ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំការងារពុទ្ធសាសនបណ្ឌិត្យ

ព្រឹក ថ្ងៃពុធ ទី ៥ ខែមករា ឆ្នាំ ២០២២ ពុទ្ធសាសនបណ្ឌិត្យ បាន រៀបចំ ប្រជុំ ការងារ  ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួង ធម្មការ និង សាសនា។

Read more: កិច្ចប្រជុំការងារពុទ្ធសាសនបណ្ឌិត្យ

ពុទ្ធសាសនបណ្ឌិត្យបានរៀបចំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ខាងមុខ

កាលពីថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅពុទ្ធសាសនបណ្ឌិត្យបានរៀបចំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ខាងមុខ។ កម្មវិធីបានប្រព្រឹត្តទៅដោយមានការហ្វឹកហ្វឺនសមត្ថភាពប្រចាំឆ្នាំដល់មន្ត្រីបុគ្គលិក ជាពិសេសទទួលបានការចូលរួមពីលោកបណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ លើប្រធានបទស្ដីពី ការរចនាទំព័រនិងការបោះពុម្ព។ សម្រាប់ការងារឆ្នាំ២០២២ខាងមុខពុទ្ធសាសនបណ្ឌិត្យនឹង៖

-  បន្តរៀបចំបាឋកថាប្រចាំខែ

-  រៀបចំពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២

-  រៀបចំចងក្រងនិងបោះពុម្ពឯកសារចាស់ៗដែលមាននៅក្នុងក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

-  បើកទ្វារទទួលអ្នកអាន អ្នកស្រាវជ្រាវ

-  ចងក្រស្ថិតិពុទ្ធិកបណ្ណាល័យទូទាំងប្រទេស

-  ចងក្រងនិងបោះពុម្ពទស្សនាវដ្ដីកម្ពុជសុរិយាចំនួន៤លេខ

-  ចែកផ្សាយសៀវភៅដែលពុទ្ធសាសនបណ្ឌិត្យបោះពុម្ពបានដល់បណ្ណាល័យ ពុទ្ធិកបណ្ណាល័យ និងវត្តអារាមនានា

-  ផ្សព្វផ្សាយកិច្ចការរបស់ក្រសួងធម្មការនិងសាសនា និងពុទ្ធសាសនបណ្ឌិត្យតាមរយៈគេហទំព័រ ហ្វេសប៊ុក និងឆានែលតេឡេក្រាម

-  និងកិច្ចការផ្សេងៗទៀត

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

Read more: ពុទ្ធសាសនបណ្ឌិត្យបានរៀបចំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ខាងមុខ

តើដែនដីសុវណ្ណភូមិជារបស់អ្នកណា

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «តើដែនដីសុវណ្ណភូមិជារបស់អ្នកណា?» ដោយសាស្ត្រាចារ្យបណ្ឌិត វង់ សុធារ៉ា នាថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។ Vong Sotheara មូលន័យសង្ខេប៖ឈ្មោះដែនដីសុវណ្ណភូមិ ត្រូវបានអ្នកកាន់ពុទ្ធសាសនាថេរវាទស្គាល់ ដោយសារតែគម្ពីរធម៌ដែលបានផ្សាយចេញពីស្រីលង្កា។ ឈ្មោះនេះមានន័យថា ដែនដីមាស ឬ ទឹកដីសម្បូរសប្បាយ។ ប្រជាជាតិនៅអាស៊ីអាគ្នេយ៍សឹងតែទាំងអស់ប្រកាន់យកថា ដែនដីសុវណ្ណភូមិនៅខាងកើតឥណ្ឌា និងជាប់មាត់សមុទ្ទមួយនេះ ត្រូវនឹងប្រទេសរបស់ខ្លួនរៀងៗខ្លួន ប្រហែលចាប់តាំងពីពេលពួកគេស្គាល់គម្ពីរមហាវង្ស, មិលិន្ទបញ្ហា, និងសាមន្តប្បសាទិកា ជាដើមដែលបានផ្សព្វផ្សាយចេញពីស្រីលង្កា តាំងពីយ៉ាងហោចនៅសតវត្សរ៍ទី៥នៃគ.ស. និងការឆ្កឹះកកាយមកបន្ថែមនៅសតវត្សរ៍ទី១៩ ដោយអ្នកប្រាជ្ញអង់គ្លេសវ័យក្មេងដ៏ឆ្នើមមួយរូប អំពីស្លោកចារឹករបស់ព្រះបាទអសោកមហារាជស្តីអំពីការផ្សាយព្រះពុទ្ធសាសនាទៅកាន់ ដែនដីសុវណ្ណភូមិ ដែលជាបច្ចន្តប្បទេសមួយ ក្នុងចំណោម៨ បន្ទាប់ពីព្រឹត្តិការណ៍តតិយសង្គាយនា និងចារឹកខ្លឹមសារធម៌ដាក់លើគម្ពីររួច។ ការពិត ការអះអាងបែបនេះ គឺប្រៀបដូចជាការដេកយល់សប្តិ ទោះបីជាពួកគេមាន ឬគ្មានភស្តុតាងរឹងមាំក៏ដោយ។ ទន្ទឹមនោះ អ្នកប្រាជ្ញបស្ចឹមប្រទេសខ្លះ យល់ថា ការដណ្ដើមគ្នាធ្វើម្ចាស់សុវណ្ណភូមិពីបុរាណបែបនេះ គឺជាការចង់យកសមិទ្ធិផលប្រវត្តិសាស្ត្រមកជុំរុញគំនិតជាតិនិយមសម្រាប់ប្រជាជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាទាំងអស់នោះ ច្រើនតែវិភាគវែកញែកដោយផ្អែកលើវិធីសាស្ត្រ និងទ្រឹស្តីនរវិទ្យា ឬបុរាណវិទ្យា ដែលហាក់ដូចជាមើលរំលង ឬធ្វើពើចំពោះវិធីសាស្ត្រប្រវត្តិវិទ្យា ដែលពឹងផ្អែកលើបន្ទាត់កាលមុនក្រោយនៃភស្តុតាងសំណេរទាំងឡាយនោះជាគោល។ ចាប់តាំងពីចុងឆ្នាំ២០១៧ ដែលខ្ញុំបានរកឃើញសិលាចារឹកមួយផ្ទាំង នៅឆ្នាំ៦៣៣គ.ស. នៅខេត្តកំពង់ស្ពឺ ដែលអ្នកនិពន្ធផ្ដល់ពត៌មានថា ដែនដីសុវណ៌្ណភូមិត្រូវបានគ្រប់គ្រងដោយព្រះបាទឥសានវម៌្មទី១(៦១៦-៦៣៩គ.ស.) ធ្វើឱ្យយើងយល់ថា មានតែកម្ពុជាទេ ដែលបានចាត់ទុកដែនដីសុវណ៌្ណភូមិ ជាប្រទេស ឬត្រូវនឹងប្រទេសរបស់ខ្លួនមុនគេបង្អស់ នៅក្នុងចំណោមប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍។ ភស្តុតាងសំណេរទាំងអស់នៅក្នុងតំបន់នេះ បានបង្ហាញពីការប្រកាន់យកឈ្មោះនេះដោយតំបន់តូចៗមួយ នៅក្នុងកាលវេលាខុសៗគ្នារាប់រយឆ្នាំ។ ដូចជានៅ តំបន់តូចមួយនៅកោះស៊ូម៉ាត្រា មានឈ្មោះស្វណ៌ទ្វីប កាលពីចុងសតវត្សរ៍ទី១៣, ឈ្មោះប្រទេសមនតូចមួយនៅថាតនប្រកាន់យកឈ្មោះសុវណ្ណភូមិ នៅក្នុងសតវត្សរ៍ទី១៥, និងឈ្មោះ សុពណ្ណភូម នៃដែនដីតូចមួយក្នុងរាជាណាចក្រសៀមបុរាណ ត្រូវបានគេកត់ត្រានៅលើសិលាចារឹកសតវត្សរ៍ទី១៩មួយ ដែលក្លែងធ្វើជាសិលាចារឹកកាលពីចុងសតវត្សរ៍ទី១៣ ដើម្បីបញ្ជាក់ថា ទឹកដីនេះក៏នៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រថៃឈ្មោះខ្មែរមួយអង្គ ព្រះនាមថា រាមកំហែងដែរ។ ចំណែក នៅកម្ពុជាចាប់ពីសតវត្សរ៍ទី៩មក ព្រះរាជាបានបង្កើតស្ថាននាមមនោគមវិជ្ជាថ្មីមួយសម្រាប់ហៅចក្រភពដ៏ធំទូលាយនេះថា កម្ពុជទេស ហើយយើងក៏លែងឃើញមានការរំឭកអំពីឈ្មោះសុវណ្ណភូមិតមកទៀតដែរ។ ផ្ទុយទៅវិញ ឈ្មោះនេះ ត្រូវបានលេចឡើងនៅទីកន្លែងដទៃទៀត ដូចបញ្ជាក់ខាងលើ។ ហេតុដូច្នេះ ខ្ញុំយល់ថា ជាក់ស្តែងដំបូងឡើយប្រជាជាតិអាស៊ីអាគ្នេយ៍ បានពេញចិត្តយកឈ្មោះនេះមកដាក់ ឬប្រៀបធៀបជាមួយដែនដីរបស់ខ្លួន ម្តងម្នាក់ៗ ក្នុងកាលវេលាខុសគ្នាមុនក្រោយយ៉ាងយូរ។ បន្ទាប់មកអនុស្សាវរីយ៍នេះត្រូវបានគេចងចាំ ប្រៀបដូចដេកយល់សប្តិ និងភ្លេចបាត់កាលជាក់លាក់រៀងខ្លួន ទើបធ្វើឱ្យអ្នកប្រាជ្ញបស្ចឹមប្រទេសមកឃើញតែការអះអាងរបស់ពួកគេក្នុងនាមជាម្ចាស់នៃដែនដីនេះពីបុរាណនាសហសម័យ ក៏យល់ថាពួកគេកំពុងដណ្ដើមគ្នាធ្វើម្ចាស់រៀងខ្លួន ក្នុងពេលតែមួយ។ ម្យ៉ាងទៀត ភូមិសាស្ត្រនយោបាយនៃតំបន់នេះ ក៏ខុសប្លែកគ្នាពីសម័យបុរាណសតវត្សរ៍ទី៧ ដល់ទី១៥នោះច្រើនដែរ ដោយសារតែការលេចឡើង នៃរដ្ឋថ្មីៗ នៅលើទឹកដីនៃចក្រភពខ្មែរ ឬកម្ពុជទេស ដែលគ្របដណ្ដប់មួយភាគធំនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ ប្រសិនបើ ប្រជាជាតិទាំងអស់នេះ ទទួលស្គាល់ប្រវត្តិសាស្ត្រពិតរបស់ខ្លួន នោះការដណ្តើមគ្នាធ្វើម្ចាស់ច្បាស់ជាមិនអាចកើតមានឡើយ ហើយអ្នកសិក្សាក៏មិនត្រូវច្រឡំថា ពួកគេកំពុងដណ្ដើមគ្នាធ្វើម្ចាស់ដែនដីបុរាណនេះដែរ។

សូមចូលរួមតាម Google Meet (នឹងមានផ្ដល់លីងសម្រាប់ចូលរួមនៅពេលជិតចាប់ផ្ដើមកម្មវិធី) ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

 

www.budinst.gov.kh

 

Page 1 of 128

Flag Counter