ពិធីប្រគល់ព្រះរាជសង្ឃប្រកាស និងសេចក្ដីសម្រេចតែងតាំងលោកជំទាវសប្បុរសជនចំនួន ២១រូប ជាឧត្តមប្រឹក្សាផ្ទាល់-ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ព្រះរាជសង្ឃប្រកាស និងសេចក្ដីសម្រេចតែងតាំងលោកជំទាវសប្បុរសជនចំនួន ២១រូប ជាឧត្តមប្រឹក្សាផ្ទាល់-ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការយាងនិមន្ត អញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមង្គលទេព្វាចារ្យ សម្ដេចរាជបុត្រី សម្តេចព្រះនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយកខុទ្ទកាល័យ ឯកឧត្តមអគ្គនាយក នៅសណ្ឋាគារសហ្វីតែល។ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមចូលរួមអបអរសាទរដល់លោកជំទាវសប្បុរសជនទាំង ២១រូប ដែលទទួលបានការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា៖ដោយដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រមុខ យើងអាចសង្កេតឃើញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះការប្រតិបត្តិតាមបែបសាសនាក៏ត្រូវបានជ្រោមជ្រែង និងលើកតម្កើងផងដែរ ជាពិសេស គឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកអំពីគុណូបការៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ អធិតីយជាតិ បូរណភាពទឹកដី ឯកភាពជាតិតាមរយៈរូបមន្តឈ្នះឈ្នះ និងមិនឱ្យសត្រូវប្រមាថជាតិយើងបានឡើយ។សម្ដេចតេជោនាយករដ្ឋមន្រ្តី បានកសាងប្រទេសពីគំនរផេះផង់ដែលបន្សល់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយដោយសារ មានសុខសន្តិភាព និងការអភិវឌ្ឍន៍នេះហើយ បានធ្វើឱ្យវិស័យសាសនានៅប្រទេសកម្ពុជា មានសុខដុមនីយកម្ម ស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលដំណាកកាលទី៤ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសគឺការរីកចម្រើនផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរអស់ពីដួងចិត្តចំពោះការខិតខំប្រឹងប្រែង និងទឹកចិត្តសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនារបស់លោកជំទាវសប្បុរសជនទាំងអស់ដែលលះបង់អស់នូវបញ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន រួមមាន ការកសាងព្រះវិហារ ឧបដ្ឋានសាលា ចេតិយ និងសមិទ្ធផលផ្សេងៗតាមវត្តអារាមនានាគ្រប់រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែខ្ពង់ខ្ពស់ឧត្តុងឧត្តមថែមមួយកំរិតទៀត ។

Flag Counter