លោក មិន ឃិនៈ​ការ​អប់រំ​ល្អ​គឺជា​កូន​សោ​ដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ

សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥
ភ្នំពេញៈ ការអប់រំល្អគឺជាកូនសោដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ។ ជារួមក្នុងយុគសម័យសេដ្ឋកិច្ច ពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះមានឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយនិងអាស្រ័យសំខាន់លើកត្តាធនធាន មនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពឆ្នៃប្រឌិតនិងមានជំនាញច្បាស់លាស់។ នេះជា ប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានថ្លែងបញ្ជាក់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៥ ២០១៦នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥  និងមានព្រះវត្តមានចូលរួមពីសំណាក់សម្តេចព្រះមហាសុមេធាធិបតីកិតិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

         សម្តេចព្រះមហាសុមេធាធិបតីកិតិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានព្រះរាជបន្ទូលថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការដឹកនាំរបស់ក្រសួងធម្មការនិងសាសនាដែលធ្វើឲ្យពុទ្ធិកសាកលវិទ្យាល័យមួយនេះមានការរីកចំរើន។ សម្តេច នន្ទ ង៉ែត មានព្រះរាជបន្ទូលផ្តាំផ្ញើដល់សមណនិស្សិតនិស្សិតឲ្យខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងនិងជំនាញបច្ចេកទេសដែលទទួលបាននាពេលនេះនឹងក្លាយជា ដើមទុនមួយសម្រាប់ការវិនិយោគនាពេលអនាគតហើយត្រូវចេះប្រើប្រាស់ដើមទុនដ៏មានតម្លៃនេះឲ្យបានត្រឹមត្រូវប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់វិចារណញាណនិងគោរពសីលធម៌វិជ្ជាជីវៈរបស់ខ្លួនដើម្បីផ្តល់ប្រយោជន៍ដល់ខ្លួនឯងនិងដល់សង្គម ជាតិទាំងមូល។

        មានប្រសាសន៍ក្នុងពិធីបើកបវេសនកាល លោក មិន ឃិន បានទូលប្រគេនថាដើម្បីកសាងព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជាសង្គមរីកចំរើនជឿនលឿនដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យនិងដើរស្របជាមួយនឹងការរីកចំរើននៃបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោកគឺទៀមទាឲ្យពុទ្ធិកសាកលវិទ្យាល័យមួយនេះខិតខំយកចិត្តទុកដាក់អនុវត្តនូវកម្មវិធីសឹក្សាឲ្យបានច្បាស់លាស់ហើយបន្តលើកកម្ពស់គោលការណ៍“អប់រំសម្រាប់ទាំងអស់គ្នា” ។

           ជាមួយគ្នានេះ លោក មិន ឃិន សូមសំដែងការកោតសរសើរដ៏ស្មោះសាស្ត្រាចារ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សមណៈនិស្សិត-និស្សិតរហូតទទួលបានជោគជ័យដែលជាមូលដ្ឋានចំណេះដឹងព្រះពុទ្ធសាសនាក៏ដូចជាចំណេះដឹងទូទៅដើម្បីឲ្យព្រះសង្ឃនិងបុព្វជិតដែលបានសិក្សាក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃនិងលើកស្ទួយព្រះពុទ្ធសាសនាឲ្យមាននិរន្តភាពនិងមានការអភិវឌ្ឍន៍រីកចំរើនសក្តិសមជាសាសនារបស់រដ្ឋ។

         លោក មិន ឃិន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញានិងស្មារតីក្នុងការជម្រុញនិង គាំទ្រគ្រប់រូបភាពដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដែលបានពុះពារជំនះគ្រប់ឧបសគ្គក្នុងការគ្រប់គ្រងនិងដឹកនាំវិស័យអប់ រំជាពិសេសបណ្តាគ្រឹះស្ថានសិក្សាជាចំណុះក្នុងការដឹកនាំផ្ទាល់សម្រាប់វិស័យមួយនេះ។ ការរីកចំរើនផ្នែកអប់រំសិក្សា ដែលយើងទាំងអស់គ្នាបានឃើញនាពេលនេះគឺមិនត្រឹមកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចអគ្គារដ្ឋានពុទ្ធិកសិក្សាជាតិ ឬក៏គ្រឹះស្ថានសិក្សាប៉ុណ្ណោះទេប៉ុន្តែទាមទារឲ្យមានការគាំទ្រនិងជ្រោមជ្រែងផងដែរពីពីដៃគូពាក់ពន្ធ័ទាំងអស់ដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានភាពត្រចេះត្រចង់ដូចសព្វថ្ងៃនេះដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយបណ្តាប្រទេសសហគមន៍អាស៊ានក្នុងគោលដៅសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ២០១៥ខាងមុខនេះ។

        ព្រះតេជគុណបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានទូលថ្វាយ-ជម្រាប ជូនថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបាននិងកំពុងបណ្តុះបណ្តាលសមណនិស្សិត និស្សិតរហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រតាំងពីឆ្នាំ២០០៤រហូតឆ្នាំ២០១៥មានចំនួន១៩៥៤អង្គ នាក់និងកំពុងបណ្តុះបណ្តាលបន្តចំនួន១៣៩៨អង្គ នាក់។ បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២ឯកទេសគឺ ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សសាស្ត្រខ្មែរមានសមណនិស្សិត និស្សិតកំពុងសិក្សាចំនួន៥៣អង្គ នាក់។

សាស្ត្រាចារ្យ សមណនិស្សិត និស្សិតនិមន្តចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី

Flag Counter