ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងឯកឧត្តម   លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យអគ្គនាយក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសពសម្ដេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ អតីតសមាជិកាព្រឹទ្ធសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ដែលបានសោយព្រះពិរាល័យកាលពីវេលាម៉ោង១២.៣០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ៧រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ។ ការបាត់បង់ សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យ វប្បធម៌ អរិយធម៌ជាតិខ្មែរ និងជាការបាត់បង់ឥស្សរជនខ្មែរដ៏ឆ្នើមមួយអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពលពេញមួយព្រះជន្ម ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍន៍សិល្បៈ វប្បធម៍ ប្រពៃណីជាតិខ្មែរ ។ ទូលព្រះបង្គំយើងខ្ញុំសូមក្រាបបង្គំចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់ ដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ។ ទូលព្រះបង្គំយើងខ្ញុំ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី  សូមបានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ៕

 

Flag Counter