ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច ​និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១

ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១

(ភ្នំពេញ)៖ កាលពីថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ពិធី បិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  និងមន្រ្តីក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត។

មុនចាប់ផ្តើមកម្មវិធីនេះ ក៏មានការអានរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១ ដោយឯកឧត្តម កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម។

ក្រៅពីនោះ ក៏មានតំណាងសិក្ខាកាមឡើងមានចំនាប់អារម្មណ៍ និងថ្លែងអំណរគុណដោយលោកអាចារ្យ ហម ប៊ុនស្រ៊ី មកពីខេត្តតាកែវផងដែរ ហើយក៏មានការឡើងអានញត្តិគាំទ្រសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយលោកអាចារ្យ ចេន ជឿន មកពីខេត្តព្រៃវែង។

បន្ថែមពីលើនោះ ក៏មានមតិសំណេះសំណាល និងការប្រកាស បិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១   ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

ក្នុងពិធីនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រពីសម័យកាលមួយ ទៅសម័យកាលមួយ យើងអាចសន្និដ្ឋានបានថា កម្ពុជា ជាប្រទេសដែលមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សម្បូរបែប ហើយជាជនជាតិមួយ ដែលមានវ័យចំណាស់ក្នុងតំបន់»។

ឯកឧត្តម ទេសរដ្ឋ រដ្ឋមន្ដ្រី បន្ដថា «ហេតុនេះ ទើបយើងសង្កេតឃើញថា រាល់សកម្មភាពទាំងឡាយ ក្នុងប្រពៃណីទំនៀមទម្លាប់ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ចំពោះពិធីកម្មនីមួយៗច្រើន មានសិល្ប៍វិធីអប់រំ ប្រកបដោយទស្សនៈវិជ្ជា។ ដូច្នេះ រាល់ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី បែបទំនៀមទម្លាប់បុរាណក្តី ចាំបាច់ទាមទា ឲ្យមានអ្នកចេះដឹងនិងអនុវត្តន៍ ឲ្យបានត្រឹមត្រូវ មានគោលការណ៍ឯកភាពមួយ»។

បិទបញ្ចប់នៃកម្មវិធី ក៏មានការចែកវិញ្ញាបនបត្រ ជូនសិក្ខាកាម និងថតរូបអនុស្សាវរីយ៍ ជាមួយ  ឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងមន្រ្តី រួមនឹងសិក្ខាកាមជាច្រើនរូបទៀត៕

Flag Counter