លោក មិន ឃិន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរធម្មការខេត្តតាកែវ

លោក មិន ឃិន ណែនាំដល់មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តតាកែវ 

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥

តាកែវៈ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជម្រុញឲ្យមន្ត្រីមន្ទីរធម្មការនិងសាសនាទាំងអស់ត្រូវបន្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារគ្រប់គ្រងសាសនានៅទូទាំងខេត្តតាកែវ។ ការជម្រុញបែបនេះខណៈលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្តតាកែវ។

    លោក មិន ឃិន បានកោតសរសើរថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារចាប់តាំងពីមានកន្លែងធ្វើការតូចចង្អៀតរហូតដល់មានកន្លែងបំពេញការងារមួយយ៉ាងសមរម្យនាពេលនេះនិងបានបំពេញភារកិច្ចតាមមុខនាទីរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សំដៅជម្រុញឲ្យវិស័យសាសនាឲ្យមានការរីកចំរើន។ លោក មិន ឃិន បានមានប្រសាសន៍បន្តទៀតថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅក្នុងការផ្តល់សេវាសាធារណៈជូនព្រះសង្ឃនិងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្តសំដៅធ្វើយ៉ាងណាឲ្យវិស័យសាសនានៅទូទាំងប្រទេសមានការរីកចំរើន។

    លោក មិន ឃិន បានលើកឡើងថា ព្រះពុទ្ធសាសនាបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌សង្គមជាតិទាំងមូលនិងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនសក្តិសមជាទីគោរពបូជាពីសំណាក់ពុទ្ធបរិស័ទនិងពង្រឹងគុណភាពពុទ្ធិកសិក្សាដើម្បីអភិវឌ្ឍធនធានបុព្វជិតឲ្យកាន់តែមានចំណេះដឹងនិងមានគុណភាពខ្ពស់។ ជាការពិតណាស់ការរីកចំរើនរបស់ពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នាវានឹងផ្តល់ឲ្យគ្នាទៅវិញទៅមកជាការចាំបាច់ ជាក់ស្តែងព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំ ចរិយាធម៌ សីលធម៌ក្នុងការកសាងសង្គមជាតិទាំងមូល។

    លោក មិន ឃិន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីផ្ទៃក្នុងនិងបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធដោយប្រមូល ផ្តុំធនធានបញ្ញាគាំទ្រដល់កិច្ចអភិវឌ្ឍន៍វិស័យសាសនា ឲ្យមានការរីកចំរើនស្របតាមការវិវឌ្ឍន៍របស់ប្រ ទេសប្រកបដោយគុណភាពប្រសិទ្ធភាពនិងរហ័សទាន់ចិត្ត។

    មន្ទីរធម្មការនិងសាសនាខេត្តតាកែវមានប្រធានមន្ទីរ១រូប និងអនុប្រធានមន្ទីរ៣រូប ព្រមទាំងមានការិយាល័យចំណុះចំនួន៤រួមមានការិយាល័យកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ និងការិយាល័យពាហិរសាសនា។ ការិយាល័យធម្មការនិងសាសនាតាមបណ្តាស្រុកចំណុះមន្ទីរធម្មការនិងសាសនាមាន១០ស្រុកគឺ ស្រុកបាទី ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ស្រុកអង្គរបូរី ក្រុងដូនកែវ ស្រុកកោះអណ្តែត ស្រុកទ្រាំង ស្រុកគីរីវង្សនិងស្រុកបូរីជលសារ។
មានមន្រ្តីបម្រើការងារនៅខេត្តចំនួន១៤នាក់ ស្រី៥នាក់ គ្រូបង្រៀនពុទ្ធិកវិទ្យាល័យ៧នាក់ មន្ត្រីតាមបណ្តាស្រុកចំនួន២២នាក់ក្នុងនោះស្រី១នាក់ មន្ត្រីមានឈ្មោះក្នុងបញ្ជីបើកប្រាក់បៀរវត្ស៣៦នាក់ ស្រី៦នាក់៕

 មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តតាកែវ

Flag Counter