ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោកអភិបាល កូស៍ ប្រ៊ុយណូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងសហការី ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោកអភិបាល កូស៍ ប្រ៊ុយណូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងធម្មការ និងសាសនា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ៖ កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចដែលមានចែងក្នុងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។  រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងឆន្ទះជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា និងការអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។ ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឱ្យស្គាល់អំពើសច្ចភាព សុច្ចរិតភាព បុណ្យ និងបាប ព្រមទាំងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពីទោសៈ មោហៈ និងលោភៈ ធ្វើដំណើរឆ្ពោះទៅត្រើយ នៃសេចក្តីស្ងប់សុខ ក្នុងអត្ថន័យដ៏ជ្រាល ជ្រៅនេះ រាជរដ្ឋាភិបាលតែងខិតខំប្រឹងប្រែងជំរុញ និងគាំទ្រដល់គ្រប់សាសនា ដែលកំពុងប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តកិច្ចការទាំងនោះទៅតាមក្រឹត្យក្រម នៃព្រះធម៌ ព្រះវិន័យក្នុងសាសនានីមួយៗដោយអនុលោមទៅតាមស្មារតីយោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញ-មកក្នុងន័យចង់បានការបម្រួបបម្រួមជាតិ រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍នៃសាសនានីមួយៗ។ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអភិបាល កូស៍ប្រ៊ុយណូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ដែលបានឧបត្ថម្ភនូវថវិការ ដើម្បីការបង្ការការឆ្លងក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់ចាត់ចែងទិញសម្ភារៈចែកជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១៣០នាក់  ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។

Flag Counter