លោក មិន ឃិនៈ ធនធានបញ្ញា កើតឡើងពីការសិក្សារៀនសូត្រនិងការស្តាប់ដំបូន្មាន

លោក មិន ឃិន ថ្លែងទៅកាន់សិស្សចូលរួម

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥
ភ្នំពេញៈ ដោយមើលឃើញពីការប្រព្រឹត្តខុសឆ្គងនូវទង្វើទាំងឡាយទាំងពួងពីសំណាក់សិស្សានុសិស្ស មួយចំនួននិងក្នុងន័យចង់ទូន្មានប្រៀនប្រដៅពួកគេឲ្យដើរតាមគន្លងព្រះពុទ្ធសាសនាផងនោះ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ សមាគមទ្រទ្រង់ការបោះពុម្ភនិងអប់រំ បានសហការជាមួយក្រសួងធម្មការនិងសាសនារៀបចំកម្មវិធីអប់រំសិស្សានុសិស្សចំនួន១៥០០នាក់ ក្រោមអធិតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    លោក មិន ឃិន សូមសម្តែងការកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំសមាគមដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមផ្តល់វិភាគទានយ៉ាងច្រើនក្នុងការអប់រំយុវសិស្សឲ្យយល់ដឹងពីអំពើបុណ្យ-បាបគុណ-ទោស និងជាពិសេសពង្រឹងនូវការអប់រំសីលធម៌សង្គមដល់យុវជនជំនាន់ក្រោយឲ្យវៀរចាកឆ្ងាយពីការសេពគ្រឿងញៀន អំពើអនាចារ និងក្រុមក្មេងទំនើង ប្រការនេះបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សីលធម៌សង្គមតាមរយៈវិស័យព្រះពុទ្ធសាសនា។

     លោក មិន ឃិន មានប្រសាសន៍សង្កត់ធ្ងន់ថាការអប់រំសីលធម៌ សុវជីធម៌ ដល់យុវជនជាសិស្សានុសិស្ស គឺជាប្រការយ៉ាងសំខាន់បំផុតក្នុងពេលបច្ចុប្បន្នពីព្រោះពួកគេគឺជាសសរទ្រូងនៃប្រទេសជាតិ ដែលតម្រូវឲ្យពួកគេជាអ្នកបន្តវេនដឹកនាំប្រទេសកម្ពុជានាពេលខាងមុខ។ ការអប់រំសិស្សានុសិស្សឱ្យមានសីលធម៌ សុជីវធម៌ល្អ ក្នុងការរស់ក្នុងសង្គមតាមរយៈធម៌ព្រះសម្មាសម្ពុទ្ធ គឺជាឳសថដ៏សក្តិសិទ្ធ ក្នុងការអប់រំចិត្តឲ្យពួកគេមានសេចក្តីថ្លៃថ្នូរល្អ។ សេចក្ដីថ្លៃថ្នូរល្អក្នុងសង្គម គឺជាកាយវិការមនុស្សធម៌មួយក្នុងការចូលរួមចំណែកកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារនិងការអភិវឌ្ឍន៍ប្រទេសឱ្យមានសុខសន្តិសន្ដិភាពល្អ។

    លោករដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៍បន្ដទៀតថាៈ ក្រោយពីប្អូនៗបានទទួលការអប់រំពីគម្រោងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនានិងបានស្ដាប់ការបរិយាយស្មូត្រស្ដីពីព្រះគុណម៉ែរួចហើយប្អូនៗនឹងក្លាយជាទៅជាមនុស្សដែលមានសីលធម៌ គុណធម៌ ស្គាល់ច្បាស់នូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ មិនភ្លើតភ្លើនជ្រុលតាមការហូរចូលរបស់វប្បធម៌ អរិយធម៌បរទេស ជាពិសេសយុវជនកូនខ្មែរទាំងអស់នឹងប្រព្រឹត្ដខ្លួនឱ្យក្លាយជាកូនដ៏ល្អរបស់លោកឪពុកអ្នកម្ដាយ ជាសិស្សដ៏ល្អរបស់់គ្រូ ជាមិត្ដដ៏ល្អរបស់មិត្ដនិងជាសមាជិកដ៏ល្អរបស់សង្គមជាតិខ្មែរ។

    លោក មិន ឃិន មានប្រសាសន៍ថាដោយមើលឃើញថាមានតែការផ្សារភ្ជាប់រវាងផ្ទះ សាលារៀន និងវត្ដអារាមគឺទាំងផ្លូវពុទ្ធចក្រនិងអាណាចក្រនេះទេ នឹងមានប្រសិទ្ធភាពអាចអភិវឌ្ឍចិត្ដគំនិតដល់យុវជនកូនខ្មែរឱ្យក្លាយជាពលរដ្ឋល្អនិងមានភាពជាអ្នកដឹកនាំល្អនៅថ្ងៃខាងមុខ។

    តមកលោក មិន ឃិន  បានឧបត្ថមថវិកាចំនួន១លានរៀលផងដែរ និងបានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀននិងបើកបរត្រូវចេះគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដោយប្រកាន់យកពាក្យស្លោក “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” និងត្រូវចេះរួមរស់ក្នុងការងារជាមួយគ្នាប្រកបដោយសីលធម៌និងមានសុជីវធម៌ល្អផងព្រមទាំងមានការរឹតចំណងមិត្តភាពនិងការស្រលាញ់រាប់អានគ្នាជាយូរអង្វែងទៀតផង៕

សិស្សទាំង១៥០០នាក់ចូលរួម

Flag Counter