លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូននារីៗរបស់សមាគមនារីកម្ពុជា

ព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូននារីៗរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រចាំនៅក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនា។  ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអ្នកបន្តវេនពីសមាគមនារីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ និងជាអង្គការមហាជន មួយស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់កណ្ដាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមានសកម្មជននារីរាប់លាននាក់ ។ តួនាទីភារកិច្ច និងសកម្មភាពរបស់សមាគមក៏បានវិវត្តន៍ និងប្រែប្រួលទៅតាមកាលៈទេសៈ និងស្ថានភាពនយោបាយរបស់ប្រទេសជាតិ ។ នៅឆ្នាំ១៩៩៩សមាគមនារីបានរៀបចំមហាសន្និបាតលើកទី៣ដើម្បីកែសម្រួលរចនាសម្ព័ន្ធនិងប្ដូរឈ្មោះពីសមាគមនារីកម្ពុជាមកជា“សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍”ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០០ ។   លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍បន្តរទៀតថា សមាគមនារីកម្ពុជាក៏នៅតែរក្សាបាននូវការដឹកនាំភាពឯករាជ្យម្ចាស់ការ ពង្រឹងចឹញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូរអភិវឌ្ឍន៍ ដោយប្រកាន់ខ្ជាប់នូវ ឆន្ទៈ ទស្សនៈ និងគាំទ្រ យ៉ាងមុតមាំលើការអនុវត្តនូវកម្មវិធីនយោបាយ«ឈ្នះ ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងធ្វើឱ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង។ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូននារីរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រចាំនៅក្រសួងធម្មការ និងសាសនា និងបានអំពាវនាវដល់បងប្អូននារីទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន១២៤នាក់ អ្នកជាសះស្បើយមានចំនួន១២២ នាក់ និងពុំមានអ្នកស្លាប់នោះទេ

Flag Counter