ពុទ្ធសាសនបណ្ឌិត្យ

ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តសៀមរាប

  • Print

ខេត្តសៀមរាប: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ជាអនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ឯកឧត្តមអគ្គនាយក ឯកឧត្តមប្រធានក្រុមបឹ្រក្សាខេត្ត លោកជំទាវអភិបាលរងតំណាងឯកឧត្តមអភិបាលខេត្ត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹក និងជូនពរពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈ អធិបតីកិត្តិយសក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តសៀមរាប សូមបានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តសៀមរាប ជាពិសេសឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដែលបានដឹកនាំយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប ក្នុងការរៀបចំកម្មវិធីនេះឡើង បានយ៉ាងល្អប្រសើរ និងបានកោតសសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ខេត្តស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពទាំងអស់នេះ មានភាពល្អប្រសើរ គឺដោយមានការចង្អុរបង្ហាញដឹកនាំយ៉ាងសកម្មរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប។ក្នុងនោះដែរ ក្នុងការអភិវឌ្ឍឱ្យបានរីកចម្រើនគ្រប់វិស័យ រដ្ឋបាលខេត្តសៀមរាបបានអភិវឌ្ឍន៍និងសាងសង់ផ្លូវ ជាច្រើនខ្សែនៅក្នុងក្រុងសៀមរាបបាន១៣ខ្សែ  និង បានពង្រីកផ្លូវជាច្រើន ដើម្បីសម្រួលដល់ទេសចរ ហើយក៏បានជំរុញឱ្យក្រុង ស្រុករៀបចំឱ្យមានតំបន់ទេសចរណ៍តាមមូលដ្ឋានរៀងៗខ្លួន ហើយខេត្តសៀមរាប ត្រូវបានគេមើលឃើញថាគឺជាខេត្តសក្ដានុពលមួយរបស់កម្ពុជាក្នុងការអភិវឌ្ឍបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ យ៉ាងណាមិញ ដោយសារតែមើលឃើញពីឱកាសសក្ដានុពលអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅខេត្តសៀមរាប នៅមានភាពទូលំទូលាយ ក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបមិនធ្លាប់មានមួយនៅក្នុងខេត្តសៀមរាប ដោយរំពឹងថា វានឹងជួយជំរុញសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងខេត្តដែលជាបេះដូងរបស់កម្ពុជាមួយនេះ កាន់តែខ្លាំងក្លាថែមទៀត ស្របពេលនេះផងដែរ វិស័យសាសនានានាជាពិសេសវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរមានដូចជា វត្តសាងសង់ដោយមានរចនាបថប្លង់មេ ផ្សារភ្ជាប់វត្តអារាម និងទេសចរណ៍ដែលធ្វើឱ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀតផងដែរ ដូច្នេះហើយវត្តអារាមចាំបាច់ណាស់ត្រូវតែសហការគ្នាសាងសង់អោយមានរបៀបរៀបរយតាមសិល្បៈរចនាបថខ្មែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការក្រើនរំឮកអំពីបញ្ហាជំងឺកូវីដ-១៩ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទីពីរនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយនៅតាមបណ្ដាលប្រទេសជាច្រើន នៅលើពិភពលោកកំពុងតែជួបផលប៉ះពាល់នៃការមកដល់នៃរលកទីពីរនេះនិងស្នើដល់ឯកឧត្ដមប្រធានក្រុមប្រឹក្សា ឯកឧត្ដមអភិបាលខេត្ត សូមបន្តសហការជាមួយនឹងមន្ទីរធម្មការ និងសាសនាខេត្ត ចុះធ្វើការអប់រំ ណែនាំ ពិនិត្យ និងតាមដានការអនុវត្តវិធានការការពារនានា នៅតាមគ្រប់វត្តអារាម វិហារ កន្លែងថ្វាយបង្គំបែបសាសនានានា ដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់សាសនិក ជាពិសេសគឺជៀសឱ្យបានពីការឆ្លងចូលក្នុងសហគមន៍។ នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបំពាក់មេដាយជូនមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានបម្រើការងារកន្លងមកនេះ។