ឯកឧត្ដមទេសរដ្ឋមន្ត្រីដឹកនាំមន្ត្រីចុះសាកសួរសុខទុក្ខនៅមជ្ឈមណ្ឌលឱកាសខ្ញុំ

រាជធានីភ្នំពេញៈ ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកំពុងបន្សាបគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមជនរងគ្រោះទាំងអស់មានអ្នកកាន់សាសនាផ្សេងៗរួមមាន៖

  -ព្រះសាសនាចំនួន ១.៨១៦នាក់ ក្នុងនោះស្រ្តី១១៥នាក់

  -សាសនាអ៊ីស្លាមចំនួន៦៤នាក់

  -សាសនាគ្រឹះចំនួន ២៤នាក់ ក្នុងនោះស្រ្តី២នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច ចំពោះប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូន ដែលកំពុងបន្សាបគ្រឿងញៀននៅទីនេះផងដែរ។ 

តាមរយៈរបាយការណ៍លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ បុគ្គលិក សាលារាជធានីភ្នំពេញ ជាពិសេសលោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ  និងបុគ្គលិកទាំងអស់ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធីសំណេះសំណាលនេះ បានយ៉ាងល្អប្រសើរ និងអធិកអធមគួរជាទីមោទនៈ ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងគោលបំណងបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជូនប្រជាជន និងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយកចិត្តទុកដាក់ដឹកនាំសម្របសម្រួល និងអនុវត្តប្រកបដោយការទទួលខុសត្រូវនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ។ ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-សូមឱ្យមន្រ្តីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀនទាំងឡាយដើម្បីធ្វើយ៉ាងណាលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនតាមគ្រប់រូបភាពនៅព្រះរាជាណាចក្រកម្ពុជា។

២-សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីការប្រឆាំងនឹងការជួញដូរ និងគ្រឿងញៀនទាំងអស់គ្នា ព្រមទាំងចូលរួម ទប់ស្កាត់ និងបង្រ្កាបនូវរាល់ទម្រង់នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។

៣-សូមឱ្យបងប្អូន ដែលកំពុងបន្សាបគ្រឿងញៀនទាំងអស់ កែប្រែខ្ឡួនទៅជាមនុស្សល្អសម្រាប់គ្រួសារ និងសង្គមជាតិ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់អ្នកផ្សេងទៀត អំពីគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀនឱពួកគេបានយល់ដឹង។

៤-សូមឱ្យបងប្អូន ដែលកំពុងបន្សាបគ្រឿងញៀនទាំងអស់ ខិតខំសិក្សាវិជ្ជាជីវៈដែលមជ្ឈមណ្ឌលបានបង្រៀន ដើម្បីទទួលបាននូវមុខរបរ សុច្ចរិតមួយ សម្រាប់ចិញ្ចឹមជីវិតនៅថ្ងៃអនាគត។

Flag Counter