វិស័យពុទ្ធិកសិក្សាចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងសង្គមជាតិ

  • Print

សម្តេច បួរ គ្រី និងលោក មិន ឃិន

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ 
ភ្នំពេញៈ ការអប់រំល្អគឺជាកូនសោដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិដូចនេះវិស័យពុទ្ធិកសិក្សាកំពុងដើរលើគន្លងផ្លូវយ៉ាងសំខាន់លើការបណ្តុះបណ្តាលគ្រហស្ថនិងបុព្វជិតទាំងខាងផ្លូវលោក និងទាំងខាងផ្លូវធម៌ គុណធម៌ ចរិយាធម៌ឲ្យបានល្អប្រសើរថ្លៃថ្លាក្នុងការរស់នៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ នេះជាការបំពេញបន្ថែមលើភារកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យអប់រំ។ នេះជា ប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានថ្លែងបញ្ជាក់ក្នុងពិធីសំណេះសំណាលជាមួយសមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥  និងមានព្រះវត្តមានចូលរួមពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

    សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទូលថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការដឹកនាំរបស់ក្រសួងធម្មការនិងសាសនាដែលធ្វើឲ្យពុទ្ធិកសាកលវិទ្យាល័យមួយនេះលេចចេញជារូបរាងនេះឡើងនិងបានបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើនអង្គ-នាក់។

    ក្នុងពិធីសំណេះសំណាលនោះ លោក មិន ឃិន បានទូលប្រគេនថាដើម្បីកសាងព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជាសង្គមរីកចំរើនជឿនលឿនដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យនិងដើរស្របជាមួយនឹងការរីកចំរើននៃបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោកគឺទៀមទាឲ្យពុទ្ធិកសាកលវិទ្យាល័យមួយនេះខិតខំយកចិត្តទុកដាក់អនុវត្តនូវកម្មវិធីសិក្សាឲ្យបានច្បាស់លាស់ហើយបន្តលើកកម្ពស់គោលការណ៍“អប់រំសម្រាប់យើងទាំងអស់គ្នា” ។

    ជាមួយគ្នានេះ លោក មិន ឃិន សូមសំដែងការកោតសរសើរដ៏ស្មោះសាស្ត្រាចារ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សមណៈនិស្សិត-និស្សិតរហូតទទួលបានជោគជ័យដែលជាមូលដ្ឋានចំណេះដឹងព្រះពុទ្ធសាសនាក៏ដូចជាចំណេះដឹងទូទៅដើម្បីឲ្យព្រះសង្ឃនិងបុព្វជិតដែលបានសិក្សាក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃនិងលើកស្ទួយព្រះពុទ្ធសាសនាឲ្យមាននិរន្តភាពនិងមានការអភិវឌ្ឍន៍រីកចំរើនសក្តិសមជាសាសនារបស់រដ្ឋ។ វិស័យពុទ្ធិកសិក្សាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលទាំងផ្លូវធម៌និងផ្លូវលោកដែលរហូតមកដល់ពេលនេះមានសមណនិស្សិត-និស្សិតកំពុងសិក្សាជាងបីម៉ឺនអង្គ-នាក់និងមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម និងបន្តពង្រីកពីរសាខាបន្ថែមទៀតគឺនៅខេត្តបាត់ដំបងនិងកំពង់ឆ្នាំង។

    លោក កាន់ សុខុម សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានទូល-ជម្រាប ជូនថាពុទ្ធិកសាកលវិទ្យាល័យបានបណ្តុះបណ្តាលសមណនិស្សិត-និស្សិតបាន៩ជំនាន់មកហើយ សរុប១៧៧៦អង្គ-នាក់ និងថ្នាក់អនុបណ្ឌិតចំនួន៦០០អង្គ-នាក់ក្នុងនោះមានសមណនិស្សិត-និស្សិតថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រអប់រំចំនួន២០០អង្គ-នាក់ ថ្នាក់និតិសាស្ត្រចំនួន២០០អង្គ-នាក់និងអក្សសាស្ត្រអង់គ្លេសចំនួន ១០០អង្គ-នាក់និងមានសាស្ត្រាចារ្យសម្រាប់បណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត ជាបណ្ឌិតចំនួន២០រូបជាជនជាតិខ្មែរនិងបរទេស១០រូប៕

សម្តេច បួរ គ្រី ផ្តល់ព្រះសុវណ្ននី ដល់សាមណនិស្សិត និស្សិលោករដ្ឋមន្ត្រីក្រសួងធម្មការប្រគល់វិញ្ញាសារជូនលោក កាន់ សុខុមសមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្តេច ពួរ គ្រី កាត់វិញ្ញាសារប្រលង