លោក មិន ឃិនៈ សីលធម៌ ចរិយាធម៌ល្អ គឺ​ផ្អែក​លើយុវសិស្សយើងទាំងអស់គ្នា

  • Print

លោក មិន ឃិន និងលោកស្រីជាភរិយាជាអធិបតីក្នុងពិធីអប់រំយុវជនតាមមាគ៌ាព្រះពុទ្ធសាសនា

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥
កំពង់ស្ពឺៈ ដោយមើលឃើញពីការប្រព្រឹត្តខុសឆ្គងនូវទង្វើទាំងឡាយទាំងពួងពីសំណាក់សិស្សានុសិស្សក៏ដូចកូន ចៅរបស់ប្រជាពលរដ្ឋមួយចំនួននិងក្នុងន័យចង់ទូន្មានប្រៀនប្រដៅពួកគេឲ្យដើរតាមគន្លងព្រះពុទ្ធសាសនាផង សមាគមខេមរនិស្សិតបានសហការជាមួយក្រសួងធម្មការនិងសាសនារៀបចំកម្មវិធីអប់រំសិស្សានុសិស្សចំនួន១៧៥៣នាក់និងបំបួសកុលបុត្រខ្មែរ១៥០អង្គ ក្រោមអធិតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយា ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យឧត្តុង្គ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

      លោក មិន ឃិន សូមសម្តែងការកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំសមាគមដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមផ្តល់វិភាគទានយ៉ាងច្រើនក្នុងការអប់រំយុវសិស្សនិងកូនចៅរបស់ប្រជាពលរដ្ឋឲ្យយល់ដឹងពីអំពើបុណ្យ-បាប គុណ-ទោស និងជាពិសេសពង្រឹងនូវការអប់រំសីលធម៌សង្គមដល់យុវជនជំនាន់ក្រោយឲ្យវៀរចាកឆ្ងាយពីការសេពគ្រឿងញៀន អំពើអនាចារ និងក្រុមក្មេងទំនើង ប្រការនេះបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សីលធម៌សង្គមតាមរយៈវិស័យព្រះពុទ្ធសាសនា។

     លោក មិន ឃិន មានប្រសាសន៍សង្កត់ធ្ងន់ថាការអប់រំសីលធម៌ សុវជីធម៌ ដល់យុវជនជាសិស្សានុសិស្សនិងកុលបុត្រកុលធិតាខ្មែរ គឺជាប្រការយ៉ាងសំខាន់បំផុតក្នុងពេលបច្ចុប្បន្នពីព្រោះពួកគេគឺជាសសរទ្រូងនៃប្រទេសជាតិ។ ការអប់រំសិស្សានុសិស្សឱ្យមានសីលធម៌ សុជីវធម៌ល្អ ក្នុងការរស់នៅក្នុងសង្គម តាមរយៈធម៌ព្រះសម្មាសម្ពុទ្ធ គឺជាឳសថដ៏សក្តិសិទ្ធ ក្នុងការអប់រំចិត្តឲ្យពួកគេមានសេចក្តីថ្លៃថ្នូរល្អ ។ សេចក្ដីថ្លៃថ្នូរល្អក្នុងសង្គម គឺជាកាយវិការមនុស្សធម៌មួយក្នុងការចូលរួមចំណែកកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារនិងការអភិវឌ្ឍន៍ប្រទេសឱ្យមានសុខសន្តិសន្ដិភាពល្អ។

     លោករដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៍បន្ដទៀតថាៈ ក្រោយពីប្អូនៗបានទទួលការអប់រំពីគម្រោងធម្មាចារិកនេះនិងបានស្ដាប់ការបរិយាយស្មូត្រស្ដីពីព្រះគុណម៉ែរួចហើយប្អូនៗនឹងក្លាយជាទៅជាមនុស្សដែលមានសីលធម៌ មានគុណធម៌ ស្គាល់ច្បាស់នូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ មិនភ្លើតភ្លើនជ្រុលតាមការហូរចូលរបស់វប្បធម៌ អរិយធម៌បរទេស ជាពិសេសយុវជនកូនខ្មែរទាំងអស់នឹងប្រព្រឹត្ដខ្លួនឱ្យក្លាយជាកូនដ៏ល្អរបស់ លោកឪពុកអ្នកម្ដាយ ជាសិស្សដ៏ល្អរបស់់គ្រូ ជាមិត្ដដ៏ល្អរបស់មិត្ដ និងជាសមាជិកដ៏ល្អរបស់សង្គមជាតិខ្មែរ។

     លោក មិន ឃិន មានប្រសាសន៍ថាដោយមើលឃើញថាមានតែការផ្សារភ្ជាប់រវាងផ្ទះ សាលារៀន និងវត្ដអារាមគឺទាំងផ្លូវពុទ្ធចក្រនិងអាណាចក្រនេះទេ នឹងមានប្រសិទ្ធភាពអាចអភិវឌ្ឍចិត្ដគំនិតដល់យុវជនកូនខ្មែរឱ្យក្លាយជាពលរដ្ឋល្អនិងមានភាពជាអ្នកដឹកនាំល្អនៅថ្ងៃខាងមុខ។

     ក្នុងឱកាសនោះ លោក មិន ឃិន និងលោកស្រីជាភរិយា បានឧបត្ថមថវិកាចំនួនពីរលានរៀល ផងដែរ៕

សកម្មភាពសិស្សសូមលំអោនទោសអ្នកមានគុណសិស្សវិទ្យាល័យឧត្តុងនិងកូនប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីអប់រំ