ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត

ព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត និងមានការនិមន្ត អញ្ជើញចូលរួមពី សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត។ ជាមួយគ្នានេះដែរ ប្រធានមន្ទីធម្មការ និងសាសនា រាជធានី-ខេត្ត ចំនួន៤ មាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ បានលើកឡើងនូវបទអន្តរាគមន៍ចំពោះលទ្ធផលសម្រេចបាន បញ្ហាប្រឈម សំណូមពរ ពិសេសស្ថានភាពជំងឺកូវីដ-១៩ រយៈពេលមួយខែ កន្លងមក។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំដែលជាប្រធានអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១.ចំពោះលិខិតស្នាមចូលមកក្រសួង ត្រូវកំណត់យកពីរថ្ងៃនៅក្នុងថ្ងៃការងារ ដោយមិនរាប់គិតល្ងាចថ្ងៃសុក្រចូលទេ។

២.សូមឱ្យលោក លោកស្រី ជាប្រធានអង្គភាពជំនាញមន្ទីររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពន្លឿនការងារស្ថិតិនៅសប្ដាហ៍ទីមួយនៃដើមខែតុលា ឆ្នាំ២០២០។ 

៣.សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំនៅអង្គភាពទាំងអស់ ជាពិសេសប្រធានមន្ទីររាជធានី-ខេត្ត ត្រូវចូលរួមពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់ចូលរួមប្រជុំដោយទុកពេលវេលាសម្រាប់ធ្វើកិច្ចការងារផ្សេងៗដែលចាំបាច់ និងផ្ញើររបាយការណ៍ជូនមកតាមរយៈគ្រុប Telegram។

៤.សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំនៅអង្គភាពទាំងអស់ ជាពិសេសប្រធានមន្ទីររាជធានី-ខេត្ត មេត្តាស្វែងយល់លើពាក្យការចុះបញ្ជីសាសនា និងធ្វើប្លង់គោលឱ្យបានច្បាស់។

៥.សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំនៅអង្គភាពទាំងអស់ ជាពិសេសប្រធានមន្ទីរាជធានី-ខេត្ត ត្រូវចងចាំពាក្យខ្មែរពីដើមមួយឃ្លាថា ចូលដេកពីព្រលប់ ក្រោកពីព្រលឹម ។

៦.សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំនៅអង្គភាពទាំងអស់ ជាពិសេសប្រធានមន្ទីររាជធានី-ខេត្ត អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ នេះឱ្យបានគ្រប់ៗគ្នា។ 

៧.សូមឱ្យេឯកឧត្តម លោកជំទាវ  លោក លោកស្រី ជាថ្នាក់ដឹកនាំ និងប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

Flag Counter