សិក្ខាសាលា ស្តីពីតួនាទីស្រ្តីក្នុងសាសនានិងសង្គម

ព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ចើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលា ស្តីពីការអនុវត្តន៍ផែនការយុទ្ធសាស្ត្រ និងការអនុវត្តន៍ ទិសដៅបញ្រ្ជាបយេនឌ័រ ឆាំ្ន ២០១៩ ក្រោមប្រធានបទ "តួនាទីស្រ្តីក្នុងសាសនានិងសង្គម" នៅសាលាខេត្តកំពង់ចាម។ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី លោកជំទាវរដ្ឋលេខាធិការ សូម សម្តែងនូវការកោតសសើរ ចំពោះក្រុមការងារសាសនាខេត្តកំពង់ចាម មន្ទីរធម្មការនិងសាសនា ស្ថាប័នពាក់ព័ន្ធនានា ឯកឧត្តម លោកជំទាវ អស់- លោក លោកស្រី និងអង្គពិធីទាំងមូលដែលបានសហការគ្នា រៀបចំសិក្ខាសាលានេះឱ្យទទួលបានជោគជ័យ  គួរជាទីមោទនៈ។ ខ្ញុំសូមអំពាវនាវដល់គ្រប់ មេដឹកនាំសាសនាទាំងអស់នៅកម្ពុជា មេត្តាគោរពប្រតិបតិ្ត តាម ធម៌វិន័យសាសនារៀងៗខ្លួននិងច្បាប់របស់រដ្ឋរួមចំណែក អប់រំផ្សព្វផ្សាយដល់បរិស័ទរបស់ខ្លួន ឱ្យមាន ភាព សុខដុមរម្យនាក្នុងសង្គមតាមរយៈសាសនា។ ឆ្លៀតឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ចំពោះការប្រព្រឹត្តទៅ របស់សិក្ខាសាលានាពេលនេះ ដែលបានចូលរួមចំណែកអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដំណាក់កាលបន្ត ក្នុងការបញ្រ្ជាប គោលនយោបាយ កម្មវិធីនិងវិស័យនានា ដោយផ្តោតទៅលើការ បង្កើតភាពអង់ អាចក្លាហានដល់ ស្រ្តីចូលរួម ក្នុងវិស័យ សេដ្ឋកិច្ច ផ្លូវច្បាប់ និងការធ្វើ សេចក្តីសម្រេចនៅក្នុងវិស័យសាធារណៈ។ ក្រុមការងារក្រសួងធម្មការ និង សាសនា ដែលជាស្ថាប័នរដ្ឋបានបំពេញកាតព្វកិច្ចលើវិស័យសាសនា ដោយមានភារកិច្ចជួយជ្រោមជ្រែង ដល់ការគាំពារ និងលើកតម្កើងសមភាពយេនឌ័រ ក្នុងសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល មានទស្សនៈ ទូលំទូលាយ ប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំជាតិ បាននឹងកំពុងធ្វើការអភិវឌ្ឍជាតិ យ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើក កម្ពស់ ជីវភាពប្រជាពលរដ្ឋកម្ពុជា សំដៅកាត់បន្ថយ និងឈានទៅរកការឆ្លងផុតពីបន្ទាត់ក្រីក្រដល់ដំណាក់កាលជីវភាពមធ្យមក្នុងឆាំ្ន២០៣០ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិសេរីភាពដោយសមធម៌ ស្រ្តីនិងបុរស មានសិទ្ធិស្មើគ្នា មានការងារស្មើគ្នា ទទួលផលស្មើគ្នា ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តទៀតថា ការខិតខំប្រឹងប្រែងគ្រប់លទ្ធភាពរបស់ស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកំពស់ជីវភាពរស់នៅ ដោយគ្មាន លក្ខខណ្ឌចូលរួមក្នុងវិស័យនយោបាយ  សង្គម សេដ្ឋកិច្ច ចូលរួមជាសកល ក្នុងការសំអាត និងថែរក្សាបរិស្ថាន បន្តចូលរួមអប់រំសុខភាព សីលធម៌ ផ្លូវចិត្ត និងផ្តល់ការអប់រំជំនាញ សមត្ថភាពការ ឧបត្ថម្ភនិងលើកទឹកចិត្តដល់ស្រ្តី ទាំងផ្នែកស្មារតីនិងសំភារៈ អភិរក្សវប្បធម៌ អក្សរសាស្រ្ត ប្រពៃណី សំណង់ បែបអត្តញ្ញាណជាតិ ផ្តល់កន្លែងជ្រកកោណសុវត្ថិភាពដល់ ប្រជាពលរដ្ឋក្នុងពេលមានគ្រោះ អាសន្ន ដូច ជា គ្រោះធម្មជាតិ និងកម្មវិធីសង្គមនានា ផ្សព្វផ្សាយគោលការណ៍សន្តិភាព សណ្តាប់ធ្នាប់សង្គម អហឹង្សា និងគោរពច្បាប់ រួមគ្នាគ្រប់ក្រុម គ្រប់ជាន់ថ្នាក់ក្នុងស្មារតីភាតរភាព ចូលរួមក្នុងសកម្មភាព ជាតិ និងអន្តរជាតិ ការផ្សព្វផ្សាយតាមរយៈបណ្តាញសារពត៌មាន អប់រំពីផលលំបាកនៃការចំណាកស្រុករួម ចំណែកទប់ស្កាត់មិនឱ្យមានទំនាស់គ្រប់ទីកន្លែង។

Flag Counter