ពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សា ឆ្នាំសិក្សា២០១៩-២០២០ របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

សៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីរួមជាមួយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះអគ្គាធិការពុទ្ធិកសិក្សាក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សា ឆ្នាំសិក្សា២០១៩-២០២០ របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលមានការយាងនិមន្ត អញ្ជើញចូលរួមពី សម្ដេចព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការរង សម្តេច ព្រះរាជាគណៈ ព្រះមេគណគ្រប់រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយកខុទ្ទកាល័យ ឯកឧត្តមអគ្គនាយក និងប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមយកឱកាសនេះពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គ     មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា   នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចប្រមុខដឹកនាំតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច លើវិស័យសាសនាក៏ដូចជាវិស័យពុទ្ធិកសិក្សា នៅព្រះរាជាណាចក្រកម្ពុជា ទាំងមូលតាមរយៈការឧបត្ថម្ភគាំទ្រ និងការអនុញ្ញាតឱ្យបើកគ្រឹះស្ថានពុទ្ធិកសិក្សាជាបន្តបន្ទាប់ ចាប់ពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តម និងក្រោយពុទ្ធិកឧត្តមសិក្សាជាដើម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា៖រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំយកអស់កម្លាំងកាយចិត្តបញ្ញា និងស្មារតីក្នុងការជម្រុញ និងគាំទ្រតាមគ្រប់រូបភាពដល់ក្រសួងធម្មការ និងសាសនា ដែលមានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិជាចំណុះ ក្នុងការដឹកនាំផ្ទាល់សម្រាប់   វិស័យនេះ។ រាជរដ្ឋាភិបាល បានខិតខំពង្រឹង និងពង្រីក  វិស័យពុទ្ធិកសិក្សាឱ្យកាន់តែខ្លាំងក្លាថែមទៀតទាំងបរិមាណ និងគុណភាពតាមរយៈការបញ្ចូលក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចែងថា «បន្តគោរពសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ ទន្ទឹមនេះគាំទ្រសកម្មភាព នៃសាសនាផ្សេងៗទៀតក្នុងសង្គម »។ ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាម ក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ ដែលបានគ្រប់គ្រង ដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដែលជាថ្នាលបណ្តុះបណ្តាលធនធានព្រះសង្ឃឱ្យមានការវិវឌ្ឍន៍រីកចម្រើនគ្រប់ផ្នែកគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយមនសិការទទួលខុសត្រូវរបស់ សម្តេចព្រះអគ្គាធិការ សម្តេចព្រះអគ្គាធិការរង មន្ដ្រីសង្ឃ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ផ្នែក របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយសុឆន្ទៈជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការសម្រេចបានសមិទ្ធផលជាច្រើនជូនអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលជាសេនាធិការឱ្យក្រសួងធម្មការ និងសាសនា។

Flag Counter