គោលការណ៍គ្រឹះ​របស់សាសនា គឺ​សុខដុមរមនា​និងការលើកកម្ពស់សហគមន៍

លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាគណៈអធិបតី

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥
ភ្នំពេញៈសាសនាទាំងអស់មានការរីកចំរើនគួរជាទីមោទនៈដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាពដូចមានបញ្ញាត្តិក្នុងគោលលទ្ធិនៃសាសនានីមួយៗដែលប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួនដែលជាមាគ៌ារនៃសច្ចធម៌ ដើម្បីនាំមនុស្សជាតិឲ្យទទួលបាននូវសេចក្តីសុខ សុភមង្គល ប្រកបដោយសាមគ្គីភាព និងរស់នៅដោយសុខដុមភាពជាមួយគ្នាក្នុងសង្គមកម្ពុជា។ នេះជាការអះអាងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបានថ្លែងក្នុងកម្មវិធីខួបទី២៥ឆ្នាំអង្គការ Transform Asia ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ និងមានសាសនិកចូលរួមប្រមាណជាង៦០០នាក់។

    លោក មិន ឃិន បានថ្លែងដោយសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជាបានបើកទូលាយនូវសិទ្ធសេរីភាពខាងជំនឿសាសនាជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាដូចមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋមធ្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនាដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិ។ការចូលរួមពីអង្គការមានចារឹកសាសនាឬអង្គការមនុស្សធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្ត ពីព្រោះអង្គការទាំងនោះបានបំពេញបេសកកម្មការងារមនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។

    លោក មិន ឃិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនាជាសេនាធិការមួយឲ្យរាជរដ្ឋាភិ បាលកម្ពុជាក្នុងការដឹកនាំនិងគ្រប់គ្រងសាសនាទាំងអស់សំដៅរួមគ្នាកសាងសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋ មិន ត្រឹមតែប៉ុណ្ណោះសាសនាទាំងនោះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ចផងដែរ នេះបញ្ជាក់ឲ្យ ឃើញពីការរួបរួមរវាងសាសនាទាំងអស់នៅកម្ពុជាក្រោមតំបូលរដ្ឋធម្មនុញ្ញតែមួយជាពិសេសគឺក្រោមការដឹកនាំប្រ កបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីហើយសាសនា ទាំងអស់បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៌និងការរក្សារនូវសុខសន្តិភាពសម្រាប់សង្គម ជាតិទាំងមូល ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យ និង បាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ដើម្បីធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ ។

    លោក លី អើរ៉ុន ស៊ីថាន ប្រធានអង្គការ Transform Asia មានប្រសាស៍ថា អង្គការ Transform Asia មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារមានការគាំទ្រយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលនិងពីសំណាក់ ថ្នាក់ដឹកនាំក្រសួងនានាជាពិសេសក្រសួងធម្មការនិងសាសនាដែលមកដល់ពេលនេះអង្គការ Transform Asia មានអាយុកាល២៥ឆ្នាំហើយនិងមានស្នាក់ការធំជាងគេនៅរដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក ប្រទេសកាណាដានិងចក្រភពអង់ក្លស។ តាំងពីឆ្នាំ១៩៩៥ អង្គការ Transform Asiaបានបំពេញការងារមនុស្សធម៌ដោយធ្វើការចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនឹងជីវភាពនៅទូទាំងប្រទេស៕

ពិធីអធិដ្ឋានព្រះយេស៊ូគ្រិស្តការអធិដ្ឋានរបស់អ្នកចូលរួមក្នុងអង្គពិធីសាសនិកនៃអង្គការ Transform Asia ចូលរួមប្រមាណជាង៦០០នាក់នាសាលមហោស្រពកោះពេជ្រ

Flag Counter