កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ការទប់ស្កាត់​អំពើហិង្សាលើកុមារក្នុងកម្មវិធីពុទ្ធិកសិក្សា

 លោក មិន ឃិន និងលោកស្រីជាភរិយាអញ្ជើញបើកការពិគ្រោះយោបល់ក្នុងការបញ្ជ្រាបការទប់ស្កាត់អំពើហិង្សាលើកុមារក្នុងវិស័យពុទ្ធិកសិក្សា

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥
ភ្នំពេញៈ  វិស័យពុទ្ធិកសិក្សាគឺជាថ្នាលបណ្តុះទាំងបុព្វជិតនិងគ្រហស្ថតាមផ្លូវព្រះធម៌និងផ្លូវលោកផង ហើយវិស័យដ៏មានសារៈសំខាន់មួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោយចាត់ទុកថាវិស័យពុទ្ធិកសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សឲ្យមានគុណធម៌ សីលធម៌ក្នុងព្រះពុទ្ធសាសនានោះសង្គម ជាតិនឹងទទួលបាននូវភាពរីកចម្រើន។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ដើម្បីដាក់បញ្ចូលមេរៀនការទប់ស្កាត់អំពើហិង្សាលើកុមារក្នុងកម្មវិធីពុទ្ធិកសិក្សា ដែលពិធីនេះរៀបចំសហការដោយអង្គការយូនីសេហ្វប្រារព្ធឡើងនៅសណ្ឋាគារអ៊ីមផើ រៀល៍ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។  

    លោក មិន ឃិន មានប្រសាសន៍គាំទ្រយ៉ាងមុតមាំនូវការដាក់បញ្ចូលមេរៀនការទប់ស្កាត់អំពើហិង្សាលើកុមារទឿក្នុងកម្មវិធីសិក្សានៃពុទ្ធិកសិក្សានាពេលនេះគឺពិតជាបានរួមចំណែកអភិវឌ្ឍជាតិស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមរយៈការចូលរួមផ្តល់ការគាំទ្រនិងការការពារដល់កុមារ។ ក្រសួងធម្មការនិងសាសនាបានសហការយ៉ាងជិតស្និតជាមួយដៃគូអភិវឌ្ឍស្ថាប័នជាតិនិងអន្តរជាតិបាននិងកំពុងជម្រុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអប់រំតាមរយៈព្រះសង្ឃ សមណសិស្សនៅតាមសាលាដើម្បីអប់រំទាំងចំណេះដឹង ទាំងគុណធម៌ំសីលធម៌ ធ្វើយ៉ាងណាឲ្យសង្គមជាតិទាំងមូលមានធនធានមនុស្សឲ្យមានការយល់ដឹងស៊ីជម្រៅទាំងច្បាប់រដ្ឋនិងច្បាប់សាសនា។

    លោក មិន ឃិន បានសំណូមពរដល់អង្គពិធីទាំងមូលពិភាក្សាគ្នាឲ្យបានល្អិតល្អំក្នងការដាក់បញ្ចូលកម្មវិធី សិក្សាស្តីពីការទប់ស្កាត់អំពើហិង្សាលើកុមារក្នុងកម្មវិធីសិក្សាលើវិស័យពុទ្ធិកសិក្សានៅទូទាំងប្រទេសសំដៅធ្វើយ៉ាងណាឲ្យកម្មវិធីមួយនេះមានប្រសិទ្ធភាពខ្ពស់និងអាចឲ្យព្រះសង្ឃក៏ដូចជាសមណសិស្សបានទទួលការបណ្តុះបណ្តាលនឹងយកចំណេះទាំងនេះទៅអប់រំប្រជាពុទ្ធបរិស័ទឲ្យយល់ដឹងពីសារៈសំខាន់នៃការប្រើអំពើហិង្សាលើកុមារ។

    ព្រះមេគណរាជធានីភ្នំពេញ ព្រះញាណវង្ស ឃឹម សន មានសង្ឃដីការថា ការបញ្ជៀបមេរៀនការទប់ស្កាត់អំពើហិង្សាលើកុមារតាមរយៈព្រះសង្ឃនឹងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមទីវត្តអារាមដែលជាទីកន្លែងឬមជ្ឈមណ្ឌលសីលធម៌សម្រាប់អភិវឌ្ឍកាយ វាចា ចិត្ត។ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាបានបណ្តាលនិងលើកទឹកចិត្តឲ្យពុទ្ធសាសនិកខិតខំប្រព្រឹត្តតែអំពើជាកុសលនិងបានបង្រៀនមនុស្សឲ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា ក្នុងចិត្ត។

    ចំណាប់អារម្មណ៍របស់តំណាងអង្គការយូនីសេហ្វបានលើកឡើងថា កុមារា ជាង៤១ភាគរយនិងកុមារីជាង៤២ភាគរយបានជួបប្រទះទម្រង់មួយចំនួននៃអំពើហឹង្សាទាំងផ្លូវកាយ ផ្លូវចិត្តនិងផ្លូវភេទហេតុដូចនេះហើយ ទើបអង្គការយូនីសេហ្វយល់ឃើញថាមានតែការបញ្រ្ជៀបការទប់ស្កាត់អំពើហិង្សាលើកុមារតាមរយៈវិស័យពុទ្ធិកសិក្សានេះមានសារៈសំខាន់ពីព្រោះព្រះសង្ឃអាចពន្យល់ណែនាំអាណាព្យាបាលកុមារឲ្យយល់ដឹងពីហេតុផលនៃ ការប្រព្រឹត្តអំពើហិង្សាលើកុមារ។ រួមទាំងអស់គ្នាដើម្បីលុបបំបាត់អំពើហិង្សាលើកុមារកម្ពុជា៕

សិក្ខាកាមចូលរួមនៅសណ្ឋាគារអ៊ីមផើរៀល 

Flag Counter