លោក មិន ឃិនៈ ​វត្តអារាម​ជា​មជ្ឈមណ្ឌល​វប្បធម៌​ ​អរិយធម៌​ ​និង​អត្តសញ្ញាណ​ដួងព្រលឹង​ជាតិ

  • Print

លោក មិន ឃឹន សំដែងការគួរសមជាមួយប្រតិភូមន្ទីរការងារសាសនាចិន

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥
ភ្នំពេញៈ វត្តអារាមដែលជាទីកន្លែងឬមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ និងបង្ហាញពីអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗនៅលើពិភពលោក។ ចំណែកព្រះពុទ្ធសាសនាគឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ជាតិ សីលធម៌ និងវិថីជីវិត ដើម្បីជួយដល់ប្រជាជនឲ្យមានជីវិតរុងរឿង។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាក្នុងជំនួបជាមួយព្រះតេជគុណ អ៊ីង ឡឹក អនុប្រធានគណៈកម្មការសាសនាខេត្តហ័រណាន ប្រធានសមាគមសាសនាក្រុងឡកយ៉ាង និងជាព្រះចៅអធិការវត្តសេះស ក្រុងឡកយ៉ាង សាធារណរដ្ឋប្រជាមានិ តចិន កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នាទីស្តីការក្រសួង។

លោក មិន ឃិន បានសំដែងការអរគុណចំពោះប្រតិភូមន្ទីរការងារសាសនានៃរដ្ឋាភិបាលប្រជាជនក្រុងឡកយ៉ាងដែលមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថាក្រសួងធម្មការនិងសាសនាគឺជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រងសាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាក្នុងនោះវិស័យព្រះពុទ្ធសាសនាមាននិកាយចំនួនពីរគឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយនិងមានវត្តចំនួន៤,៥១៤វត្តនិងព្រះសង្ឃចំនួន៥៦,៨២០អង្គ។ ចំណែកវិស័យពុទ្ធិកសិក្សាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

លោក មិន ឃិនបានមានប្រសាសន៌ ទៀតថាក្រៅពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក៏មានសាសនាផ្សេងៗទៀតគឺសាសនាអ៊ីស្លាម សាសនាគ្រីស្ទនិងសាសនាដទៃៗទៀត ប៉ុន្តែសាសនាទាំងនោះបានពួនជ្រំគ្នាយ៉ាងសុខដុមនិងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រះតេជគណ អ៊ីង ឡឹក មានសង្ឃដីកាថា ប្រជានជនកម្ពុជានិងប្រជាជនចិនគឺជឿលើព្រះពុទ្ធសាសនា។ ការអប់រំតាមរយៈព្រះពុទ្ធសាសនាបានធ្វើឲ្យមនុស្សមានការជឿលើបាបនិងបុណ្យ។ ក្រោមការគាំទ្រពីសំណាក់រដ្ឋាភិបាល វត្តសេះសបានពង្រីកផ្ទៃដីបន្ថែមរហូតដល់មួយគីឡូម៉ែត្រការរ៉េហើយមានអ្នកជឿលើព្រះពុទ្ធសាសនាយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះប្រទេសឥណ្ឌា ថៃនិងមីយ៉ាន់ម៉ា បានសាងសង់វត្តព្រះពុទ្ធសាសនាលើបរិវេណវត្តសេះសរួចរាល់ហើយដែរ ដូចនេះព្រះតេជគណព្រះចៅអធិការវត្តសេះសមកសំដែងការគួរសមនាពេលនេះគឺចង់ស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឲ្យសាងសង់វត្តព្រះពុទ្ធសាសនាខ្មែរនៅលើបរិវេណវត្តសេះសក្នុងន័យបង្ហាញពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅដល់ពិភពលោកទាំងមូលផងដែរ។

លោក មិន ឃិន សូមស្វាគមន៍យ៉ាងកក់ក្តៅដែលប្រទេសចិនមានបំណងចង់កសាងវត្តខ្មែរនៅលើទឹកដីរបស់ខ្លួនហើយសង្ឃឹមថាតាមរយៈការផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរពីជំនាន់មុនៗ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនមកសិក្សាស្វែងយល់ពីតម្លៃកេរ្តិ៍ដំណែល
វប្បធម៌របស់កម្ពុជា៕

គណៈប្រតិភូប្រទេសចិនទទួលវត្ថុអនុស្សាវរីយពីលោក មិន ឃិន