ពិធី​បង្សុកូល​ឧទ្ទិស​ថ្វាយដល់ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មេគណ​ខេត្តតាកែវ

  • Print

ប្រតិភូមន្ត្រីសង្ឃនិងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាចូលរួមបង្សុកូលព្រះចៅអធិការវត្តសីហរតនារាម

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥
តាកែវៈ មន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងធម្មការនិងសាសនាបានរួមមតិជាឯកច្ឆ័នប្រារព្ធពិធីបង្សុកូលឧទ្ទិសថ្វាយដល់ព្រះឧត្តមកិច្ចធម្ម ជៀស អោម រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជធិបតី ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ ដែលព្រះអង្គបានទទួលអនិច្ចធម្ម នាថ្ងៃអាទិត្យ ទី១២រោច ខែបឋមសាឍ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១០និង ៣០នាទីព្រឹក ក្នុងព្រះជន្មាយុ៧៨ព្រះវស្សាដោយរោគាពាធ។

    នៅក្នុងពិធីបង្សុកូលនេះផងដែរសង្កេតឃើញមានព្រះវត្តមាននិងវត្តមានសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយករង ព្រះចៅអធិការវត្ត និង លោក មិន ឃិន ដែលពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណវិហារវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។

    នៅក្នុងពិធីបង្សុកូលនោះផងដែរព្រះសង្ឃគ្រប់អង្គបានស្វាធ្យាយជយន្តោនិងបានធ្វើពិធីកម្មបែបព្រះពុទ្ធ សាសនារួចមក ព្រះសង្ឃរួមនិងថ្នាក់ដឹកនាំក្រសួងក៏ដូចប្រជាពុទ្ធបរិស័ទ សូមឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្តព្រះមង្គលទិព្វលោករង្សី ជៀស អោម ព្រះមេគណខេត្តតាកែវនិងជាព្រះចៅអធិការវត្តសីហរតនារាម ចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ៗព្រះជាតិកុំបីកុំបីឃ្លៀងឃ្លាតឡើយក្លាយជាបការៈដ៏ទៃឡើយ។

    តាងនាមឲ្យមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការព្រមទាំងប្រជាពុទ្ធបរិស័ទទាំងអស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានសំដែងប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តក្រៀមក្រំក្រៃលែងជាទីបំ ផុតរកអ្វីប្រៀបពុំបានចំពោះការបាត់បង់ព្រះវត្តមានដ៏ឧត្តុង្គឧត្តមព្រះមេគណខេត្តតាកែវ។ ទោះបីព្រះរូបព្រះកាយរបស់ព្រះអង្គទំលាយក្ខន្តយាងទៅកាន់បរលោកហើយក្តី ប៉ុន្តែព្រះលំអានគំរូដ៏ឆ្នើមរបស់ព្រះមេគណស្ថិតនៅជាប់ជានិច្ចក្នុងទឹកព្រះទ័យនិងទឹកចិត្តរបស់ទូលព្រះបង្គំជាខ្ញុំព្រមទាំងព្រះសង្ឃគ្រប់ជាន់ថ្នាក់ និងជនរួមជាតិនៅទូទាំងខេត្តតាកែវពិតជានឹងស្ថិតស្ថេរគង់វង្សជាអមតៈ។

    ព្រះមង្គលទិព្វលោករង្សី ជៀស អោម ព្រះមេគណខេត្តតាកែវនិងជាព្រះចៅអធិការវត្តសីហរតនារាម បានប្រសូត្រនៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំថោះ ព.ស២៤៨២ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ គ.ស១៩៣៨ នៅភូមិញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានញោមប្រុសនាម ជៀស ជេស ញោមស្រីនាម អង់ មីន និងមានបង ប្អូនបង្កើត៦នាក់ ប្រុស៣ ស្រី៣។ ក្នុងមួយជីវិតព្រះអង្គ ព្រះមង្គលទិព្វលោករង្សី ជៀស អោម បានចូលរួមកសាងសមិទ្ធផលជាច្រើនក្នុងការបម្រើឲ្យវិស័យព្រះពុទ្ធសាសនាព្រមទាំងទទួលបានគ្រឿងឥស្សរិយយសជាច្រើនប្រភេទផងដែរ។ និយាយរួមព្រះមង្គលទិព្វលោករង្សី ជៀស អោម មានទឹកព្រះទ័យអំណត់ព្យាយាមនិងមានឆន្ទះក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ប្រតិបត្តិធម៌វិន័យបានយ៉ាងខ្ជាប់ខ្ជួនជាគំរូដ៏ល្អប្រពៃដល់កុលបុត្រកុលធិតាជំនាន់ក្រោយក្នុងនោះព្រះអង្គមានក្តីមេត្តាស្រលាញ់រាប់អានប្រជាពុទ្ធបរិស័ទទាំងព្រះសង្ឃនិងគ្រហស្ថយ៉ាងទូលំទូលាយ៕

ព្រះសពព្រះមេគណខេត្តាកែវនិងជាព្រះចៅអធិការវត្តសីហរតនារាម