រឿងមហាភារតយុទ្ធ (អារម្ភកថា)
ព្រះស្នេហាសារ ទេព ក្រសេម
ជាអ្នកនាំផ្លូវទៅកាន់ប្រាសាទអង្គរ បានរៀបរៀង
អារម្ភកថា
រឿងមហាភារតនេះ ជារឿងចម្បាំងដ៏ធំ ១ ប្រហែលគ្នានឹងរឿងរាមកេរ្តិ៍ ជារឿងបូរាណកើតឡើងក្នុងប្រទេសឥណ្ឌា មុនរឿងរាមកេរ្តិ៍ទៅទៀត ពួកឥណ្ឌាចូលចិត្តនិយាយចែកគ្នាស្ដាប់ជាងរឿងរាមកេរ្តិ៍ តែរឿងនេះរាប់ថាជារឿងកំបាំងបាត់ទៅជាយូរហើយ ព្រោះក្នុងប្រទេសកម្ពុជាយើងក្នុងសម័យនេះ មិនសូវមានអ្នកណាចេះដឹង អំពីដើមខ្មែរយើងដឹងរឿងនេះជាប្រាកដទើបឆ្លាក់ជារូបភាពចម្បាំងរឿងនេះ នៅប្រាសាទនគរវត្តនាព្រះរបៀងទី ១ ដានខាងលិចភាគខាងត្បូង កាលយើងខ្ញុំទៅធ្វើជា គីត ឬអ្នកនាំផ្លូវ បានជ្រាវរករឿងនេះទាល់តែបានចេះដឹង ដូចដែលបាននាំមកសម្ដែងក្នុងទីនេះស្រាប់ហើយ ។
កាលពុទ្ធសករាជ ២៤៧០ អ្នកស្រី ការប៉ឺឡែស ជាបណ្ណារក្សនៃព្រះរាជបណ្ណាល័យកម្ពុជា ជាចៅហ្វាយរបស់យើងខ្ញុំ បានអញ្ជើញទៅមើលប្រាសាទនគរ ឲ្យយើងខ្ញុំជាអ្នកនាំមើល ហើយបរិយាយរឿងនោះ ៗ ឲ្យស្ដាប់ផង ដល់មកត្រង់រឿងនេះ អ្នកស្រីឃើញថាជារឿងគួរតែដឹងរាល់គ្នា ទើបបង្គាប់ឲ្យយើងខ្ញុំរចនាឡើង ដើម្បីយកទៅបោះពុម្ពផ្សាយឲ្យបានជ្រួតជ្រាបទូទៅ តែរឿងនេះដើមជាភាសាសំស្ក្រឹត អ្នកប្រែ តៗមក ក៏ចូលចិត្តប្រើភាសានោះច្រើន សូម្បីយើងខ្ញុំរចនាឡើងក្នុងគ្រានេះ ក៏តោងប្រើភាសានេះច្រើន ហើយប្រើពាក្យប្លែក ៗ អំពីដែលធ្លាប់ប្រើច្រើន ដោយបំណងដើម្បីឲ្យអ្នកមើលរឿងនេះជ្រាបពាក្យនោះ ៗ ជាប្រយោជន៍សម្រាប់ខ្លួន ក្នុងទីនេះយើងខ្ញុំសូមអភ័យដល់អ្នកមើល អ្នកអានទាំងឡាយ បើទើសទាល់ឆ្ងល់ត្រង់ណា សូមឲ្យសួរអ្នកចេះដឹងតទៅ កុំគប្បីនិន្ទាហើយឈប់ស្ងៀមនៅ បើធ្វើដូច្នោះនឹងបានផលត្រឹមតែជាអ្នកមិនចេះប៉ុណ្ណោះ ។
យើងខ្ញុំសូមឧទ្ទិសរឿងនេះ ជូនអ្នកស្រី ការប៉ឺឡែស ដែលផ្ដើមបង្កើតរឿងនេះ ហើយនឹងជាទីរាប់អានដ៏ខ្ពស់នៃយើងខ្ញុំ ។
ព្រះស្នេហាសាទេព ក្រសេម

