អាចារ្យ អាចរិនីខ្មែរជំនាន់ទី២០បានបញ្ចប់ដោយជោគជ័យ

  • Print

លោករដ្ឋមន្ត្រីមិន ឃិន ប្រគល់លិខិតបញ្ជាក់សិក្សា (កោះសន្តិភាព)

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥  

ភ្នំពេញៈ ដើម្បីរក្សាឲ្យបាននូវប្រពៃណីពីបុរាណកាលនិងសម័យកាលនេះឲ្យបានគង់វង្សគឺទាមទាឲ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំពីយើងទាំងអស់គ្នា។ ការលើកឡើងបែបនេះស្របពេលដែលអាចារ្យ អាចរិនីទាំង២៩៧អង្គ-នាក់ បានបញ្ចប់ការបណ្តុះបណ្តាលវគ្គតម្រងទិសស្តីពីតួនាទីនិងក្រមសីលធម៌អាចារ្យក្នុងទម្រង់អាពាហ៍ ពិពាហ៍និងពិធីកម្មតាមបែបព្រះពុទ្ធសាសនាដោយជោគជ័យ។ ពិធីទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សានេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយា ងួន ធួន រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៌ថាទោះបីប្រទេសជាតិស្ថិតក្នុង សាកលភាវូប្បនីយកម្មយ៉ាងណាក៏ដោយ ការអភិរក្សនិងការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៅតែមាន ដែលនេះជាបញ្ហាដ៏ចំបងទាមទាឲ្យមានការចូលរួមពីសំណាក់អាចារ្យ អាចរិនីទាំងអស់ហើយទាមទាឲ្យយកទៅ ផ្សព្វផ្សាយបន្តនៅតាមសហគមន៌និងការដឹកនាំពិធីបុណ្យនានានៅតាមវត្តអារាមឲ្យសក្តិសមជាប្រពៃណីដ៏ល្អរបស់ជាតិ។

លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៌លើកឡើងទៀតថាក្រសួងធម្មការនិងសាសនា បានកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយពីគោលការណ៌ធម៌ព្រមទាំងអភិរក្សនូវប្រពៃ ណីវប្បធម៌របស់ជាតិតាមរយៈការតម្រង់ទិសតួនាទីនិងភារកិច្ចអាចារ្យ អាចរិនីខ្មែរ ការបណ្តុះបណ្តាលស្តីពីក្រមសីលធម៌និងវិធីប្រតិបត្តិរបស់ដូនជីខ្មែរ និងនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។ គ្រប់កម្មវិធីទាំងអស់នេះ សុទ្ធសឹងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងតម្លៃសង្គមដើម្បីឲ្យក្លាយទៅជាសង្គមមួយមានក្បួនច្បាប់ទម្លាប់តែមួយនិងសន្តិភាពខាងផ្លូវចិត្ត។

លោក មិន ឃិន សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីលោកអាចារ្យទាំងអស់បានទទួលចំណេះដឹងបន្ថែមពីការ ខ្វះចន្លោះពីមុន លោកអាចារ្យ អាចរិនីទាំងអស់នឹងពង្រឹងបាននូវការយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពង្រឹងបាននូវធ្លុងសាមគ្គីក្នុងព្រះពុទ្ធសាសនានិងយកចំណេះដឹងនិងគំនិតថ្មីៗដែលទើបទទួលបាននោះយកទៅអនុវត្តឲ្យបានល្អក្នុងការប្រែក្លាយពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមសាស្តាចារ្យឲ្យទៅជាការអនុវត្តជាក់ស្តែង ក្នុងជីវភាពប្រចាំថ្ងៃនៅពេលត្រលប់ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ។

លោក សាន សម្ផស្ស ប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថាអាចារ្យ អាចរិនីក្នុងវគ្គបណ្តុះបណ្តាលដែលមានរយៈពេល១០ថ្ងៃកន្លងមកនេះបានយកចិត្តទុកដាក់ព្រមទាំងគោរពវិន័យផ្ទៃក្នុងប្រកបដោយសេចក្តីថ្លៃថ្នូរព្រមទាំងទទួលបាននូវចំណេះដឹងជាច្រើនពីឧទ្ទេសាចារ្យនិងទទួលបាននូវបទពិសោធន៍ពីគ្នាទៅវិញទៅមក៕

លោក រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់លោកអាចារ្យបានបញ្ចប់ (កម្ពុជាថ្មី)

លោក មិន ឃិន ប្រគល់បណ្ណបញ្ជាក់សិក្សាដល់ (រស្មីកម្ពុជា)