ថ្នាក់ដឹកនាំត្រូវមានប្រពៃណី​សាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ

គណអធិបតីក្នុងអង្គពិធីប្រកាសតែងតាំងប្រធានមន្ទីរ

ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥

បាត់ដំបងៈ ថ្នាក់ដឹកនាំគ្រប់រូបត្រូវមានសីល សម្មាធិ និងបញ្ញានៅក្នុងខ្លួន ដែលនេះជាគោលធម៌របស់ព្រះសម្មាសម្ពុទ្ធដែលនាំឆ្ពោះទៅរកការងារមួយមានប្រសិទ្ធភាពខ្ពស់និងមានប្រពៃណីសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ។ នេះជាប្រសាសន៍របស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបានលើកឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក គុណ សម្បត្តិមុនីរតន៍ ជាប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង ជំនួសលោក សួន ប៊ុនជឿន ដែលបានចូលនិវត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នាសាលាខេត្តបាត់ដំបង។

 បន្ទាប់ពីការអានសេចក្តីប្រកាសតែងតាំង និងគណៈអធិបតីធ្វើការប្រគល់សេចក្តីសម្រេចនិងត្រាព្រម ទាំងការធ្វើការប្តេជ្ញាចិត្តរបស់លោក គុណ សម្បត្តិមុនីរតន៍ ប្រធានថ្មីទើបតែងតាំងរួចមក លោក ចន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តក៏បានគូសបញ្ជាក់ថា ការប្រគល់ភារកិច្ចនិងការទទួលខុសត្រូវដល់ លោក គុណ សម្បត្តិមុនីរតន៍ នាពេលនេះគឺជាទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងធម្មការនិងសាសនា គឺតម្រូវឲ្យសាមីខ្លួនត្រូវបញ្ចេញឲ្យអស់សមត្ថភាពលទ្ធភាពនិងទេពកោសល្យក្នុងការជំនះរាល់ការលំបាកដោយសហការជាមួយថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទដើម្បីឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលដែលអង្គភាពត្រូវបំពេញពិសេសទទួលខុសត្រូវចំពោះមុខស្ថាប័ននិងភារកិច្ចតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។ លោកអភិបាលខេត្តបានបន្តទៀតថា ការប្រកាសតែងតាំងតួនាទីថ្នាក់ដឹកនាំមន្ទីរ គឺជាប្រពៃណីទំនៀមទំលាប់របស់ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលក្នុងជួររាជរដ្ឋាភិបាលក្នុងការពង្រឹងនូវសមត្ថភាពការងារក្នុងសង្គមលើការងារអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥នៃរដ្ឋសភាក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពការងារ ការសហការល្អនិងការប្តេជ្ញាចិត្តខ្ពស់ស្របតាមគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។

 លោក មិន ឃិន បានលើកឡើងថា ការប្រកាសតែងតាំងប្រធានមន្ទីរថ្មី ក្រសួងតែងតែគិតគូរចំពោះការងារដឹកនាំការគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមគ្រប់កាលៈទេសៈដើម្បីអនុវត្តតាមយុទ្ធសាស្ត្រនិងគោលការណ៍របស់រាជរដ្ឋាភិបាលសំដៅធ្វើឲ្យវិស័យសាធារណៈកាន់តែប្រសើរឡើងថែមទៀត។ លោក ក៏បានចែករំលែកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួនដែលជាយន្តការក្នុងការដឹកនាំអង្គភាពឲ្យមានការរីកចម្រើននិងត្រូវធ្វើការកែលម្អ សេវាសាធារណៈដោយត្រូវបង្កើនការផ្សព្វផ្សាយលិខិតបទដ្ឋាន សារាចរ និងច្បាប់នានា ព្រមទាំងក្តាប់ឲ្យបាននូវ រាល់អធិករណ៍ដែលបានកើតឡើងនិងជាពិសេសត្រូវធ្វើឲ្យវិស័យសាសនាមានការរីកចំរើននិងបានជម្រុញឲ្យលោកប្រធានមន្ទីរទើបចូលកាន់តំណែងត្រូវតែបន្តអនុវត្តការងារនេះឲ្យស្របទៅតាមកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៣ នៃរដ្ឋសភាសំដៅធ្វើឲ្យកង់អាណាចក្រនិងពុទ្ធចក្រដើរទន្ទឹមគ្នា។

លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាសង្ឃឹមជឿជាក់ថា ក្នុងការដឹកនាំរបស់ប្រធានមន្ទីរថ្មីនឹងពង្រឹងប្រពៃណីសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរព្រមទាំងមានការទំនាក់ទំនងល្អតាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព និងព្រះសង្ឃក្នុងការដោះស្រាយនូវរាល់បញ្ហានានាសំដៅដល់ការអភិវឌ្ឍន៍វិស័យសាសនានៅទូទាំងខេត្តឲ្យមានការរីកចំរើនផងដែរ៕

មន្ត្រីរាជការជុំវិញខេត្តនិងអាចារ្យចូលរួមលោក មិន ឃិន ប្រគល់ត្រាជូនបប្រធានមន្ទីរធម្មការនិងសាសនាថ្មី

Flag Counter