កិច្ចប្រជុំពិភាក្សាស្តីពីដំណើការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០  ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពរួមជាមួយសម្ដេចព្រះពោធិវ័ង្សគតិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយករងទី១តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីដំណើការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមេគណរាជធានី-ខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៃក្រសួងធម្មការ និងសាសនាផងដែរ  នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ សូមកោតសរសើរ និងអបអរសាទរ ចំពោះសម្តេចគណៈសង្ឃនាយក នូវការរៀបចំកិច្ចប្រជុំនេះ គឺជាការចាត់ទុកថាការត្រួតពិនិត្យលើការអនុវត្ត អនុសំវច្ឆរមន្រ្តីសង្ឃទូទាំងលើកទី២៨រយៈពេល៦ខែ ។ កិច្ចប្រជុំពិភាក្សាគណៈសង្ឃនាយកថ្នាក់ជាតិនេះ ដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍវិស័យពុទ្ធសាសនានៅកម្ពុជា ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថា៖ ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា អាស្រ័យលើការរួមចំណែកពីអង្គភាព ឬស្ថាប័នពាក់ព័ន្ធជាច្រើន ជាពិសេសស្ថាប័នគណៈសង្ឃនាយក ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាព នៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋាន ថែរក្សាសាមគ្គីរវាងប្រជាជន ស្ថេរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសូមកោត សរសើរដោយស្មោះ ថ្វាយចំពោះសម្តេចព្រះសង្ឃនាយក ដែលបានចេញសង្ឃប្រកាសនិងsport ចូលរួមទប់ស្កាត់ការពារនូវជំងឺកូវីដ១៩ និងបានចូលរួមទាំងស្មារតី និង សម្ភារៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល  និងសូមឱ្យគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរធម្មការនិងសាសនា បន្តការផ្សព្វផ្សាយស្តីពីការការពារនូវជំងឺកូវិដ១៩ តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

Flag Counter