លោក មិន ឃិនៈ ​ការដឹងគុណចំពោះឳពុកម្តាយគឺជាកាតព្វកិច្ចយើងទាំងអស់គ្នា

លោកមិន ឃិន និងលោកស្រីជាភរិយា អធិបតីក្នុងពិធីបើកគម្រោងធម្មាចារិក

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥
កំពង់ចាមៈ ការគោរពនិងការដឹងគុណមនុស្សចាស់ ព្រឹទ្ធាចារ្យ គឺជាសីលធម៌និងជាប្រពៃណីដ៏ល្អដែលមនុស្សជំនាន់ក្រោយត្រូវប្រតិបត្តិតាមដោយហេតុថាមនុស្សចាស់ បានចំណាយពេលដ៏មានតម្លៃក្នុងការថែរក្សាបីបាច់បុត្រាបុត្រីប្រកបដោយគន្លងធម៌ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗទៀតមើលឃើញពីតម្លៃឥតគណនារបស់ឳពុកម្តាយ។ មានប្រសាសន៍លើកឡើងនៅចំពោះមុខសិស្សានុសិស្សប្រមាណជាង១៥០០នាក់ខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីអប់រំគម្រោងធម្មាចារិក នាបរិវេណ វិទ្យាល័យហ៊ុន សែន ខ្ចៅ ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។

          លោក មិន ឃិន សូមសម្តែងការកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំមជ្ឈមណ្ឌលព្រះពុទ្ធសាសនាអប់រំយុវជនដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមផ្តល់វិភាគទានយ៉ាងច្រើនក្នុងការអប់រំយុវសិស្សឲ្យយល់ដឹងពីគុណ-ទោស និងជាពិសេសពង្រឹងនូវការអប់រំសីលធម៌សង្គមដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិឲ្យវៀរចាកឆ្ងាយពីការសេពគ្រឿងញៀនអំពើអនាចារនិងក្រុមក្មេងទំនើងប្រការនេះបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សីលធម៌សង្គមតាមរយៈវិស័យព្រះពុទ្ធសាសនា។

          លោក មិន ឃិន មានប្រសាសន៍សង្កត់ធ្ងន់ថាការអប់រំសីលធម៌សុវជីធម៌ដល់យុវជនជាសិស្សានុសិស្សគឺជាប្រការយ៉ាងសំខាន់បំផុតក្នុងពេលបច្ចុប្បន្នពីព្រោះពួកគេគឺជាសសរទ្រូងនៃប្រទេសជាតិ។ ការអប់រំសិស្សានុសិស្សឱ្យមានសីលធម៌ សុជីវធម៌ល្អ ក្នុងការរស់នៅក្នុងសង្គមតាមរយៈធម៌ព្រះសម្មាសម្ពុទ្ធ គឺជាឳសថដ៏សក្តិសិទ្ធ ក្នុងការអប់រំចិត្តឲ្យពួកគេមានសេចក្តីថ្លៃថ្នូរល្អ ។ សេចក្ដីថ្លៃថ្នូរល្អក្នុងសង្គម គឺជាកាយវិការមនុស្សធម៌មួយក្នុងការចូលរួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារនិងការអភិវឌ្ឍន៍ប្រទេសឱ្យមានសុខសន្ដិភាពល្អ។

          លោករដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៍បន្ដទៀតថាៈ ក្រោយពីប្អូនៗបានទទួលការអប់រំពីគម្រោងធម្មាចារិកនេះនិងបានស្ដាប់ការបរិយាយស្មូតស្ដីពីព្រះគុណម៉ែរួចហើយប្អូនៗនឹងក្លាយជាទៅជាមនុស្សដែលមានសីលធម៌ មានគុណធម៌ ស្គាល់ច្បាស់នូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ មិនភ្លើតភ្លើនជ្រុលតាមការហូរចូលរបស់វប្បធម៌ អរិយធម៌បរទេស ជាពិសេសយុវជនកូនខ្មែរទាំងអស់នឹងប្រព្រឹត្ដខ្លួនឱ្យក្លាយជាកូនដ៏ល្អរបស់លោកឪពុកអ្នកម្ដាយ ជាសិស្សដ៏ល្អរបស់់គ្រូ ជាមិត្ដដ៏ល្អរបស់មិត្ដ និងជាសមាជិកដ៏ល្អរបស់សង្គមជាតិខ្មែរ។

          លោក មិន ឃិន ក៏បានដាស់តឿនក្រើនរំលឹកដល់យុវសិស្សទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងបើកបរត្រូវចេះគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដោយប្រកាន់យកពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងបានឧបត្ថមថវិកាចំនួនពីរលានរៀលផងដែរ។

          ព្រះតេជគណ វ៉ាត់ វិបុល ប្រធានមជ្ឈមណ្ឌលព្រះពុទ្ធសាសនាអប់រំយុវជន មានសង្ឃដីកាថា ដោយមើលឃើញពីគុណតម្លៃនៃសីលធម៌សង្គមកំពុងធ្លាក់ចុះហេតុដូចនេះហើយទើបមជ្ឈមណ្ឌលព្រះពុទ្ធសាសនាអប់រំយុវជនបានបើកគម្រោងអប់រំសិស្សានុសិស្សនាពេលនេះប្រមាណជាង១៥០០នាក់មកពីសាលាបឋមសិក្សាថ្លុកជ្រៅ សាលាបឋមសិក្សាសូរគង និងវិទ្យាល័យហ៊ុន សែន ខ្ចៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
 

លោក មិន ឃិន និងលោកស្រីជាភរិយាប្រគេនបច្ច័យ២លានរៀលដល់ប្រធានគម្រោងសិស្សានុសិស្សសំដែងការដឹងគុណចំពោះលោកអ្នកមានគុណការទ្រហ៊ោយំរបស់សិស្សានុសិស្សដែលបានស្តាប់ពីគុណតម្លៃអ្នកមានគុណសិស្សវិទ្យាល័យ ហ៊ុន សែន ខ្ចៅ

Flag Counter