អាចារ្យជាគ្រូដើមនិងជាបុព្វាចារ្យដ៏ល្អក្នុងសង្គមខ្មែរ

  • Print

លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាប្រគល់សេចក្តីសំរេចជូនសាខា អនុសាខាសមាគមអាចារ្យខ្មែរខេត្តបាត់ដំបង

ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥

បាត់ដំបងៈ អាចារ្យគឺជាបុព្វាចារ្យដ៏ល្អក្នុងសង្គមខ្មែរទាំងមូល ដោយហេតុថាពួកគាត់គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យមានមនោសញ្ចេតនាឲ្យស្គាល់ពីតម្លៃនៃសីលធម៌ដែលជាកេរ្តិ៍មរតកពីដូនតានិងការប្រព្រឹត្តទៅតាមគន្លងធម៌នៃព្រះពុទ្ធសាសនារបស់យើង។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការសាខា អនុសាខាសមាគមអាចារ្យខ្មែរប្រចាំខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្នុងបរិវេណសាលាខេត្តបាត់ដំបង ។

        លោក មិន ឃិន បានមានប្រសាសន៍ថាការប្រកាសទទួលស្គាល់សាខា អនុសាខាសមាគមអាចារ្យខ្មែរ នេះឡើងគឺពិតជាបានចូលរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីពីបរមបុរាណដើម្បីតម្កល់ទុកជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឲ្យយល់ដឹងនិងស្គាល់ពីមរតកតម្លៃវប្បធម៌រស់ដែលពិភពលោកកំពុងកោតស្ងប់ស្ងែងពីទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង។

       លោក មិន ឃិន មានប្រសាសន៍លើកឡើងទៀតថា សមាគមនេះមានគោលបំណងបង្កើតឲ្យមានចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែរឹងមាំនិងជួយគ្នាទៅវិញទៅមកព្រមទាំងមានការអប់រំអាចារ្យទូទៅឲ្យយល់ពីអត្ថន័យក្រមសីលធម៌អាចារ្យខ្មែរនិងបានចូលរួមផងដែរនូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ចរិយាធម៌ សុជីវធម៌និងខ្លឹមសារព្រះធម៌ ពិធីបុណ្យទាន ទម្រង់អាពាហ៍ពិពាហ៍និងពិធីកម្មផ្សេងៗក្នុងព្រះពុទ្ធសាសនា។សាខាអនុសាខាសមាគមអាចារ្យខ្មែរមានទិសដៅលើកស្ទួយសមត្ថភាពក្នុងការបដិបត្តិដឹកនាំរបស់អាចារ្យខ្មែរក្នុងពិធីកម្មផ្សេងៗដើម្បីឈានទៅរកការឯកភាពគ្នាពីទំនៀមទម្លាប់ឲ្យកាន់តែប្រសើរឡើងព្រមទាំងកាត់បន្ថយភាពអសកម្មនិងពង្រឹងគុណភាពអាចារ្យខ្មែរតាមរយៈការបណ្តុះបណ្តាលលើមុខវិជ្ជាផ្សេងៗពាក់ពន្ធ័នឹងពិធីមង្គលការនិងពិធីបុណ្យនានាដើម្បីបានជួយបង្ហាញផ្លូវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យមានធម៌អហឹង្សាប្រកបដោយនិរន្តភាព។

       លោក មិន ឃិន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាខា អនុសាខាសមាគមអាចារ្យខ្មែរប្រចាំខេត្តតាកែវត្រូវប្រតិបត្តិទៅតាមតួនាទីរបស់ខ្លួនគឺមិនអនុញ្ញាតិឲ្យយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តក្នុងអំពើជាអកុសលឡើយដោយហេតុថា យើងទាំងអស់គ្នាជាអ្នកតំរង់ទិសនិងជាអ្នកអភិរក្សនូវវប្បធម៌រស់របស់ជាតិយើង ហេតុនេះថ្នាក់ដឹកនាំសាខា អនុសាខាសមាគមអាចារ្យខ្មែរទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា រក្សាសេចក្តីថ្លៃថ្នូរនិងខិតខំបំពេញភារកិច្ចដែលក្រសួងក៏ដូចសាលាខេត្តប្រគល់ឲ្យទទួលបានជោគជ័យ ។

       បន្ទាប់ពី លោក ប៉ុក វណ្ណធីរ តំណាងសមាគមអាចារ្យខ្មែរ បានអានលក្ខន្តិកសមាគមនិងសេចក្តីសំរេចស្តីពីការតែងតាំងសាខានិងអនុសាខាសមាគមអាចារ្យខ្មែរប្រចាំខេត្តបាត់ដំបង រួចមកតំណាងសមាគមអាចារ្យខ្មែរប្រចាំខេត្តបាត់ដំបងបានឡើងប្តេជ្ញាចិត្តរួមគ្នាថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់បុព្វបុរសយើងពីជំនាន់មុនឲ្យស្ថិតស្ថេរគង់វង្សជាដរាប។ 

       សូមបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបងគឺមានសាខាសមាគមអាចារ្យខ្មែរដែលមានមន្ទីរធម្មការនិងសាសនាជាសេនាធិការនិងស្រុកទាំង១៣ ព្រមទាំងក្រុងមួយរបស់ខេត្តជាអនុសាខាសមាគមអាចារ្យខ្មែរ៕

គណអធិបតីក្នុងអង្គពិធីប្រកាសតែងតាំងប្រធានមន្ទីរមន្ត្រីរាជការជុំវិញខេត្តនិងអាចារ្យចូលរួម