ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ

  • Print

 

 

 

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម  ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា  បានអញ្ជើញជាអធិបតីក្នងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ។ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃសាលាខេត្តបន្ទាយមានជ័យ ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការនិងសាសនាខេត្ត ក្នុងការរៀបចំពីធីនេះឡើង បានយ៉ាងល្អប្រសើរ និងសូមកោតសរសើរដោយស្មោះចំពោះឯកឧត្តម យិន យឿន អតីតប្រធានមន្ទីរ ដែលបានខិតខំយកអស់កម្លាំងកាយ បញ្ញា និងស្មារតីក្នុងការបំពេញតួនាទី និងភារកិច្ចគ្រប់គ្រងដឹកនាំវិស័យធម្មការនិងសាសនា ក្នុងរយៈកាលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ដែលមានឆន្ទៈស្រួចស្រាល និងប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយចិត្ត និងបញ្ញាក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការនិងសាសនានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឱ្យមានការអភិវឌ្ឍ និងរីកចម្រើន រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

  ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមន្ទាយមានជ័យ ដែលទើបត្រូវបានប្រកាសតែងតាំងថ្មី នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

          ១-ត្រូវបន្តធ្វើការបណ្ដុះបណ្ដាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនថ្នាក់ខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ដើម្បីពង្រឹងរបៀបរបបការងារឱ្យកាន់តែមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ។

          ២-រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

          ៣-រៀបចំឱ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយ:ពេលខ្លី រយ:មធ្យម និងរយ:វែង។

          ៤-ត្រូវរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង ឱសមស្របតាមការអភិវឌ្ឍរីកចម្រើនរបស់មន្ទីរ។

          ៥-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូលបំពេញការងារដោយគោរពតាមឋានានុក្រម។

          ៦-ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណ: មេដឹនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តជាប្រមុខ។

         ៧-ត្រូវផ្ដល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ផ្សេងៗទៅក្រសួងធម្មការនិងសាសនាឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។