រីក ជា​ហេតុ​មិន​អាច​ធ្វើ​ផ្ទះ​សម្បែង​បាន​ល្អ​ទេ ។
សេចក្ដី​សន្និដ្ឋាន,
ថីរ​វេលា​នៃ​ការ​ចាំ​វស្សា​បី​ខែ​នេះ ជា​រយៈ​ពេល​មួយ​មាន​តម្លៃ​ពិសេស​ព្រោះ​វា​ជា​សញ្ញា ដាស់​ស្មារតី​បព្វជិត​ពុទ្ធ​សាសនិក ឲ្យ​បង្កើន​សេចក្ដី​ព្យាយាម​បំពេញ​គន្ថៈធុរៈ​ក្ដី វិបស្សនា​ធុរៈ​ក្ដី ឲ្យ​បាន​ខ្លាំង​ក្លា​ជាង​ពេល​ណា​ៗ​ទាំង​អស់ ។ រី​ឯ​ឧបាសក​ ឧបាសិកា ក៏​បាន​មើល​ឃើញ​ច្បាស់​អំពី​ខ្លឹម​សារ​នៃ​ការ​ចាំ​វស្សា​របស់​ភិក្ខុ​សង្ឃ​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​គេ​ខិត​ខំ​ឧបត្ថម្ភ​ចតុប្បច្ច័យ​ផ្សេង​ៗ ចំពោះ​លោក​យ៉ាង​ខ្លាំង​ប្លែក​ពី​ធម្មតា ដូច​ជា​ទៀន​វស្សា (ប្រេង) សាដក, ដាក់​បិណ្ឌ, ភ្ជុំ​បិណ្ឌ... ដើម្បី​សំដែង​នូវ​សមាន​ចិត្ត, ចូល​រួម​អប​អរ​សាទរ រំលែក​នូវ​ការ​លំបាក​ខ្វះ​ខាត និង​ដើម្បី​ជា​ផលានិសង្ស​សម្រាប់​ខ្លួន​ផង ។