លោក​បណ្ឌិត មុនីឫទ្ធិ បានអញ្ជើញជាវាគ្មិនក្នុង បាឋាកថានៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បកស្រាយលើប្រធានបទ ទំនាក់ទំនងវប្បធម៌រវាងកម្ពុជានិងចិន លើការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន

  • Print

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាធ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានអញ្ជើញជាវាគ្មិនបកស្រាយលើប្រធានបទ ទំនាក់ទំនងវប្បធម៌រវាងកម្ពុជានិងចិន លើការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន។ លោកបណ្ឌិតបានរំលេចយ៉ាងច្បាស់តាំងពីបុរេប្រវត្តិរហូតមកដល់បច្ចុប្បន្នថា បើយើងសម្លឹងក្រឡេកទៅកាន់អតីតកាលវិញ ហើយយកភូមិសាស្ត្រ ប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរដែលបានកត់ត្រាដោយជនជាតិចិនមកលាតត្រដាង យើងនឹងយល់ដឹងអំពីតួនាទីនិងសារសំខាន់រវាងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។ ជាក់ស្តែង តាំងពីសម័យបុរេប្រវត្តិមក ឧបករណ៍មួយចំនួនត្រូវបានគេជួបប្រទះនឹងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដូចជារទេះគោ រទេះសេះ រហាត់ទឹក និងស្គរមហោរធឹកសំរឹទ្ធជាដើម សុទ្ធសឹងមានប្រភពនិងដើមកំណើតផលិតនិងច្នៃប្រឌិតដោយប្រជាជនចិន។ លើសពីនេះ រាជទូតចិនបានចងក្រងនិងកត់ត្រានូវព្រឹត្តការណ៍នានាពីប្រទេសកម្ពុជា និងពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរក្នុងសម័យហ្វូណន និងសម័យអង្គរជាដើម។ ជាមួយគ្នាផងដែរ បើគិតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិតក៏បានសាទរនឹងសមិទ្ធផលជាច្រើនដែលបានកើតឡើងពីទំនាក់ទំនងការទូតរយៈ៦២ឆ្នាំរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះ លោកបណ្ឌិតបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានប្រែក្លាយពីទំនាក់ទំនងដ៏ជិតស្និទ្ធពីអតីតកាល ទៅជាបច្ច័យដល់ទំនាក់ទំនងដែកថែបនាពេលបច្ចុប្បន្ននិងអនាគត។ ស្ពានទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនចិននាសម័យហ្វូណនបានតភ្ជាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំនិងមានភាពអមតៈ។ បងប្អូនល្អ មិត្តល្អ អ្នកជិតខាងល្អ ដៃគូល្អ គឺជាបុព្វបទដ៏សំខាន់នៃទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរឱ្យកាន់តែប្រសើរ ដោយពន្លាតពីអតីតកាលមកបច្ចុប្បន្នកាលនិងទៅអនាគត បានលាតសន្ធឹងពីទីក្រុងដល់ជនបទ និងបានសាបព្រោះពីថ្នាក់ដឹកនាំដល់ប្រជាជន។ លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាដែលបានចូលរួមស្តាប់បទបាឋកថានេះ បានថ្លែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនានិយាយរួម និងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលបានបង្ក និងបង្កើតឱកាសដ៏ល្អនេះក្នុងការប្រមូលបាននូវធាតុចូលដ៏សំខាន់នៅក្នុងកិច្ចបង្កើនទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ។ ក្នុងនាមជាអ្នកដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើបាឋកថានេះ ឯកឧត្តម ឈីវ លីម អគ្គលេខាធិការរងនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានវាយតម្លៃខ្ពស់ចំពោះគ្រប់អង្គពាក់ព័ន្ធនានាដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹងនិងពង្រីកបន្ថែមទៀតនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។ ថ្លែងបូកសរុបក្នុងកម្មវិធីនេះ លោក ស សុខនី ប្រធានវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានសាទរនិងបានគាំទ្រដល់បាឋកថានេះ ដោយបានចាប់អារម្មណ៍លើទំនាក់ទំនងដ៏ល្អនៃវិស័យព្រះពុទ្ធសាសនារបស់ចិននិងកម្ពុជានាសម័យហ្វូណន និងទំនាក់ទំនងជាប្រពៃណីរវាងប្រជាជននិងប្រជាជន ហើយបានថ្លែងអំណរគុណដល់លោកបណ្ឌិតដែលបានផ្តល់សៀវភៅចំនួន៤ក្បាលគឺ ១-ពាន់ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន ២-ជីវ តាក្វាន់៖ ទឹកដី និងប្រពៃណីអ្នកស្រុកចេនឡា ៣-ទំនាក់ទំនងកម្ពុជា-ចិននាសម័យសម្តេចព្រះ នរោត្តម សីហនុ និង៤-ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន (ភាគទី១)។ ថ្លែងបិទកម្មវិធីនេះ ឯកឧត្តមបណ្ឌិត ថោ គឿន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានសាទរនឹងសមិទ្ធផលដ៏ធំធេងដែលបានកើតឡើងពីទំនាក់ទំនងរវាងកម្ពុជានិងចិន ផ្អែកលើការការអភិវឌ្ឍជាតិនៅគ្រប់វិស័យ ដែលជាពិសេសគឺការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយឯកឧត្តមបានគាំទ្រនិងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនិងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកពុទ្ធិទៅវិញទៅមកលើវិស័យវប្បធម៌និងការអភិវឌ្ឍធនធានមនុស្ស។