ព្រះសង្ឃដែលធ្វើឲ្យមានជំនឿពីពុទ្ធបរិស័ទទាល់តែឈរលើសីល សម្មាធិនិងបញ្ញា

សម្តេច នន្ទ ង៉ែត ឯកឧត្តម មិន ឃិន និងលោកជំទាវជាអធិបតី

ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥

ភ្នំពេញៈ  រាជរដ្ឋាភិបាលនិងពុទ្ធសាសនិកទាំងអស់នៅតែបន្តការពារ និងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធ សាសនាជាដរាបដោយធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពលនៃព្រះពុទ្ធសាសនាបន្តស្ថិតនៅនិងជ្រួតជ្រាបក្នុងក្រអៅបេះដូងប្រជាជនខ្មែរនិងស្ថិតស្ថេរគង់វង្សស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងពិធីប្រកាសតែងតាំងនិងស្រោចព្រះសុគន្ធវារីប្រគេនព្រះអនុគណនិងសហការីសាលាអនុគណខណ្ឌដង្កោដែលប្រារព្ធធ្វើឡើងនាបរិវេណវត្តឧត្តមពោធិព្រឹក្ស ហៅវត្តស្លែង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥។ 

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាមានសង្ឃដីការផ្តាំផ្ញើរដល់ព្រះសង្ឃគ្រប់អង្គត្រូវខិតខំ យកប្រទ័យទុកដាក់លើការងារគ្រប់គ្រងវត្តក្នុងទឹកដីខណ្ឌដង្កោរឲ្យមានការរីកចំរើននិងជាអ្នករម្ងាប់អធិករណ៍និងត្រូវសហការគ្រប់គ្រងគរុភណ្ឌសង្ឃមានដីធ្លីវត្តអារាមនិងអប់រំបណ្តុះបណ្តាលមន្ត្រីសង្ឃឲ្យមានសមត្ថភាពក្នុងការដឹកនាំព្រះពុទ្ធសាសនាទៅតាមតួនាទីនិងឋានានុក្រម។

លោក មិន ឃិន បានថ្លែងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានបញ្ជាក់យ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយភាគច្រើនលើសលុបនៃប្រជាជនកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដូចនេះប្រការដែលធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើននិងមានទំនុកចិត្តក្នុងការប្រតិបត្តិពីសំណាក់ប្រជាពុទ្ធបរិស័ទគឺទាមទៀរឲ្យព្រះសង្ឃគ្រប់អង្គមានស្មារតីឈរលើសីល សមាធិ និងបញ្ញា។ ស្មារតីនិងសកម្មភាពចូលរួមប្រកបដោយផ្លែផ្កានេះជានិមិត្តរូបនៃឆន្ទះដ៏ភ្លឺស្វាងនិងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ព្រះសង្ឃគ្រប់អង្គក៏ដូចជាប្រជាពុទ្ធបរិស័ទគ្រប់រូបក្នុងការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ អរិយធម៌ ចរិយាធម៌ ចំណេះដឹងនិងសាមគ្គីភាពដែលប្រការទាំងនេះគឺជាធនធានយ៉ាងចំបងរបស់សង្គមជាតិទាំងមូលក៏ដូចជាឆន្ទៈរបស់រាជរដ្ឋាភិបាលដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបបយ៉ាងសំដៅកសាងសង្គមជាតិមួយប្រកបដោយសុខសន្តិភាព ភាពសុខដុមរមនានិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោរបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងែមួយប្រកបមហាមង្គល ដែលព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សគណរួមជាមួយថ្នាក់ដឹកនាំសាលាខណ្ឌដង្កោនិងមន្ត្រីសង្ឃបានរៀបចំពិធីប្រកាសតែងតាំងស្រោចសុគន្ធវារីប្រគេនមន្ត្រីសង្ឃទាំង២២វត្តក្នុងខណ្ឌតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ខណ្ឌដង្កោរមានវត្ត២៦ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន២វត្ត ព្រះសង្ឃសរុប៣៧៨អង្គ  គណៈកម្មការអាចារ្យវត្ត២២៣នាក់៕ 

 ព្រះសង្ឃគ្រប់វត្តនិមន្តចូលរួម

Flag Counter