​បុណ្យ​ផ្កា​រស្មី​សាមគ្គី​ទ្រទ្រង់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​

ឯកឧត្តម មិន ឃិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យ

    កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះពោធិវង្ស អំ លឹម ហេង សម្តេចព្រះវនរ័ត ណយ ច្រឹក និងមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័ន្ធប្រារព្វពិធីបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលថវិកាទ្រទ្រង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

    ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកាថា ពុទ្ធិកសិក្សាគឺជាថ្នាលបណ្តុះធនធានមនុស្សប្រកបដោយគុណធម៌សីលធម៌ពុទ្ធសាសនាខ្ពស់ក្នុងសង្គមជាតិអស់កាលដ៏យូរលង់ណាស់មកហើយ។ បច្ចុប្បន្នពុទ្ធិកសិក្សានៅតែជាគ្រឹះស្ថានសិក្សាដ៏សំខាន់ក្នុងការ បណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រដែលជាកម្លាំងចលករដ៏សំខាន់ជួយជំរុញឲ្យមានវឌ្ឍនភាពសង្គមនិងបន្តនិរន្តរភាពព្រះពុទ្ធសាសនាបានគង់វង់យូរអង្វែងដើម្បីជាគុណប្រយោជន៍ដល់កិច្ចបដិបត្តិសាសនព្រហ្មចរិយាធម៌ក្នុងពុទ្ធសាសនមណ្ឌលនេះឲ្យប្រកបដោយសហសន្តិវិជ្ជមាន និងវិបុលភាពក្នុងសង្គមកម្ពុជា។ បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យនេះបានបណ្តុះបណ្តាលធនធានមនុស្សបាន១១ជំនាន់មកហើយនិងមានសមណនិស្សិត និស្សិតចំនួន១,៥៩៨អង្គ នាក់ ទទួលជ័យលាភីថ្នាក់បរិញ្ញាបត្រនិងកំពុងបណ្តុះបណ្តាលបន្តក្នុងឆ្នាំសិក្សា២០១៤-២០១៥ ចំនួន១,៤៩១អង្គ នាក់។

    ឯកឧត្តម មិន ឃិន មានប្រសាសន៍ទូលប្រគេនថា ដោយមើលឃើញការលំបាកការសិក្សារបស់ព្រះសង្ឃដែលបាននិមន្តទៅសិក្សានៅក្រៅប្រទេសនោះ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានសម្រេចបង្កើតឲ្យមានពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះឡើង ក្នុងការបង្កលក្ខណងាយស្រួលសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រដែលរហូតមកដល់សព្វថ្ងៃនេះមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

    ឯកឧត្តម មិន ឃិន បានទូលប្រគេនទៀតថា ការមូលមតិរបស់ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់អង្គក្នុងការប្រារព្វពិធីបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលថវិកាទ្រទ្រង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជគឺបានជួយរំលែកនូវការទុកលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកនិយាយជារួមការប្រារព្វពិធីបុណ្យនេះគឺបានផ្សារភ្ជាប់ជាមួយពុទ្ធបរិស័ទឲ្យស្គាល់តម្លៃពីការសិក្សារបស់ព្រះសង្ឃជាពិសេសវត្តមានរបស់ពុទ្ធបរិស័ទគឺជាការលើកទឹកចិត្តទាំងសាស្ត្រាចារ្យនិងសមណនិស្សិត និស្សិត ឲ្យបដិបត្តិទៅតាមនិយាមនៃការអប់រំប្រកបដោយពុទ្ធិវិទ្យា និងវិទ្យាសាស្ត្រ សង្គមកាន់តែល្អប្រសើរក្នុងគោលបំណងបង្កើននូវសីលធម៌ គុណធម៌ ចរិយាធម៌ សមត្ថភាព គុណភាពដែលជាបញ្ញាវុឌ្ឍិអាចបម្រើការងារក្នុងសង្គមប្រកបដោយប្រសិទ្ធភាព និងសេចក្តីថ្លៃថ្នូរ។
បច្ច័យដែលទទួលបានពីការប្រារព្វពិធីបុណ្យផ្ការស្មីសាមគ្គីយកទៅជួសជុលអាគារសិក្សាបំពាក់គ្រឿងសិក្ខបករណ៍ និងឧបត្ថមសាស្ត្រាចារ្យដែលកំពុងបង្រៀនទៀតផង៕

សម្តេច ទេព វង្ស ជាព្រះអធិបតីក្នុងពិធីបុណ្យសម្តេចសង្ឃគ្រប់ឋានានុក្រមនិមន្តចូលរួម

Flag Counter